កាលប្បវត្តិសិទ្ធិមនុស្សខាងក្រោមបង្ហាញពីការរំលោភសិទ្ធិមនុស្សនិងការរឹតត្បិតសិទ្ធិមនុស្សសំខាន់ៗមួយចំនួនដែលបានកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ ២០១៣-២០២៣ និងយកលំនាំតាមកាលប្បវត្តិពីមុនរបស់យើងពីឆ្នាំ១៩៩៣ ដល់ ២០១២ ដែលអាចចូលទៅមើលបាននៅទីនេះ។
ឧប្បត្តិហេតុដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សពីឆ្នាំ ២០១៣-២០២៣ បង្ហាញការរំលោភសិទ្ធិមនុស្សពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានិងភាគីទីបី។ ការរំលោភសិទ្ធិមនុស្សទាំងអស់នោះទាក់ទងទៅនឹងបញ្ហាជាច្រើនរួមមានការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការកាត់ទោសអ្នកការពារសិទ្ធិមនុស្ស ការរំលោភយកដីធ្លី ការបណ្តេញចេញដោយបង្ខំ ការរឹតត្បិតសិទ្ធិក្នុងការជួបប្រជុំសិទ្ធិក្នុងការបង្កើតសមាគម និងការសំដែងមតិដោយសន្តិវិធី ការធ្វើទារុណកម្ម ការចាប់ខ្លួនការឃុំខ្លួនតាមអំពើចិត្ត និងការបង្កើតច្បាប់និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ ព័ត៌មានដែលកត់ត្រាទៅក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះត្រូវបានប្រមូលមកពីអត្ថបទព័ត៌មានទាំងជាភាសាខ្មែរ និងអង់គ្លេស ពីគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋានរបស់ ម.ស.ម.ក ព្រមទាំងវិចារណកថា និងការវិភាគផ្សេងៗដែលបានចេញផ្សាយដោយអង្គការសង្គមស៊ីវិល ដែលធ្វើការលើបញ្ហាទាំងនេះ។
ការរៀបរាប់ដោយសង្ខេបនៅក្នុងនេះគឺមានអមដោយ តំណភ្ជាប់ទៅនឹងអត្ថបទសារព័ត៌មានដែលរាយការណ៍អំពីព្រឹត្តិការណ៍ឬការងាររបស់អង្គការសង្គមស៊ីវិលដែលធ្វើការយ៉ាងសកម្មនៅក្នុងវិស័យនេះ។ សូមរំលឹកថាករណីដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះគឺសុទ្ធសឹងតែជាករណីដែលមានការចាប់អារម្មណ៍ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយឬអង្គការសង្គមស៊ីវិលដោយសាវាមានលក្ខណៈលេចធ្លោ។
ដូច្នេះកាលប្បវត្តិសិទ្ធិមនុស្សនេះគឺគ្រាន់តែជាតំណាងនៃចំណែកតូចមួយនៃចំនួនការរំលោភសិទ្ធិមនុស្សជាក់ស្តែងដែលកើតឡើងនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។
-
ព្រះវិហារ
ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស
សាលាដំបូងខេត្តព្រះវិហារបានឃាត់ខ្លួនអ្នកស្រី បញ្ចសីលា (ហៅ យាយ ម៉ែន) ប្រធានគណបក្សសាធារណរដ្ឋខ្មែរ និងសហសេវិកម្នាក់របស់លោកស្រី ឈ្មោះ ចាន់ ភាព ដើម្បីធ្វើការស៊ើបអង្កេតបន្ថែមជុំវិញករណីដែលអះអាងថា «មានការញុះញង់បុគ្គលដទៃដើម្បីអោយទន្ទ្រានយកដីសហគមន៍ និងញុះញង់អោយមានអំពើហិង្សា»។ នគរបាលបានចោទប្រកាន់ថា អ្នកស្រី បញ្ចសីលា បានដឹកនាំប្រជាពលរដ្ឋមួយក្រុមទៅកាន់សាលាស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលនៅទីនោះពួកគេបានគំរាមកំហែងនគរបាលដោយហិង្សា និងប៉ុនប៉ងចាប់យកដីរដ្ឋនៅដែនជម្រកសត្វព្រៃ គូលេន ព្រំទេព។
-
កំពង់ចាម
ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់
លោក ទិត្យ រ៉ន បានស្លាប់នៅក្នុងបន្ទប់ឃុំឃាំងរបស់គាត់ ខណៈពេលស្ថិតក្នុងការឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តកំពង់ចាម។ ឪពុករបស់លោក រ៉ន បាននិយាយថាគាត់បានរកឃើញ ស្នាមជាំនៅលើដងខ្លួន បាក់ឆ្អឹងនៅពីលើភ្នែកខាងស្តាំរបស់ជនរងគ្រោះនិងបាក់កញ្ចឹងក។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
ក្រសួងការពារជាតិបានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធចាត់វិធានការទៅលើបុគ្គលដែលបានបង្ហោះសារក្នុងចេតនាទុច្ចរិត «បង្កហេតុ» ជាមួយរូបថតរបស់មេបញ្ជាការកងរាជអាវុធហត្ថ ដោយបានអះអាងថាសកម្មភាពទាំងនេះគឺខុសច្បាប់ ធ្វើឡើងក្នុងចេតនាញុះញង់ឱ្យទាហានប្រឆាំងនឹងរដ្ឋាភិបាល។
-
ភ្នំពេញ
ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស
លោក ផែង វណ្ណៈ វរៈសេនីយ៍ទោ ត្រូវបានចាប់ខ្លួន និងនាំខ្លួនទៅសាកសួរដោយកងរាជអាវុធហត្ថ បន្ទាប់ពីមានដីកាបង្គាប់ពីសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីលោកបានធ្វើអត្ថាធិប្បាយនៅលើទំព័រហ្វេសប៊ុកទាក់ទងនឹងការស្លាប់របស់លោកបណ្ឌិត កែម ឡី ដែលគេចាត់ទុកថាគឺជា «ការញុះញង់» ក្រោមមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ សារដែលបានបង្ហោះនោះសរសេរថា « លោក លឹម ជាវុត្ថា អគ្គនាយកបណ្ដាញព័ត៌មាន Fresh News ជាតំណាងរបស់ថ្នាក់ដឹកនាំ (លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន) បាននាំយកថវិកាចំនួន ៥០,០០០ដុល្លារសហរដ្ឋអាម៉េរិក ទៅជូនគ្រួសាររបស់លោកបណ្ឌិត កែម ឡី ដើម្បីសាងសង់ចេតីយ៍»។
-
កំពត
ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឆ្លើយតបទៅនឹងការចោទប្រកាន់ដែលថាការដាច់អគ្គិសនីនៅទូទាំងប្រទេសគឺជាការដោះសារដោយសារការសាងសង់ទំនប់វារីអគ្គិសនីបន្ថែមទៀត។ លោកនាយករដ្ឋមន្ត្រីបានថ្លែងថាជនដែលធ្វើការចោទប្រកាន់នេះគួរតែត្រូវបានផ្តាច់អគ្គិសនីនៅផ្ទះរបស់ពួកគេ ហើយ «ប្រយ័ត្នស្លាប់ដោយសាររន្ទៈបាញ់»។
-
បន្ទាយមានជ័យ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
លោក វឿន គឹមលន់ ឧត្តមសេនីយ៍កងរាជអាវុធហត្ថផ្កាយមួយ ត្រូវបានចាប់ខ្លួនក្នុងខេត្តបន្ទាយមានជ័យ និងត្រូវបានចោទប្រកាន់ថាបានប្រើប្រាស់យូធូបរបស់លោកដើម្បីចែកចាយព័ត៌មានមិនពិតរិះគន់ថ្នាក់ដឹកនាំ គឺលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ លោកត្រូវបានចោទប្រកាន់ពីបទញុះញង់ទាហានដើម្បីកុំឱ្យគោរពនាយករដ្ឋមន្ត្រី កាន់កាប់និងដឹកជញ្ជូនអាវុធដោយពុំមានការអនុញ្ញាត និងញុះញង់ឱ្យបុគ្គលដទៃប្រព្រឹត្តបទល្មើសក្រោមមាត្រា ៤៧១ មាត្រា ៤៩០ មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ លោកត្រូវបានដាក់ឱ្យស្ថិតនៅក្នុងការឃុំខ្លួនជាបណ្តោះអាសន្ន។
-
ភ្នំពេញ
ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស
សាលាដំបូងរាជធានីភ្នំពេញបានប្រកាសថានឹងមិនទម្លាក់ចោលបទចោទប្រកាន់លើលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិឡើយ។ លោក កឹម សុខា ត្រូវបានចាប់ខ្លួននៅក្នុងឆ្នាំ២០១៧ពីបទក្បត់ជាតិ។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
សាលាដំបូងរាជធានីភ្នំពេញបានចេញដីកាចាប់ខ្លួនសមាជិកជាន់ខ្ពស់៨រូបនៃអតីតគណបក្សសង្គ្រោះជាតិ ក្នុងនោះរួមមាន លោក សម រង្ស៊ី ប្រធានស្តីទី លោកស្រី មូរ សុខហួរ អនុប្រធាន លោកអេង ឆៃអ៊ាង លោក ឡុង រី អតីតតំណាងរាស្ត្រ លោក ម៉ែន សុថាវរិន្ទ្រ លោក អ៊ូ ច័ន្ទរ័ត្ន លោក ទុក វ៉ាន់ច័ន្ទ និងលោក ហូរ វ៉ាន់។ ដីកានោះបញ្ជាក់ថាអ្នកទាំងនោះជាប់ចោទពីបទ «រៀបចំផែនការក្បត់ និងញុះញង់ឱ្យប្រព្រឹត្តបទល្មើសប្រព្រឹត្តនៅកម្ពុជានិងកន្លែងផ្សេងទៀតនៅថ្ងៃទី២០ ទី២១ ទី២២ ទី២៥ ទី២៦ និងទី២៧ ខែមករា អនុលោមតាមមាត្រា ៤៥៣ មាត្រា៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ»។
-
ភ្នំពេញ
ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ពាក្យបណ្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញទាមទារប្រាក់សំណងជម្ងឺចិត្ត បួនពាន់លានរៀល (ប្រមាណ១លានដុល្លារអាម៉េរិក) និងស្នើឱ្យព្រះរាជអាជ្ញាចោទប្រកាន់ លោក សរ ចាន់ដេត អតីតសមាជិកព្រឹទ្ធសភាពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទល្មើស« ក្រោមក្រមព្រហ្មទណ្ឌទាក់ទងនឹង «ការប្រមាថ» ដែលធ្វើឡើងនៅលើបណ្តាញហ្វេសប៊ុក។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
អាជ្ញាធររាជធានីភ្នំពេញបាននាំខ្លួនបុរស៤នាក់ដែលស្នាក់នៅទីស្នាក់ការកណ្តាលរបស់អតីតគណបក្សសង្គ្រោះជាតិដើម្បីសាកសួរនៅឯប៉ុស្តិ៍នគរបាលមួយស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។ មន្ត្រីនគរបាលបានអះអាងថាពួកគាត់បានបន្ទច់បង្អាក់ក្រុមមន្ត្រីពីការធ្វើជំរឿនប្រជាជននៅអគារនោះ។ បុរសទាំង៤នាក់នោះត្រូវបានដោះលែងវិញនៅព្រឹកបន្ទាប់។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតអង្គភាពអ្នកនាំពាក្យសម្រាប់ធ្វើប្រតិកម្មតបទៅនឹងការរិះគន់របស់អ្នកសារព័ត៌មាននិងសាធារណជនលើរដ្ឋាភិបាល។ អង្គភាពនេះមានភារកិច្ចគ្រប់គ្រង សម្របសម្រួល និងផ្សព្វផ្សាយព័ត៌មាននានាទាក់ទងនឹងរដ្ឋាភិបាល។ អង្គភាពនេះក៏នឹងទទួលខុសត្រូវលើការប្រមូល តាមដាន និងស៊ើបអង្កេត ព្រមទាំងការវិភាគទៅលើព័ត៌មាន និងព្រឹត្តិការណ៍នានាផងដែរ។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
ស្ត្រីចំនួន៤០០នាក់មកពីអង្គការ សមាគម និងសហជីពត្រូវបានកងកម្លាំងសន្តិសុខរាជធានីភ្នំពេញរារាំង ខណៈពួកគាត់ព្យាយាមដើរហែក្បួនពីពហុកីឡាដ្ឋានអូឡាំពិកទៅកាន់ទីស្តីការគណៈរដ្ឋមន្ត្រីដែលជាការបង្ហាញពីការគាំទ្រទិវាសិទ្ធិនារីអន្តរជាតិ និងដើម្បីដាក់ញត្តិរួមមួយច្បាប់ទាក់ទងនឹងសិទ្ធិស្ត្រី។ សាលារាជធានីភ្នំពេញបានបដិសេធផ្តល់ការអនុញ្ញាតចំពោះការដើរហែក្បួននោះដោយបានអះអាងថានឹងធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងធ្វើឱ្យរាំងស្ទៈចរាចរណ៍។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថាឱកាសសម្រាប់អតីតមន្ត្រីគណបក្សសង្គ្រោះជាតិក្នុងការស្វែងរកនីតិសម្បទាដើម្បីទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញអាចនឹងបញ្ចប់នៅមុន ឬក្រោយចូលឆ្នាំខ្មែរក្នុងខែមេសា។ លោកព្រមានថាបុគ្គលណាដែលមិនព្រមគោរពតាមសេចក្តីសម្រេចតុលាការ ហើយបានធ្វើសកម្មភាពនយោបាយដោយពុំទាន់ទទួលបាននីតិសម្បទានឹងប្រឈម «ការដាក់ខ្នោះ»។
-
ព្រះវិហារ
សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ
យ៉ាងហោចណាស់ទាហាន ៥ រូប ប្រដាប់ដោយអាវុធស្វ័យប្រវត្តិត្រូវបានដាក់ពង្រាយដើម្បីការពារក្រុមហ៊ុនសំណង់មួយដែលកំពុងមានទំនាស់ដីធ្លីជាមួយអ្នកភូមិក្នុងបញ្ហាសាងសង់ផ្លូវលើដីស្រែរបស់អ្នកភូមិ។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
លោក ខៀវ កាញារឹទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានអំពាវនាវដល់បណ្តាញព័ត៌មានឱ្យធ្វើការកែតម្រូវនូវកំហុសឆ្គងដែលបានធ្វើឡើងក្នុងការរាយការណ៍ព័ត៌មាននៅពេលមានការស្នើរបស់មន្ត្រីក្រសួង។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងតាមរយៈខ្សែអាត់សំឡេងបែកធ្លាយមួយថានឹង «កម្ទេច»គណបក្សជំទាស់ប្រសិនបើសហភាពអ៊ឺរ៉ុបដកកិច្ចព្រមព្រៀងនៃការលើកលែងពន្ធលើមុខទំនិញសព្វសារពើ លែកលែងតែសព្វាវុធពីប្រទេសកម្ពុជា។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានដាក់ពាក្យបណ្តឹងទៅក្រសួងមហាផ្ទៃស្នើអោយធ្វើការចាប់ខ្លួនអ្នកប្រើប្រាស់ហ្វេសប៊ុក១រូបជាបន្ទាន់ ដែលបានបង្ហោះសារប្រមាថសំដៅលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
-
ព្រះសីហនុ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
កងកម្លាំងសន្តិសុខបានបាញ់គ្រាប់ពិតលើអ្នកតវ៉ានៅខេត្តព្រះសីហនុ ខណៈពួកគាត់តវ៉ាជំទាស់នឹងសេចក្តីសម្រេចរបស់តុលាការកំពូលដែលប្រគល់ប័ណ្ណកម្មសិទ្ធិដល់គ្រួសារចំនួន៩គ្រួសារ ដែលគេជឿថាធ្វើឡើងដោយមានទំនាក់ទំនងនឹងនយោបាយ។ យ៉ាងហោចណាស់មានមនុស្សម្នាក់បានរងរបួសធ្ងន់ ហើយមនុស្ស៤នាក់ត្រូវបានចាប់ខ្លួន ព្រមទាំងអ្នកតវ៉ាម្នាក់ត្រូវបានទាត់ធាក់ទាំងដៃជាប់ខ្នោះ។ អ្នកតវ៉ាទាំងនោះត្រូវបានដោះលែងវិញបន្ទាប់ពីបានយល់ព្រមបញ្ឈប់ការតវ៉ារបស់ពួកគាត់។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
លោក ប៉ាវ ស៊ីណា ប្រធានសហជីពចលនាកម្មករ និងមន្ត្រីសហជីពចំនួន៦នាក់ផ្សេងទៀត (ឆេង ឈាន់ ឆេង ស៊ីណា ប៉ែន ស៊ីថូ ហ៊ួន ប៊ុនណ្ណា ទុយ ស៊ួត និង អ៊ុន វ៉ាន់ឌុយ) ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកោះហៅអោយចូលបង្ហាញខ្លួននៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ រងការចោទប្រកាន់ពីបទ «សមគំនិតធ្វើឲ្យខូចខាតដោយចេតនា» បន្ទាប់ពីមានការតវ៉ាមួយនៅរោងចក្រអូសេអង់ហ្គាមីន ខូអិលធីឌីស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី១៣ និងទី១៤ ខែសីហា ឆ្នាំ២០១២ ដោយរំលោភលើមាត្រា ៣០៧ និងមាត្រា៤១០ នៃក្រមព្រហ្មទណ្ឌ។ កូដកម្មនេះបានកើតឡើងជាការឆ្លើយតបទៅនឹងការផ្អាកប្រតិបត្តិការរបស់រោងចក្រ ដោយជូនដំណឹងដល់កម្មកររយៈពេលខ្លីនៅចន្លោះថ្ងៃទី២៦ ខែឧសភា ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១២ ដែលបានបញ្ជាក់ថាដោយសារពុំមានការបញ្ជាទិញពីអតិថិជន។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
ក្រសួងមហាផ្ទៃបានទទួលដីកាបង្គាប់ឱ្យចាប់ខ្លួនលោក សម រង្ស៊ី ប្រសិនបើលោកចូលមកកម្ពុជា។