កាលប្បវត្តិសិទ្ធិមនុស្សខាងក្រោមបង្ហាញពីការរំលោភសិទ្ធិមនុស្សនិងការរឹតត្បិតសិទ្ធិមនុស្សសំខាន់ៗមួយចំនួនដែលបានកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ ២០១៣-២០២៣ និងយកលំនាំតាមកាលប្បវត្តិពីមុនរបស់យើងពីឆ្នាំ១៩៩៣ ដល់ ២០១២ ដែលអាចចូលទៅមើលបាននៅទីនេះ។
ឧប្បត្តិហេតុដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សពីឆ្នាំ ២០១៣-២០២៣ បង្ហាញការរំលោភសិទ្ធិមនុស្សពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានិងភាគីទីបី។ ការរំលោភសិទ្ធិមនុស្សទាំងអស់នោះទាក់ទងទៅនឹងបញ្ហាជាច្រើនរួមមានការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការកាត់ទោសអ្នកការពារសិទ្ធិមនុស្ស ការរំលោភយកដីធ្លី ការបណ្តេញចេញដោយបង្ខំ ការរឹតត្បិតសិទ្ធិក្នុងការជួបប្រជុំសិទ្ធិក្នុងការបង្កើតសមាគម និងការសំដែងមតិដោយសន្តិវិធី ការធ្វើទារុណកម្ម ការចាប់ខ្លួនការឃុំខ្លួនតាមអំពើចិត្ត និងការបង្កើតច្បាប់និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ ព័ត៌មានដែលកត់ត្រាទៅក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះត្រូវបានប្រមូលមកពីអត្ថបទព័ត៌មានទាំងជាភាសាខ្មែរ និងអង់គ្លេស ពីគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋានរបស់ ម.ស.ម.ក ព្រមទាំងវិចារណកថា និងការវិភាគផ្សេងៗដែលបានចេញផ្សាយដោយអង្គការសង្គមស៊ីវិល ដែលធ្វើការលើបញ្ហាទាំងនេះ។
ការរៀបរាប់ដោយសង្ខេបនៅក្នុងនេះគឺមានអមដោយ តំណភ្ជាប់ទៅនឹងអត្ថបទសារព័ត៌មានដែលរាយការណ៍អំពីព្រឹត្តិការណ៍ឬការងាររបស់អង្គការសង្គមស៊ីវិលដែលធ្វើការយ៉ាងសកម្មនៅក្នុងវិស័យនេះ។ សូមរំលឹកថាករណីដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះគឺសុទ្ធសឹងតែជាករណីដែលមានការចាប់អារម្មណ៍ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយឬអង្គការសង្គមស៊ីវិលដោយសាវាមានលក្ខណៈលេចធ្លោ។
ដូច្នេះកាលប្បវត្តិសិទ្ធិមនុស្សនេះគឺគ្រាន់តែជាតំណាងនៃចំណែកតូចមួយនៃចំនួនការរំលោភសិទ្ធិមនុស្សជាក់ស្តែងដែលកើតឡើងនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។
-
ភ្នំពេញ
ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស
លោក កាក់ កុម្ភារ អតីតសមាជិកគណបក្សសង្គ្រោះជាតិ និងជាប្រធានសាខាគណបក្សសង្គ្រោះជាតិនៅទីក្រុងភ្នំពេញត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០។ គេជឿថាការចាប់ខ្លួននេះគឺមានដីកាដែលពាក់ព័ន្ធនឹងការផ្តន្ទាទោសរូបលោកពីបទញុះញង់កាលពីឆ្នាំ២០១៩។ នៅឆ្នាំ២០១៩ លោកត្រូវបានកាត់ទោសកំបាំងមុខឱ្យជាប់ពន្ធនាគាររយៈពេល២០ខែ ជាមួយនឹងសមាជិក គ.ស.ជ ៣នាក់ទៀត គឺលោក គង់ ម៉ាស់ លោក ហូរ វ៉ាន់ និងលោក សម រង្សី។ គ្រួសាររបស់គាត់បានប្រាប់ថាពួកគេមិនបានដឹងអំពីការចាប់ខ្លួននោះដោយសារមូលហេតុអ្វីនោះឡើយ ហើយក៏មិនបានដឹងថាតើអាជ្ញាធរយករូបគាត់ទៅទីណានោះដែរ។ មន្ត្រីនគរបាលមួយរូប លោក ណែម សុផុន បានបញ្ជាក់ថាលោក កុម្ភារ ត្រូវបានចាប់ខ្លួនពិតមែន តែលោកមិនបានដឹងពីមូលហេតុនោះទេ។
-
រតនគិរី
សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ
ក្រុមហ៊ុនកសិពាណិជ្ជកម្មវៀតណាមមួយឈ្មោះហួងអាញ់យ៉ាឡៃ (“ HAGL”) បានធ្វើការឈូសឆាយដីនិងបំផ្លាញដីជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី។ ដីភាគច្រើនត្រូវបានឈូសឆាយ ខណៈដែលសហគមន៍ជនជាតិដើមភាគតិចបានសម្រាកដើម្បីការពារខ្លួនប្រឆាំងនឹងការរីករាលដាលជំងឺនៃកូវិដ-១៩ ។ ការឈូសឆាយយ៉ាងដូច្នេះរបស់ក្រុមហ៊ុនត្រូវបានចោទប្រកាន់ថាបានបំផ្លាញទីកន្លែង គោរពសក្ការៈតាមបែបប្រពៃណី កន្លែងបរបាញ់សត្វ និងកន្លែងបញ្ចុះសព។ ដំបូងឡើយក្រុមហ៊ុនបានសន្យាថានឹងប្រគល់ដីដ៏ពិសិដ្ឋរបស់ជនជាតិដើមដូចមាននៅក្នុងកិច្ចព្រមព្រៀងសម្រុះសម្រួលឆ្នាំ ២០១៥ ប៉ុន្តែវាមិនបានកើតឡើងឡើយ ហើយក្រុមហ៊ុនបានដឹងអំពីសារៈសំខាន់របស់ដីនេះចំពោះសហគមន៍មូលដ្ឋានដែរ។
-
កំពង់ស្ពឺ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
បុគ្គលិករោងចក្រស្បែកជើង JACKA ពីររូប គឺអ្នកស្រី ចន សម្ផស្ស និងអ្នកស្រី ស្រី មុំ ត្រូវបានបញ្ឈប់ពីការងារបន្ទាប់ពីពួកគេចូលរួមក្នុងសកម្មភាពសហជីព។ អ្នកស្រី ចន សម្ផស្ស ស្នើដល់ក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធធ្វើអន្តរាគមន៍លើករណីរបស់គាត់។ គាត់បានធ្វើការនៅរោងចក្រនេះជិតប្រាំមួយឆ្នាំមកហើយ ហើយរោងចក្រមិនបានផ្ដល់មូលហេតុអំពីការបញ្ឈប់នេះទេ។ អ្នកទាំងពីរបានចូលរួមក្នុងការតវ៉ាទាមទារឱ្យនិយោជកផ្ដល់លក្ខខណ្ឌឱ្យបានប្រសើរដល់កម្មករ រួមទាំងប្រាក់ឈ្នួលផងដែរ។ អ្នកស្រី សម្ផស្ស បានឈរឈ្មោះធ្វើជាតំណាងសហជីពក្នុងអំឡុងខែមីនា ពេលដែលជំងឺកូវីដ-១៩ ចាប់ផ្ដើមប៉ះពាល់រោងចក្រនានា។
-
បាត់ដំបង
ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស
មានមនុស្សចំនួន៦នាក់ត្រូវបាននគរបាលខេត្តបាត់ដំបងឃាត់ខ្លួនដោយសារពួកគេធ្វើការតវ៉ាដោយសន្តិវិធីពាក់ព័ន្ធនឹងការសងប្រាក់នៅខាងក្រៅស្ថាប័នមីក្រូហិរញ្ញវត្ថុមួយ។ ក្រុម «ខ្មែរថាវរៈ» មានលោក ហ៊ុន វណ្ណៈដែលជាសកម្មជនបរិស្ថានបានធ្វើការតវ៉ាអំពាវនាវឱ្យស្ថាប័នទាំងនោះពន្យារពេលបង់ប្រាក់កម្ចីដើម្បីជួយដល់អ្នកដែលកំពុងប្រឈមនឹងការលំបាកផ្នែកហិរញ្ញវត្ថុដោយសារជំងឺកូវីដ-១៩។ នគរបាលមានបំណងឱ្យក្រុមអ្នកតវ៉ាផ្តិតម្រាមដៃសន្យាថានឹងមិនតវ៉ាជាថ្មីម្តងទៀត ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក្រុមអ្នកតវ៉ាបានបដិសេធ ដោយសំអាងថាពួកគេមិនបានធ្វើអ្វីខុសនោះទេ។ ពួកគេត្រូវបានដោះលែងវិញនៅប៉ុន្មានម៉ោងក្រោយមក។
-
កំពង់ឆ្នាំង
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
លោក សុខ ឧត្តម ម្ចាស់ស្ថានីយ៍វិទ្យុ រិទ្ធីសែន ក្នុងខេត្តកំពង់ឆ្នាំង និងជាអ្នកសារព័ត៌មាន ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ បន្ទាប់ពីលោកធ្វើការរាយការណ៍បញ្ហាជម្លោះដីធ្លីមួយកន្លែង។ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ តុលាការខេត្តកំពង់ឆ្នាំង បានចោទលោក ឧត្តម ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តាមមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា។ លោក ឧត្តម តែងតែរាយការណ៍ពីបញ្ហាជម្លោះដីធ្លីរ៉ាំរ៉ៃរវាងសហគមន៍កសិករនិងមន្ត្រីមានអំណាចថ្នាក់ស្រុក។ ក្រសួងព័ត៌មាន បានលុបចោលអាជ្ញាប័ណ្ណផ្សព្វផ្សាយប្រេកង់វិទ្យុ និងគេហទំព័ររបស់លោក ឧត្ដម ដែលត្រូវបានបិទនាពេលបន្ទាប់មក។
-
ភ្នំពេញ
ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់
សកម្មជនគណបក្សសង្គ្រោះជាតិ អ្នកស្រី អៀង ម៉ារីណា (ហៅ ស្រីមាស) ត្រូវបានជនមិនស្គាល់អត្តសញ្ញាណវាយចំក្បាលនិងគំរាមកំហែងកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០។ ស្រីមាស ជឿថាការវាយប្រហារមកលើរូបគាត់គឺពាក់ព័ន្ធនឹងរឿងនយោបាយ ហើយអាចទាក់ទងទៅនឹងវីដេអូដែលគាត់បង្ហោះនៅលើបណ្ដាញហ្វេសប៊ុករិះគន់ពីការដឹកនាំប្រទេស ដែលគាត់ថាទទួងរងការគំរាមកំហែងពីជនស៊ីវិល នគរបាល និងយោធា។ គាត់មានការភ័យខ្លាចក្នុងការដាក់ពាក្យបណ្ដឹងទៅនគរបាល ដោយបារម្ភពីការចាប់ខ្លួនដោយសារតែការរិះគន់រដ្ឋាភិបាល។
-
ភ្នំពេញ
ការបង្កើតច្បាប់ និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស
នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន ត្រូវបានសម្ដេច សាយ ឈុំ ប្រមុខរដ្ឋស្ដីទីប្រកាសឱ្យប្រើ ទោះបីជាមានការលើកពីក្ដីបារម្ភជាច្រើនអំពីផលប៉ះពាល់ទៅលើសិទ្ធិមនុស្សក៏ដោយ។ ច្បាប់ដែលត្រូវបានព្រាងនៅក្នុងបរិបទនៃកូវីដ-១៩ ចែងពីនីតិវិធីសម្រាប់ប្រកាសដាក់ប្រទេសស្ថិតក្នុងភាពអាសន្ន និងផ្ដល់អំណាចយ៉ាងទូលំទូលាយដល់រដ្ឋាភិបាលក្នុងការគ្រប់គ្រងប្រទេសក្នុងស្ថានភាពនោះ។ ច្បាប់នេះរងការរិះគន់ពីក្រុមសិទ្ធិមនុស្សជាតិនិងអន្តរជាតិ ក៏ដូចជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ថាផ្ដល់អំណាចដល់រដ្ឋាភិបាលក្នុងការរឹតត្បិតសិទ្ធិមនុស្ស រួមទាំងសេរីភាពក្នុងការដើរហើរ បញ្ចេញមតិ សមាគម និងជួបប្រជុំ។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
ក្រសួងព័ត៌មានបានលុបចោលអាជ្ញាប័ណ្ណសារព័ត៌មានអនឡាញ CKV TV ដោយអះអាងថាលោក ចាន់ រិទ្ធី ជាម្ចាស់សារព័ត៌មាននេះធ្វើការផ្សព្វផ្សាយព័ត៌មានដែលនាំឱ្យមានការយល់ច្រឡំ និងបានរំលោភក្រមសីលធម៌។ ក្រសួងថ្លែងថាខ្លួនបានផ្ដល់ការណែនាចំនួនពីរដងរួចហើយដល់សារព័ត៌មាននេះអំពីការផ្សព្វផ្សាយខ្លឹមសារដែលមិនមានវិជ្ជាជីវៈ។ លោក ចាន់ រិទ្ធី ម្ចាស់សារព័ត៌មាន CKV TV និយាយថាលោកបានទទួលការណែនាំចំនួនពីរដង ប៉ុន្តែគាត់បានស្នើទៅកាន់រដ្ឋមន្ត្រីដើម្បីបន្តប្រតិបត្តិការ ដោយសារលោកគ្រាន់តែបង្ហាញពីហេតុការណ៍ប៉ុណ្ណោះ។ លោក ណុប វី នាយកប្រតិបត្តិ សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា («ខេមបូចា») និយាយថាក្រសួងព័ត៌មានមិនគួរលុបចោលអាជ្ញាប័ណ្ណសារព័ត៌មានអនឡាញ ដោយសារអ្នកសារព័ត៌មានគ្រាន់តែរំលោភក្រមសីលធម៌សារព័ត៌មានប៉ុណ្ណោះ។
-
ព្រះវិហារ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
ពិធីរំលឹកខួបលើកទី៨ នៃមរណៈភាពសកម្មជនបរិស្ថានលោក ឈុត វុទ្ធី នៅព្រៃឡង់ ត្រូវបានហាមឃាត់ដោយអាជ្ញាធរខេត្តព្រះវិហារ។ កូនប្រុសរបស់លោក ឈុត វុទ្ធី និងសកម្មជនបរិស្ថានជាងសាមសិបនាក់បានព្យាយាមចូលក្នុងព្រៃឡង់ដើម្បីបួងសួងឧទ្ទិសកុសល់ដល់លោក ឈុត វុទ្ធី។ ប៉ុន្តែអាជ្ញាធរខេត្តបានរារាំងពួកគេ ដោយលើកឡើងថាការដែលមិនអនុញ្ញាតឱ្យមានការប្រមូលផ្ដុំគឺដោយសារជំងឺកូវីដ-១៩ ហើយព្រមទាំងគំរាមពីវិធានការផ្លូវច្បាប់។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
កញ្ញា ថៃ ស្រីនាង (ឬ វ៉ែន រចនា) ត្រូវបានកាត់ទោសពីបទ ផ្សព្វផ្សាយរូបភាព និងសម្ភារៈអាសអាភាស តាមមាត្រា៣៨ និង មាត្រា៣៩ នៃច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ និងមាត្រា ២៤៩ នៃក្រមព្រហ្មទណ្ឌកម្ពុជា។ តុលាការផ្ដន្ទាទោសដាក់ពន្ធនាគារ ថៃ ស្រីនាង រយៈពេល ៦ ខែ ប៉ុន្តែអនុវត្តទោសរយៈពេលដែលគាត់ជាប់ពន្ធនាគារបណ្ដោះអាសន្នរួចហើយ ចំណែកទោសដែលនៅសល់ត្រូវព្យួរ។ ថៃ ស្រីនាង ត្រូវបានចាប់ខ្លួននៅខែកុម្ភៈ ដោយសារតែបានផ្សព្វផ្សាយលើបណ្ដាញសង្គមហ្វេសប៊ុកលក់សម្លៀកបំពាក់ក្នុងរបស់ស្ត្រី និងពីរថ្ងៃក្រោយពីនាយករដ្ឋមន្ត្រីបានលើកឡើងនៅក្នុងសន្ទរកថារបស់គាត់ថាអ្នករកស៊ីតាមអនឡាញត្រូវឈប់ស្លៀកពាក់លេចលើលេចក្រោមដើម្បីលក់ផលិតផលរបស់ខ្លួន។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
ក្រសួងមហាផ្ទៃបានប្រកាសឱ្យអង្គការការពារ និងអភិរក្សសត្វ ព្រៃឈើ ជលផលកម្ពុជា ឱ្យផ្អាកសកម្មភាពរបស់ខ្លួនចំនួន ៩០ ថ្ងៃដោយសារតែអង្គការនេះខកខានអនុវត្តតាមបទបញ្ញត្តិនៃច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋភិបាល។ ក្រសួងចោទថាអង្គការនេះមិនគោរពតាមមាត្រា ១០ ដែលតម្រូវឱ្យអង្គការទាំងអស់ត្រូវផ្ដល់នូវគណនីធនាគារដល់ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ចក្នុងរយៈពេល ៣០ ចាប់ពីថ្ងៃចុះបញ្ជី និងមាត្រា ២៥ ដែលតម្រូវឱ្យអង្គការដាក់របាយការណ៍សកម្មភាពនិងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំមិនឱ្យហួសខែកម្ភៈ ឆ្នាំបន្ទាប់។
-
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
នគរបាលបានចាប់ខ្លួនលោក សុខ ចិន្ដា អតីតសមាជិកជាន់ខ្ពស់មួយរូបរបស់គណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ នៅភូមិក្រាម ក្នុងខេត្តព្រៃវែង។ ភរិយារបស់លោក ចិន្ដា បានឱ្យដឹងថានគរបាលបានចាប់ខ្លួននិងនាំគាត់ទៅកន្លែងមួយនៅក្រុងភ្នំពេញដោយមិនមានដីកាចាប់ខ្លួន។ អាជ្ញធរចោទគាត់ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍» ហើយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ បានដាក់ឱ្យគាត់ជាប់នៅពន្ធនាគារព្រៃស។ មិនមានមូលហេតុនៃការចាប់ខ្លួនបញ្ជាក់ឱ្យបានច្បាស់លាស់នោះទេ ដោយអាជ្ញាធរខ្លះអះអាងថាការចាប់ខ្លួននេះជាប់ព័ន្ធនឹងបញ្ហាបំណុលជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៉ុន្តែអ្នកនាំពាក្យនគរបាលជាតិនិយាយថាជាប់ព័ន្ធនឹងការបង្ហោះសារនៅលើបណ្ដាញហ្វេសប៊ុក។
-
កំពង់ធំ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
សាលាដំបូងខេត្តកំពង់ធំបានចោទប្រកាន់ និងឃុំខ្លួនលោក លេខ សៀងលី បន្ទាប់ពីលោកបង្ហោះសារនៅហ្វេសប៊ុករិះគន់ការសម្រេចរបស់នាយករដ្ឋមន្ត្រីឱ្យលុបចោលពិធីបុណ្យចូលឆ្នាំខ្មែរ និងបម្រាមធ្វើដំណើរឆ្លងខេត្តដោយសារតែជំងឺកូវីដ-១៩ ។ លោក សៀងលី ត្រូវជាប់ចោទពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍» តាមមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា ហើយប្រសិនជាកាត់ទោស អាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ទៅ ២ ឆ្នាំ ជាមួយនឹងការពិន័យជាប្រាក់ពី ១.០០០.០០០ រៀល ទៅ ៤.០០០.០០០ រៀល។ គាត់ត្រូវបានបញ្ជូនទៅដាក់ពន្ធនាគារដើម្បីរង់ចាំសវនាការ។
-
ភ្នំពេញ
ការបង្កើតច្បាប់ និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីណែនាំដល់និយោជកឱ្យរាយការណ៍ពីកម្មករ/នយោជិតដែលឈប់សម្រាកក្នុងអំឡុងពេលនៃការលើកពេលឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរ។ នយោជកត្រូវផ្ដល់បញ្ជីឈ្មោះកម្មករ/នយោជិតដែលឈប់សម្រាកក្នុងអំឡុងពេលនេះទៅអជ្ញាធរ។ នេះជាការរំលោភសិទ្ធិឯកជនភាព។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
លោក សុវណ្ណ រិទ្ធី នាយកសារព័ត៌មានអនឡាញ TVFB ត្រូវបានចាប់ខ្លួនដោយសារតែស្រង់ពាក្យពេចន៍របស់នាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហោះនៅលើហ្វេសប៊ុក។ លោកនាយករដ្ឋមន្ត្រីបានលើកក្នុងសន្ទរកថាថាអ្នករត់ម៉តូឌុប បើសិនជាពួកគាត់ក្ស័យធនដោយសារកូវីដ-១៩ ពួកគេគួរពិចារណាលក់ម៉ូតូរបស់ខ្លួនដើម្បីយកប្រាក់ចាយសិន ព្រោះរដ្ឋាភិបាលមិនមានលទ្ធភាពជួយដល់ពួកគេ។ រិទ្ធីត្រូវបានចាប់ខ្លួន និងជាប់ចោទពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍» តាមមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា ដែលអាចផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ ខែ ទៅ ២ ឆ្នាំ និងពិន័យជាប្រាក់ពី ១.០០០.០០០ រៀល ទៅ ៤.០០០.០០០ រៀល។ អាជ្ញាប័ណ្ណព័ត៌មាន TVFB ត្រូវបានដកហូត ចំណែកគេហទំព័រ TVFB ត្រូវបានបិទដោយក្រសួងព័ត៌មាន។
-
កំពង់ស្ពឺ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
នៅថ្ងៃទី៣១ ខែមីនា អ្នកស្រី សយ ស្រស់ ជាកម្មករនិងតំណាងសហជីព បានបង្ហោះពីផែនការរបស់រោងចក្រ ស៊ុបភើល ហូលដីងស៍ (Superl Holdings) ដែលមិនអើពើទៅនឹងការណែនាំរបស់រដ្ឋាភិបាលលើការបង្ការជំងឺកូវីដ-១៩ និងការបញ្ឈប់កម្មកររោងចក្រ។ នៅថ្ងៃទី១ ខែមេសា ក្រុមហ៊ុនបានប្រាប់កម្មករថានៅបន្តការងារដូចដើម។ នៅថ្ងៃបន្ទាប់ អ្នកស្រី សយ ស្រស់ ត្រូវបានចាប់និងឃុំខ្លួន។ ក្រុមហ៊ុនបានដាក់ពាក្យបណ្ដឹងព្រហ្មទណ្ឌចោទអ្នកស្រីថាបានញុះញង់ឱ្យមានចលាចលសង្គម បរិហាកេរ្តិ៍រោងចក្រ និងចែកចាយ «ព័ត៌មានក្លែងក្លាយ» ហើយតុលាការបានចោទប្រកាន់អ្នកស្រីពីបទញុះញង់ចំនួនពីរ។ បន្ទាប់ពីជាប់ពន្ធនាគារអស់រយៈពេល ៥៥ ថ្ងៃ អ្នកស្រី សយ ស្រស់ ត្រូវបានដោះលែងនៅថ្ងៃទី ២៨ ខែឧសភា ដោយសារក្រុមហ៊ុនបានដកពាក្យបណ្ដឹង ប៉ុន្តែសំណុំរឿងតុលាការនៅតែបន្ត។
-
ភ្នំពេញ
ករណីទាក់ទងនឹងការរើសអើង
ស្ត្រីមួយក្រុមមានចំនួន ៣២ នាក់ ត្រូវបានរកឃើញពិរុទ្ធពីបទជួញដូរមនុស្សក្នុងឆ្នាំ ២០១៨ ដែលជាការជំនុំជម្រះក្តីលើកដំបូងរបស់កម្ពុជាទាក់ទងនឹងករណីពពោះជំនួស ត្រូវបានកាត់ទោសនៅថ្ងៃទី ៣០ ខែមីនាឆ្នាំ ២០២០ និងទទួលទោសព្យួរ ដោយតុលាការបង្គាប់ឱ្យពួកគេចិញ្ចឹមកូនរបស់ខ្លួន។ ស្ត្រីទាំង ៣២ នាក់នោះត្រូវបានចាប់ខ្លួនក្នុងពេលពពោះក្នុងឆ្នាំ ២០១៨ ខណៈពុំមានច្បាប់ចែងអំពីការពពោះជំនួស ត្រូវបានចោទប្រកាន់ក្រោមច្បាប់ជួញដូរមនុស្ស។ អ្នកនាំពាក្យបានលើកឡើងថារយៈពេលជាប់ទោសក្នុងចំណោមជនត្រូវចោទទាំងនោះមានថិរវេលាចាប់ពី ៣ ឆ្នាំដល់ ១៦ ឆ្នាំ។ ស្ត្រីទាំងនោះទទួលការព្យួរទោសរបស់ពួកគេហើយត្រូវបានបញ្ជាឱ្យ "ចិញ្ចឹមកូនឱ្យល្អ" ឬត្រូវបញ្ជូនទៅពន្ធនាគារ។ សេចក្តីស្នើច្បាប់ស្តីពីការពពោះជំនួសបានជាប់គាំងក្នុងដំណាក់កាលនៃការធ្វើសេចក្តីព្រាង ដែលនាំឱ្យស្ត្រី ៣២ នាក់និងយ៉ាងហោច មានស្ត្រីចំនួន១៤ នាក់បន្ថែមទៀតត្រូវបានចាប់ខ្លួន បន្ទាប់មកប្រឈមនឹងការចោទប្រកាន់ក្រោមច្បាប់ជួញដូរមនុស្សដែលត្រូវអនុវត្តទោសជាប់ពន្ធនាគាររហូតដល់ ២០ ឆ្នាំ។
-
ភ្នំពេញ
ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស
លោក អំ សំអាត មន្ត្រីនៃអង្គការលីកាដូបានថ្លែងតាមវិទ្យុអាស៊ីសេរីថាមនុស្សជាង ២៤ នាក់ត្រូវបានអាជ្ញាធរចាប់ខ្លួន ចំពោះការបញ្ចេញមតិរបស់ពួកគេអំពីវីរុសកូរ៉ូណានៅលើបណ្តាញសង្គមហ្វេសប៊ុក ហើយរឿងនេះធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាចក្នុងការរាយការណ៍អំពីការពិត។ នៅក្នុងសន្និសីទសារព័ត៌មានមួយនៅវិមានរដ្ឋសភាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឆ្លើយតបថា “ លោក អំ សំអាត អង្គការលីកាដូអ្នកត្រូវតែប្រយ័ត្ននឹងអ្វីដែលអ្នកនិយាយ។ ការលើកឡើងនោះពុំមែនជាសេរីភាពក្នុងការបញ្ចេញមតិទេ” ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគំរាមចាប់ខ្លួន លោក សំអាត ដោយសារចូលរួមគាំទ្រក្នុងអំពើខុសច្បាប់នៅកម្ពុជា។
-
កំពង់ឆ្នាំង
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
អាជ្ញាធរបានឃុំខ្លួនលោក កែវ ថៃ ដែលជាសមាជិកសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA) និងជាអតីតសមាជិកគណបក្សសង្គ្រោះជាតិដោយសារបង្រៀនភាសាអង់គ្លេសតាមអ៊ិនធឺណែត។ លោក កែវ ថៃ បច្ចុប្បន្នជាគ្រូវិទ្យាល័យម្នាក់នៅក្នុងខេត្តកំពង់ឆ្នាំង ហើយត្រូវបានចាប់ខ្លួនបន្ទាប់ពីបង្រៀនតាមអ៊ិនធឺណែត បន្ទាប់ពីសាលារៀនត្រូវបិទជាបណ្តោះអាសន្នដើម្បីការពារការឆ្លងវីរុសកូវីដ-១៩ ។ សេចក្តីជូនដំណឹងរបស់ក្រសួងបាននិយាយថា “ការបង្រៀនថ្នាក់បន្ថែមត្រូវបានហាមឃាត់នៅក្នុងអំឡុងពេលនៃការប្រយុទ្ធប្រឆាំងនឹងការឆ្លងវីរុសកូវីដ -១៩ ។ ក្រសួងនឹងចាត់វិធានការចំពោះជនល្មើស” ។
-
ភ្នំពេញ
ករណីទាក់ទងនឹងការរើសអើង
ចំពេលដែលការផ្ទុះឡើងនៃជំងឺរាតត្បាតកូវិដ-១៩ ជនជាតិខ្មែរឥស្លាមមួយចំនួនបានធ្វើតេស្ត៍វិជ្ជមានអំពីកូវីដ-១៩ ហើយជាលទ្ធផលបានទទួលការរើសអើងកើនឡើងពីសហគមន៍កម្ពុជា។ពលរដ្ឋនៅក្នុងសហគមន៍មិនទាក់ទង ឬលក់ផលិតផលទៅឱ្យប្រជាជនខ្មែរឥស្លាមនោះទេ ដោយខ្លាចមានការឆ្លងវីរុសនេះ។ ប្រជាជនខ្មែរឥស្លាមពេលនេះបានអំពាវនាវកុំអោយមានការរើសអើងប្រឆាំងនឹងសហគមន៍ខ្មែរឥស្លាម។