កាលប្បវត្តិសិទ្ធិមនុស្សខាងក្រោមបង្ហាញពីការរំលោភសិទ្ធិមនុស្សនិងការរឹតត្បិតសិទ្ធិមនុស្សសំខាន់ៗមួយចំនួនដែលបានកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ ២០១៣-២០២៣ និងយកលំនាំតាមកាលប្បវត្តិពីមុនរបស់យើងពីឆ្នាំ១៩៩៣ ដល់ ២០១២ ដែលអាចចូលទៅមើលបាននៅទីនេះ។
ឧប្បត្តិហេតុដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សពីឆ្នាំ ២០១៣-២០២៣ បង្ហាញការរំលោភសិទ្ធិមនុស្សពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានិងភាគីទីបី។ ការរំលោភសិទ្ធិមនុស្សទាំងអស់នោះទាក់ទងទៅនឹងបញ្ហាជាច្រើនរួមមានការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការកាត់ទោសអ្នកការពារសិទ្ធិមនុស្ស ការរំលោភយកដីធ្លី ការបណ្តេញចេញដោយបង្ខំ ការរឹតត្បិតសិទ្ធិក្នុងការជួបប្រជុំសិទ្ធិក្នុងការបង្កើតសមាគម និងការសំដែងមតិដោយសន្តិវិធី ការធ្វើទារុណកម្ម ការចាប់ខ្លួនការឃុំខ្លួនតាមអំពើចិត្ត និងការបង្កើតច្បាប់និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ ព័ត៌មានដែលកត់ត្រាទៅក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះត្រូវបានប្រមូលមកពីអត្ថបទព័ត៌មានទាំងជាភាសាខ្មែរ និងអង់គ្លេស ពីគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋានរបស់ ម.ស.ម.ក ព្រមទាំងវិចារណកថា និងការវិភាគផ្សេងៗដែលបានចេញផ្សាយដោយអង្គការសង្គមស៊ីវិល ដែលធ្វើការលើបញ្ហាទាំងនេះ។
ការរៀបរាប់ដោយសង្ខេបនៅក្នុងនេះគឺមានអមដោយ តំណភ្ជាប់ទៅនឹងអត្ថបទសារព័ត៌មានដែលរាយការណ៍អំពីព្រឹត្តិការណ៍ឬការងាររបស់អង្គការសង្គមស៊ីវិលដែលធ្វើការយ៉ាងសកម្មនៅក្នុងវិស័យនេះ។ សូមរំលឹកថាករណីដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះគឺសុទ្ធសឹងតែជាករណីដែលមានការចាប់អារម្មណ៍ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយឬអង្គការសង្គមស៊ីវិលដោយសាវាមានលក្ខណៈលេចធ្លោ។
ដូច្នេះកាលប្បវត្តិសិទ្ធិមនុស្សនេះគឺគ្រាន់តែជាតំណាងនៃចំណែកតូចមួយនៃចំនួនការរំលោភសិទ្ធិមនុស្សជាក់ស្តែងដែលកើតឡើងនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។
-
ភ្នំពេញ
ការកាត់ទោសលើអ្នកការពារសិទ្ធិមនុស្ស
នៅថ្ងៃទី១៤ ខែកក្កដាឆ្នាំ ២០២០ អ្នកការពារសិទិ្ធដីធ្លីអ្នកស្រី អ៊ុំ សុភី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់ទោសកំបាំងមុខពីបទញុះញង់ដែលពាក់ព័ន្ធនឹងវិវាទដីធ្លីឆ្នាំ២០០៨ ដែលអាជ្ញាធរបានចោទប្រកាន់ថាលោកស្រីលើកទឹកចិត្តអ្នកភូមិឱ្យដាំដុះដំណាំលើដីដែលមានជម្លោះ។ នៅថ្ងៃទី១៤ ខែសីហាឆ្នាំ២០២០ តុលាការបានផ្តន្ទាទោសអ្នកស្រីឲ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំនិងបង្គាប់ឲ្យអ្នកស្រីសងសំណងចំនួនមួយលានរៀល។អ្នកស្រី អ៊ុំ សុភី គឺជាសកម្មជនសហគមន៍ឡពាងដែលមាននូវជម្លោះដីធ្លីជិត ២ ទសវត្សរ៍ជាមួយក្រុមហ៊ុនកសិកម្ម ខេឌីស៊ី ដែលបានទាមទារកម្មសិទ្ធិដីធ្លី ៥១២ ហិកតា ស្ថិតនៅក្នុងឃុំតាក្លេស ស្រុកកំពង់ត្រឡាច។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
ក្រសួងមហាផ្ទៃបានប្រកាសថាក្រសួងកំពុងលុបចោលអង្គការការពារនិងអភិរក្សធនធានសត្វព្រៃកម្ពុជា ពីបញ្ជី។ ខណៈពេលដែលគ្មានការពន្យល់ពីមូលហេតុ សម្រាប់ការលុបឈ្មោះនេះ ចេតនានេះបានកើតឡើងបន្ទាប់ពីការព្យួរសកម្មភាពរបស់អង្គការនេះរយៈពេល ៩០ ថ្ងៃ នៅថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២០ ដោយសារការខកខានមិនបានអនុវត្តតាមតម្រូវការរបាយការណ៍ហិរញ្ញវត្ថុ តាមច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល។ ជាពិសេសក្រសួងបានចោទថា អង្គការនេះមិនបានគោរពតាមមាត្រា ១០ ដែលបានតម្រូវដល់គ្រប់អង្គភាពទាំងអស់ត្រូវផ្តល់គណនីធនាគារប្រតិបត្តិការ ទៅក្រសួងមហាផ្ទៃនិងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងរយៈពេល ៣០ ថ្ងៃគិតចាប់ពីថ្ងៃចុះឈ្មោះនិងមាត្រា ២៥ ដែលតម្រូវឱ្យអង្គការនានាបញ្ជូនច្បាប់ថតចម្លងរបាយការណ៍សកម្មភាពរបស់ខ្លួន និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំមិនឱ្យយឺតជាងចុងខែកុម្ភះឆ្នាំបន្ទាប់។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
លោក សួង សុភ័ណ្ឌ ប្រធានគណបក្សខ្មែរក្រោក ត្រូវបានចាប់ខ្លួននិងឃុំខ្លួនពីបទបង្ខូចទ្រង់ទ្រាយព័ត៌មានទាក់ទងនឹងបញ្ហាព្រំដែន ហើយត្រូវបានចោទប្រកាន់ពីបទញុះញង់។ កាលពីថ្ងៃទី ១០ ខែសីហាលោក សោភ័ណ្ឌ និងសមាជិក ៨ នាក់នៃគណបក្សរបស់លោកបានធ្វើដំណើរទៅខេត្តត្បូងឃ្មុំ ជួបអ្នកភូមិជាង ៣០ នាក់ដែលបង្ហាញ បង្គោលព្រំដែនដែលមានជម្លោះដែលលោក រ៉ុង ឈុន បានចុះទៅដល់កាលពីខែកក្កដា។
Camboja | PPP | Khmer Times
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
ការតវ៉ាមួយបានប្រែទៅជា ហិង្សានិងការចាប់ខ្លួនបន្ទាប់ពីក្រុមអ្នកតវ៉ាដោយសន្តិវិធីប្រមាណ ៣០ នាក់បានប្រមូលផ្តុំគ្នានៅមុខសាលាដំបូងរាជធានីភ្នំពេញអំពាវនាវឱ្យអាជ្ញាធរទម្លាក់ការចោទប្រកាន់ទៅលើមេដឹកនាំសហជីពដែលត្រូវបានឃុំខ្លួនគឺលោក រ៉ុង ឈុន នៅពេលដែលលោក ត្រូវបាននាំខ្លួនទៅកាន់តុលាការដើម្បីធ្វើការសាកសួរ។ បុគ្គលិកសន្តិសុខខណ្ឌ៧ មករាបំបែកក្រុមបាតុករដោយហិង្សា។ សកម្មជន ៦ នាក់ដែលជាសមាជិកនៃក្រុមសង្គមស៊ីវិលខ្មែរថាវរៈត្រូវបានចាប់ខ្លួន ហើយយ៉ាងហោចណាស់មនុស្ស ១០ នាក់បានរងរបួស។ សកម្មជន ឈឿន ដារ៉ាវី ត្រូវបាន កម្លាំងសន្តិសុខវាយដំនិងបានដកហូតទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់នាង ។ នាងបានចាប់ផ្តើមផ្សាយបន្តផ្ទាល់តាមហ្វេសប៊ុកដោយស្នើសុំឱ្យអាជ្ញាធរប្រគល់កាបូបស្ពាយរបស់នាងវិញនៅពេលដែលប៉ូលីស ៥ នាក់បានទាញនាងចូលទៅក្នុងឡានយ៉ាងសាហាវហើយបានចាកចេញពីទីនោះ។ ក្នុងរយៈពេល ៥ ម៉ោងនៃការចាប់ខ្លួនរបស់ដារ៉ាវីសមាជិក ៥ នាក់ទៀតរបស់ខ្មែរថាវរៈត្រូវបានចាប់ខ្លួនរួមទាំងអ្នកការពារសិទ្ធិមនុស្ស គឺលោក ហ៊ុន វណ្ណៈ។ ក្រោយមកដីកាចាប់ខ្លួនត្រូវបានបិទនៅផ្ទះរបស់ ដារ៉ាវី។ កញ្ញាដារ៉ាវី និងលោក វណ្ណៈត្រូវបានចោទប្រកាន់ពីបទ«ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ»តាមមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ហើយត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅមជ្ឈមណ្ឌលកែប្រែរាជធានីភ្នំពេញ ១ និង ២ ហើយអ្នកផ្សេងទៀតត្រូវបានដោះលែង។
-
អំពើហិង្សាលើសកម្មជន
លោកស្រី អ៊ុក ឆាយាវី ប្រធានសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជាត្រូវបានជនមិនស្គាល់មុខពីរនាក់ វាយប្រហារនិងផ្តួលម៉ូតូរបស់លោកស្រី នៅពេលកំពុងធ្វើដំណើរតាមផ្លូវត្រឡប់ទៅផ្ទះបន្ទាប់ពីសួរសុខទុក្ខលោក រ៉ុង ឈុន នៅ ពន្ធនាគារ។ លោកស្រីបានជិះម៉ូតូជាមួយប្តីរបស់គាត់ នៅពេលដែលបុរសពីរនាក់បានជិះម៉ូតូមកចាប់ ដៃចង្កូត ហើយបានរុញលោកស្រីនិងប្តីរបស់គាត់ទៅដី ហើយបន្ទាប់មកបុរសទាំងពីរនាក់បានជិះគេចខ្លួនទៅបាត់។ លោកស្រីជឿជាក់ថា គឺជាការវាយប្រហារដែលធ្វើឡើងដើម្បីឱ្យមើលទៅដូចជាគ្រោះថ្នាក់ចរាចរណ៍មួយ ដែលមានគោលបំណងបំភ័យលោកស្រីអំពីយុទ្ធនាការ ដើម្បីដោះលែងលោក រ៉ុងឈុន។ លោកស្រីបានរងរបួសយ៉ាងធ្ងន់ធ្ងរ ។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
អតីតសកម្មជនគណបក្សសង្គ្រោះជាតិចំនួន ៣ រូបគឺ លោក ឈូ ផេង លោកជុំ ពុទ្ធី និងលោក សក កណ្ណិកា ដែលបានធ្វើបាតុកម្មទាមទារឲ្យមានការដោះលែង មេដឹកនាំសហជីពដ៏លេចធ្លោ លោក រ៉ុង ឈុន ត្រូវបានចាប់ខ្លួននិងចោទប្រកាន់ពីបទ“ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ” តាមមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌកាលពីថ្ងៃទី៥ ខែសីហា និងទី ៧ ខែសីហា។ អ្នកទាំង ៣ ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស។ អ្នកនាំពាក្យរបស់ស្នងការប៉ូលីសបាននិយាយថា ពួកគេត្រូវបានចាប់ខ្លួនដោយសារតែពួកគេ បានព្យាយាមប្រមូលមនុស្សបន្ថែមទៀតដើម្បីធ្វើការតវ៉ាចំពោះការដោះលែង លោក ឈុន។ មនុស្ស ៤ នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួនក្នុងនោះរួមមាន អតីតសកម្មជនគណបក្សសង្គ្រោះជាតិ ២ នាក់ និងសមាជិកសមាគមបរិស្ថាននិងសង្គមនៃសេចក្តីស្រឡាញ់ ២ រូប ប៉ុន្តែត្រូវបានដោះលែងបន្ទាប់ពីបានធ្វើកិច្ចសន្យា ថាពួកគេនឹងឈប់ធ្វើការតវ៉ា។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
ក្រសួងយុត្តិធម៌បានចេញសេចក្តីប្រកាសព័ត៌មានថា“ ប្រជាពលរដ្ឋប្រមូលផ្តុំនៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទាមទារឲ្យមានការដោះលែងជនជាប់ចោទឈ្មោះ រ៉ុង ឈុន គឺផ្ទុយនឹងច្បាប់” ។ សេចក្តីប្រកាសព័ត៌មានបានអំពាវនាវឲ្យក្រុមអ្នកតវ៉ាបញ្ឈប់ការធ្វើបាតុកម្ម ឬប្រឈមនឹងផ្លូវច្បាប់ដោយប្រកាសថា ការអនុវត្តសេរីភាពក្នុងការប្រមូលផ្តុំនៅមុខតុលាការដើម្បីទាមទារឲ្យមានការដោះលែងអ្នកជាប់ឃុំ គឺជាបទឧក្រិដ្ឋមួយដែលមានចែងក្នុងមាត្រា ៥២២ នៃក្រមព្រហ្មទណ្ឌ’’បទផ្សព្វផ្សាយនូវការអត្ថាធិប្បាយដើម្បីធ្វើសម្ពាធលើយុត្តាធិការ” ។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ត្រូវបានប៉ូលីសចាប់ខ្លួន និងឃុំខ្លួននៅថ្ងៃទី ៣១ ខែកក្កដាក្នុងរាជធានីភ្នំពេញដោយប៉ូលីស។ តុលាការបានចោទប្រកាន់គាត់កាលពីថ្ងៃទី១ ខែសីហា ពីបទ«ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ»តាមមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ហើយប្រសិនបើត្រូវបានផ្តន្ទាទោស គាត់នឹងប្រឈម ការជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំ។ ការចាប់ខ្លួននេះធ្វើឡើងបន្ទាប់ពីមានសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរ របស់គណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជា អះអាងថាលោក ឈុន បានចេញសេចក្តីថ្លែងការណ៍មិនពិតកាលពីថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២០ ក្នុងគោលបំណងបង្កភាពវឹកវរក្នុងសង្គម។ នៅថ្ងៃនោះបន្ទាប់ពីដំណើរទៅព្រំដែនកម្ពុជា - វៀតណាម លោកឈុន បានចេញសេចក្តីថ្លែងការណ៍ក្នុងនាមសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លើហ្វេសប៊ុករបស់គាត់ ដែលគាត់បានរាយការណ៍ថាសហគមន៍បានបាត់បង់ដីនៅជិតព្រំដែន។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
នៅថ្ងៃទី ៣១ ខែកក្កដាឆ្នាំ ២០២០ អាជ្ញាធរបានយាយី និង បំបែកការតវ៉ារបស់ក្រុមគ្រួសាររបស់អតីតសកម្មជនគណបក្សសង្គ្រោះជាតិដែលជាប់ឃុំ។ កងកម្លាំងសន្តិសុខខណ្ឌ ៧ មករាបានរឹបអូស បដារបស់អ្នកតវ៉ា រារាំងពួកគេមិនឲ្យទៅដល់តុលាការក្រុង ហើយប្រើកម្លាំងរុញច្រានពួកគេទៅនឹងដី។ មន្រ្តីប៉ូលីសក៏បានចាប់ខ្លួនអ្នកតវ៉ាជាស្ត្រីម្នាក់ ដោយបានអូស ឆ្លងកាត់ផ្លូវ ហើយបានរុញ ចូលទៅក្នុងឡានប៉ូលីស។ ក្រោយមកស្ត្រីនោះត្រូវបានដោះលែង បន្ទាប់ពីត្រូវបានតម្រូវឱ្យផ្តិតមេដៃលើកិច្ចសន្យាជាលាយលក្ខណ៍អក្សរ។ ក្រុមគ្រួសារដែលមានទាំងប្រពន្ធ សាច់ញាតិ និងកូន ៗ របស់អតីតសកម្មជនគណបក្សសង្គ្រោះជាតិ បានធ្វើការតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញជាច្រើនសប្តាហ៍ជាប់ៗគ្នានិងបានដាក់ញត្តិសុំឲ្យមានការដោះលែងដោយគ្មានលក្ខខណ្ឌ។
-
ភ្នំពេញ
សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ
ប្រជាពលរដ្ឋចំនួន ១៥០ គ្រួសារ រស់នៅសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានប្រាប់ឱ្យជម្លៀសចេញហើយផ្ទះរបស់ពួកគេត្រូវបានកម្ទេចចោល តាមការបញ្ជាពីសាលារាជធានីភ្នំពេញ អាជ្ញាធរបាននិយាយថាក្រុមគ្រួសារទាំងនេះកំពុងរស់នៅលើដីសាធារណៈ។ ក្រុមគ្រួសារទាំងនោះបានប្រាប់ថាពួកគេបានរស់នៅទីនោះអស់រយៈពេលជាង ២០ ឆ្នាំហើយ។ ក្នុងចំណោម ១៥០ គ្រួសារមាន ៥១ គ្រួសារមិនបានទទួលសំណងណាមួយឡើយ។
-
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
នៅចន្លោះថ្ងៃទី ៨ ដល់ថ្ងៃទី ៩ ខែកក្កដាឆ្នាំ ២០២០ សណ្ឋាគារឡឺមេឌៀន អង្គរ បានបណ្តេញសមាជិកសហជីពចំនួន ៣ នាក់គឺលោក ស្រី ឌឹមឆៃ លោកស្រី សុខ ណារ៉េន និងលោកស្រី ខាំ ស្រីពេជ្រ ដែលពួកគេជាសមាជិកទាំងអស់នៃសហព័ន្ធសហជីពទេសចរណ៍កម្ពុជា បន្ទាប់ពីពួកគេបានដាក់ញត្តិ ទាមទារឱ្យសណ្ឋាគារផ្តល់ប្រាក់ឈ្នួលដែលត្រូវបានកាត់បន្ថយ ប្រសើរជាងប្រាក់ឈ្នួលដែលត្រូវបានផ្តល់ជូនក្នុងអំឡុងពេល កូវីដ-១៩ ។ អ្នកទាំងបីបានធ្វើការនៅសណ្ឋាគារអស់រយៈពេលជាង ១០ ឆ្នាំមកហើយដោយមិនមានប្រវត្តិទទួលវិន័យទេ។ ខាងសណ្ឋាគារបានចោទប្រកាន់លោកស្រី ឆាយយ៉ា ពីបទញុះញង់ ឲ្យ ប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ សម្រាប់ការចាប់ផ្តើមញត្តិ។ បុគ្គលិកចំនួន ៦៦ នាក់មកពីសណ្ឋាគារ បានដាក់ពាក្យបណ្តឹងទៅមន្ទីរការងារខេត្ត ដោយស្នើសុំឱ្យសហជីពទាំង ៣ ចូលធ្វើការវិញ។ សមាជិកសហជីពក៏បានព្យាយាមយករឿងក្តីនេះទៅដាក់នៅស្ថាប័នអាជ្ញាកណ្តាលផងដែរ ប៉ុន្តែសណ្ឋាគារ និងក្រសួងការងារមិនអនុញ្ញាតឱ្យដាក់ពាក្យបណ្តឹងជាជម្លោះរួមទេ។
-
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
អាជ្ញាធរខណ្ឌក្នុងរាជធានីភ្នំពេញបានរារាំងកម្មករកាត់ដេ ររបស់ក្រុមហ៊ុន ហាណាខេមបូឌា(Hana Cambodia Inc)ជាង ១០០ នាក់ដែលហែក្បួនដោយអហិង្សាទៅកាន់ផ្ទះលោកនាយករដ្ឋមន្រ្តីហ៊ុនសែន ដើម្បី សុំអន្តរាគមន៍ទៅលើ ប្រាក់ការងារធ្វើដែលមិនទាន់បានបើកទៅឱ្យកម្មករ។ ការប្រមូលផ្តុំនេះបានធ្វើឡើងបន្ទាប់ពីរោងចក្រកាត់ដេរបានប្រកាសបិទជាបណ្តោះអាសន្ន ដោយសារកង្វះការបញ្ជាទិញនៅពេលមានជំងឺឆ្លងកូវិដ នៅថ្ងៃទី ២៣ ខែមិថុនាឆ្នាំ ២០២០ ។ លោក អភិបាល ហែម ដារិទ្ធ មានប្រសាសន៍ថាអាជ្ញាធរ បញ្ឈប់ការតវ៉ានេះ ព្រោះ អាចប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។
-
ភ្នំពេញ
ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស
លោក រស់ សុឃិត ដែលជាអ្នកកាសែត និងបោះពុម្ពផ្សាយ នៃកាសែតជាតិខ្មែរត្រូវបានចាប់ខ្លួនពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍តាមមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា ហើយត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃសដោយសារតែការផ្សព្វផ្សាយក្នុងបណ្តាញហ្វេសប៊ុក នៅលើគណនីផ្ទាល់ខ្លួនរបស់លោក។ ការផ្សព្វផ្សាយនោះពាក់ព័ន្ធនឹងការរិះគន់នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយថាលោកនាយករដ្ឋមន្ត្រីមិនបានផ្តល់នូវដំណោះស្រាយគ្រប់គ្រាន់ដល់ប្រជាពលរដ្ឋដែលជួបការលំបាកក្នុងការបង់ប្រាក់បំណុលទៅធនាគារអំឡុងពេលកើតមានជំងឺកូវីដ-១៩ ក៏ដូចជារិះគន់ពីផែនការរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការផ្ទេរគណបក្សប្រជាជនកម្ពុជាទៅកូនប្រុសច្បងរបស់លោក។ លោក សុឃិត ក៏បានរិះគន់ដល់នគរបាលដែលបានចេញការផាកពិន័យចរាចរណ៍អំឡុងពេលការរីករាលដាលនៃជំងឺកូវីដ-១៩។ ក្រសួងព័ត៌មានបានបញ្ជាក់ថាក្រសួងកំពុងតែពិនិត្យអាជ្ញាប័ណ្ណផ្សព្វផ្សាយរបស់កាសែតជាតិខ្មែរស្របតាមនីតិវីធីរបស់តុលាការ។
-
ភ្នំពេញ
ការកាត់ទោសលើអ្នកការពារសិទ្ធិមនុស្ស
នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្ដន្ទាទោសយុវជន គង់ រ៉ៃយ៉ា ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទការមិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្ដន្ទាទោសបទមជ្ឈិម តាមមាត្រា៤៩៤ មាត្រា ៤៩៥ និងមាត្រា៨៨ នៃក្រមព្រហ្មទណ្ឌកម្ពុជា។ លោក គង់ រ៉ៃយ៉ា ត្រូវបានចាប់ខ្លួនកាលពីខែកក្កដា ឆ្នាំ២០១៩ បន្ទាប់ពីធ្វើការផ្សព្វផ្សាយលក់អាវយឺតដែលមានរូបភាពនិងសាររបស់ លោកបណ្ឌិត កែម ឡី ហើយលោកក៏បានបង្ហោះលេខទូរស័ព្ទអ្នកបើកតាក់ស៊ីដែលអាចដឹកអ្នកដំណើរទៅចូលរួមពិធីបុណ្យរំលឹកខួបនៃការស្លាប់របស់លោកបណ្ឌិត កែម ឡី ផងដែរ។ លោក រ៉ៃយ៉ា ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ ដោយអនុវត្តទោសរយៈពេល ៤ ខែ ១៨ ថ្ងៃ ជារយៈពេលដែលលោកបានជាប់ឃុំបណ្ដោះអាសន្នរួចហើយនោះ ចំណែកទោសដែលនៅសល់ត្រូវព្យួរ។ បន្ថែមពីលើទោសពន្ធនាគារ សម្ភាររបស់លោក រ៉ៃយ៉ា ដែលត្រូវបានរឹបអូសរួមមានអាវយឺត សៀវភៅ និងទូរស័ព្ទដៃ ត្រូវដាក់ចូលជាសម្បត្តិរដ្ឋ។
-
សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ
បណ្តាញសហគមន៍ព្រៃឡង់បានរាយការណ៍ថារយៈពេលបីខែចុងក្រោយនេះ (ចាប់តាំងពីខែមីនា ឆ្នាំ២០២០) មានបទល្មើសព្រៃឈើចំនួន៩០ករណីបានកើតឡើងនៅក្នុងព្រៃឡង់ ដូចជាការកាប់ព្រៃ និងបរបាញ់ខុសច្បាប់ ហើយចំនួននេះចេះតែកើនឡើងជាលំដាប់។ បណ្តាញសហគមន៍ព្រៃឡង់បានរាយការណ៍ថាទីតាំងដែលមានបទល្មើសកើតឡើងច្រើនជាងគេស្ថិតនៅជុំវិញខេត្តក្រចេះ ដែលមានបទល្មើសព្រៃឈើបានកើនឡើងចំនួន៣៥ភាគរយ។ នៅពេលកំពុងសរសេរព័ត៌មាននេះ ក្រសួងបរិស្ថានបានចាត់ទុកបណ្តាញសហគមន៍ព្រៃឡង់ថាជាបណ្តាញខុសច្បាប់ ហើយរដ្ឋាភិបាលបានហាមឃាត់មិនឱ្យចុះល្បាតតំបន់ព្រៃឡង់តទៅទៀតតាំងពីខែកុម្ភៈមកម្លេះ។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
នគរបាលរាជធានីភ្នំពេញបានឃុំខ្លួនលោក ហេង ចាន់សុធី សមាជិកគណបក្សសង្គ្រោះជាតិ ពីបទ រួមគំនិតក្បត់ និងបទ ញុះញង់។ លោក ចាន់សុធី ត្រូវបានចាប់ខ្លួនហើយដោះលែងឱ្យនៅក្រៅឃុំកាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ប៉ុន្តែអាជ្ញាធរបានអះអាងថា លោកមិនបានគោរពលក្ខខណ្ឌនៅក្រៅឃុំ ដោយមិនបានបង្ហាញខ្លួននៅចំពោះមុខនគរបាលឱ្យបានទៀងទាត់។ មេធាវីរបស់លោកសុធីបានអះអាងថាមិនមែនជារឿងពិត ហើយបានជំទាស់នឹងការសម្រេចដែលធ្វើឡើងដោយតុលាការចំពោះការចាប់ខ្លួនលោក សុធី។ លោក ចាន់សុធី គឺជាសមាជិកម្នាក់ក្នុងចំណោមសមាជិកគណបក្សប្រឆាំងជាង ៦០ នាក់ផ្សេងទៀតដែលត្រូវបានចាប់ខ្លួនបីខែមុនការប្រកាសត្រឡប់ចូលស្រុកវិញកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់លោក សម រង្សី ប្រធាន គ.ស.ជ និងអ្នកផ្សេងទៀត ដែលបាននិរទេសខ្លួននៅក្រៅប្រទេស។
-
ភ្នំពេញ
ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស
សកម្មជនជនជាតិថៃលោក វ៉ាន់ឆាលឺម សាតសាក់សិត ត្រូវបានចាប់ខ្លួនទាំងកណ្តាលថ្ងៃនៅមុខអគារស្នាក់នៅ (អាផាតមិន) របស់លោកក្នុងទីក្រុងភ្នំពេញ ដោយជនប្រដាប់អាវុធមួយក្រុម។ លោក វ៉ាន់ឆាលឺម ត្រូវបានគេស្គាល់ដោយសារតែភាពសកម្មរបស់លោកក្នុងការគាំទ្ររបបប្រជាធិបតេយ្យនៅប្រទេសថៃ ហើយលោកបានរត់មកប្រទេសកម្ពុជា ជាទីដែលលោកនៅតែបន្តសកម្មភាពក្នុងនយោបាយបន្ទាប់ពីរដ្ឋប្រហារយោធាកាលពីខែឧសភា ឆ្នាំ២០១៤។ វីដេអូចុងក្រោយដែលលោកបានបង្ហោះក្នុងហ្វេសប៊ុករបស់លោកបាននិយាយរិះគន់នាយករដ្ឋមន្ត្រីថៃ។ រដ្ឋាភិបាលកម្ពុជារងការរិះគន់ដោយសារតែមិនបានធ្វើការស៊ើបអង្កេតចំពោះការចាប់ខ្លួននេះ។
HRW | Bangkok Post | BBC
-
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
នគរបាលខេត្តកោះកុងបានដកហូតកង់ចំនួនជាង១០គ្រឿងពីក្រុមយុវជនចំនួន២១នាក់មកពីអង្គការផ្នែកបរិស្ថាន មាតាធម្មជាតិ ខណៈពួកគេកំពុងជិះធ្វើដំណើរពីខេត្តកោះកុង ឆ្ពោះទៅកាន់រាជធានីភ្នំពេញដើម្បីដាក់ញ្ញត្តិ។ ក្រុមយុវជនទាំងនោះមានគម្រោងដាក់ញ្ញត្តិទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឱ្យដាក់កោះកុងក្រៅជាតំបន់ការពារ។ អាជ្ញាធរបានបញ្ឈប់ក្រុមយុវជននៅពេលពួកគេធ្វើដំណើរបានចម្ងាយប្រមាណតែ៦០គីឡូម៉ែត្រប៉ុណ្ណោះ ដោយរឹបអូសយកកង់ ហើយបិទផ្លូវពួកគេមិនឱ្យធ្វើដំណើរតទៅទៀត ក្រោមហេតុផលថាបារម្ភអំពីជំងឺកូវីដ-១៩។
-
បន្ទាយមានជ័យ
ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស
លោក ហ៊ុន វណ្ណៈ ដែលជាសកម្មជនបរិស្ថាននិងសិទ្ធិមនុស្សត្រូវបានមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យធ្វើការឃាត់ខ្លួន ហើយ ត្រូវបានដោះលែងវិញបន្ទាប់ពីលោកបានឃ្លាំមើលនិងចងក្រងការធ្វើបាតុកម្មមួយដោយឯករាជ្យនៅក្រុងប៉ោយប៉ែត។ អាជីវករលក់ដូរបានធ្វើការតវ៉ាអំពាវនាវឱ្យបើកដំណើរការច្រកព្រំដែនពាណិជ្ជកម្មជាមួយប្រទេសថៃដែលត្រូវបានបិទដើម្បីបង្ការការរីករាលដាលជំងឺកូវីដ១៩។ លោក ហ៊ុន វណ្ណៈ បានទៅកន្លែងតវ៉ាដើម្បីឃ្លាំមើលការដាក់ពង្រាយកងសន្តិសុខច្រើនលើសលុប ហើយលោកត្រូវបានចាប់ខ្លួនខណៈពេលដែលលោកកំពុងថតរូបភាព និងវីដេអូកងសន្តិសុខទាំងនោះ។