កាលប្បវត្តិសិទ្ធិមនុស្សខាងក្រោមបង្ហាញពីការរំលោភសិទ្ធិមនុស្សនិងការរឹតត្បិតសិទ្ធិមនុស្សសំខាន់ៗមួយចំនួនដែលបានកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ ២០១៣-២០២៣ និងយកលំនាំតាមកាលប្បវត្តិពីមុនរបស់យើងពីឆ្នាំ១៩៩៣ ដល់ ២០១២ ដែលអាចចូលទៅមើលបាននៅទីនេះ។
ឧប្បត្តិហេតុដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សពីឆ្នាំ ២០១៣-២០២៣ បង្ហាញការរំលោភសិទ្ធិមនុស្សពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានិងភាគីទីបី។ ការរំលោភសិទ្ធិមនុស្សទាំងអស់នោះទាក់ទងទៅនឹងបញ្ហាជាច្រើនរួមមានការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការកាត់ទោសអ្នកការពារសិទ្ធិមនុស្ស ការរំលោភយកដីធ្លី ការបណ្តេញចេញដោយបង្ខំ ការរឹតត្បិតសិទ្ធិក្នុងការជួបប្រជុំសិទ្ធិក្នុងការបង្កើតសមាគម និងការសំដែងមតិដោយសន្តិវិធី ការធ្វើទារុណកម្ម ការចាប់ខ្លួនការឃុំខ្លួនតាមអំពើចិត្ត និងការបង្កើតច្បាប់និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ ព័ត៌មានដែលកត់ត្រាទៅក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះត្រូវបានប្រមូលមកពីអត្ថបទព័ត៌មានទាំងជាភាសាខ្មែរ និងអង់គ្លេស ពីគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋានរបស់ ម.ស.ម.ក ព្រមទាំងវិចារណកថា និងការវិភាគផ្សេងៗដែលបានចេញផ្សាយដោយអង្គការសង្គមស៊ីវិល ដែលធ្វើការលើបញ្ហាទាំងនេះ។
ការរៀបរាប់ដោយសង្ខេបនៅក្នុងនេះគឺមានអមដោយ តំណភ្ជាប់ទៅនឹងអត្ថបទសារព័ត៌មានដែលរាយការណ៍អំពីព្រឹត្តិការណ៍ឬការងាររបស់អង្គការសង្គមស៊ីវិលដែលធ្វើការយ៉ាងសកម្មនៅក្នុងវិស័យនេះ។ សូមរំលឹកថាករណីដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះគឺសុទ្ធសឹងតែជាករណីដែលមានការចាប់អារម្មណ៍ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយឬអង្គការសង្គមស៊ីវិលដោយសាវាមានលក្ខណៈលេចធ្លោ។
ដូច្នេះកាលប្បវត្តិសិទ្ធិមនុស្សនេះគឺគ្រាន់តែជាតំណាងនៃចំណែកតូចមួយនៃចំនួនការរំលោភសិទ្ធិមនុស្សជាក់ស្តែងដែលកើតឡើងនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។
-
ភ្នំពេញ
ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់
សាលាឧទ្ធរណ៍ភ្នំពេញសម្រេចរក្សាសាលក្រមផ្តន្ទាទោសអតីតសកម្មជនគណបក្សសង្គ្រោះជាតិ លោក វឿន វាសនា អោយជាប់ពន្ធាគារ១ឆ្នាំ និងពិន័យជាប្រាក់៥០០ដុល្លារ។ លោក វឿន វាសនា ត្រូវបានចាប់ខ្លួននាខែវិច្ឆិកា ឆ្នាំ២០២១ នៅប្រទេសថៃ និងបញ្ជូនមកកម្ពុជា បន្ទាប់ពីលោកធ្វើការអធិប្បាយតាមរយៈបណ្តាញសង្គម។ លោកត្រូវបានចោទពីបទញុះញង់ និងត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសកាលពីខែកុម្ភៈ ឆ្នាំ២០២២។
-
កំពង់ស្ពឺ
ការរំលោភលើគោលការណ៍នៃការបោះឆ្នោតដោយសេរី និងយុត្តិធម៌
សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា បានចុះចែកអំណោយដែលជាអំណោយមុនការបោះឆ្នោតដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ ដែលអ្នកសង្កេតការណ៍នយោបាយជាច្រើនបានលើកឡើងថា អាចជះឥទ្ធិពលដល់ប្រជាពលរដ្ឋដែលកំពុងជួបបញ្ហាហិរញ្ញវត្ថុ និងកង្វះការអប់រំ។ ខណៈដែលការអនុវត្តបែបនេះមិនមែនជារឿងចម្លែកកាលពីក្នុងការបោះឆ្នោតមុនៗ មានការព្រួយបារម្ភថាវប្បធម៌នៃការសូកប៉ាន់មុនការបោះឆ្នោតនាំទៅរកអំពើពុករលួយចំពោះការបោះឆ្នោតដោយយុត្តិធម៌ និងរារាំងគណបក្សនានាមិនឱ្យមានការប្រកួតប្រជែងដោយស្មើភាពគ្នា ព្រោះថាមិនមែនគ្រប់គណបក្សនយោយបាយទាំងអស់អាចប្រកួតប្រជែងជាមួយធនធានរបស់គណបក្សប្រជាជនកម្ពុជានោះទេ។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានការពារការផ្តល់អំណោយ និងថវិកាដល់ប្រជាពលរដ្ឋមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ហើយបានហៅសកម្មភាពនេះថាជាបញ្ហាផ្ទៃក្នុងដែលផ្ទុយពីការស៊ីសំណូក។
-
ភ្នំពេញ
ការរំលោភលើគោលការណ៍នៃការបោះឆ្នោតដោយសេរី និងយុត្តិធម៌
គណបក្សភ្លើងទៀនបានចោទប្រកាន់អាជ្ញាធរសង្កាត់ទួលសង្កែទី១ រាជធានីភ្នំពេញ ថាបានបំផ្លាញបដាគណបក្សដែលខ្លួនទើបតែដាក់ក្នុងសង្កាត់។ អាជ្ញាធរបានចេញគោលការណ៍បិទផ្លូវមិនឱ្យគណបក្សភ្លើងទៀនបន្តលើកផ្លាកនៅតាមទីតាំងសាធារណៈ បើទោះជាគណបក្សបានជូនដំណឹងរួចហើយក្ដី។ ក្រោយទទួលបានលិខិតជូនដំណឹងនេះ ចៅសង្កាត់បានចេញគោលការណ៍បដិសេធក្នុងថ្ងៃតែមួយ ដោយចារនៅលើលិខិតនោះថាអាជ្ញាធរមិនឱ្យគណបក្សភ្លើងទៀនលើកផ្លាកគណបក្សនៅលើទីតាំងសាធារណៈនេះ បើអាជ្ញាធរបើកផ្លូវឱ្យលើកផ្លាកនៅទីតាំងនោះ នឹងធ្វើឱ្យមានបញ្ហាទៅថ្ងៃក្រោយ នៅពេលអាជ្ញាធរកែសម្រួលផ្លូវទឹក។ គណបក្សនេះក៏បានចោទប្រកាន់ថាបានប្រឈមនឹងបញ្ហាផ្សេងទៀតជាមួយនឹងបដាគណបក្សរបស់ខ្លួន និងការបំភិតបំភ័យ និងយាយីពីអាជ្ញាធរចំពោះបេក្ខជនរបស់ខ្លួនក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។
-
កោះកុង
ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់
លោក ប៉ាល់ កែប បេក្ខជនចៅសង្កាត់ស្ទឹងវែង ខេត្តកោះកុងនៃគណបក្សភ្លើងទៀន បានរាយការណ៍ថាលោករងការគម្រាមកំហែងពីបក្សកាន់អំណាច ដើម្បីកំញែញលោកក្នុងការឈរឈ្មោះជាបេក្ខជនក្នុងការបោះឆ្នោតឃុំ/សង្កាត់ នាខែមិថុនា។ លោកអះអាងថា មេធាវីចំនួន៦នាក់បានដាក់ពាក្យបណ្តឹងប្រឆាំងលើរូបលោក ដោយចោទពីបទបរិហារកេរ្តិ៍ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ បន្លំឯកសារ និងបំពានច្បាប់បោះឆ្នោត ហើយលោកត្រូវបានកោះហៅដើម្បីសាកសួរដោយតំណាងអយ្យការអមតុលាការខេត្តកោះកុងនាថ្ងៃទី១១ ខែឧសភា។
VOD | Khmer Times | RFA | VOD
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
សមាជិកក្រុមស្ត្រីថ្ងៃសុក្រ ប្រមាណ១០នាក់ បានជួបជុំគ្នាដោយសន្តិវិធីជាថ្មី នៅខាងមុខស្ថានទូតអាមេរិក នៅទីក្រុងភ្នំពេញ ដើម្បីដាក់ញត្តិស្វែងរកការគាំទ្រពីស្ថានទូត ក្នុងការអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា ដោះលែងប្តី ឪពុក កូនប្រុស និងអតីតសមាជិកគណបក្សសង្គ្រោះជាតិដែលជាប់ឃុំឃាំង។ ការជួបជុំនេះមានការប៉ះទង្គិចគ្នាដែលពាក់ព័ន្ធនឹងការរុញច្រានគ្នារវាងស្ត្រីថ្ងៃសុក្រ និងកងកម្លាំងសន្តិសុខខណ្ឌដូនពេញ ដែលប៉ុនប៉ងរារាំងក្រុមស្ត្រីថ្ងៃសុក្រមិនឱ្យកាន់បដា និងរូបថតសាច់ញាតិរបស់ពួកគេដែលកំពុងជាប់ពន្ធនាគារ ដោយអះអាងថាការជួបជុំរបស់ពួកគេប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។ សមាជិកស្ត្រីថ្ងៃសុក្រពីរនាក់ត្រូវបានគេរាយការណ៍ថាបានរងរបួសបន្ទាប់ពីការប៉ះទង្គិចគ្នានេះ។
-
ភ្នំពេញ
ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់
តុលាការកំពូលបានតម្កល់សាលក្រមរបស់តុលាការខេត្តត្បូងឃ្មុំ កាលពីខែកញ្ញា ឆ្នាំ២០២០ ដោយផ្ដន្ទាទោសលោក គង់ សំអាន អតីតសមាជិកគណបក្សសង្គ្រោះជាតិ ពីបទឃុបឃិត និងញុះញង់ឱ្យបង្កភាពចលាចលក្នុងសង្គម (មាត្រា ៤៥៣, ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា) និងជាប់ពន្ធនាគារ៨ឆ្នាំ ៦ខែ។ ឯកសាររបស់តុលាការបានបញ្ជាក់ថា លោក សំអាន ត្រូវបានចាប់ខ្លួននៅឆ្នាំ ២០២០ ពីបទរៀបចំបាតុកម្មទាមទារឱ្យមានការដោះលែងមេដឹកនាំសហជីពដ៏លេចធ្លោលោក រ៉ុង ឈុន និងអ្នកទោសនយោបាយដទៃទៀតជាមួយយុវជន និងសកម្មជនបរិស្ថាននៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ។ លោក សំអាន ក៏ត្រូវបានគេចោទប្រកាន់ថាបានចូលរួមក្នុងផែនការវិលត្រឡប់របស់អតីតគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ តាមប្រព័ន្ធផ្សព្វផ្សាយសង្គម។
-
ភ្នំពេញ
ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់
តុលាការកំពូលបានតម្កល់សាលក្រមរបស់សាលាដំបូងដែលសម្រេចផ្តន្ទាទោសលោក Alejandro Gonzalez-Davidson សហស្ថាបនិកអង្គការមាតាធម្មជាតិ (Mother Nature) ពីបទញុះញង់ និងផ្តន្ទាទោសលោកឱ្យជាប់ពន្ធនាគាររយៈពេល ២០ខែ និងពិន័យជាប្រាក់ចំនួន ១០០០ ដុល្លារ។ លោក Gonzalez-Davidson មិនមានវត្តមានទេ ដោយសារគាត់ត្រូវបានបដិសេធជាប្រព័ន្ធ ដើម្បីចូលប្រទេសកម្ពុជា ចាប់តាំងពីការនិរទេសរូបលោកកាលពីឆ្នាំ ២០១៥ មក។
-
ព្រះសីហនុ
ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់
លោក ម៉ិច ដារ៉ា អ្នករាយការណ៍នៃសំឡេងដើម្បីប្រជាធិបតេយ្យ (VOD) បានប្រាប់ថា លោកត្រូវបាននគរបាលអន្តោប្រវេសន៍ ឃាត់ខ្លួនពីបទថតរូប និងវីដេអូនៃប្រតិបត្តិការរបស់ពួកគេ ខណៈពួកគេបង្ក្រាបបទល្មើសក្នុងក្រុង ព្រះសីហនុ។ ប៉ូលិសបានសុំមើលប័ណ្ណសារព័ត៌មានរបស់គាត់ ហើយបានរឹបអូសយករបស់របររបស់គាត់រួមទាំងទូរស័ព្ទដៃផងដែរ។ បន្ទាប់មកគាត់ត្រូវបានឃុំខ្លួនដោយអគ្គនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ហើយបានបញ្ជាឱ្យរូបលោកលុបរូបថត និងវីដេអូដែលគាត់ថតបាន។ លោកក៏បានអះអាងផងដែរថា ប៉ូលិសបានគំរាមដាក់ខ្នោះដៃលោកនៅពេលលោកមិនព្រមស្តាប់បង្គាប់។ លោក ម៉ិច ដារ៉ា ត្រូវបានឃុំខ្លួនរយៈពេលពីរម៉ោង ក្រោមហេតុផលថា គាត់បានថតរូបដោយគ្មានការអនុញ្ញាត ហើយត្រូវបានដោះលែងវិញ បន្ទាប់ពីធ្វើពុតជាលុបរូបភាព និងវីដេអូ។
-
កណ្ដាល
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
និយោជិតបីនាក់មកពីរោងចក្រអេសវ៉ាយអេសជី ក្នុងខេត្តកណ្តាលបានចោទថាពួកគាត់ត្រូវបានបណ្តេញចេញពីការងារក្នុងអំឡុងថ្ងៃទី១៨-២២ ខែមេសា ដោយសារការបង្កើតសហជីពក្នុងរោងចក្រ ក្នុងខែមីនា។ ពួកគាត់បាននិយាយថាការគ្រប់គ្រងរបស់រោងចក្របានបញ្ជាក់យ៉ាងច្បាស់ថាពួកគេមិនសប្បាយចិត្តនឹងការសម្រេចចិត្តរបស់និយោជិតក្នុងការបង្កើតសហជីពឡើយ។ ពួកគាត់បានដាក់ពាក្យបណ្ដឹងទៅក្រសួងការងារពីបទបណ្ដេញចេញពីការងារដោយខុសច្បាប់ពីការបង្កើតសហជីព និងស្នើឲ្យបន្តកិច្ចសន្យាការងារវិញ។ ប្រធានសហភាពសហជីពឯករាជ្យបានយល់ស្របថា កម្មករមិនគួរត្រូវបានគេបណ្ដេញចេញទេ។
-
ភ្នំពេញ
ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់
លោក សៀម ភ្លុក ស្ថាបនិកគណបក្សបេះដូងជាតិ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ហើយបញ្ជូនទៅពន្ធនាគារព្រៃស បន្ទាប់ពីលោកខកខានចូលខ្លួនទៅតុលាការដើម្បីផ្តល់សក្ខីកម្មជុំវិញការចោទប្រកាន់ពីបទក្លែងបន្លំឯកសារសម្រាប់ការចុះឈ្មោះគណបក្សរបស់លោក។ គាត់ត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំ និងប្រើប្រាស់ឯកសារក្លែងក្លាយតាមមាត្រា ៦២៦ ៦២៧ និង៦២៨។ ពាក្យស្នើសុំរបស់គណបក្សបេះដូងជាតិ ត្រូវបានច្រានចោលដោយក្រសួងមហាផ្ទៃកាលពីឆ្នាំមុន ក្រោមហេតុផលថាស្នាមមេដៃមួយចំនួនសម្រាប់ការចុះឈ្មោះក្លែងក្លាយ។ មន្ត្រីគណបក្សបេះដូងជាតិជាង២០ នាក់ត្រូវបានចោទប្រកាន់ពីបទល្មើសពាក់ព័ន្ធនឹងការក្លែងបន្លំ និងប្រើប្រាស់ឯកសារក្លែងក្លាយ។ លោក សៀម ភ្លុក អះអាងថា ការចោទប្រកាន់លើរូបលោកគឺជារឿងនយោបាយ ហើយបានបដិសេធការចោទប្រកាន់ដែលបានធ្វើមកលើរូបលោក និងស្ថាបនិកគណបក្សបេះដូងជាតិ។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
សកម្មជន៥នាក់មកពីសមាគមសម្ព័ន្ធនិស្សិតបញ្ញាវ័ន្តខ្មែរ អង្គការមាតាធម្មជាតិ និងក្រុមយុវជនខ្មែរថាវៈ រួមមានឈឿន ដារ៉ាវី ឈែម ស្រីគា យ៉ុង សុខឡៃ ភួន កែវរស្មី និងអេង ម៉ាឡៃ ត្រូវបានបញ្ឈប់ពីការជិះកង់ពីវិមានឯករាជ្យ ទៅកាន់ក្រសួងយុត្តិធម៌ និងក្រសួងបរិស្ថាននៅរាជធានីភ្នំពេញ ក្នុងការរំលឹកខួប១០ឆ្នាំនៃការសម្លាប់សកម្មជនបរិស្ថាន លោក ឈុត វុទ្ធី។ សកម្មជនទាំង៥នាក់ ត្រូវបានសន្តិសុខក្នុងសង្កាត់ និងប៉ូលិសតាមពីក្រោយ ហើយបន្ទាប់មកត្រូវបានរារាំងមិនឲ្យចាប់ផ្តើមជិះកង់នៅសួនច្បារវត្តបូទុមវតី។ តាមសេចក្តីរាយការណ៍ សន្តិសុខបានរុញសកម្មជន ដើម្បីការពារពួកគេពីការចាកចេញពីសួនច្បារវត្តបូទុមវតី។ សកម្មជនម្នាក់បានរាយការណ៍ថា អាជ្ញាធរក៏បានបញ្ជាឲ្យពួកគេដោះអាវដែលមានរូបភាពលោក ឈុត វុទ្ធី និងមួកសុវត្ថិភាពមានស្លឹកឈើដែលខ្លួនបានពាក់ចេញ។ អាជ្ញាធរក៏ព្យាយាមដកយកកាមេរ៉ាអ្នកយកព័ត៌មានរបស់ VOD ម្នាក់ផងដែរ។
-
កំពង់ឆ្នាំង
ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់
អ្នកកាសែត ៣នាក់ និងអ្នកបើកបរម្នាក់ ត្រូវបានចាប់ខ្លួន ក្រោមហេតុផល ជ្រៀតជ្រែក ក្នុងមុខងារសាធារណៈ ដោយខុសច្បាប់ ហើយលួចចូល ក្នុងហាងមួយកន្លែងដើម្បីបញ្ជាក់ថា ការចោទប្រកាន់ លក់ម៉ូតូអត់ពន្ធ ជាការពិត ឬយ៉ាងណា។ ពេលទៅមើលហាងកាលពីថ្ងៃទី៩ ខែមេសា ម្ចាស់បានបញ្ចាក់ថា ម៉ូតូខ្លះអត់ពន្ធ បើទោះជាមានស្លាកលេខក៏ដោយ និងបានពន្យល់ពីមូលហេតុដែលអតីតអតិថិជនមួយចំនួនដែលបានទិញម៉ូតូទាំងនេះ ត្រូវបានប៉ូលិសចាប់ដោយចោទថាម៉ូតូគាត់អត់ពន្ធ ទោះបីជាមានកិបស្លាកលេខហើយក្ដី ។ ការចាប់ខ្លួននេះ គឺឆ្លើយតបទៅនឹងពាក្យបណ្តឹងរបស់ម្ចាស់ហាងម៉ូតូ ដែលបានអះអាងថា អ្នកសារព័ត៌មានបានធ្វើខុសក្នុងការរាយការណ៍របស់ពួកគេ និង "ជ្រៀតជ្រែកដោយខុសច្បាប់ ក្នុងការបំពេញមុខងារសាធារណៈ"។
-
ភ្នំពេញ
ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់
កញ្ញា អេង ម៉ាឡៃ សកម្មជនសិទ្ធិមនុស្ស បានរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីបុរសម្នាក់ ជិះម៉ូតូបុកនាងពីក្រោយ នៅរង្វង់មូលមួយកន្លែង រួចសើច ហើយរត់គេចខ្លួនបាត់។ នាងចាត់ទុកការវាយប្រហារនេះថាជាលទ្ធផលនៃការបន្តសកម្មភាពរបស់នាង។ នាងត្រូវបានព្យាបាល និងពិនិត្យដោយវេជ្ជបណ្ឌិតរបស់អង្គការសិទ្ធិមនុស្សលីកាដូ។ ថ្មីៗនេះនាងត្រូវបានដោះលែងពីពន្ធនាគារក្នុងខែវិច្ឆិកាឆ្នាំ២០២១ បន្ទាប់ពីជាប់ពន្ធនាគារជាងមួយឆ្នាំសម្រាប់ការចូលរួមក្នុងការតវ៉ានៅឆ្នាំ២០២០ ទាមទារឱ្យមានការដោះលែងលោក រ៉ុង ឈុន ពីពន្ធនាគារ។
-
ពោធិ៍សាត់
ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់
លោក ហែម ឆិល ដែលជាបេក្ខជនឈរឈ្មោះរបស់គណបក្សភ្លើងទៀន ត្រូវបានចាប់ខ្លួនជាមួយកូនប្រុសរបស់គាត់ដែលមានអាយុ ១៥ ឆ្នាំ ខណៈបូមស្រះចាប់ត្រីនៅទីតាំងដីរបស់ខ្លួន ដោយសមត្ថកិច្ចចោទថាជាអំពើខុសច្បាប់។ ប៉ុន្តែទោះជាយ៉ាងណាការប្រើប្រាស់ឧបករណ៍ ក៏ដូចជាការនេសាទត្រីនៅក្នុងត្រពាំងដែលជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ មិនមែនជាអំពើល្មើសនោះទេ ការនេសាទខុសច្បាប់ លុះត្រាតែស្ថិតនៅក្នុងតំបន់ហាមឃាត់ ឬនៅតំបន់អភិរក្ស។ ការចាប់ខ្លួននេះមិនមានលក្ខណៈស្របច្បាប់ ប៉ុន្តែជាដៅមុខសញ្ញាផ្ទាល់ចំពោះបេក្ខជនគណបក្សភ្លើងទៀន មុននឹងការបោះឆ្នោតឃុំសង្កាត់ខែមិថុនា ឆ្នាំ២០២២។
-
-
ភ្នំពេញ
ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់
អ្នកស្រី សាត់ ផា អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ និងជាសកម្មជនកម្ពុជាបានបន្តរត់គេចតាំងពីថ្ងៃទី ១៦ ខែមេសា បន្ទាប់ពីអ្នកស្រីបានទទួលរងការគំរាមកំហែងសម្លាប់ដោយសារការចោទប្រកាន់ថាបានចូលរួមក្នុងការតវ៉ាតាមដងផ្លូវអំពាវនាវឱ្យទម្លាក់ការចោទប្រកាន់លើអ្នកការពារសិទ្ធិមនុស្ស សេង ធារី។ ការគំរាមកំហែងនេះមានទម្រង់ជាកំណត់ត្រាសរសេរដោយដៃ ហើយនិយាយថា “អ្នកថោកទាប កុំក្លាហាន បើមិនដូច្នេះទេអ្នកនឹងត្រូវបាត់ខ្លួន។ អ្នកស្រី សាត់ ផា ត្រូវបានគេដោះលែងពីពន្ធនាគារក្នុងខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីជាប់ឃុំរយៈពេលមួយឆ្នាំក្នុងករណីតវ៉ាអំឡុងពេលទិវាកិច្ចព្រមព្រៀងសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ដែលធ្វើឡើងនៅមុខស្ថានទូតចិនកាលពីខែតុលា ឆ្នាំ២០២០។ អ្នកស្រីបានអំពាវនាវដល់អង្គការមិនមែនរដ្ឋាភិបាល និងអង្គការសហប្រជាជាតិឱ្យផ្តល់តួនាទីជាជនភៀសខ្លួននយោបាយនៅក្នុងប្រទេសថៃ។ ករណីនេះត្រូវបានគេរាយការណ៍នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ថាអ្នកស្រីបានមកដល់ប្រទេសថៃដោយសុវត្ថិភាពហើយកំពុងរៀបចំផែនការស្វែងរកសិទ្ធិជ្រកកោន។
-
កំពង់ស្ពឺ
សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ
នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ អ្នកភូមិក្នុងឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺបានអះអាងថាទាហ៊ានបានប្រើហិង្សាលើប្រជាសហគមន៍ដែលព្យាយាមការពារព្រៃសហគមន៍មេត្តាពីការកាប់ឆ្ការរបស់ទាហាន។ នេះគឺជាអំពើហិង្សាចុងក្រោយគេក្នុងចំណោមករណីហិង្សាជាច្រើនផ្សេងទៀតដែលប្រព្រឹត្តដោយទាហានលើប្រជាសហគមន៍។ អ្នកភូមិម្នាក់បានរាយការណ៍ថាត្រូវបានទាហ៊ានវាយដំនៅដើមខែមីនា។ អ្នកភូមិម្នាក់ទៀតបានលើកឡើងថានៅចុងខែមីនា ទាហ៊ានបានបាញ់កាំភ្លើងព្រមាន ៨ ដង លើព្រះតេជគុណព្រហ្ម ធម្មជាតិ ជាសហស្ថាបនិកលេចធ្លោនៃបណ្តាញមាតាធម្មជាតិកម្ពុជា ដោយសារព្រះអង្គបានជួយការពារព្រៃឈើក្នុងតំបន់នោះ។ ក្រុមទាហ៊ានទាំងនោះបានដកហូតយកទូរស័ព្ទរបស់អ្នកភូមិដែលបានឃើញក្រុមទាហ៊ានបាញ់ដោយផ្ទាល់ភ្នែកដើម្បីរារាំងការថតវីដេអូករណីនោះ។ អ្នកភូមិបាននិយាយថាពួកគាត់បាននាំគ្នាចេញមកបោះតង់ក្នុងដើម្បីការពារកុំឱ្យទាហ៊ានកាប់ឆ្ការព្រៃ តែឥឡូវប្រជាសហគមន៍មានការភ័យខ្លាចក្នុងការល្បាតព្រៃបន្ទាប់ពីមានអំពើហិង្សានាពេលថ្មីៗនេះ។ ដីក្នុងព្រៃសហគមន៍មេត្តាត្រូវបានប្រគល់ទៅឱ្យអង្គភាពកងរថពាសដែកខេត្តកំពង់ស្ពឺដើម្បីធ្វើការឈូសឆាយសម្រាប់ប្រគល់ជូនគ្រួសារយោធិនកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ដោយពុំមានការជូនដំណឹងដល់សហគមន៍មូលដ្ឋាន។
-
តាកែវ
ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់
លោក ជឿន សារឹម បេក្ខជននៃគណបក្សភ្លើងទៀនប្រចាំខណ្ឌច្បារអំពៅបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ខណៈលោកធ្វើដំណើរតាមម៉ូតូត្រឡប់មកពីស្រុកកំណើតនៅខេត្តតាកែវ។ ទោះបីយ៉ាងណា ភរិយារបស់លោក សារឹម បានលើកឡើងថា សពរបស់លោកមានស្នាមជាំ បែកមុខ និងផុងលលាដក្បាល។ អ្នកស្រីក៍បានលើកឡើងថា លោកសារឹម ធ្លាប់ត្រូវបានគេវាយដំ និងគំរាមកំហែងនាពេលកន្លងមក ដោយសារសកម្មភាពនយោបាយ របស់លោក។
-
កណ្ដាល
ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់
លោក សួន វុត្ថា ពលរដ្ឋអ្នកសារព័ត៌មាន បានអះអាងថា មន្ត្រីនគរបាលចរាចរណ៍បានគំរាមគាត់បន្ទាប់ពីបានថតវីដេអូមន្ត្រីទាំងនោះទទួលសំណូកឱ្យបិទភ្នែកដើម្បីអនុញ្ញាតឱ្យមានការបំពានច្បាប់ចរាចរណ៍នៅច្រកត្រួតពិនិត្យមួយនៅស្រុកលើកដែក ខេត្តកណ្តាល។ លោក វុត្ថា ត្រូវបានឃាត់ខ្លួនដើម្បីសាកសួរអស់រយៈពេលមួយម៉ោង។ មន្ត្រីនគរបាលបានសុំមើលលិខិតបេសកកម្ម និងអត្តសញ្ញាណរបស់លោក និងបានបង្គាប់ឱ្យលោកលុបវីដេអូនៃការទទួលសំណូកនោះចេញ និងបាននាំលោកទៅធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពថតបែបនោះដើម្បីជាថ្នូរទទួលបានការដោះលែង។
-
ភ្នំពេញ
ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់
សាលាដំបូងរាជធានីភ្នំពេញបានចេញដីកាចាប់ខ្លួនលោក សៀម ភ្លុក ស្ថាបនិកគណបក្សបេះដូងជាតិបន្ទាប់ពីខកខានចូលបង្ហាញខ្លួននៅមុខតុលាការដើម្បីសាកសួរទាក់ទងនឹងការចោទប្រកាន់ពីការក្លែងស្នាមមេដៃចុះបញ្ជីគណបក្ស។ លោកសៀម ភ្លុក បានលាក់ខ្លួនបន្ទាប់ពីមានដីកា និងប្រឈមការជាប់ពន្ធនាគារចន្លោះ ៦ ខែ ដល់ ៣ ឆ្នាំ ប្រសិនរកឃើញពិរុទ្ធភាព។ សកម្មជនគណបក្សបេះដូងជាតិដទៃទៀតក៏ប្រឈមការចោទប្រកាន់បន្ទាប់ត្រូវបានតុលាការកោះហៅ។ គណបក្សបេះដូងជាតិអះអាងថាការចោទប្រកាន់ពីការក្លែងបន្លំស្នាមមេដៃគឺក្រោមហេតុផលនយោបាយ និងធ្វើឡើងក្នុងបំណងរារាំងគណបក្សចូលរួមក្នុងការបោះឆ្នោតខាងមុខ។ លោក សៀម ភ្លុក បានអំពាវនាវដល់គណបក្សកាន់អំណាចឱ្យផ្តល់ការអនុគ្រោះនយោបាយដើម្បីឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់លើរូបលោកក្នុងករណីនេះ ដែលត្រូវបានបដិសេធ។
Khmer Times | Khmer Times | RFI | VOD
-
ភ្នំពេញ
ការរំលោភលើគោលការណ៍នៃការបោះឆ្នោតដោយសេរី និងយុត្តិធម៌
ទោះបីជាការបោះឆ្នោតឃុំសង្កាត់កន្លងទៅរយៈពេលមួយឆ្នាំហើយក្តី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែបន្តប្រើប្រាស់វោហារសព្ទក្នុងវេទិកាសាធារណៈប្រាប់អ្នកគាំទ្រឱ្យបោះជូនលោកក្នុងឆ្នាំ២០២៣។ នេះរំលោភលើច្បាប់កម្ពុជាដែលហាមប្រាមមន្ត្រីរដ្ឋាភិបាលពីការប្រើតួនាទីរបស់ខ្លួន ឬថវិកា សម្ភារៈ ឬយានជំនិះរដ្ឋដើម្បីបម្រើផលប្រយោជន៍គណបក្ស និងដែលផ្តល់រយៈពេលធ្វើយុទ្ធនាការពីរសប្តាហ៍នៅមុនការបោះឆ្នោតចាប់ផ្តើម។ ប៉ុន្តែ គ.ជ.ប អះអាងថាខ្លួនពុំអាចដោះស្រាយករណីរំលោភបំពានយុទ្ធនាការបោះឆ្នោតទាំងឡាយដែលមិនស្ថិតក្នុងអំឡុងពេលយុទ្ធនាការផ្លូវការរយៈពេល ១៤ ថ្ងៃនោះទេ។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានច្រានចោលការអះអាងដែលថាករណីនោះរំលោភលើច្បាប់បោះឆ្នោត ទោះបីជាមានការបញ្ជាក់ថាការចូលរួមរបស់លោកនាយករដ្ឋមន្ត្រីនៅតាមវេទិកាសាធារណៈនានាគឺជាមធ្យោបាយប្រមែលប្រមូលការគាំទ្រឱ្យគណបក្សកាន់អំណាចក្តី។ លោកបានថ្លែងថា «យើងនឹងមិនកេងចំណេញផលប្រយោជន៍ពីវត្តមានចូលរួមក្នុងវេទិកាសាធារណៈទាំងនោះឡើយ ទោះបីជាការបំពេញភារកិច្ចផ្លូវការរបស់រដ្ឋាភិបាលក្តី ប៉ុន្តែយើងនឹងទាញយកប្រយោជន៍ពីឱកាសនេះព្រោះយើងបានទទួលលទ្ធផលច្រើន»។