កាលប្បវត្តិសិទ្ធិមនុស្សខាងក្រោមបង្ហាញពីការរំលោភសិទ្ធិមនុស្សនិងការរឹតត្បិតសិទ្ធិមនុស្សសំខាន់ៗមួយចំនួនដែលបានកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ ២០១៣-២០២៣ និងយកលំនាំតាមកាលប្បវត្តិពីមុនរបស់យើងពីឆ្នាំ១៩៩៣ ដល់ ២០១២ ដែលអាចចូលទៅមើលបាននៅទីនេះ។

ឧប្បត្តិហេតុដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សពីឆ្នាំ ២០១៣-២០២៣ បង្ហាញការរំលោភសិទ្ធិមនុស្សពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានិងភាគីទីបី។ ការរំលោភសិទ្ធិមនុស្សទាំងអស់នោះទាក់ទងទៅនឹងបញ្ហាជាច្រើនរួមមានការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការកាត់ទោសអ្នកការពារសិទ្ធិមនុស្ស ការរំលោភយកដីធ្លី ការបណ្តេញចេញដោយបង្ខំ ការរឹតត្បិតសិទ្ធិក្នុងការជួបប្រជុំសិទ្ធិក្នុងការបង្កើតសមាគម និងការសំដែងមតិដោយសន្តិវិធី ការធ្វើទារុណកម្ម ការចាប់ខ្លួនការឃុំខ្លួនតាមអំពើចិត្ត និងការបង្កើតច្បាប់និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ ព័ត៌មានដែលកត់ត្រាទៅក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះត្រូវបានប្រមូលមកពីអត្ថបទព័ត៌មានទាំងជាភាសាខ្មែរ និងអង់គ្លេស ពីគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋានរបស់ ម.ស.ម.ក ព្រមទាំងវិចារណកថា និងការវិភាគផ្សេងៗដែលបានចេញផ្សាយដោយអង្គការសង្គមស៊ីវិល ដែលធ្វើការលើបញ្ហាទាំងនេះ។

ការរៀបរាប់ដោយសង្ខេបនៅក្នុងនេះគឺមានអមដោយ តំណភ្ជាប់ទៅនឹងអត្ថបទសារព័ត៌មានដែលរាយការណ៍អំពីព្រឹត្តិការណ៍ឬការងាររបស់អង្គការសង្គមស៊ីវិលដែលធ្វើការយ៉ាងសកម្មនៅក្នុងវិស័យនេះ។ សូមរំលឹកថាករណីដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះគឺសុទ្ធសឹងតែជាករណីដែលមានការចាប់អារម្មណ៍ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយឬអង្គការសង្គមស៊ីវិលដោយសាវាមានលក្ខណៈលេចធ្លោ។

ដូច្នេះកាលប្បវត្តិសិទ្ធិមនុស្សនេះគឺគ្រាន់តែជាតំណាងនៃចំណែកតូចមួយនៃចំនួនការរំលោភសិទ្ធិមនុស្សជាក់ស្តែងដែលកើតឡើងនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។

ច្រោះកាលប្បវត្តិស្តីពីការរំលោភសិទ្ធិមនុស្ស

កាលប្បវត្តិស្តីពីការរំលោភសិទ្ធិមនុស្ស

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ការជួបប្រជុំ ឬការបង្កើតសមាគម

    កូដកម្មរបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើល៍បានបន្តធ្វើពេញមួយខែមេសា ឆ្នាំ២០២២ ដោយកូដករបានប៉ុនប៉ងធ្វើកូដកម្មដោយសន្តិវិធីច្រើនលើកច្រើនសារដោយក្រុមកូដករដើម្បីបន្តកូដកម្មដោយសន្តិវិធីរបស់ពួកគេនៅមុខក្រុមហ៊ុនកាស៊ីណូនេះ។ អាជ្ញាធរបាននៅតែបន្តយុទ្ធសាស្ត្រក្នុងការចាប់ក្រុមកូដករចូលក្នុងរថយន្តក្រុង និងបើករថយន្តទៅជាយក្រុង ដើម្បីឱ្យពួកគេនៅឱ្យឆ្ងាយពីណាហ្គាវើល៍។ អាជ្ញាធរបានប្រើអំពើហឹង្សាលើកូដករផងដែរ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ សហជីពការងារបាននិយាយថា កូដករស្រី្តម្នាក់ត្រូវបានអាជ្ញាធរទាត់យ៉ាងព្រៃផ្សៃ។

    -

  • ភ្នំពេញ

    ភ្នំពេញ

    ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស

    តុលាការកំពូលបានតម្កល់សាលក្រមផ្តន្ទាទោសជនជាប់ចោទឈ្មោះ ផុន សុផល, ម៉ក់ សំអាន, ព្រៅ ចាន់ធឿន, ខន ថន, អ៊ុំ យ៉េត, ស៊ូ យាន និងស៊ាន ចំណាន។ បុគ្គលទាំង៧នាក់នេះ គឺចម្រុះដោយសកម្មជនដីធ្លី និងនយោបាយ ដែលត្រូវបានកាត់ទោសពីបទប៉ុនប៉ងចូលរួមក្នុងការតវ៉ានៅខាងក្រៅស្ថានទូតចិន ក្នុងទិវាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ២០២០ ក្នុងរាជធានីភ្នំពេញ។

    VOD

  • ព្រះវិហារ

    ព្រះវិហារ

    សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ

    កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ អាជ្ញាធរខេត្តព្រះវិហារបានបណ្ដេញចេញដោយបង្ខំគ្រួសារចំនួន៣០០គ្រួសារ ដែលភាគច្រើនជាជនជាតិដើមភាគតិចគួយ ក្នុងស្រុកគូលែន ខេត្តព្រះវិហារ ដោយអះអាងថាគ្រួសារទាំងនេះរស់នៅលើដីរដ្ឋ។ គ្រួសារទាំងនេះមានជម្លោះដីធ្លីតាំងពីឆ្នាំ២០១២ ជាមួយក្រុមហ៊ុនស្ករសចិន ដែលបានទន្ទ្រានយកដីរបស់ពលរដ្ឋដើម្បីធ្វើចម្ការអំពៅ។ ក្រុមគ្រួសារទាំងនេះបានព្យាយាមស្វែងរកដំណោះស្រាយក្នុងករណីរបស់ខ្លួន ប៉ុន្តែត្រូវបានអាជ្ញាធរមិនអើពើ។ ឥឡូវនេះពួកគេបានផ្លាស់ទៅរស់នៅលើដីព្រៃផ្នែកផ្សេងទៀត ដោយសារខ្លួនគ្មានកន្លែងរស់នៅផ្សេងពីនេះទៀតឡើយ។

    Khmer Times | Camboja

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    នៅថ្ងៃទី ២៨ និង ២៩ ខែមីនា ហើយនៅថ្ងៃបន្ទាប់ គ.ជ.ប បានបញ្ជាឱ្យដកបេក្ខជនឈរឈ្មោះបោះឆ្នោតឃុំសង្កាត់បន្ថែមទៀតរបស់គណបក្សភ្លើងទៀន គណបក្សសំបុកឃ្មុំ និងគណបក្សឆន្ទៈខ្មែរ។ កាលពីថ្ងៃទី៦ ខែមេសា គណបក្សភ្លើងទៀនបានចោទប្រកាន់ គ.ជ.ប ថាបានដកបេក្ខភាពឃុំសង្កាត់របស់ខ្លួនរហូតដល់ ២០០នាក់ ដោយគ្រាន់តែលើកឡើងពីភាពមិនប្រក្រតី ប៉ុន្តែមិនបានពិនិត្យករណីនីមួយៗឱ្យបានដិតដល់។ គ.ជ.ប នៅឆ្នាំនេះបានលុបបញ្ជីបេក្ខជន ឃុំសង្កាត់ទាំងមូល ផ្ទុយពីការលុបឈ្មោះបេក្ខជនម្នាក់ៗដែលមិនគោរពតាម។ ទង្វើនេះត្រូវបានគណបក្សនានាចាត់ទុកថាជាហេតុផលនយោបាយ។ អនុប្រធានគណបក្សភ្លើងទៀនបានប្រាប់អ្នកសារព័ត៌មានថាអាជ្ញាធរមូលដ្ឋានបាននឹងកំពុងបង្កើតឧបសគ្គនានាដល់គណបក្សជំទាស់ដោយរំលោភសិទ្ធិនយោបាយរបស់ពួកគេ។ គ.ជ.ប ក៏ដកបេក្ខភាពឃុំសង្កាត់១០នាក់របស់គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បន្ទាប់ពីមានបណ្តឹងថាពួកគេមិនបានបំពេញឯកសារដោយខ្លួនឯង។

    VOD | Cambodianess | Camboja | RFA | VOD

  • កណ្ដាល

    កណ្ដាល

    សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ

    ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC)បានចាប់ផ្តើមឈូសឆាយដីស្រែដោយពុំមានការជូនដំណឹងនៅក្រុងតាខ្មៅ ទោះបីជាវិវាទដីធ្លីជាមួយអ្នកភូមិកំពុងកើតមានពុំទាន់បានដោះស្រាយទាក់ទងនឹងការសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនោះក្តី។ មានប្រជាពលរដ្ឋជាច្រើនគ្រួសារនៅ​ពុំទាន់យល់ព្រមទទួលយកសំណងក្នុងតម្លៃដីមួយម៉ែត្រការ៉េ ៨ ដុល្លារ ផ្តល់ដោយក្រុមហ៊ុន ឬប្តូរដីនៅទីតាំងផ្សេង ហើយបច្ចុប្បន្នប្រជាពលរដ្ឋកំពុងរង់ចាំទទួលសំណងសមស្រប។ ការឈូសឆាយនោះ​បានផ្អាកទៅវិញ បន្ទាប់ពីអាជ្ញាធរមូលដ្ឋានអន្តរាគមន៍ និងបានផ្តល់ពេលវេលាដល់អ្នកភូមិពីរបីថ្ងៃទៀតដើម្បីធ្វើការចរចា។ អ្នកភូមិផ្សេងទៀតបានរាយការណ៍ថាក្រុមហ៊ុនបានឈូសឆាយដីរបស់របស់ខ្លួនរយៈពេលពីរបីសប្តាហ៍មកហើយ។ នគរបាល និងកងរាជអាវុធហត្ថត្រូវបានដាក់ពង្រាយនៅជុំវិញទីតាំងសាងសង់ ដើម្បីរារាំងប្រជាពលរដ្ឋចូលទៅកាន់ដីធ្លីរបស់ពួកគាត់ដែលត្រូវឈូសឆាយនោះ។

    VOD | Camboja

  • ព្រះវិហារ

    ព្រះវិហារ

    សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ

    អាជ្ញាធរខេត្តព្រះវិហារ ហាមប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករសចិន មិនឱ្យចូលដីមានជម្លោះ ដោយគំរាមចាត់វិធានការតាមផ្លូវច្បាប់ ប្រសិនបើពួកគេមិនអនុវត្តតាមបម្រាមនោះ។ ការសម្រេចហាមឃាត់នេះធ្វើឡើងបន្ទាប់ពីប្រជាសហគមន៍ដែលរងផលប៉ះពាល់ប្រមាណ ២០០នាក់ បានដាក់ញត្តិទៅសាលាខេត្តព្រះវិហារ កាលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ពីអភិបាលខេត្តដើម្បីដោះស្រាយវិវាទដីធ្លីនេះ។ ក្រុមហ៊ុន Hengfy Group Sugar Industry ទទួលបានដីសម្បទានសេដ្ឋកិច្ចជាង ៤០០០០ ហិកតា នៅក្នុងស្រុកមួយចំនួននៃខេត្តព្រះវិហារ កាលពីឆ្នាំ២០១១ ហើយបានរំលោភយកដីសហគមន៍ផ្សេងៗរួមទាំងជនជាតិដើមភាគតិចដើម្បីធ្វើប្រតិបត្តិការរបស់ខ្លួន។

    VOD

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    បន្ទាប់ពីទទួលបានពាក្យបណ្តឹង គ.ជ.ប បានចេញសេចក្តីជូនដំណឹង នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ស្តីពីការដកសិទ្ធិបេក្ខជនឈរឈ្មោះបោះឆ្នោតឃុំសង្កាត់មួយចំនួន ដែលមកពីគណបក្សតូចៗចំនួនពីរ គឺគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ ដោយសារតែអក្ខរកម្មរបស់ពួកគេ។ គ.ជ.ប បានលើកយកច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ជាមូលដ្ឋាននៃសេចក្តីសម្រេចរបស់ខ្លួនដែលតម្រូវឱ្យបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ អាចអាន និងសរសេរភាសាខ្មែរ និងបំពេញបែបបទបេក្ខជនបានដោយសរសេរដោយដៃខ្លួនឯង។ ប៉ុន្មានថ្ងៃក្រោយមក នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ គ.ជ.ប បានលុបបញ្ជីឈ្មោះបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ ចំនួន១៨រូប មកពីគណបក្សភ្លើងទៀន នៅសង្កាត់ទួលស្វាយព្រ័ត្ត១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដោយហាមគណបក្សនេះឈរឈ្មោះជាបេក្ខជននៅអាណាត្តិក្រោយនៅសង្កាត់ដដែរនេះ។ គ.ជ.ប បញ្ជាក់ថា ការសម្រេចនេះធ្វើឡើងបន្ទាប់ពីទទួលបានពាក្យបណ្តឹងអំពីភាពមិនប្រក្រតីនៃពាក្យស្នើសុំរបស់បេក្ខជន និងរកឃើញថាបេក្ខជនចំនួន៤នាក់ក្នុងបញ្ជីមិនបានបំពេញបែបបទបេក្ខជនដោយខ្លួនឯងនោះទេ។ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ គ.ជ.ប បានលុបបញ្ជីឈ្មោះគណបក្សភ្លើងទៀនចំនួនពីរទៀត នៅសង្កាត់ស្ពឺ និងសង្កាត់បឹងកក់ ខេត្តកំពង់ចាម ជុំវិញភាពមិនប្រក្រតីស្រដៀងគ្នានេះ។

    Phnom Penh Post | VOD/VOD | Camboja News | Camboja News | VOD

  • មណ្ឌលគិរី

    មណ្ឌលគិរី

    សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ

    កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ អ្នកភូមិជនជាតិដើមភាគតិចពូនង បានរារាំងក្រុមហ៊ុនមិនស្គាល់អតសញ្ញាណពីការប៉ុនប៉ងកាប់ឆ្ការព្រៃសហគមន៍របស់ខ្លួននៅក្នុងភូមិឡៅកា ក្រុងសែនមនោរម្យ ក្នុងខេត្តមណ្ឌលគិរី។អ្នកភូមិបានរាយការណ៍ថា ក្រុមហ៊ុននេះបានឈូសឆាយដីដូនតាខ្លួនអស់ទំហំជាង៦០ ហិកតារួចមកហើយ នៃដី សរុបមានចំនួន៣០០ ហិកតា ដោយនៅពេលដែលខ្លួនទៅបញ្ឈប់ក្រុមហ៊ុនមិនឱ្យឈូសឆាយបន្ថែមក្នុងថ្ងៃកើតហេតុនោះ មន្ដ្រីសាធារណៈជាច្រើនរូបបានមានវត្តមានដើម្បីត្រួតពិនិត្យសកម្មភាពឈូសឆាយ និងកំណត់ព្រំដី ដល់ក្រុមហ៊ុន នៅលើដីសហគមន៍របស់ខ្លួន។ ការប៉ុនប៉ងឈូសឆាយដីសារជាថ្មីនេះបាននាំឱ្យអ្នកភូមិជនជាតិដើមភាគតិចពូនងប្រហែល ៥០នាក់រៀបចំការតវ៉ាប្រឆាំងនឹងក្រុមហ៊ុននៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២។ ខណៈដែលក្រុមហ៊ុនបានផ្អាកសកម្មភាពឈូសឆាយដីបន្ទាប់ពីការតវ៉ានោះ ក្រុមហ៊ុនមិនបានដកគ្រឿងចក្រចេញពីតំបន់ដែលឈូសឆាយនោះទេ។ តំណាងសហគមន៍ជនជាតិដើមភាគតិចអ្នកស្រី ផ្លឹក ភិរម្យ រាយការណ៍ថា សហគមន៍ជនជាតិដើមភាគតិចពូនង បានទទួលរងការទន្ទ្រានយកដីរបស់ខ្លួនតាំងពីឆ្នាំ២០១២ មក។

    VOD

  • ភ្នំពេញ

    ភ្នំពេញ

    ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស

    សាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសសមាជិក ក្រុមប្រឹក្សា និងសកម្មជនគណបក្សសង្គ្រោះជាតិ ចំនួន ២១នាក់ ពីបទញុះញង់ និងសមគំនិតក្បត់។ ជនជាប់ចោទទាំង៧នាក់នេះ ជាអតីតសមាជិកគណបក្សសង្គ្រោះជាតិ រួមមាន លោក សម រង្ស៊ី, អ្នកស្រី ជូឡុង សាមូរ៉ា, អ្នកស្រី មូរ សុខហួរ, លោក អេង ឆៃអ៊ាង, លោក តុប វ៉ាន់ចាន់, លោក នុត រំដួល និងលោក ហូ វ៉ាន់។ ពួកគេត្រូវបានកាត់ទោសពីបទញុះញង់ និងរៀបចំបង្កភាពចលាចលក្នុងសង្គម តាមមាត្រា ៤៥៣ ៤៧១ ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា។ អ្នកទាំងប្រាំពីរនាក់នេះ កំពុងរស់នៅនិរទេសខ្លួន ហើយពួកគេត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារចំនួនដប់ឆ្នាំ។ ជនជាប់ចោទ ១៤ នាក់ផ្សេងទៀតរួមមាន ឡុង ផារី, ឃុត ច្រឹក, ងិន ឃាង, ឈុំ ប៊ុនឆាត, យឹម សារ៉េត, ឃឹម ភាណា, កែវ ថៃ, ញ៉ែម វ៉ាន់, ចោម ច័ន្ទ សុខ ចន្ថា, ថៃ សុគន្ធា, ពិសិដ្ឋ ម៉ាប់, ហ៊ិន ឆាន និងស្រ៊ុន ធន់ ពួកគេត្រូវបានកាត់ទោសពីបទសមគំនិតក្បត់ និងញុះញង់ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលប្រាំឆ្នាំ។ អង្គការសិទ្ធិមនុស្សមួយចំនួន បានហៅការកាត់ក្តីនេះថាជារឿងហេតុផលនយោបាយ។

    RFA | Khmer Times | Khmer Times | VOD | VOA

  • សៀមរាប

    សៀមរាប

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    ខណៈដែលគណបក្សភ្លើងទៀនកំពុងព្យាយាមតម្លើងបដាគណបក្សនៅខេត្តសៀមរាប មេឃុំម្នាក់បានមកដល់កន្លែងកើតហេតុ និងរារាំងមិនឱ្យលើកបដាដោយលើកហេតុផលថាខុសទីតាំង។ មេឃុំបន្តថា ភាគីទាំងពីរបានរកឃើញដំណោះស្រាយ និងដោះស្រាយវិវាទរួចអស់ហើយ។

    VOD Khmer

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    សាលាឧទ្ធរណ៍រាជធានីភ្នំពេញបានប្រកាសសាលក្រមលើសំណុំរឿងកុមារ កាក់ សុវណ្ណច្ឆ័យ ក្មេងជំទង់ដែលមានជំងឺអូទីស្សឹមត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ពីបទរិះគន់ថ្នាក់ដឹកនាំរដ្ឋាភិបាលតាមរយៈទំនាក់ទំនងឯកជន និងការបង្ហោះតាមប្រព័ន្ធសង្គម។ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ សម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលរកឃើញថាកុមារ កាក់ សុវណ្ណច្ឆ័យ មានពិរុទ្ធពីបទញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទប្រមាថចំពោះអ្នករាជការសាធារណៈ ហើយបញ្ជាក់ការផ្តន្ទាទោសដាក់ពន្ធនាគារ រយៈពេល ៨ខែ ដោយព្យួរទោសរយៈពេល ៣ ខែ ១៥ ថ្ងៃ។

    VOD Khmer

  • ត្បូងឃ្មុំ និងទូទាំងប្រទេស

    ត្បូងឃ្មុំ និងទូទាំងប្រទេស

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ សមាជិកគណបក្សកែទម្រង់កម្ពុជាខេត្តត្បូងឃ្មុំ បានរាយការណ៍ថា លោក កែប សាវ៉េត និងលោក រ៉ង វុធ បេក្ខជនឈរឈ្មោះបោះឆ្នោតឃុំ-សង្កាត់ពីររូប មកពីគណបក្សនេះ នៅក្នុងឃុំជប់ ខេត្តត្បូងឃ្មុំ បានដកខ្លួនចេញពីការបោះឆ្នោតឃុំសង្កាត់ បន្ទាប់ពីរងការគំរាមកំហែងពីអាជ្ញាធរមូលដ្ឋាន។ សន្តិសុខក្នុងឃុំនេះបានព្រមានពួកគេថា អាជ្ញាធរមូលដ្ឋាននឹងឈប់ធ្វើអត្តសញ្ញាណប័ណ្ណ និងឯកសារផ្សេងៗ ដល់ពួកគាត់ហើយចាត់ទុកពួកគាត់ជាជនអន្តោប្រវេសន៍ ប្រសិនបើបន្តឈរឈ្មោះជាក្រុមប្រឹក្សាឃុំ។ នាថ្ងៃដដែល គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកដំណើរការចុះឈ្មោះរយៈពេលបីថ្ងៃសម្រាប់គណបក្សនយោបាយដើម្បីដាក់បេក្ខជនរបស់ខ្លួនឈរឈ្មោះបោះឆ្នោតឃុំសង្កាត់។ គណបក្សតូចៗ ដូចជា គណបក្សខ្មែរស្រឡាញ់ជាតិ គណបក្សកែទម្រង់កម្ពុជា ឬគណបក្សឆន្ទៈខ្មែរ បានរាយការណ៍ថាកំពុងប្រឈមនឹងការលំបាកក្នុងកិច្ចខិតខំប្រឹងប្រែងជ្រើសរើសបេក្ខជនរបស់ខ្លួន ខណៈដែលបេក្ខជនជាច្រើនកំពុងប្រឈមនឹងការគំរាមកំហែង និងការបំភិតបំភ័យមិនឱ្យឈរឈ្មោះ។

    VOD | VOD | VOD

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    ក្រសួងមហាផ្ទៃបានបានប្រកាសលុបឈ្មោះគណបក្សបេះដូងជាតិចេញពីបញ្ជីគណបក្សនយោបាយរបស់ខ្លួន ដោយចោទប្រកាន់មានភាពមិនប្រក្រតីក្នុងការប្រមូលមេដៃដើម្បីស្នើសុំចុះបញ្ជី។ ស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក បានច្រានចោលសេចក្តីសម្រេចនេះ ដោយលោកបញ្ជាក់ថា ការប្រកាសរបស់ក្រសួងមហាផ្ទៃបានរំលោភសិទ្ធិបង្កើតគណបក្សនិងឈរឈ្មោះសម្រាប់ការបោះឆ្នោតដែលធានាដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ លោក ក៏បានរាយការណ៍ដែរថា សមាជិកគណបក្សជាង ២០នាក់កំពុងត្រូវបានតុលាការក្រុងភ្នំពេញ ប្តឹងពីបទការយាយីផ្នែកនយោបាយ បន្ថែមពីលើសេចក្តីសម្រេចលុបឈ្មោះចេញពីបញ្ជី។ ការសម្រេចរបស់ក្រសួងមហាផ្ទៃបានធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃបានច្រានចោលសំណើចុះឈ្មោះគណបក្សដែលបង្កើតឡើងដោយអតីតសមាជិកគណបក្សសង្គ្រោះជាតិកាលពីខែវិច្ឆិកា ឆ្នាំ២០២១ ជុំវិញការចោទប្រកាន់ថាបានក្លែងស្នាមមេដៃ និងក្លែងបន្លំអត្តសញ្ញាណ។ គណបក្សបេះដូងជាតិបានបដិសេធការចោទប្រកាន់នេះ ហើយបានដាក់ពាក្យបណ្តឹងទៅតុលាការកំពូលកាលពីខែធ្នូ ឆ្នាំ២០២១ ចំពោះសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ។

    VOD | RFA | VOA

  • ព្រះសីហនុ

    ព្រះសីហនុ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    លោក Chen Baorong ជាជនជាតិចិនជួយសង្គ្រោះមនុស្ស និងជាប្រធានក្រុមស្ម័គ្រចិត្តកម្ពុជា-ចិន ត្រូវបានចោទពីបទញុះញង់ឱ្យមានការរើសអើង និងការប្រកាសព័ត៌មានមិនពិត ដោយតុលាការខេត្តព្រះសីហនុ សម្រាប់ការរាយការណ៍នូវការបូមឈាមជាច្រើនករណីនៃការជួញដូរមនុស្សនៅក្នុងខេត្តនេះ។ ការស៊ើបអង្កេតរបស់ប៉ូលីសចំពោះលោក Chen Baorong និងការចោទប្រកាន់មកលើរូបលោក កើតឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិបានចុះផ្សាយយ៉ាងទូលំទូលាយអំពីរឿងរ៉ាវកម្មករជនជាតិចិនដែលត្រូវបានបង្ខំឱ្យបូមឈាមបន្ទាប់ពីបដិសេធក្នុងការចូលរួមធ្វើប្រតិបត្តិការឆបោកក្នុងខេត្តព្រះសីហនុ។

    VOD | VOD

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    ពេញមួយខែមីនា ឆ្នាំ ២០២២ កូដករក្រុមហ៊ុនណាហ្គាវើលដ៍បានបន្តកូដកម្មរបស់ពួកគេស្ទើរតែរាល់ថ្ងៃជាមួយនឹងការរំលោភបំពានគួរឱ្យកត់សម្គាល់ជាច្រើន។ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ ២០២២ កូដករណាហ្គាវើលដ៍ប្រហែល២០០នាក់ បានព្យាយាមបន្តធ្វើកូដកម្មដោយសន្តិវិធីរបស់ពួកគេនៅខាងក្រៅកាស៊ីណូណាហ្គាវើលដ៍ បន្ទាប់ពីសម្រាកអស់មួយសប្តាហ៍អំឡុងពេលធ្វើចត្តាឡីស័កតាមការអំពាវនាវរបស់ក្រសួងសុខាភិបាល។ ទោះជាយ៉ាងនេះក្តីសមត្ថកិច្ចតែងតែរង់ចាំក្រុមកូដករនៅកន្លែងតវ៉ា ហើយតែងតែចាប់ពួកគេរុញ និងអូសចូលក្នុងឡានក្រុង ហើយដឹកពួកគេចេញទៅកាន់មជ្ឈមណ្ឌលចត្តាឡីសក័ខណ្ឌព្រែកព្នៅ។ កាលពីថ្ងៃទី១០ ខែមីនាឆ្នាំ២០២២ សាលាដំបូងរាជធានីភ្នំពេញបានបដិសេធសំណើសុំនៅក្រៅឃុំរបស់មេដឹកនាំសហជីព ណាហ្គាវើលចំនួនប្រាំបីនាក់ដែលជាប់ពន្ធនាគារ រួមទាំងកញ្ញា ឈឹម ស៊ីថរ ប្រធាន LRSU ដោយលើកឡើងពីហានិភ័យនៃការ "បង្កភាពចលាចលក្នុងសង្គម" ប្រសិនបើពួកគេត្រូវបានដោះលែង។ នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២២ ក្រុមកូដករប្រហែល ១៥៥ នាក់ត្រូវបានអាជ្ញាធរបង្ខំឱ្យឡើងលើឡានក្រុង បន្ទាប់ពីព្យាយាមធ្វើកូដកម្មនៅខាងក្រៅកាស៊ីណូ ហើយត្រូវបាននាំយកទៅមជ្ឈមណ្ឌលចត្តាឡីស័កដដែល។ អាជ្ញាធរបានប្រាប់ក្រុមអ្នកសង្កេតការណ៍របស់អង្គការមិនមែនរដ្ឋាភិបាល និងអ្នកសារព័ត៌មានថា ពួកគេមិនត្រូវបានអនុញ្ញាតឱ្យថតរូបពីព្រឹត្តិការណ៍នោះទេ ហើយអ្នកខ្លះត្រូវបានគំរាមកំហែងឱ្យលុបរូបថតដែលថតបាន និងប្រគល់ទូរស័ព្ទរបស់ពួកគេ។ អ្នកកាសែតម្នាក់ដែលត្រូវបានច្រឡំថាជាកូដករនោះ ត្រូវបានរុញចូលទៅក្នុងឡានក្រុង ហើយក៏នាំទៅមជ្ឈមណ្ឌលចត្តាឡីស័កផងដែរ។ រដ្ឋាភិបាលបានបដិសេធថាអ្នកសារព័ត៌មានមិនត្រូវបានគេគំរាមកំហែងពេលរាយការណ៍អំពីកូដកម្មនោះទេ។ នៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២២ កូដករណាហ្គាវើលដ៍ជាង ១០០ នាក់ត្រូវបានអាជ្ញាធរឡោមព័ទ្ធនៅពេលពួកគេប៉ុនប៉ងជាថ្មីម្តងទៀតដើម្បីបន្តកូដកម្មដោយសន្តិវិធីនៅមុខអគារណាហ្គាវើលដ៍ ខណៈដែលការចរចាកើតមានជាបន្តបន្ទាប់ បន្ទាប់ពីមានការដោះលែងមេដឹកនាំ LRSU នៅក្នុងសប្តាហ៍តែមួយ។ ពួកគេត្រូវបានបង្ខំឱ្យចូលក្នុងឡានក្រុងម្ដងទៀតហើយត្រូវបានដឹកយកទៅទីលានប្រជាធិបតេយ្យ នៅជាយក្រុង។ ពួកគេត្រូវបានទុកឱ្យនៅលើរថយន្តក្រុងអស់រយៈពេលជាច្រើនម៉ោង ដោយមិនត្រូវបានអនុញ្ញាតឱ្យចុះពីរថយន្តក្រុងឡើយ។ ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២ កូដករណាហ្គាវើលដ៍ជាងមួយរយនាក់បានបន្តប្រមូលផ្ដុំគ្នាស្ទើរតែរាល់ថ្ងៃដើម្បីបន្តកូដកម្មដោយសន្តិវិធី ប៉ុន្តែនៅតែត្រូវបានអាជ្ញាធរបង្ក្រាប និងត្រូវបានរុញចូលឡានក្រុង និង បើកចេញពី ក្រុងអស់រយៈពេលជាច្រើនម៉ោង មុនពេលត្រូវបានអនុញ្ញាតឱ្យចុះពីលើទីក្រុងនៅពេលលល្ងាច។ កូដករបានរាយការណ៍ពីការប្រើកម្លាំងហួសហេតុពីសំណាក់អាជ្ញាធរពេលរុញច្រានពួកគេចូលក្នុងរថយន្តក្រុងដែលបណ្តាលឲ្យអ្នកធ្វើកូដកម្មជាច្រើននាក់រងរបួស។ វីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបង្ហាញថា កូដករត្រូវបានរុញច្រានដោយកងកម្លាំងសន្តិសុខ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២។ មន្ត្រីម្នាក់ត្រូវបានគេឃើញថាបានទះកំផ្លៀងលើក្បាលកូដករម្នាក់ ហើយបន្ទាប់មកព្យាយាមអូសទាញកូដករដដែលនោះចេញ។

    VOD / VOD / VOD Khmer | VOD / Camboja | VOD / VOD | RFA / VOD / VOD / VOD | VOD / VOD

  • ភ្នំពេញ

    ភ្នំពេញ

    សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ

    នៅ​ព្រឹក​ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ​២០២២ អាជ្ញាធរ​ខណ្ឌ​​ព្រែក​ភ្នៅ​ ក្នុង​រាជធានីភ្នំពេញ​បានចុះ​​រុះ​រើ​លំនៅដ្ឋាន​​ប្រជាពលរដ្ឋ​ចំនួន​១១គ្រួសារ​ក្នុងខណ្ឌ​ព្រែក​ភ្នៅ​ស្ថិត​នៅទិស​ឧត្តរ​នៃបឹង​តាមោក​ប្រដាប់​ដោយ​កាំបិត​ ពូថៅ​ និង​ម៉ាស៊ីន​កាត់​។ ​​គ្រួសារ​ទាំង​នោះ​ត្រូវបា​នបណ្តេញ​ចេញ​តាម​រយៈសេចក្តីជូន​ដំណឹង​មុន​ដើម្បី​បើក​ផ្លូវ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ឯក​ជន​ និង​រដ្ឋ​ក្នុង​តំបន់​នោះ​ទោះ​បីជា​ប្រជាពលរដ្ឋ​ទាំង​១១គ្រួសារ​នោះ​បដិសេធ​ទទួល​យក​សំណង​ដែល​ផ្តល់​ឱ្យ​ដោយ​រដ្ឋាភិបាល​ក៏​ដោយ​។ ប្រជាពលរដ្ឋ​ទាំង​នោះ​ថ្លែង​ថា​ប្រាក់​៥០០ដុល្លារ​ និង​ដី​ឡូ​ទំហំ​តូច​ក្នុង​​តំបន់​ផ្សេង​មិន​គ្រប់គ្រាន់​ ហើយ​ម្យ៉ាង​ទៀត​ពួកគាត់​មិន​ចង់​ប្តូរ​ចេញ​ពី​ទីតាំងនេះ​ព្រោះ​ពួកគាត់​វបាន​រស់នៅតំបន់​នេះ​អស់​រយៈពេល​២០​ឆ្នាំ​មក​ហើយ​។ ពួកគេ​ព្រម​ទាំង​បាន​រាយ​ការណ៍​ថា​ប្រជាពលរដ្ឋ​ចំនួន​១២គ្រួសារ​បាន​ទទួល​យក​កញ្ចប់​សំណង​នោះ​ដោយ​ខ្លាច​ការ​ធ្វើទុក្ខ​បុក​ម្នេញ​ពី​សំណាក់អាជ្ញាធរ​។

    Cambodianess

  • កណ្ដាល

    កណ្ដាល

    ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស

    នៅ​ល្ងាច​ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ​២០២២ លោក​ម៉ី សុផន​ និង​លោក​ សាវ៉ាយ រ៉ូលំ​ បេក្ខជន​ក្រុមប្រឹក្សា​ឃុំ​ពី​គណបក្ស​ភ្លើង​ទៀន​ត្រូវបាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​មួយ​ក្រុម​វាយ​ប្រហារ​នៅ​សង្កាត់​ស្វាយ​រលំ​ ក្រុង​តាខ្មៅ​ ខេត្ត​កណ្តាល​ខណៈកំពុង​ជិះ​ម៉ូតូ​របស់​លោក​។ លោក​ ម៉ី សុផន​ ត្រូវបាន​ក្រុម​ទាងនេះ​វាយដោយ​ដុំ​ឥដ្ឋត្រូវ​ចំ​​មួក​សុវត្ថិភាព​ តែ​ពុំបង្កឱ្យ​មាន​គ្រោះ​ថ្នាក់​នោះ​ទេ។ បន្ទាប់​ពីករណីនេះ​ លោក​ សុផន​ បាន​​ទៅ​ប៉ុស្តិ៍​នគរបាល​ក្នុង​ឃុំដើម្បី​ដាក់​ពាក្យ​បណ្តឹង​ ប៉ុន្តែ​មាន​ការ​លើក​ឡើង​ថា​ប៉ុស្តិ៍​បាន​បិទហើយ​។ លោក​ ម៉ី សុផន​ ក៏​ជាអតីត​​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ​ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​រយៈពេលប្រាំមួយ​ខែ​នាពេល​កន្លង​ទាក់ទង​នឹង​ការ​បង្ហោះ​ហ្វេសប៊ុក​រិះ​គន់​រដ្ឋាភិបាល​។

    RFA | RFI

  • កំពង់ស្ពឺ

    កំពង់ស្ពឺ

    សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ

    កម្លាំង​កង​រាជអាវុធ​ហត្ថ​បាន​បាញ់​ព្រមាន​ និង​បាន​វាយដំ​លើ​រាង​កាយ​របស់​អ្នក​ភូមិ​ដែលកំពុង​ព្យាយាម​រារាំង​ការ​ឈូស​ឆាយ​បំផ្លាញ​ព្រៃ​ដែល​មាន​ទំនាស់​ក្នុង​ស្រុក​ឱរ៉ាល់​នៅ​ថ្ងៃទី២២ ខែកុម្ភៈ។ អ្នក​ភូមិ​បាន​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​ប្រឈម​តតាំង​ក្រុម​អាជ្ញាធរ​ដែល​មាន​ទាហ៊ាន​ មន្ត្រី​បរិស្ថាន​ និង​កម្ម​ករ​ម៉ៅការ​ចំនួន​បួន​រូប​ខណៈពួកគេ​កំពុង​កាប់​រំលំ​ ឬកាប់​ឆ្ការ​ដើម​ឈើ។ បន្ទាប់​ពី​ការ​ឈ្លោះ​ប្រកែក​គ្នាខ្លាំង​ទាហ៊ាន​បាន​បាញ់​កំាំភ្លើង​ទៅលើ​មេឃ​ និង​សំដៅ​ទៅដី​ដើម្បី​បំបែក​អ្នក​ភូមិ​។ អ្នក​ភូមិ​ម្នាក់​បាន​រាយការណ៍​ថា​មន្ត្រី​មួយ​រូប​បាន​និយាយថា​ «ចូល​ម្នាក់​ត្រូវ​គ្រាប់​កាំភ្លើង​ម្នាក់ ចូល​មកពីរនាក់ ត្រូវ​គ្រាប់​កាំភ្លើង​ពីរនាក់»។ លោក​កាក់ សឿន​ អ្នក​ភូមិ​បាន​និយាយថា​នៅ​ថ្ងៃបន្ទាប់​ លោក​និង​បុរស​ម្នាក់​ទៀត​ត្រូវបាន​ទាហ៊ាន​វាយ​​ដំ​ក្នុង​ព្រៃ។ លោក​បាន​ថ្លែង​ថា​ទាហ៊ាន​បាន​គំរាម​បាញ់​​ចំ​ក្បាល​លោក​ប្រសិន​បើ​លោក​ព្យាយាម​រារាំង​ពួកគេ​ពី​ការ​កាប់​ឆ្ការ​ម្តង​ទៀត។

    VOD

  • ស្វាយរៀង

    ស្វាយរៀង

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    ប្រធាន​ប្រតិបត្តិ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ក្នុង​ខេត្ត​ស្វាយ​រៀង​ ឈ្មោះ​ ខឿន​ សុភ័ណ្ឌ បាន​និយាយថាកាល​ពីថ្ងៃទី​១៤ ខែកុម្ភៈ លោក សុខ​ សំ​ មេឃុំ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​រារាំង​ការ​តម្លើង​ស្លាក​គណបក្ស​ និង​ការ​​ជួប​ជុំ​។ យោង​តាម​ការ​បង្ហោះ​សារ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ សមាជិក​គណ​បក្ស​មាន​ផែន​ការ​តម្លើង​ស្លាក​គណបក្ស​នៅ​៣ទីតាំង​ និង​រៀប​ចំ​ការ​ជួប​ជុំ​នៅ​ថ្ងៃទី១៣​ ខែកុម្ភៈ។ តំណាង​គណបក្ស​បាន​ជួប​ជាមួយ​មេឃុំ​ដែល​បា​ននិយាយថា​ពួកគេ​អនុញ្ញាត​ឱ្យ​តម្លើង​ស្លាក​គណបក្ស​តែ​មួយ​ទីតាំង​ និង​ថា​ពួកគេ​មិន​អនុញ្ញាត​ឱ្យ​ជួប​ជុំ​គ្នា​ព្រោះ​គណបក្ស​របស់​ពួកគេ​ពុំមាន​ទីស្នាក់​ការ​នៅ​ខេត្ត​។ ក្រុម​ការ​ងារ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋានចាត់ទុក​វិធាន​ការរបស់​​មេ​ឃុំ​ផ្ទុយ​នឹង​ច្បាប់​ និង​មាន​ចេតនា​បន្ទច់​បង្អាក់​សកម្មភាព​គណបក្ស​ជំទាស់។

    VOD Khmer | VOD

  • បាត់ដំបង

    បាត់ដំបង

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    នគរបាល​បាន​កោះហៅ​ លោក​ខ្លែង​ ឈុក ជាប្រជាពលរដ្ឋ​នៅក្នុង​ស្រុក​ថ្មគោល​ ខេត្ត​បាត់ដំបង​ និង​បាន​បង្ខំ​ឱ្យ​សុំ​ទោស​ចំពោះ​ការ​បញ្ចេញ​មតិ​យោបល់​លើ​បណ្តាញ​ហ្វេសប៊ុក​រិះ​គន់​រដ្ឋាភិបាល​ចំពោះ​ការ​ធ្វើ​ឱ្យ​ខូច​ផ្លូវ​មួយ​ខ្សែ​ក្នុង​ឃុំ​របស់​លោក​ដែលជា​មធ្យោបាយ​សំខាន់​ជួយ​​សម្រាល​ការ​លំបាកដល់ប្រជាពលរដ្ឋ​ក្នុង​តំបន់​នោះក្នុងការ​ធ្វើ​ដំណើរ​​ទៅ​នេសាទ​ក្នុង​តំបន់​​ព្រៃ​លិច​ទឹក​ក្បែរ​ទន្លេសាប​។

    VOD