កាលប្បវត្តិសិទ្ធិមនុស្សខាងក្រោមបង្ហាញពីការរំលោភសិទ្ធិមនុស្សនិងការរឹតត្បិតសិទ្ធិមនុស្សសំខាន់ៗមួយចំនួនដែលបានកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ ២០១៣-២០២៣ និងយកលំនាំតាមកាលប្បវត្តិពីមុនរបស់យើងពីឆ្នាំ១៩៩៣ ដល់ ២០១២ ដែលអាចចូលទៅមើលបាននៅទីនេះ។
ឧប្បត្តិហេតុដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សពីឆ្នាំ ២០១៣-២០២៣ បង្ហាញការរំលោភសិទ្ធិមនុស្សពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានិងភាគីទីបី។ ការរំលោភសិទ្ធិមនុស្សទាំងអស់នោះទាក់ទងទៅនឹងបញ្ហាជាច្រើនរួមមានការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការកាត់ទោសអ្នកការពារសិទ្ធិមនុស្ស ការរំលោភយកដីធ្លី ការបណ្តេញចេញដោយបង្ខំ ការរឹតត្បិតសិទ្ធិក្នុងការជួបប្រជុំសិទ្ធិក្នុងការបង្កើតសមាគម និងការសំដែងមតិដោយសន្តិវិធី ការធ្វើទារុណកម្ម ការចាប់ខ្លួនការឃុំខ្លួនតាមអំពើចិត្ត និងការបង្កើតច្បាប់និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ ព័ត៌មានដែលកត់ត្រាទៅក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះត្រូវបានប្រមូលមកពីអត្ថបទព័ត៌មានទាំងជាភាសាខ្មែរ និងអង់គ្លេស ពីគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋានរបស់ ម.ស.ម.ក ព្រមទាំងវិចារណកថា និងការវិភាគផ្សេងៗដែលបានចេញផ្សាយដោយអង្គការសង្គមស៊ីវិល ដែលធ្វើការលើបញ្ហាទាំងនេះ។
ការរៀបរាប់ដោយសង្ខេបនៅក្នុងនេះគឺមានអមដោយ តំណភ្ជាប់ទៅនឹងអត្ថបទសារព័ត៌មានដែលរាយការណ៍អំពីព្រឹត្តិការណ៍ឬការងាររបស់អង្គការសង្គមស៊ីវិលដែលធ្វើការយ៉ាងសកម្មនៅក្នុងវិស័យនេះ។ សូមរំលឹកថាករណីដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះគឺសុទ្ធសឹងតែជាករណីដែលមានការចាប់អារម្មណ៍ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយឬអង្គការសង្គមស៊ីវិលដោយសាវាមានលក្ខណៈលេចធ្លោ។
ដូច្នេះកាលប្បវត្តិសិទ្ធិមនុស្សនេះគឺគ្រាន់តែជាតំណាងនៃចំណែកតូចមួយនៃចំនួនការរំលោភសិទ្ធិមនុស្សជាក់ស្តែងដែលកើតឡើងនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។
-
ភ្នំពេញ
ការកាត់ទោសលើអ្នកការពារសិទ្ធិមនុស្ស
សាលាឧទ្ធរណ៍នៅខេត្តស្វាយរៀងបានតម្កល់សាលក្រមផ្តន្ទាទោស និងកាត់ទោសលោក គង់ ម៉ាស អតីតសមាជិកគណបក្សសង្រ្គោះជាតិដែលបច្ចុប្បន្នកំពុងអនុវត្តទោសជាប់ពន្ធនាគាររយៈពេល ១ ឆ្នាំ កន្លះ បន្ទាប់ពីលោកត្រូវបានរកឃើញថាមានពិរុទ្ធភាពពីបទជេរប្រមាថរដ្ឋាភិបាល និងញុះញង់ឲ្យមានអំពើហិង្សា។ លោកបានប្តឹងទាស់ទៅនឹងសេចក្តីសម្រេចរបស់តុលាការដំបូងដែលក្រោយមកត្រូវបានបដិសេធ។
-
ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស
សកម្មជនបរិស្ថានលោក អ៊ូច ឡេង និងសមាជិក ៣នាក់ផ្សេងទៀត នៃបណ្តាញសហគមន៍ព្រៃឡង់ត្រូវបានចាប់ខ្លួនបន្ទាប់ពីរងការចោទប្រកាន់ថាបានចូលទៅក្នុងបរិវេណក្រុមហ៊ុន ស៊ីងបាយអូធិ ខូអិលធីឌី (Think Biotech Cambodia Co Ltd) ដោយគ្មានការអនុញ្ញាត។ ក្រុមហ៊ុនបានឃាត់ខ្លួន និងបានសាកសួរពួកគាត់ ហើយបន្ទាប់មកនាំពួកគាត់ទៅប៉ុស្តិ៍នគរបាល។ ព្រះរាជអាជ្ញារងបានចោទប្រកាន់ពួកគាត់ពីបទល្មើសចំនួន ៣ តាមមាត្រា ២៩៩ និង ៣៦០ នៃក្រមព្រហ្មទណ្ឌនិងមាត្រា ៣២ នៃច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ដែលគ្របដណ្តប់លើការអនុវត្តសកម្មភាពរបស់អង្គការមិនមែនរដ្ឋាភិបាលដែលពុំបានចុះបញ្ជី។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
អាជ្ញាធរបានចោទប្រកាន់បុរសម្នាក់ពីបទញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋតាមមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌបន្ទាប់ពីបានបង្ហោះសារជាវីដេអូនៅលើហ្វេសប៊ុកដោយប្រើគណនីក្លែងក្លាយដោយរិះគន់វិធានការរបស់រដ្ឋាភិបាលទាក់ទងនឹងជំងឺរាតត្បាតកូវីដ-១៩ ។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាបុគ្គលណាដែលសង្ស័យថាធ្វើការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយអំពីជំងឺរាតត្បាតកូវីដ-១៩ ត្រូវចាត់ទុកជាភេរវករ ហើយអាជ្ញាធរនឹងត្រូវតាមដានស្តាប់ពីបុគ្គលនីមួយៗ ថាតើព័ត៌មានអ្វីដែលពួកគេកំពុងផ្សព្វផ្សាយអំពីវីរុស។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
អតីតសមាជិកគណបក្សសង្គ្រោះជាតិ លោក កុយ សំអាត ត្រូវបានចាប់ខ្លួនបន្ទាប់ពីបានបង្ហោះវីដេអូឃ្លីបមួយនៅលើហ្វេសប៊ុកអំពីជម្ងឺរាតត្បាត កូវីដ-១៩ ។ នៅក្នុងវីដេអូ លោកបានថ្លែងអំណរគុណដល់ប្រទេសវៀតណាមដែលបានរកឃើញ និងប្រកាសអំពីករណីវីរុសកូវីដ-១៩ លើបុរសជនជាតិជប៉ុនម្នាក់ដែលបានធ្វើដំណើរទៅប្រទេសវៀតណាមពីប្រទេសកម្ពុជា ដោយបញ្ជាក់ថាកម្ពុជាត្រូវតែមានតម្លាភាពជាងមុន។ បន្ទាប់មកគាត់ត្រូវបានចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋតាមមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
ពិធីអបអរសាទរទិវានារីអន្តរជាតិដែលត្រូវបានសាលារាជធានីភ្នំពេញអនុញ្ញាតឱ្យរៀបចំនៅទីលានប្រជាធិបតេយ្យត្រូវបានរឹតត្បឹតដោយអាជ្ញាធរដែលបានកំណត់ទំហំនៃតង់ទំហំ ២០x២០ ទៅ ៤x៦ វិញ ដែលបានបង្ខំចិត្តឲ្យមនុស្សជាង ៤០០ នាក់អង្គុយនិងឈរ ក្រោមកំដៅថ្ងៃពេញមួយថ្ងៃ។
-
បន្ទាយមានជ័យ
ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស
អ្នកសារព័ត៌មាន ២ នាក់ដែលជាម្ចាស់គេហទំព័រព័ត៌មានមួយត្រូវបានសាលាដំបូងខេត្តបន្ទាយមានជ័យកោះហៅពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទបរិហារកេរ្តិ៍។ លោក ទាវ សំអុល ដែលជាម្ចាស់សារព័ត៌មាន New Day Media ត្រូវបានចោទប្រកាន់ពីបទបរិហារកេរ្តិ៍បន្ទាប់ពីសរសេរអត្ថបទមួយដែលលើកឡើងអំពីជម្លោះដីធ្លីនៅក្រុងប៉ោយប៉ែត។ លោក លី ម៉េងហ៊ុយ ដែលជាម្ចាស់គេហទំព័រ Mochas Ka ក៏ត្រូវបានកោះហៅដែរខណៈពេលដែលលោកមិនបានរាយការណ៍អំពីករណីនេះ ប៉ុន្តែគ្រាន់តែផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងការកោះហៅលោក សំអុល។ ចៅក្រមមិនបានស៊ើបអង្កេតករណីនេះមុនពេលកោះហៅអ្នកកាសែតទាំងពីរនាក់នោះទេ។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
ថៃ ស្រីនាង បានបញ្ជាក់នៅក្នុងសវនាការថានាងមិនបានដឹងថានាងរំលោភច្បាប់ទេហើយក្រោយមកបានសុំទោសចំពោះការស្លៀកសម្លៀកបំពាក់ដែលប៉ះពាល់ដល់កិត្តិយសរបស់ស្ត្រីកម្ពុជា និងស្នើសុំឱ្យមានការកាត់បន្ថយការដាក់ទោស និងត្រូវបានដោះលែងពីពន្ធនាគារ។ ប៉ុន្តែព្រះរាជអាជ្ញារងអមសាលាដំបូងបានបន្តចោទប្រកាន់នាងថាបានធ្វើឱ្យទំនៀមទម្លាប់ខ្មែរអាប់ឱនហើយបានសំរេចរក្សាការចោទប្រកាន់ប្រឆាំងនឹងនាងដោយបញ្ជាក់ថាខ្ញុំចង់ស្នើក្រុមប្រឹក្សាចៅក្រមដាក់ទណ្ឌកម្មនាងតាមច្បាប់។
-
ស្ទឹងត្រែង
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
សមាជិកសហគមន៍បណ្តាញសហគមន៍ព្រៃឡង់ នៅក្នុងខេត្តចំនួនបួនត្រូវបានហាមឃាត់ការរៀបចំពិធីសូត្រមន្តប្រចាំឆ្នាំដែលគ្រោងប្រារព្ធនៅក្នុងតំបន់ព្រៃការពារ។ អាជ្ញាធរនិងមន្រ្តីបរិស្ថានមួយចំនួន ខ្លះប្រដាប់ដោយកាំភ្លើងបានរារាំងអ្នកចូលរួមប្រហែល ៦០០ នាក់ដែលបានធ្វើដំណើរមកពីទូទាំងប្រទេសកម្ពុជាដើម្បីចូលទៅកាន់តំបន់នោះ។ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានបានចេញសេចក្តីថ្លែងផ្ទាល់មាត់ ថ្កោលទោសចំពោះអាកប្បកិរិយាខុសច្បាប់របស់សកម្មជនបណ្តាញសហគមន៍ព្រៃឡង់ ដោយសារបណ្តាញនេះមិនបានចុះបញ្ជីហើយបានស្នើសុំឱ្យប្រជាជនបញ្ឈប់ការគាំទ្របណ្តាញសហគមន៍នេះតទៅទៀតព្រោះផ្ទុយនឹងច្បាប់។ អាជ្ញាធរថែមទាំងបានគំរាមអ្នកភូមិក្នុងតំបន់ រារាំងពួកគាត់មិនឱ្យផ្តល់ជូនកន្លែងសម្រាកដល់អ្នកមានបំណងចូលរួមក្នុងអំឡុងពិធីដែលមានរយៈពេលប្រាំពីរថ្ងៃនោះទៀតផង។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
ស្ត្រីដែលលក់ផលិតផលតាមអ៊ិនធឺណែតម្នាក់ឈ្មោះ ថៃ ស្រីនាង ត្រូវបាននាំខ្លួនទៅកាន់ប៉ុស្តិ៍ប៉ូលីសដើម្បីទទួលបានការអប់រំហើយត្រូវបានធ្វើកិច្ចសន្យាដើម្បីបញ្ជាក់ថានាងនឹងឈប់ប្រព្រឹត្តិកំហុស ព្រោះនាយករដ្ឋមន្រ្តីបាននិយាយថាសកម្មភាពបែបនេះ“ ប៉ះពាល់ដល់សីលធម៌” ។ នាងមិនបានអនុវត្តតាមច្បាប់ដែលបានកំណត់ចំពោះនាង និងបានបន្តបង្ហោះរូបថតដែលនាំឱ្យមានការចាប់ខ្លួននាងក្រោមការចោទប្រកាន់ពីបទអាសអាភាសតាមមាត្រា ៣៨ និង ៣៩ នៃច្បាប់កម្ពុជាស្តីពីការបង្ក្រាបការជួញដូរមនុស្សនិងការធ្វើអាជីវកម្មផ្លូវភេទ។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឱ្យក្រសួងមហាផ្ទៃតាមដាននិងចាត់វិធានការណ៍ចំពោះការបង្ហោះនៅលើហ្វេសប៊ុករបស់ស្ត្រីដែលលក់ផលិតផលតាមអ៊ិនធឺណែតដែលស្លៀក "សម្លៀកបំពាក់សិចស៊ី" ដែលធ្វើឲ្យខូចកេរ្តិ៍ឈ្មោះ និងអាម៉ាស់ដល់ស្ត្រីខ្មែរទាំងអស់បង្កឱ្យមាន“ ការបំផ្លាញវប្បធម៌ខ្មែរ” និងប៉ះពាល់ដល់គុណតម្លៃសីលធម៌ និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ។
-
ភ្នំពេញ
ការបង្កើតច្បាប់ និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស
ក្រសួងមហាផ្ទៃបានច្រានចោលសំណើរបស់អង្គការសង្គមស៊ីវិលប្រមាណចំនួន ១០០ ដែលស្នើអោយនិរាករណ៍ច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល។ ការបដិសេធនេះធ្វើឡើងបន្ទាប់ពីអង្គការចំនួន ១០០ បានចេញសេចក្តីថ្លែងការណ៍រួមមួយទាមទារឱ្យរដ្ឋាភិបាលធ្វើវិសោធនកម្មមាត្រាមួយចំនួននៅក្នុងច្បាប់នេះ ដែលបង្ហាញពីផលប៉ះពាល់អវិជ្ជមាននៃច្បាប់អង្គការសមាគម។ ក្រសួងមហាផ្ទៃបានបញ្ជាក់ថាច្បាប់អង្គការសមាគមបានឆ្លងកាត់កិច្ចពិគ្រោះយោបល់ផ្សេងៗជាច្រើន និងស្របតាមរដ្ឋធម្មនុញ្ញ ហើយដោយសារតែមតិផ្សេងៗគ្នារបស់ក្រុមសង្គមស៊ីវិលរាប់ពាន់នៅកម្ពុជា ដែលនេះជាបញ្ហាមួយ ដែលទីបំផុតមិនអាចដោះស្រាយបានទេ។
-
ភ្នំពេញ
អំពើហិង្សាលើសកម្មជន
លោក សឿន មេន អនុប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (ស៊ីខៅឌូ) សហពន្ធ័សហជីពនៅក្រុមហ៊ុន Well & David Corporaction (W&D Cambodia Co. , Ltd) ត្រូវបានជនមិនស្គាល់មុខចំនួន ៣ នាក់វាយប្រហារខណៈពេលដែលគាត់កំពុងចេញពីរោងចក្រនៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីសម្រាកអាហារថ្ងៃត្រង់របស់គាត់។ គាត់ត្រូវបានវាយពីខាងក្រោយចំក្បាល និងរងរបួសយ៉ាងធ្ងន់ធ្ងរ។ អ្នកវាយប្រហារគាត់បានចាកចេញ ហើយរត់គេចខ្លួនដោយជិះម៉ូតូ។ អ្នកវាយប្រហារមិនត្រូវបានបានគេកំណត់អត្តសញ្ញាណនោះទេ។
-
ពោធិ៍សាត់
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
បុរសជាជាងថតរូបម្នាក់ត្រូវបាននគរបាលស្រុកវាលវែងចាប់ខ្លួននៅឯពិធីមង្គលការមួយ ដោយសារការបង្ហោះសារលើហ្វេសប៊ុកទាក់ទងនឹងសុន្ទរកថារបស់លោកនាយករដ្ឋមន្រ្តីហ៊ុនសែនទាក់ទងនឹងវីរុសកូវីដ-១៩ ។ គាត់ត្រូវបានចាប់ខ្លួនពីបទជេរប្រមាថលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងរិះគន់ការការពាររបស់លោកចំពោះប្រជាជនខ្មែរ។ ក្រោយមកគាត់ត្រូវបានឃុំខ្លួនអស់រយៈពេល ៤៨ ម៉ោងហើយបានដោះលែងវិញបន្ទាប់ពីបានចុះកិច្ចសន្យាដោយបញ្ជាក់ថាគាត់នឹងមិនធ្វើសកម្មភាពបែបនេះទៀតទេ។
-
ភ្នំពេញ
ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស
សកម្មជនបរិស្ថាន ៣ នាក់មកពីអង្គការមាតាធម្មជាតិគឺ លោក ថុន រដ្ឋា និងអ្នកថតរូបពីរនាក់ត្រូវបានចាប់ខ្លួន និងនាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន។ អ្នកទាំងបីបានផលិតវីដេអូអំពីអ្វីដែលក្រសួងបរិស្ថានរឹបអូសបានដូចជាភ្លុកដំរី និងឆ្អឹងសត្វកម្រ។ អ្នកកាន់កាមេរ៉ាម្នាក់ក្នុងចំណោមពួកគេបានពាក់អាវយឺតមួយដែលមានពាក្យស្លោកថា“ ក្រោកឈរឡើង” ដែលជំរុញឲ្យអាជ្ញាធរចាប់ខ្លួនជនទាំង ៣ នាក់នោះ។ ពួកគេត្រូវបានដោះលែងបន្ទាប់ពីមានការសាកសួរយ៉ាងច្រើន និងបានធ្វើកិច្ចសន្យាដើម្បីបញ្ជាក់ថាពួកគេនឹងក្លាយជាពលរដ្ឋល្អ។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
បេក្ខជនម្នាក់ដែលប្រឡងចូលរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ត្រូវបានតុលាការកោះហៅឱ្យចូលបំភ្លឺ បន្ទាប់ពីយុវជនរូបនោះ បានបង្ហោះវីដេអូនៅលើបណ្ដាញសង្គម បង្ហាញពីភាពមិនប្រក្រតីនៃការប្រឡងជ្រើសរើសសិស្សចៅក្រម ដោយគូសបញ្ជាក់ថាមានការផ្តល់សំណូកទៅឲ្យចៅក្រមដើម្បីប្រលងជាប់។ លោក គង់ ប៊ុនរិទ្ធ ត្រូវបានកោះហៅឲ្យចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ១៤ ខែកុម្ភះ ដោយរងការចោទប្រកាន់ក្រោមបណ្តឹងចំនួន ៣ ផ្សេងគ្នា។ ការចោទប្រកាន់ទាំងនោះរួមមាន “ បរិហារកេរ្តិ៍ជាសាធារណៈ បង្កាច់បង្ខូច និងញុះញង់” បន្ទាប់ពីបង្ហោះវីដេអូ បរិហាអំពីភាព «មិនប្រក្រតី» ទាំងនោះ។ សិស្សដទៃទៀតដែលឯកភាពនឹងវីដេអូ និងបានចូលរួមក្នុងការតវ៉ា ក៏ត្រូវបានកោះហៅទៅតុលាការផងដែរ។
-
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
បុគ្គលពីរនាក់មកពីក្រុមហ៊ុនទេសចរណ៍មួយគឺ លោក ម៉ែន ចាន់នឿន និង លោកស្រី អ៊ឹង ជឿនសេរីរ័ត្ន ត្រូវបានសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប បន្ទាប់ពីបានបង្ហោះសារលើហ្វេសប៊ុកទាក់ទងនឹងវីរុសកូវីដ ១៩ នៅខេត្តសៀមរាប ដោយបានបញ្ជាក់ថា“ មានជនជាតិចិនចំនួន ៤ នាក់ផ្ទុកវីរុសថ្មីកូវីដ១៩ ស្នាក់នៅសណ្ឋាគារមួយ។ វីរុសនេះក៏បានឆ្លងដល់មគ្គុទេសទេសចរណ៍ខ្មែរម្នាក់ផងដែរ” ។ ពួកគេត្រូវបានចោទប្រកាន់ពីបទផ្សព្វផ្សាយព័ត៌មានមិនពិត ហើយត្រូវឱ្យចុះកិច្ចសន្យាបញ្ឈប់ការផ្សព្វផ្សាយ “ ព័ត៌មានក្លែងក្លាយ” ។
-
ព្រះសីហនុ
សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ
សាលាខេត្តព្រះសីហនុបានវាយកម្ទេចផ្ទះជិត ៣០ ខ្នងដែលត្រូវបានសាងសង់នៅតាមប្រឡាយ និងចិញ្ចើមផ្លូវក្នុងសង្កាត់បួន ក្នុងក្រុងព្រះសីហនុ មុនថ្ងៃផុតកំណត់នៃការបណ្តេញចេញ បើទោះបីជាមានការតវ៉ារបស់ប្រជាពលរដ្ឋក៏ដោយ។ អាជ្ញាធរអះអាងថាផ្ទះទាំងនោះត្រូវបានសាងសង់ដោយខុសច្បាប់ហើយអាចបង្កជាទឹកជំនន់ផងដែរ ដោយបញ្ជាក់ថាពួកគេនឹងមិនទទួលខុសត្រូវចំពោះការបាត់បង់ទ្រព្យសម្បត្តិឬការខូចខាតដែលបានកើតឡើងនោះទេ។ គ្រួសារភាគច្រើនបានបាត់បង់ទ្រព្យសម្បត្តិស្ទើរតែទាំងស្រុងដោយសារតែការវាយកម្ទេច ហើយសំណើសុំពន្យារពេលនៃការបណ្តេញចេញត្រូវបានបដិសេធ។ កង្វះនៃការប្រាស្រ័យទាក់ទងគ្នាបានបន្យល់អោយគ្មានទីកន្លែងស្នាក់នៅនិងគ្មានផែនការសម្រាប់សាងសង់លំនៅដ្ឋាននាពេលអនាគត។
-
ភ្នំពេញ
ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់
លោក ខៀវ ឌីនីន សកម្មជនគណបក្សសង្គ្រោះជាតិ ត្រូវបានជនមិនស្គាល់មុខវាយប្រហារនិងបង្កឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ។ អាជ្ញាធរបានអះអាងថានឹងស៊ើបអង្កេតករណីនេះ ប៉ុន្តែគ្មានជនសង្ស័យណាម្នាក់ត្រូវបានសាកសួរ ឬចាប់ខ្លួនឡើយ។ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក ឆាយ គឹមខុន បញ្ជាក់ថាទោះបីជានគរបាលធ្វើការស៊ើបអង្កេតនិងស្វែងរកជនដៃដល់ ក្នុងករណីអំពើហិង្សាភាគច្រើនទៅលើសកម្មជនគណបក្សក៏ដោយ តែក្នុងករណីខ្លះរកមិនឃើញ។
-
កំពង់ស្ពឺ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
អាជ្ញាធរបានចាប់ខ្លួនមេដឹកនាំសហជីពចំនួន ៤ នាក់មកពីសហព័ន្ធការងារកម្ពុជា គឺលោក ឌិន សាម៉ាត លោក រឿន សារិន លោក យូ សុផាត និង លោក នុត ច័ន្ទឆាយ៉ា ដោយអះអាងថាពួកគេបានដឹកនាំកូដកម្មនៅ ក្រុមហ៊ុនផាកហេនប៊ែក ក្នុងខេត្ដកំពង់ស្ពឺ ដែលត្រូវបានអាជ្ញាធរចាត់ទុកថាការតវ៉ានោះខុសច្បាប់។