កាលប្បវត្តិសិទ្ធិមនុស្សខាងក្រោមបង្ហាញពីការរំលោភសិទ្ធិមនុស្សនិងការរឹតត្បិតសិទ្ធិមនុស្សសំខាន់ៗមួយចំនួនដែលបានកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ ២០១៣-២០២៣ និងយកលំនាំតាមកាលប្បវត្តិពីមុនរបស់យើងពីឆ្នាំ១៩៩៣ ដល់ ២០១២ ដែលអាចចូលទៅមើលបាននៅទីនេះ។
ឧប្បត្តិហេតុដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សពីឆ្នាំ ២០១៣-២០២៣ បង្ហាញការរំលោភសិទ្ធិមនុស្សពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានិងភាគីទីបី។ ការរំលោភសិទ្ធិមនុស្សទាំងអស់នោះទាក់ទងទៅនឹងបញ្ហាជាច្រើនរួមមានការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការកាត់ទោសអ្នកការពារសិទ្ធិមនុស្ស ការរំលោភយកដីធ្លី ការបណ្តេញចេញដោយបង្ខំ ការរឹតត្បិតសិទ្ធិក្នុងការជួបប្រជុំសិទ្ធិក្នុងការបង្កើតសមាគម និងការសំដែងមតិដោយសន្តិវិធី ការធ្វើទារុណកម្ម ការចាប់ខ្លួនការឃុំខ្លួនតាមអំពើចិត្ត និងការបង្កើតច្បាប់និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ ព័ត៌មានដែលកត់ត្រាទៅក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះត្រូវបានប្រមូលមកពីអត្ថបទព័ត៌មានទាំងជាភាសាខ្មែរ និងអង់គ្លេស ពីគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋានរបស់ ម.ស.ម.ក ព្រមទាំងវិចារណកថា និងការវិភាគផ្សេងៗដែលបានចេញផ្សាយដោយអង្គការសង្គមស៊ីវិល ដែលធ្វើការលើបញ្ហាទាំងនេះ។
ការរៀបរាប់ដោយសង្ខេបនៅក្នុងនេះគឺមានអមដោយ តំណភ្ជាប់ទៅនឹងអត្ថបទសារព័ត៌មានដែលរាយការណ៍អំពីព្រឹត្តិការណ៍ឬការងាររបស់អង្គការសង្គមស៊ីវិលដែលធ្វើការយ៉ាងសកម្មនៅក្នុងវិស័យនេះ។ សូមរំលឹកថាករណីដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះគឺសុទ្ធសឹងតែជាករណីដែលមានការចាប់អារម្មណ៍ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយឬអង្គការសង្គមស៊ីវិលដោយសាវាមានលក្ខណៈលេចធ្លោ។
ដូច្នេះកាលប្បវត្តិសិទ្ធិមនុស្សនេះគឺគ្រាន់តែជាតំណាងនៃចំណែកតូចមួយនៃចំនួនការរំលោភសិទ្ធិមនុស្សជាក់ស្តែងដែលកើតឡើងនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។
-
កំពង់ឆ្នាំង
ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស
សាលាដំបូងខេត្តកំពង់ឆ្នាំងបានពន្យារពេលប្រកាសសាលក្រមដោយគ្មានពេលកំណត់លើករណីលោក សុខ ឧត្តម ម្ចាស់ស្ថានីយ៍វិទ្យុ និងគេហទំព័ររិទ្ធិសែន ដែលត្រូវបានចាប់ខ្លួនកាលពីខែឧសភា ឆ្នាំ២០២០។ លោកឧត្តម ត្រូវបានចោទប្រកាន់ពីបទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា ពាក់ព័ន្ធនឹងការចេញផ្សាយព័ត៌មានស្តីពីជម្លោះដីធ្លីនៅថ្នាក់មូលដ្ឋាន។ មន្ត្រីរបស់តុលាការមិនបានបញ្ជាក់អំពីហេតុផលចំពោះការពន្យារពេលប្រកាសសាលក្រមនោះទេ ក៏ប៉ុន្តែគ្រាន់តែនិយាយថាសាលក្រមនឹងត្រូវពន្យារដោយគ្មានពេលកំណត់។ លោក ឧត្តម នៅតែបន្តជាប់ឃុំខ្លួនបណ្តោះអាសន្ន។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
សាលាដំបូងរាជធានីភ្នំពេញបានចេញដីកាកោះហៅអតីតសមាជិក និងសកម្មជនគណបក្សសង្គ្រោះជាតិចំនួន៦៨នាក់ដែលត្រូវបានចោទប្រកាន់ពីបទសន្ទិដ្ឋិភាព និងញុះញង់ ពាក់ព័ន្ធនឹងសកម្មភាពដែលតុលាការ ថាបានប្រព្រឹត្តិកាលពីឆ្នាំមុនទាក់ទងនឹងការវិលត្រឡប់របស់លោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលបាននិរទេសខ្លួននៅក្រៅប្រទេស។ ការចោទប្រកាន់នេះត្រូវបានធ្វើឡើង បន្ទាប់ពីតុលាការបានចេញដីកាកោះហៅមួយពាក់ព័ន្ធបទចោទដូចគ្នានេះកាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ ទៅលើអតីតសមាជិកគណបក្សសង្គ្រោះជាតិចំនួន ៦០នាក់ ផ្សេងទៀត។ ដីកាកោះ បានបង្គាប់ឱ្យអ្នកដែលមានឈ្មោះក្នុងដីកាចូលរួមសវនាការនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ជំនុំជម្រះពីបទរួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ដែលមានចេតនាផ្តួលរំលំរដ្ឋាភិបាលបច្ចុប្បន្ន។ មានថ្នាក់ដឹកនាំ និងសកម្មជនគណបក្សសង្គ្រោះជាតិជិត១៣០នាក់ ត្រូវបានកោះហៅឱ្យចូលរួមសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ។ តុលាការក៏បានហាមឃាត់ការជួបជុំរបស់អតីតសកម្មជន និងសមាជិកគណបក្សសង្គ្រោះជាតិ នៅខាងក្រៅទីស្នាក់ការកណ្តាលគណបក្សនេះដែលស្ថិតក្នុងខ័ណ្ឌមានជ័យនោះដែរ។ តុលាការបានបញ្ជាក់ថា ប្រសិនបើសមាជិកទាំងអស់នោះមិនបង្ហាញខ្លួននៅចំពោះមុខតុលាការទេ ពួកគេនឹងត្រូវទទួលខុសត្រូវពីបទធ្វើឱ្យបាត់ជំនឿលើសេចក្តីសម្រេចរបស់តុលាការ តាមមាត្រា៥២៣ នៃក្រមព្រហ្មទណ្ឌកម្ពុជា។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
អាជ្ញាធរបានហាមឃាត់ក្រុមអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ មិនឱ្យធ្វើការជួបជុំគ្នាខាងក្រៅទីស្នាក់ការកណ្ដាលរបស់គណបក្សនេះនៅទីក្រុងភ្នំពេញ។ អាជ្ញាធរអះអាងថាពួកគេកំពុងឆែកឆេររកអាវុធជាតិផ្ទុះ ហើយអាជ្ញាធរបានដាក់របាំង និងត្រួតពិនិត្យសន្តិសុខនៅជុំវិញទីស្នាក់ការកណ្តាលគណបក្សនៅពេលព្រឹក ដោយរារាំងក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិមិនឱ្យចូលបរិវេណអគារនោះឡើយ។ ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ បានទៅទីស្នាក់ការកណ្តាលដើម្បីរំលឹកខួបបីឆ្នាំនៃការរំលាយគណបក្សនេះ។ អ្នកគាំទ្រជាច្រើនបានរាយការណ៍ ថា ពួកគេមានការភ័យខ្លាចក្នុងការចូលរួមពិធីរំលឹកខួបនេះដោយ ខ្លាចរងការចាប់ខ្លួន ហើយមានអតីសកម្មជនគណបក្សសង្គ្រោះជាតិម្នាក់គឺលោក ឡុញ ស៊ុមសុម៉ា បានអះអាងថាមានមនុស្សជិះម៉ូតូតាមក្រោយនៅពេលគាត់ធ្វើដំណើរត្រឡប់ទៅផ្ទះ។
-
សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ
នគរបាលខេត្តឧត្តរមានជ័យបានចាប់ខ្លួនប្រជាពលរដ្ឋចំនួនបួននាក់ដែលរស់នៅក្នុងស្រុកអន្លង់វែង ដោយចោទថាពួកគេបានប្រើប្រាស់គ្រឿងចក្រឈូសឆាយដីរដ្ឋដោយខុសច្បាប់ ប៉ុន្តែអ្នកទាំងបួនបានច្រានចោលការចោទប្រកាន់នេះដោយអះអាងថាដីដែលពួកគេកំពុងតែឈូសឆាយនោះជាដីរបស់ខ្លួន។ លោក ឈឹម វាសនា ដែលជាមនុស្សម្នាក់ក្នុងចំណោមនោះបានថ្លែងថា ប្រជាពលរដ្ឋចំនួន១៤២គ្រួសារបានមករស់នៅលើដីនោះតាំងពីឆ្នាំ២០០០មកម្លេះ ហើយពួកគេបានធ្វើកសិកម្មនៅលើផ្ទៃដីជិត ៤៥៨ហិកតា នៃដីដែលមានជម្លោះនោះ។ ជម្លោះដីធ្លីនេះបានចាប់ផ្តើមនៅឆ្នាំ២០១៦ ហើយនាពេលកន្លងទៅ អ្នកភូមិបានធ្វើការតវ៉ា និងស្នើសុំកិច្ចអន្តរាគមន៍ពីក្រសួងរៀបចំដែនដី ដើម្បីទាមទារសិទ្ធិដីធ្លីរបស់ពួកគេមកវិញ ក៏ប៉ុន្តែគ្មានដំណោះស្រាយណាមួយត្រូវផ្ដល់ជូនពួកគាត់ឡើយ។
-
ត្បូងឃ្មុំ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
សកម្មជនគណបក្សសង្គ្រោះជាតិ លោក ស៊ូ យាន ត្រូវបានសាកសួរនៅសាលាដំបូងខេត្តត្បូងឃ្មុំ។ លោកត្រូវបានចាប់ខ្លួនកាលពីនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នៅខេត្តត្បូងឃ្មុំ ពីបទរៀបចំឱ្យប្រជាជនចូលរួមការតវ៉ាថ្ងៃទី២៣ ខែតុលា ដែលជាខួបលើកទី២៩ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ កាលពីដើមខែតុលា លោកបានចែកចាយអាវយឺតដែលមានសរសេរថា “អរគុណសន្តិភាព ប៉ុន្តែត្រូវគោរពមាត្រា២នៃរដ្ឋធម្មនុញ្ញ” ។ មាត្រា២ សំដៅទៅលើបូរណភាពទឹកដីនៃព្រំដែនកម្ពុជា ដែលជាបញ្ហានយោបាយដ៏រសើប។ លោកត្រូវបាននាំខ្លួនទៅកាន់តុលាការដើម្បីសាកសួរពីបទ “ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ” តាមមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា ដែល “រំខានដល់សន្តិសុខសង្គម នៅលើបណ្តាញផ្សព្វផ្សាយសង្គម”។ អាជ្ញាធរនឹងមិនអនុញ្ញាតឱ្យក្រុមគ្រួសារ ឬអ្នកគាំទ្រចូលទៅក្នុងបន្ទប់សវនាការអំឡុងពេលសាកសួរនោះទេ ការធ្វើដូច្នេះគឺដើម្បីរារាំងពួកគេកុំឱ្យរាយការណ៍ព័ត៌មានដល់អ្នកសារព័ត៌មាន។
-
ភ្នំពេញ
ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស
តុលាការកំពូលបានបដិសេធបណ្តឹងសុំនៅក្រៅឃុំ របស់មេដឹកនាំសហជីព លោក រ៉ុង ឈុន ដែលត្រូវបានចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ តាមមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ជុំវិញការលើកឡើងរបស់លោកទាក់ទងនឹងបញ្ហាព្រំដែន កម្ពុជា-វៀតណាម កាលពីខែសីហា។ នៅក្នុងសវនាការ មេធាវីរបស់លោក រ៉ុង ឈុន បានអះអាងថាការចោទប្រកាន់នេះគឺគ្មានមូលដ្ឋានគ្រប់គ្រាន់នោះទេ ហើយកូនក្តីរបស់គាត់ក៏មិនបានរត់គេចខ្លួនទៅណាដែរ។ លោក រ៉ុង ឈុន បានស្នើបន្ថែមទៀតថា តុលាការមិនត្រូវទទួលឥទ្ធិពលនយោបាយនោះទេ ដែលការលើកឡើងនេះត្រូវបានតុលាការច្រានចោល។ ព្រះរាជអាជ្ញាបានអះអាងថា លោក រ៉ុង ឈុន មិនគួរត្រូវបានធានាឱ្យនៅក្រៅឃុំនោះទេ ពីព្រោះគាត់អាចបង្កឱ្យមានភាពវឹកវរក្នុងសង្គមថែមទៀត ប្រសិនបើគាត់ត្រូវបានដោះលែង។
-
សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ
អ្នកតំណាង ៥នាក់ នៃក្រុមគ្រួសារចំនួន ១៩៧ ដែលមានជម្លោះដីធ្លីនៅស្រុកស្រែអំបិល ខេត្តកោះកុងជាមួយក្រុមហ៊ុនកសិកម្ម ហេង ហ៊ុយ ត្រូវបានតម្រូវឲ្យផ្តល់សក្ខីកម្មនៅសាលាដំបូងខេត្តកោះកុង ពីបទ “បរិហារកេរ្តិ៍” និង “ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ” ដោយបង្កភាពវឹកវរដល់សង្គម តាមមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា។ បន្ទាប់ពីការសាកសួរ តុលាការមិនបានឃុំខ្លួនអ្នកតវ៉ាទាំងនោះទេ ប៉ុន្តែបានដាក់ពួកគេនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។ តាមវិធានត្រួតពិនិត្យរបស់តុលាការ បុគ្គលម្នាក់ៗ ត្រូវតែបង្ហាញខ្លួននៅឯស្នងការដ្ឋាននគរបាលមួយខែម្តង ហើយមិនត្រូវទៅប៉ះពាល់ដីដែលមានជម្លោះនោះរហូតដល់មានសេចក្តីសម្រេចចុងក្រោយ ក្នុងករណីត្រូវបានប្រគល់ជូន។ ក្រុមគ្រួសារទាំងនោះបានធ្វើការតវ៉ានៅរាជធានីភ្នំពេញ តាំងពីពាក់កណ្តាលឆ្នាំ ២០១៩ ដោយចោទប្រកាន់ថាក្រុមហ៊ុនកសិកម្ម ហេង ហ៊ុយ បានរំលោភយកដីរបស់ពួកគេតាំងពីឆ្នាំ២០០៧ ហើយបានស្នើសុំការអន្តរាគមន៍ពីក្រសួងរៀបចំដែនដី ដើម្បីដោះស្រាយវិវាទដីធ្លីទាំងនេះ។
-
ព្រះសីហនុ
សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ
នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ មានអាជ្ញាធរជាង ៦០នាក់ ដែលត្រូវបានគេរាយការណ៍ថាបានទៅឈូសឆាយផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ នៅភូមិអូរត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ តាមបទបញ្ជាពីរដ្ឋបាលព្រៃឈើ និងអាជ្ញាធរដទៃទៀត។ អាជ្ញាធរទាំងនោះបានចុះទៅឈូសឆាយផ្ទះសម្បែងពលរដ្ឋដោយគ្មានការជូនដំណឹងជាមុន ខណៈដែលប្រជាពលរដ្ឋភាគច្រើនបានចេញទៅធ្វើការនៅឆ្ងាយពីផ្ទះរបស់ពួកគេ។ តែទោះយ៉ាងណាក៏ដោយ មានប្រជាពលរដ្ឋប្រមាណ ៣០នាក់ បានរារាំងគ្រឿងចក្រមិនឲ្យឈូសឆាយផ្ទះសម្បែងពួកគេ។ សហគមន៍អូរត្រជាក់ចិត្ត មានជម្លោះជាយូរឆ្នាំមកហើយទាក់ទងនឹងបញ្ហាដីធ្លី។ ហើយកន្លងមកពួកគេក៏បានដាក់ពាក្យស្នើសុំប័ណ្ណកម្មសិទ្ធិដីធ្លីជាផ្លូវការដែរ ក៏ប៉ុន្តែ នៅតែមិនទាន់ទទួលបាននៅឡើយ។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
លោកស្រី ព្រុំ ចាន់ថា ភរិយារបស់អតីតមន្រ្តីគណបក្សសង្គ្រោះជាតិលោក កាក់ កុម្ភារ ដែលកំពុងឃុំខ្លួន បានរាយការណ៍ថា អាជ្ញាធរបានឃ្លាំមើលលោកស្រីជាប្រចាំ និងបានបង្ខំឱ្យលោកស្រី ចុះចូលជាមួយគណបក្សកាន់អំណាចជាថ្នូរនឹងការដោះលែងប្តីរបស់លោកស្រីពីពន្ធនាគារព្រៃស។ លោកស្រីបានពន្យល់ថាអាជ្ញាធរបានបញ្ជូនមន្រ្តីស្លៀកពាក់ស៊ីវិលចំនួន ៥នាក់ ទៅផ្ទះរបស់លោកស្រី ជារៀងរាល់ថ្ងៃចាប់តាំងពីខែតុលា មកហើយនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ ពួកគេបានគំរាមគំហែងលោកស្រី អំពីការ តវ៉ារបស់គាត់ ហើយពួកគេបានប្រាប់លោកស្រីថាគាត់ (ព្រុំ ចាន់ថា) គួរតែចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីជាថ្នូរនឹងការដោះលែងប្តីរបស់លោកស្រី។ លោកស្រីនិយាយថាបុរសទាំងនោះ តែងតែជិះម៉ូតូតាមដានលោកស្រីជាប់ជានិច្ច។
-
ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់
លោកស្រី ស្រី សៀត ជាភរិយារបស់អតីតអនុប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ លោក ស៊ូ យាន ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ បានថ្លែងថា អាជ្ញាធរបានវាយដំប្តីរបស់លោកស្រី ក្នុងអំឡុងពេលសួរចម្លើយ។ លោកស្រីបានប្រាប់ថា មុនពេលការចាប់ខ្លួនប្តីរបស់លោកស្រី មានមន្រ្តីអាវុធហត្ថដែលស្លៀកពាក់ស៊ីវិល ៦នាក់ បានវាយប្តីរបស់លោកស្រី ហើយបានចាប់រុញគាត់ចូលក្នុងរថយន្ត និងបាននាំគាត់ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដែលនៅទីនោះប្តីរបស់លោកស្រីត្រូវបានគេវាយម្តងទៀតដើម្បីសួរចម្លើយ មុនពេលបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារខេត្តកំពង់ចាម។
-
ភ្នំពេញ
ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស
អ្នកវិភាគនយោបាយលោក គឹម សុខ ដែលបានរត់គេចខ្លួនពីប្រទេសកម្ពុជាកាលពីឆ្នាំ២០១៨ ដោយសារបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ថ្មីៗនេះត្រូវបានសាលាដំបូងរាជធានីភ្នំពេញកោះហៅពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទបរិហារកេរ្តិ៍ និងញុះញង់ ក្នុងដីកា របស់តុលាការចុះថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ។ ការចោទប្រកាន់នេះ គឺជាប់ពាក់ព័ន្ធនឹងការរិះគន់រដ្ឋាភិបាល ដែលលោកបានបង្ហោះនៅលើហ្វេសប៊ុករបស់លោក។ បច្ចុប្បន្នលោក គឹម សុខ កំពុងរស់នៅដោយសុំសិទ្ធិជ្រកកោននៅប្រទេស ហ្វីនលែន (ហ្វាំងឡង់)ជាមួយកូនស្រីរបស់លោក ដើម្បីរួចផុតពីការធ្វើទុក្ខបុកម្នេញ បន្ទាប់ពីបានជាប់ពន្ធនាគារ ១៨ខែ ពីបទបរិហារកេរ្តិ៍ និងប្រមាថលោកនាយករដ្ឋមន្រ្តី។
-
ភ្នំពេញ
ការបង្កើតច្បាប់ និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស
ក្រសួងមហាផ្ទៃ ស្នើក្រសួងធម្មការ និងសាសនា បញ្ឈប់ការចុះបញ្ជីសមាគមសាសនា និងអង្គការមិនមែនរដ្ឋាភិបាលនានា ហើយបានណែនាំឱ្យអង្គការទាំងនេះចុះឈ្មោះជាថ្មីនៅក្រសួងមហាផ្ទៃ ដើម្បីស្របតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលច្បាប់នេះត្រូវបានគេរិះគន់យ៉ាងខ្លាំង ព្រោះមិនបានគោរពតាមបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ។
-
ភ្នំពេញ
អំពើហិង្សាលើសកម្មជន
លោកស្រី សុខ បូលីម៉ា ជាភរិយារបស់អតីតសកម្មជនគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំ ត្រូវជនមិនស្គាល់មុខចំនួន ៣នាក់ វាយប្រហារ ដែលលោកស្រីចាត់ទុកថាការវាយប្រហារក្រោមរូបភាពជាគ្រោះថ្នាក់ចរាចរណ៍នេះ មានគោលបំណងព្រមានលោកស្រីពីការធ្វើយុទ្ធនាការ ទាមទារឲ្យដោះលែងប្តីរបស់លោកស្រីពីពន្ធនាគារ។ លោកស្រីបានបញ្ជាក់ថាបុរសទាំង ៣នាក់នោះបានបើកម៉ូតូសំដៅមកបំបុករូបគាត់ (សុខ បូលីម៉ា) ខណៈដែលលោកស្រីកំពុងជិះតាមផ្លូវក្នុងរាជធានីភ្នំពេញ។ ក្រោយមកជនល្មើសទាំង ៣នាក់បានគេចខ្លួនពីកន្លែងកើតហេតុភ្លាមៗ ហើយលោកស្រីបានរងរបួសជើងយ៉ាងធ្ងន់ធ្ងរ។ អ្នកនាំពាក្យនគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បានហៅករណីកើតហេតុ កាលពីថ្ងៃអង្គារថាជា “គ្រោះថ្នាក់ចរាចរណ៍” ហើយបានស្តីបន្ទោសលោកស្រី សុខ បូលីម៉ា ថាបើកបរធ្វេសប្រហែស។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
តុលាការកំពូលសម្រេចតម្កល់ដីកាចាប់ខ្លួនលោក ហ៊ាង គឹមស្រឿន អនុប្រធានគណបក្សខ្មែររួបរួមជាតិ និង ថុល សុផាន់ណា មេដឹកនាំក្រុមយុវជនក្រោមការចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋតាមមាត្រា ៤៩៤ និង ៤៩៥ តាមក្រមព្រហ្មទណ្ឌ ដោយបានប្រមាថឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ក្នុងហ្វេសប៊ុក នៅខែតុលា ឆ្នាំ២០១៩ ។ អាជ្ញាធរបានបញ្ជូនដីកាចាប់ខ្លួនទៅអាសយដ្ឋានខុសកាលពីថ្ងៃទី ២០ ខែមេសាឆ្នាំ ២០២០ ហើយអ្នកទាំងពីរបានប្តឹងឧទ្ធរណ៍។ ទោះយ៉ាងណាតុលាការកំពូលបានតម្កល់ដីកាចាប់ខ្លួនដោយបញ្ជាក់ថាលោក គឹមស្រឿន គ្មានឯកសារស្របច្បាប់ដូចជា អត្តសញ្ញាណប័ណ្ណ ឬសៀវភៅគ្រួសារ ជាភ័ស្តុតាងបង្ហាញថាគាត់មានទីលំនៅទេ។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
មានមនុស្សមួយក្រុមដែលភាគច្រើនជាស្រ្ដី បានប្រមូលផ្ដុំគ្នានៅក្បែរស្ថានទូតចិន ក្នុងទិវាកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីសក្នុងបំណងទៅដាក់ញត្តិទៅស្ថានទូតចិន អំពាវនាវ ឱ្យប្រទេសចិនគោរពស្មារតីនៃកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស។ មានមន្ដ្រីស្លៀកពាក់ស៊ីវិលជាច្រើននាក់ត្រូវបានដាក់ពង្រាយនៅតំបន់នោះ។ អាជ្ញាធរមូលដ្ឋាន និងប៉ូលីសបានរារាំងក្រុមអ្នកតវ៉ាក្នុងការដាក់ញត្តិទៅស្ថានទូតចិន។ មានមនុស្ស៣នាក់ត្រូវបានចាប់ខ្លួនក្នុងពេលនោះ។ អ្នកសារព័ត៌មានចំនួន៦នាក់ដែលទៅយកព័ត៌មានពីការតវ៉ាត្រូវបានរារាំង និងគំរាមកំហែងពេលកំពុងថតយកសកម្មភាពនៅទីនោះ។ អាជ្ញាធរបានព្រមានក្រុមអ្នកឃ្លាំមើលរបស់ ម.ស.ម.ក ដោយពួកគេអះអាថានឹងដកហូតទូរស័ព្ទប្រសិនបើក្រុមអ្នកឃ្លាំមើលនៅតែថតការចាប់ខ្លួន ឬបង្ក្រាបទៅលើក្រុមតវ៉ា ហើយបន្ទាប់មកអាជ្ញាធរបានបណ្តេញក្រុមអ្នកឃ្លាំមើលចេញពីកន្លែងកើតហេតុ។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
អតីតសកម្មជនគណបក្សសង្គ្រោះជាតិ៣នាក់ត្រូវបានចាប់ខ្លួនដោយសារតែពួកគេបានចូលរួមការប្រមូលផ្ដុំមួយនៅជិតស្ថានទូតចិនក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។ ក្នុងនោះមានលោកស្រី លឹម សាន លោក តុន នីមល និងលោកស្រី យ៉យ ស្រីមុំ ដែលពួកគាត់ទាំង៣នាក់ត្រូវបានសាកសួរអស់រយៈពេល២ថ្ងៃនៅសាលាដំបូងរាជធានីភ្នំពេញ ដោយបានចោទអ្នកទាំងបីពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ក្រោមមាត្រា ៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ។ អ្នកទាំង៣ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស។ មេធាវីកាពារក្ដីរបស់អ្នកតវ៉ាបាននិយាយថារូបលោកកំពុងព្យាយាមធានាពួកគេចេញជាបន្ទាន់ដោយសារតែពួកគេមានអាយុចាស់ ហើយមានបញ្ហាសុខភាពទៀតផង។
-
ត្បូងឃ្មុំ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
អាជ្ញាធរខេត្តត្បូងឃ្មុំបានចាប់ខ្លួនអតីតសមាជិកប្រតិបត្តិគណបក្សសង្គ្រោះជាតិ២រូបគឺលោក ស៊ូ យាន និង លោក វណ្ណ សុផាត ដោយមិនមានដីកា។ ប្រពន្ធរបស់លោក ស៊ូ យាន និយាយថាគាត់បានឃើញប៉ូលីសស្លៀកពាក់សាមញ្ញ៦នាក់ ចាប់ខ្លួនលោកខណៈដែលគាត់កំពុងជិះម៉ូតូ ដោយអះអាងថាក្នុងអំឡុងពេលដែលចាប់ខ្លួនប៉ូលីសបានវាយនិងរុញគាត់ចូលក្នុងឡានមុខពេលបើកចេញទៅ។ លោក វណ្ណ សុផាត ត្រូវបានចាប់ខ្លួននៅផ្ទះរបស់លោកក្នុងថ្ងៃតែមួយជាមួយលោក ស៊ូ យាន ដែរ។
-
ភ្នំពេញ
អំពើហិង្សាលើសកម្មជន
ជនមិនស្គាល់មុខ២នាក់បានជិះម៉ូតូដេញតាមស្ទាក់ និងវាយអតីតសកម្មជនគណបក្សសង្គ្រោះជាតិ ដែលបច្ចុប្បន្នជាអ្នកលក់បន្លែឈ្មោះ ឌិន វ៉ារិន នៅរាជធានីភ្នំពេញ នៅពេលដែលលោកបានត្រលប់ពីហាងកាហ្វេ១កន្លែងបណ្ដាលឱ្យរងរបួសក្បាលយ៉ាងធ្ងន់ធ្ងរ។ លោកបានប្រាប់ថាលោកបានទៅផឹកកាហ្វេជាមួយអតីតសមាជិកគណបក្សសង្គ្រោះជាតិផ្សេងទៀត ។ លោក វ៉ារិន ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យព្រះកេតុមាលាភ្លាមៗ ហើយក្រុមគ្រូពេទ្យតម្រូវឱ្យវះកាត់ភ្លាមៗ។ ក្រុមគ្រួសាររបស់លោក ឌីន វ៉ារិន ជឿថាការវាយប្រហារនេះគឺជារឿងនយោបាយ ហើយពួកគាត់ប្រាប់ថាបានដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរ ដើម្បីធ្វើការស៊ើបអង្កេតលើរឿងនេះ។ លោកបានសន្លប់បាត់ស្មារតី មួយសប្ដាហ៍បន្ទាប់ពីកើតហេតុនៅក្នុងមន្ទីរពេទ្យ។
-
បាត់ដំបង
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
ប៉ូលីសបានចាប់ខ្លួនអតីតសមាជិកប្រតិបត្តិគណបក្សសង្គ្រោះជាតិ២រូបគឺលោក គង់ ប៊ុនហ៊ាង និងលោក ហង្ស សេង ដោយមិនមានដីកាពីតុលាការ ហើយបានបញ្ជូនពួកគេទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីសាកសួរ។ អ្នកទាំងពីរត្រូវបានចោទប្រកាន់ពីបទ ប្រមាថព្រះមហាក្សត្រ ក្រោមមាត្រា ៤៣៧ពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រនៃក្រមព្រហ្មទណ្ឌ ដែលត្រូវផ្តន្ទាទោសឱ្យជាប់ពន្ធនាគារពី១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀល ទៅ១០លានរៀល។ អ្នកទាំងពីរត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស បើទោះបីជាពួកគាត់ទាំងពីរមានវ័យចំណាស់ និងមានបញ្ហាសុខភាពធ្ងន់ធ្ងរក៏ដោយ។
-
ភ្នំពេញ
ការកាត់ទោសលើអ្នកការពារសិទ្ធិមនុស្ស
សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសអ្នកកាសែតធីវីហ្វេសប៊ុកឈ្មោះ សុវណ្ណ រិទ្ធី ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ក្នុងមាត្រា៤៩៤ និង មាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។ លោកសុវណ្ណ រិទ្ធី ត្រូវបានចាប់ខ្លួននៅខែមេសា បន្ទាប់ពីលោកបានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ដោយស្រង់ការអត្ថាធិប្បាយរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលនិយាយទាក់ទងទៅនឹងផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុដោយសារកូវីដ១៩។ តុលាការបានផ្តន្ទាទោសលោកសុវណ្ណ រិទ្ធី ដាក់ពន្ធធនាគាររយៈពេល១៨ខែ ទោសរបស់លោកត្រូវបានព្យួរឲ្យនៅក្រៅឃុំដោយគិតចាប់ពីពេលដែលត្រូវបានឃុំខ្លួនបណ្តោះអាសន្ន ហើយលោកត្រូវបានដោះលែងពីពន្ធធនាគារ។