កាលប្បវត្តិសិទ្ធិមនុស្សខាងក្រោមបង្ហាញពីការរំលោភសិទ្ធិមនុស្សនិងការរឹតត្បិតសិទ្ធិមនុស្សសំខាន់ៗមួយចំនួនដែលបានកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ ២០១៣-២០២៣ និងយកលំនាំតាមកាលប្បវត្តិពីមុនរបស់យើងពីឆ្នាំ១៩៩៣ ដល់ ២០១២ ដែលអាចចូលទៅមើលបាននៅទីនេះ។
ឧប្បត្តិហេតុដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សពីឆ្នាំ ២០១៣-២០២៣ បង្ហាញការរំលោភសិទ្ធិមនុស្សពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានិងភាគីទីបី។ ការរំលោភសិទ្ធិមនុស្សទាំងអស់នោះទាក់ទងទៅនឹងបញ្ហាជាច្រើនរួមមានការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការកាត់ទោសអ្នកការពារសិទ្ធិមនុស្ស ការរំលោភយកដីធ្លី ការបណ្តេញចេញដោយបង្ខំ ការរឹតត្បិតសិទ្ធិក្នុងការជួបប្រជុំសិទ្ធិក្នុងការបង្កើតសមាគម និងការសំដែងមតិដោយសន្តិវិធី ការធ្វើទារុណកម្ម ការចាប់ខ្លួនការឃុំខ្លួនតាមអំពើចិត្ត និងការបង្កើតច្បាប់និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ ព័ត៌មានដែលកត់ត្រាទៅក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះត្រូវបានប្រមូលមកពីអត្ថបទព័ត៌មានទាំងជាភាសាខ្មែរ និងអង់គ្លេស ពីគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋានរបស់ ម.ស.ម.ក ព្រមទាំងវិចារណកថា និងការវិភាគផ្សេងៗដែលបានចេញផ្សាយដោយអង្គការសង្គមស៊ីវិល ដែលធ្វើការលើបញ្ហាទាំងនេះ។
ការរៀបរាប់ដោយសង្ខេបនៅក្នុងនេះគឺមានអមដោយ តំណភ្ជាប់ទៅនឹងអត្ថបទសារព័ត៌មានដែលរាយការណ៍អំពីព្រឹត្តិការណ៍ឬការងាររបស់អង្គការសង្គមស៊ីវិលដែលធ្វើការយ៉ាងសកម្មនៅក្នុងវិស័យនេះ។ សូមរំលឹកថាករណីដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះគឺសុទ្ធសឹងតែជាករណីដែលមានការចាប់អារម្មណ៍ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយឬអង្គការសង្គមស៊ីវិលដោយសាវាមានលក្ខណៈលេចធ្លោ។
ដូច្នេះកាលប្បវត្តិសិទ្ធិមនុស្សនេះគឺគ្រាន់តែជាតំណាងនៃចំណែកតូចមួយនៃចំនួនការរំលោភសិទ្ធិមនុស្សជាក់ស្តែងដែលកើតឡើងនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។
-
រាជធានីភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
អង្គការក្រុមការងារពិសេសសិទ្ធិលំនៅឋាន បានលើកឡើងថា អាជ្ញាធរសង្កាត់ផ្សារដើមថ្កូវបានគំរាមម្ចាស់ហាងម្នាក់ដែលបានជួលទីតាំងដល់អង្គការសម្រាប់ការផ្ដល់វគ្គបណ្ដុះបណ្ដាល និងអប់រំដល់សហគមន៍ទាក់ទងនឹងសិទ្ធិដីធ្លី និងសិទ្ធិលំនៅឋាន។
-
រាជធានីភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
សុខ ឧត្តម ត្រូវបានចាប់ខ្លួនដោយសារកាត់រូបភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញពីស្លាកគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនរាជធានីភ្នំពេញ។ បើតាមរយៈសារព័ត៌មាន ហ្រ្វេស ញូវ កោះសន្តិភាព និងបណ្តាញព័ត៌មាន CEN បានលើកឡើងថានគរបាលបានធ្វើតេស្តទឹកនោមយុវជននោះ និងបានរកឃើញសារធាតុញៀនក្នុងទឹកនោម។
Khmer Times | VOA | Freshesh News | PPP
-
ខេត្តបន្ទាយមានជ័យ
ការកាត់ទោសលើអ្នកការពារសិទ្ធិមនុស្ស
លោក ចៅ វាសនា អតីតមេឃុំរបស់ គណបក្សសង្រ្គោះជាតិ និងបុគ្គល ៧នាក់ ផ្សេងទៀត ត្រូវបានសាលាដំបូងខេត្តបន្ទាយមានជ័យ ផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ ដោយសារតែព្រឹត្តិការណ៍ហិង្សានៅក្រុងប៉ោយប៉ែត កាលពីបីឆ្នាំមុន។ បុគ្គលពីរនាក់ផ្សេងទៀត ក៏ត្រូវបានចោទប្រកាន់ និងក្រោយមកទម្លាក់ការចោទប្រកាន់។ អតីតមេឃុំ និងបុគ្គល ៧នាក់ផ្សេងទៀត ត្រូវបានបង្គាប់ឱ្យបង់ប្រាក់សរុបចំនួន ១៥.០០០ ដុល្លារសហរដ្ឋអាមេរិក ចំពោះការខូចខាតដល់អគារមន្រ្តីគយ និងឡានមួយចំនួន។ វាសនា ត្រូវបានចោទប្រកាន់ពីបទ បង្កការខូចខាត និងញុះញង់ឱ្យប្រព្រឹត្តបទល្មើស។
-
រាជធានីភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
អ្នកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃ ម.ស.ម.ក និងលោក មាស គឹមសេង នាយកសមាគមធាងត្នោត បានចូលបង្ហាញខ្លួននៅចំពោះមុខចៅក្រមស៊ើបសួរនៅសាលាដំបូងរាជធានីភ្នំពេញក្នុងសំណុំរឿងលោក កឹម សុខា។
VOA | Fresh News | PPP | Fresh News ENG | Fresh News KH
-
រាជធានីភ្នំពេញ
ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់
សាលាឧទ្ធរណ៍បានបដិសេធសំណើសុំនៅក្រៅឃុំរបស់លោក កឹម សុខា អតីតមេដឹកនាំ គ.ស.ជ ជាលើកទីពីរ ដោយបន្តទុករូបលោកក្នុងពន្ធនាគារ ពីបទក្បត់ជាតិដោយចោទថាបានសមគំនិតជាមួយសហរដ្ឋអាមេរិកដើម្បីផ្តួលរំលំរដ្ឋាភិបាល។ សំណើសុំនៅក្រៅឃុំនោះត្រូវបានបដិសេធជាច្រើនដងដោយផ្អែកលើហេតុផលថាករណីនោះកំពុងស្ថិតក្នុងការស៊ើបអង្កេត និងថាលោកអាចបង្កបញ្ហាប្រសិនជាត្រូវបានដោះលែង។
Fresh News | Khmer Times | VOA Hot | PPP
-
រាជធានីភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
របបសន្តិសុខសង្គម (បសស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា ដោយបានចោទប្រកាន់លោកថាបានញុះញង់កម្មករប្រឆាំងនឹងរបបសន្តិសុខសង្គម ទាក់ទងនឹងការលើកឡើងរបស់លោកថាការផ្តល់សេវារបស់របបសន្តិសុខសង្គមមិនគ្រប់គ្រាន់សម្រាប់កម្មករដែលប្រឈមនឹងការហានិភ័យការងារ។
-
រាជធានីភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
ក្រសួងមហាផ្ទៃ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញប្រកាសអន្តរក្រសួង (ប្រកាស) ស្តីពី “ការគ្រប់គ្រងការផ្សព្វផ្សាយតាមគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គម ដែលដំណើរការតាមប្រព័ន្ធអ៊ីនធឺណិត” ។ គោលបំណងនៃការចេញប្រកាសនេះគឺដើម្បីប្រឆាំង និងទប់ស្កាត់ « ការចែកចាយព័ត៌មានដែលអាចបង្កចលាចលដល់សង្គម និងប៉ះពាល់ដល់សន្តិសុខជាតិ» ដោយប្រកាសនេះកំណត់គោលដៅលើការត្រួតពិនិត្យសកម្មភាពនៅលើអនឡាញជាធំ ដោយផ្តោតលើបណ្តាញទំនាក់ទំនងសង្គម។ ប្រកាសនេះបង្កើតក្រុមការងារត្រួតពិនិត្យពិសេសអន្តរក្រសួងដែលធ្វើប្រតិបត្តិការដោយពុំមានការត្រួតពិនិត្យពីតុលាការ និងអនុញ្ញាតឱ្យចាត់វិធានការច្បាប់ទៅលើអ្នកប្រើប្រាស់អ៊ីនធឺណិត ដែលធ្វើសកម្មភាព «ញុះញង់ បំបែកបំបាក់សាមគ្គី ការរើសអើង និងបង្កើតចលាចល»។ ប្រកាសនេះព្រមទាំងអនុញាតឱ្យបិទគេហទំព័រ និងបណ្តាញផ្សព្វផ្សាយសង្គមដែលរកឃើញថាបាន និងកំពុងចែកចាយ «ខ្លឹមសារព័ត៌មានមិនពិត»។ ជាចុងក្រោយ ប្រកាសនេះតម្រូវឱ្យក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណិតទាំងអស់ «តម្លើងកម្មវិធី Software និងបំពាក់ឧបករណ៍ត្រួតពិនិត្យអ៊ីនធឺណិតដើម្បីងាយស្រួលដកចេញ ឬប្លុកចោលគណនេយ្យ ឬគេហទំព័រទាំងនោះ» ដែលចាត់ទុកថាខុសច្បាប់។
-
រាជធានីភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
បុគ្គលិកអង្គការមួយចំនួនធ្វើការងារផ្នែកសិទ្ធិមនុស្ស និងបញ្ហាសង្គមត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញកោះហៅឱ្យចូលបង្ហាញខ្លួនក្នុងសវនាការជំនុំជម្រះរឿងក្តីលោក កឹម សុខា ។ បុគ្គលទាំងនោះ រួមមាន៖ ១. លោក សៀ ភារម្យ (អតីតនាយកប្រតិបត្តិ ក្រុមការងារពិសេសសិទ្ធិលំនៅឋាន) ឱ្យចូលខ្លួននៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ២. លោក កែវ រតនា (អតីតអ្នកគ្រប់គ្រងកម្ម វិទ្យុ៩៣.៥ អេហ្វ អ៊ឹម និងជាបុគ្គលិកផ្នែកផលិតកម្មវិធីវិទ្យុ គ.ស.ជ ) ឱ្យចូលខ្លួននៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨។ ៣. លោក ខឿន វីរ៉ាត់ (អតីតតំណាងយុវជនគណបក្សសង្គ្រោះជាតិប្រចាំរាជធានីភ្នំពេញ) ឱ្យចូលខ្លួននៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨។ ៤. លោក មាស គឹមសេង (អតីតប្រធានសមាគមធាងត្នោត) ឱ្យចូលខ្លួននៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨។ ៥. លោក ហេង ពិសិដ្ឋ (តំណាងបណ្តាញផ្សព្វផ្សាយសង្គម SBN) ឱ្យចូលខ្លួននៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨។ ៦. លោក គ្រី សុង (អតីតបុគ្គលិក ម.ស.ម.ក) ឱ្យចូលខ្លួននៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨។ ៧. លោក ប៉ា ងួនទៀង (អតីតបុគ្គលិក ម.ស.ម.ក/បច្ចុប្បន្នជានាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ) ចូលខ្លួននៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨។ ៨. អ្នកស្រី ចក់ សុភាព (បច្ចុប្បន្នជានាយិកាប្រតិបត្តិ ម.ស.ម.ក) ចូលខ្លួននៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨។
PPP | Fresh News ENG | Fresh News KH | Khmer Times | PPP
-
ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស
-
-
ខេត្តឧត្ដមានជ័យ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
អង្គការសិទ្ធមនុស្សលីកាដូ និងឧត្ដមស្នងការជាន់ខ្ពស់ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស ត្រូវបានអាជ្ញាធរស្រុកអន្លង់វែង ក្នុងខេត្តឧត្តរមានជ័យ រារាំងមិនឱ្យធ្វើការស៊ើបអង្កេតក្នុងទំនាស់ដីធ្លីមួយពាក់ព័ន្ធនឹងប្រជាពលរដ្ឋចំនួន១២២គ្រួសារក្នុងឃុំអន្លង់វែង និងត្រូវបានអាជ្ញាធររារាំងមិនឱ្យជួបជាមួយប្រជាពលរដ្ឋដែលពាក់ព័ន្ធនោះទេ។
-
រាជធានីភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
រដ្ឋាភិបាលបានបញ្ជាឱ្យចរាចរណ៍អ៊ីនធឺណិតទាំងក្នុងស្រុក និងអន្តរជាតិ នៅក្នុងព្រះរាជាណាចក្រ ត្រូវធ្វើប្រតិបត្តិការឆ្លងកាត់មជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យ (DMC) ដែលទើបតែបង្កើតឡើងដោយទូរគមនាគមន៍កម្ពុជា គ្រប់គ្រងដោយរដ្ឋ បង្កើតនូវប្រព័ន្ធតាមដានឃ្លាំមើលដ៏ទូលំទូលាយមួយ។ នេះគឺជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើឯកជនភាពរបស់បុគ្គល និងអាចត្រូវបានប្រើប្រាស់ដើម្បីកំណត់មុខសញ្ញាទៅលើអ្នកមាននិន្នាការជំទាស់ និងសកម្មជន។
Fresh News | Khmer Times | PPP | Wakelet | Fresh News Asia | Reuters | SBS
-
រាជធានីភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
ប្រជាសហគមន៍ជាង២០០នាក់ មកពីខេត្តកោះកុងដែលបានដាក់ញត្តិជូនទៅមន្ត្រីក្រសួងដែនដីកាលពីល្ងាចមិញ និងបានគេងស្នាក់នៅវត្តសាមគ្គី រង្ស៊ី នោះ ត្រូវបាននគរបាល និងកម្លាំងសន្តិសុខរារាំង ខណៈពួកគាត់ព្យាយាមដើរថ្មើជើងចម្ងាយដី ៥គីឡូម៉ែត្រ ទៅក្រសួងដែនដីនៅថ្ងៃបន្ទាប់។ អ្នកតវ៉ា រួមទាំងស្ត្រីបីកូន មនុស្សចាស់ និងកុមារផងដែរត្រូវបានកម្លាំងសន្តិសុខរុញច្រានពេញកម្លាំង។
Wakelet | Fresh News Asia | Reuters | SBS | Fresh News | PPP
-
ខេត្តកំពង់ធំ
ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់
នគរបាលខេត្តកំពង់ធំបានឃាត់ខ្លួនគ្រូបង្រៀនសាលាបឋមសិក្សា អាយុ៥០ឆ្នាំ ម្នាក់ដោយសារការជេរប្រមាថព្រះមហាក្សត្រតាមហ្វេសប៊ុក។ តាមរយៈសារបញ្ចេញមតិលើហ្វេសប៊ុក លោកណាវី បានស្តីបន្ទោសព្រះមហាក្សត្រ និងគ្រួសាររាជវង្ស ដោយសារតែការរំលាយគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៧ ព្រមទាំង ធ្វើឱ្យ'បាត់បង់ដីខ្មែរ'។ លោកកំពុងស្ថិតនៅក្នុងមន្ទីរឃុំឃាំងនគរបាល និងនៅពុំទាន់ទទួលបានមេធាវីនៅឡើយ។ លោកបានសរសេរសារបញ្ចេញមតិក្នុងន័យដើមថា « ស្តេចចោលម្សៀត ហ៊ានរំលាយបក្ស CNRP ក្បត់ឆន្ទៈរាស្ត្រជាង៣លាននាក់ ដើម្បីបម្រើ យួន ចិន រួមគ្នារំលាយទឹកដីខ្មែរ...។ ពូជនរោត្តម ជាជនក្បត់ជាតិ... មានសីហនុ រណឬទ្ធិ សីហមុនី...»។ លោកគ្រូបង្រៀនរូបនេះបានសារភាពថាបានបញ្ចេញមតិទាំងនេះ។ ក្រមព្រហ្មទណ្ឌកម្ពុជា ចែងថា «ការប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី០១ឆ្នាំ ទៅ០៥ឆ្នាំ និងពិន័យជាទឹកប្រាក់ពី ២លានរៀល ទៅ១០លានរៀល»។
Fresh News | Fresh News KH | Khmer Times | PPP | Fresh News | PPP
-
រាជធានីភ្នំពេញ
ការកាត់ទោសលើអ្នកការពារសិទ្ធិមនុស្ស
សាលាឧទ្ធរណ៍បានតម្កល់សាលក្រមពាក់ព័ន្ធនឹងបទ «កុប្បកម្ម» របស់គណបក្សសង្រ្គោះជាតិ កាត់ទោសលោកមាជ សុវណ្ណារ៉ា និងសមាជិកគណបក្សសង្គ្រោះជាតិ១០នាក់ផ្សេងទៀត ដាក់ពន្ធនាគាររយៈពេល ៧ឆ្នាំ ដល់ ២០ឆ្នាំ ដោយសារការចូលរួមក្នុងការតវ៉ាបន្ទាប់ពីការបោះឆ្នោតឆ្នាំ២០១៣។ ចុងចោទទាំងអស់មានសិទ្ធិប្តឹងសារទុក្ខទៅតុលាការកំពូល។
Fresh News EN | Khmer Times | PPP | PPP
-
មណ្ឌលគិរី
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
តំណាងក្រុមជនជាតិដើមភាគតិច ពូនង មកពីប្រាំស្រុកក្នុងខេត្តមណ្ឌលគិរី ត្រូវបាននគរបាលសាកសួរដោយសារពួកគាត់ព្យាយាមស្វែងរកអន្តរាគមន៍ពីខុទ្ធកាល័យនាយករដ្ឋមន្ត្រី ហ៊ុន សែន ទាក់ទងនឹងការបាត់បង់ដីព្រៃអារក្ខក្នុងទំនាស់ដីធ្លីមួយ។ តំណាងទាំងនេះ ត្រូវបានបញ្ឈប់នៅច្រកត្រួតពិនិត្យមួយនៅពេលពួកគាត់ធ្វើដំណើរយកញត្តិទៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី និងត្រូវឃុំខ្លួននៅអធិការដ្ឋាននគរបាលស្រុកអស់ជាច្រើនម៉ោង។
-
រាជធានីភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
សារព័ត៌មានភ្នំពេញប៉ុស្តិ៍ ដែលជាសារព័ត៌មានឯករាជ្យមួយ ត្រូវបានលក់ឱ្យទៅក្រុមហ៊ុនទំនាក់ទំនងសាធារណៈរបស់ម៉ាលេស៊ី អាស៊ី PR ក្រុមហ៊ុនដែលមានលោក ស៊ីវ៉ាកុមារ អែស ហ្កាណាផាធី ដឹកនាំ។ ក្រុមហ៊ុននេះផ្ដល់ «ទំនាក់ទំនងសាធារណៈសម្ងាត់» និងបានកត់ត្រាថាការងាររបស់ក្រុមហ៊ុននេះ មួយគឺការងាររបស់រដ្ឋាភិបាល «នាំឱ្យ លោក ហ៊ុន សែន ទទួលបានតំណែងក្នុងជួររដ្ឋាភិបាល»។ ការទិញនេះ បានបន្តលើកឡើងជាការព្រួយបារម្ភអំពីឯករាជ្យភាព នៃសារព័ត៌មាននេះ និងមានពាក្យចចាមអារ៉ាម បានផ្សព្វផ្សាយថាអ្នកសារព័ត៌មានក្នុងភ្នាក់ងារសារព័ត៌មាននេះ ត្រូវបានហាមឃាត់មិនឱ្យរិះគន់រដ្ឋាភិបាល។ ភ្លាមៗបន្ទាប់ពីការលក់នេះ និពន្ធនាយកនៃស្ថាប័ននេះ ត្រូវបានបណ្ដេញចេញ បន្ទាប់ពីបដិសេធក្នុងការដកអត្ថបទដែលភ្ជាប់ទំនាក់ទំនងរវាងម្ចាស់កម្មសិទ្ធិថ្មីជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។ បុគ្គលិកជាន់ខ្ពស់ និងអ្នកសារព័ត៌មានមួយចំនួន ក៏បាននាំគ្នាលាឈប់ជាបន្តបន្ទាប់។ នៅដើមខែកក្កដា ឆ្នាំ២០១៨ លោក ស៊ីវ៉ាកុមារ អែស ហ្កាណាផាធី ត្រូវបានជំនួសដោយលោក លី តាយសេង ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាល។ លោក លី តាយសេង ជាមេធាវីតំណាងឱ្យ ស៊ីវ៉ាកុមារ អែស ហ្កាណាផាធី ក្នុងអំឡុងពេលការទិញលក់សារព័ត៌មានភ្នំពេញប៉ុស្តិ៍។ លោកក៏ហាក់ដូចជាមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា៖ ក្នុងអំឡុងឆ្នាំ ២០០៥ និង ២០១៥ លោកមានតួនាទីជា «អ្នកស្រាវជ្រាវ និងអ្នកវិភាគ ផ្នែកនយោបាយ និងផ្នែកច្បាប់ នៅអគ្គលេខាធិការ នៃ ឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ក្រោមការឧបត្ថម្ភរបស់ខុទ្ទកាល័យនាយករដ្ឋមន្រ្តី» ហើយក្រុមហ៊ុនមេធាវីរបស់លោក ឈ្មោះថា HBS បានសង្កត់ធ្ងន់នូវ «ទំនាក់ទំនងសហការណ៍ជាមួយរដ្ឋាភិបាល»។
Fresh News ENG | Fresh News KH | Khmer Times | PPP | VOA | RFA
-
រាជធានីភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
អាជ្ញាធរបានអះអាងថាការចែកចាយខិតប័ណ្ណអំពាវនាវឱ្យធ្វើពហិកាបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិ អាចនឹងរំលោភមាត្រា៣៤ នៃរដ្ឋធម្មនុញ្ញ និងមាត្រា១៤២ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ហើយថានឹងមានវិធានការច្បាប់លើលោក សម រង្ស៊ី និងជនណាដែលចែកចាយខិត្តប័ណ្ណទាំងនេះដោយផ្ទាល់ ឬតាមរយៈអ៊ីនធឺណិត។
Fresh News | PPP | Fresh News | PPP
-
ខេត្តព្រះសីហនុ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
អតីតសកម្មជនគណបក្សសង្គ្រោះជាតិ សៅ ឧសភា ត្រូវបានមេឃុំកោះហៅដើម្បីសាកសួរទាក់ទងនឹងការប្រមាថនាយករដ្ឋ មន្ត្រី ហ៊ុន សែន តាមការបង្ហោះសារនៅលើហ្វេសប៊ុក ជាកំណាព្យដោយសំដៅដល់ «អាជោចង្រៃ ឯកចក្ខុ»។ នាងត្រូវបានឱ្យចុះកិច្ចសន្យា បញ្ឈប់ការសរសេរក្នុងបណ្ដាញសង្គមរិះគន់រាល់ពាក្យប៉ះពាល់រដ្ឋាភិបាល» នាពេលអនាគត។
ppp | PPP | Fresh News
-
រាជធានីភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
សាលារាជធានីភ្នំពេញបដិសេធសំណើរបស់សហជីពសុំដើរហែក្បួនក្នុងទីក្រុងដើម្បីប្រារព្ធទិវាពលកម្មអន្តរជាតិ។ មន្ត្រីសាលាក្រុងបានលើកឡើងពីការបារម្ភផ្នែកចរាចរណ៍ និងសុវត្ថិភាពសាធារណៈ ដោយបដិសេធសំណើរសុំដើរហែក្បួនរបស់សហជីព ចេញពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទៅរដ្ឋសភាជាតិ និងបានណែនាំឱ្យក្រុមសហជីពទៅប្រារព្ធពិធីនេះ នៅទីលានប្រជាធិបតេយ្យថ្មី ដែលឆ្ងាយពីទីក្រុងជំនួសវិញ។
-
ខេត្តកោះកុង
សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ
អាជ្ញាធរមូលដ្ឋានបានកំណត់ឱសានវាទត្រឹមថ្ងៃទី២៥ ខែមេសា ឱ្យជនជាតិដើមភាគតិច ជង រុះរើទីស្នាក់ការនៅសហគមន៍របស់ពួកគាត់ចេញពីតំបន់ជ្រលងអារ៉ែង ដោយអះអាងថាពួកគាត់ពុំទាន់បានទទួលស្គាល់ជាផ្លូវការថាជាក្រុមជនជាតិដើមភាគតិចនៅឡើយ។ អ្នកភូមិលើកឡើងថានេះគឺជាការប៉ុនប៉ងរបស់អាជ្ញាធរដើម្បីបង្អាក់ការដាក់សំណុំបែបបទដើម្បីឱ្យមានការទទួលស្គាល់ក្នុងឋានៈជាជនជាតិដើមភាគតិច ហើយអាជ្ញាធរមួយចំនួនបារម្ភថាដីនោះមិនអាចលក់បាន នៅពេលដែលប្រជាពលរដ្ឋទាំងនោះទទួលបានឋានៈជាក្រុមជនជាតិដើមភាគតិច។ ជាលទ្ធផល ដំណើរការដាក់បែបបទនោះបានជាប់គាំងម្តងហើយម្តងទៀត។ អ្នកភូមិបានដាក់ញត្តិជាច្រើនទៅអង្គការសហប្រជាជាតិ និងស្ថានទូតនានាក្នុងរាជធានីភ្នំពេញ។