កាលប្បវត្តិសិទ្ធិមនុស្សខាងក្រោមបង្ហាញពីការរំលោភសិទ្ធិមនុស្សនិងការរឹតត្បិតសិទ្ធិមនុស្សសំខាន់ៗមួយចំនួនដែលបានកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ ២០១៣-២០២៣ និងយកលំនាំតាមកាលប្បវត្តិពីមុនរបស់យើងពីឆ្នាំ១៩៩៣ ដល់ ២០១២ ដែលអាចចូលទៅមើលបាននៅទីនេះ។
ឧប្បត្តិហេតុដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សពីឆ្នាំ ២០១៣-២០២៣ បង្ហាញការរំលោភសិទ្ធិមនុស្សពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានិងភាគីទីបី។ ការរំលោភសិទ្ធិមនុស្សទាំងអស់នោះទាក់ទងទៅនឹងបញ្ហាជាច្រើនរួមមានការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការកាត់ទោសអ្នកការពារសិទ្ធិមនុស្ស ការរំលោភយកដីធ្លី ការបណ្តេញចេញដោយបង្ខំ ការរឹតត្បិតសិទ្ធិក្នុងការជួបប្រជុំសិទ្ធិក្នុងការបង្កើតសមាគម និងការសំដែងមតិដោយសន្តិវិធី ការធ្វើទារុណកម្ម ការចាប់ខ្លួនការឃុំខ្លួនតាមអំពើចិត្ត និងការបង្កើតច្បាប់និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ ព័ត៌មានដែលកត់ត្រាទៅក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះត្រូវបានប្រមូលមកពីអត្ថបទព័ត៌មានទាំងជាភាសាខ្មែរ និងអង់គ្លេស ពីគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋានរបស់ ម.ស.ម.ក ព្រមទាំងវិចារណកថា និងការវិភាគផ្សេងៗដែលបានចេញផ្សាយដោយអង្គការសង្គមស៊ីវិល ដែលធ្វើការលើបញ្ហាទាំងនេះ។
ការរៀបរាប់ដោយសង្ខេបនៅក្នុងនេះគឺមានអមដោយ តំណភ្ជាប់ទៅនឹងអត្ថបទសារព័ត៌មានដែលរាយការណ៍អំពីព្រឹត្តិការណ៍ឬការងាររបស់អង្គការសង្គមស៊ីវិលដែលធ្វើការយ៉ាងសកម្មនៅក្នុងវិស័យនេះ។ សូមរំលឹកថាករណីដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះគឺសុទ្ធសឹងតែជាករណីដែលមានការចាប់អារម្មណ៍ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយឬអង្គការសង្គមស៊ីវិលដោយសាវាមានលក្ខណៈលេចធ្លោ។
ដូច្នេះកាលប្បវត្តិសិទ្ធិមនុស្សនេះគឺគ្រាន់តែជាតំណាងនៃចំណែកតូចមួយនៃចំនួនការរំលោភសិទ្ធិមនុស្សជាក់ស្តែងដែលកើតឡើងនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
នគរបាលរាជធានីភ្នំពេញបានកោះហៅម្ចាស់ហ្វេសប៊ុកម្នាក់ បន្ទាប់ពីលោកបានបង្ហោះសាររិះគន់ការអនុវត្តច្បាប់ចរាចរណ៍របស់ប៉ូលិស។ ប៉ូលីសបានបង្ខំគាត់ឱ្យសុំទោសជាសាធារណៈចំពោះការ "ធ្វើឱ្យខូចកិត្តិយសរបស់ប៉ូលីស" ។ គាត់ក៏តម្រូវឲ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលផ្សាយ "ព័ត៌មានមិនពិត" ដែលគាត់បានផ្សព្វផ្សាយមុនពេលដោះលែងហើយអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។
-
រតនគិរី
សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ
គ្រួសារជនជាតិដើមភាគតិចចារាយ ចំនួន៩គ្រួសារ បានរាយការណ៍ថា ក្រុមហ៊ុន៧មករា ភារី ដែលជាក្រុមហ៊ុនឯកជនដាំដើមកៅស៊ូ បានទន្ទ្រានដីរបស់ពួកគាត់នៅឃុំញាង ខេត្តរតនគីរីចាប់តាំងពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២មក។ គ្រឿងយន្តឈូសឆាយរបស់ក្រុមហ៊ុនបានបំផ្លាញដើមឈើ ដំណាំដំឡូងមី វាលស្រែ និងដំណាំដទៃទៀត និងថែមទាំងបានរារាំងពួកគាត់មិនអោយចូលចំការ។ ពលរដ្ឋម្នាក់ដែលរស់នៅក្នុងឃុំនេះ និយាយថា ក្រុមហ៊ុនមិនដែលបានជូនដំណឹងដល់ក្រុមគ្រួសារទាំងនោះ ពីផែនការក្នុងការសម្អាតដីឡើយ។ តំណាងសហគមន៍បញ្ជាក់ថែមទៀតថា ពលរដ្ឋដែលព្រួយបារម្ភនឹងបញ្ហានេះ បានដាក់ញត្តិសុំអន្តរាគមន៍ពីអាជ្ញាធរសង្កាត់។ ប៉ុន្តែ ចៅសង្កាត់បានអះអាងថាដីចំការរបស់ពលរដ្ឋ ស្ថិតក្នុងដីដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន៧មករា ភារី ដែលក្រុមហ៊ុនបានទទួលដីចំនួន១៣០០ ហិកតា ពីក្រុមហ៊ុនមួយទៀតដែលទទួលបានដីសម្បទាន៩៨០០ហិកតាតាមរយៈសម្បទានដីក្នុងតំបន់ខាងលើនាឆ្នាំ២០០៦។
-
ភ្នំពេញ
ករណីទាក់ទងនឹងការរើសអើង
លោក កែវ សុមុនី (ឈរជាបេក្ខជនចៅសង្កាត់ច្បារអំពៅទី១ ហើយលោកក៏បានជាប់ជាចៅសង្កាត់រងទី២ នៃគណបក្សភ្លើងទៀន ត្រូវបានលុបឈ្មោះចេញពីក្របខណ្ឌនៃក្រសួងសុខាភិបាល។) និងលោក អេង ស្រួយ ( ប្រធានក្រុមការងារបណ្ដោះអាសន្ន គណបក្សភ្លើងទៀន ខេត្តត្បូងឃ្មុំ ត្រូវបានលុបឈ្មោះចេញពីក្របខណ្ឌចេញពីគ្រូនគរបាលជាតិ។) ដែលមន្ត្រីបក្សប្រឆាំងពីររូបត្រូវបានដកចេញពីតំណែងមន្រ្តីរដ្ឋាភិបាលក្រោយការបោះឆ្នោតឃុំសង្កាត់។ លោក ស្រួយ ដែលជាគ្រូបង្គោលនៅសាលានគរបាល និងជាសមាជិកក្រុមការងារគណបក្សភ្លើងទៀនខេត្តត្បូងឃ្មុំ ត្រូវបានក្រសួងមហាផ្ទៃបណ្តេញចេញពីការងារកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ពីបទបោះបង់ការងារ។ ក្រោយមកក្រសួងមហាផ្ទៃបានធ្វើអត្ថាធិប្បាយថា មូលហេតុនៃការបណ្តេញលោកចេញគឺដោយសារលោក ស្រួយ បានលាលែងពីនគរបាលរួចហើយ។ លោក ស្រួយ បានបន្តរាយការណ៍ថាគាត់បានដឹងថាគាត់ត្រូវបានបណ្តេញចេញពីនគរបាលជាតិនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ហើយគាត់មិនដែលទទួលបានការជូនដំណឹងដោយផ្ទាល់ណាមួយដែលប្រាប់គាត់អំពីការបណ្តេញចេញនោះទេ។ លោក សុមុនី ដែលឈរឈ្មោះឱ្យគណបក្សភ្លើងទៀនក្នុងការបោះឆ្នោតឃុំសង្កាត់ក្នុងរាជធានីភ្នំពេញ ត្រូវបានដកចេញពីនាយកដ្ឋានសុខភាពផ្លូវចិត្ត និងគ្រឿងញៀន នៃក្រសួងសុខាភិបាល បន្ទាប់ពីការសម្រេចចិត្តរបស់គណៈកម្មាធិការវិន័យកាលពីថ្ងៃទី ២១ ខែមិថុនា ដែលមិនបានផ្តល់ហេតុផលជាក់លាក់សម្រាប់គាត់ក្នុងការបណ្តេញចេញ។លោក សុមុនី ជឿជាក់ថាការបណ្តេញលោកចេញ គឺជារឿងហេតុផលនយោបាយ។ លោកគូសបញ្ជាក់ថា លោកបានសរសេរទៅរដ្ឋមន្ត្រីសុខាភិបាលនៅខែឧសភា ឆ្នាំ២០២២ ដើម្បីសុំឈប់សម្រាកពិសេសព្រោះលោកឈរឈ្មោះជាបេក្ខជនក្នុងការបោះឆ្នោតឃុំសង្កាត់។លោក សុមុនី បានសរសេរទៅរដ្ឋមន្ត្រីក្រសួងសុខាភិបាល ដើម្បីស្នើឲ្យលោកពិនិត្យមើលការសម្រេចដកចេញរបស់លោក។ នៅក្នុងសេចក្តីថ្លែងការណ៍មួយចុះថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២២ គណបក្សភ្លើងទៀនក៏បានអំពាវនាវឱ្យក្រសួងពាក់ព័ន្ធលុបចោលការសម្រេចចិត្តបណ្តេញចេញដែលបានធ្វើឡើងដើម្បីប្រឆាំងនឹងសមាជិកគណបក្សទាំងពីរ។
-
ព្រះវិហារ
សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ
ប្រជាពលរដ្ឋជាង ១០០ គ្រួសារនៅស្រុកគូលែន ខេត្តព្រះវិហារ រាយការណ៍ថា ក្រុមហ៊ុន Cambodia Blue Haven បានដាក់គ្រឿងចក្រឈូសឆាយដីរបស់ពួកគេ កាលពីខែមិថុនា ឆ្នាំ ២០២២ ហើយបានប្តឹងអ្នកតំណាងភូមិចំនួន ១០នាក់ ដែលនាំឱ្យពួកគេតវ៉ា។ គួរបញ្ជាក់ផងដែរ ក្រុមហ៊ុន Cambodia Blue Haven ទទួលបានដីសម្បទានសេដ្ឋកិច្ចក្នុងឆ្នាំ ២០១២ ដែលជាន់លើដីរបស់ប្រជាពលរដ្ឋចំនួន ១៣០ គ្រួសារ។ ចាប់តាំងពីពេលនោះមក ក្រុមគ្រួសារនិងក្រុមហ៊ុនក៏ចាប់ផ្តើមមានជម្លោះលើដីធ្លីនោះជាបន្តបន្ទាប់។
-
កំពង់ធំ
ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់
លោក ញឹម សារ៉ុម ជាមេឃុំជាប់ឆ្នោតថ្មីរបស់គណបក្សភ្លើងទៀន នៅឃុំចំណាលើ ខេត្តកំពង់ធំ ត្រូវបានអាជ្ញាធរចាប់ខ្លួននិងបញ្ជូនទៅឃុំនៅពន្ធនាគារ ក្រោមបទចោទប្រកាន់«ប្លន់»ដែលប្រព្រឹត្តកាលពីឆ្នាំ២០០២ ។ ប្រសិនបើមានការផ្តន្ទាទោស លោក សារ៉ុម អាចនឹងប្រឈមមុខនឹងការជាប់ពន្ធនាគារពី ៥ ទៅ ១០ ឆ្នាំ។ គណបក្សភ្លើងទៀន អះអាងថា ការចាប់ខ្លួនលោក សារ៉ុម ជារឿងនយោបាយ ខណៈសំណុំរឿងនេះ ត្រូវបានដោះស្រាយជាមួយអាជ្ញាធរមូលដ្ឋានរួចស្រេចទៅហើយ នៅពេលមានបទល្មើស។ លើសពីនេះ លោក សារ៉ុម គឺជាសមាជិកសកម្មរបស់គណបក្សប្រឆាំងជាយូរមកហើយ រួមទាំងអតីតគណបក្ស សម រង្ស៊ី និងអតីតគណបក្សសង្គ្រោះជាតិផងដែរ។ សាលក្រមរបស់តុលាការបានលេចចេញនៅថ្ងៃតែមួយ ដោយបង្ហាញថា លោក សារ៉ុម ផងដែរ ត្រូវបានកាត់ទោសកំបាំងមុខកាលពីឆ្នាំ២០១៤ ឲ្យជាប់ពន្ធនាគាររយៈពេលប្រាំឆ្នាំ។ លោក ញឹម សារ៉ុម ត្រូវបានដោះលែងឲ្យនៅក្រៅឃុំនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ការជួបប្រជុំ ឬការបង្កើតសមាគម
ស្ទើរតែពេញមួយខែមិថុនា ក្រុមបាតុករណាហ្គាវើលបានបន្តធ្វើកូដកម្ម ហើយថ្ងៃខ្លះមានចំនួនកូដករលើសមួយរយនាក់។ ពួគគេត្រូវបានរុញចូលទៅលើឡានក្រុង ហើយយកទៅទម្លាក់ចោលនៅខាងក្រៅក្រុងភ្នំពេញ។ កាលពីថ្ងៃទី១០ ខែមិថុនា អាជ្ញាធរធ្លាប់បង្ខំកូដករ ៧៧នាក់ឡើងលើឡានក្រុង។ កូដករម្នាក់បានអះអាងថានាងត្រូវបានគេទាត់ចំខ្នង។ នៅថ្ងៃទី២៣ មិថុនា ក្នុងពេលធ្វើកូដកម្មនោះផងដែរ អ្នកឃ្លាំមើលសិទ្ធិមនុស្សកម្ពុជា ត្រូវបានអាជ្ញាធរដេញចេញពីកន្លែងធ្វើកូដកម្ម។កាលពីថ្ងៃទី ២៧ ខែមិថុនា យ៉ាងហោចណាស់មានកូដករណាហ្គាវើលដ៍ ១០នាក់បានរងរបួស បន្ទាប់ពីអាជ្ញាធរបានបំបែកការតវ៉ាដោយប្រើហិង្សា ខណៈដែលពួកគេព្យាយាមធ្វើដំណើរទៅកាន់អាគារកាស៊ីណូ។ បាតុករម្នាក់និយាយថា នាងត្រូវបានជេរប្រមាថ វាយក្បាលនឹងឧបករណ៍ អាយកូម (Walkie Talkie) ហើយអាជ្ញាធរបានចាប់បោចសក់និងវាយក្បាលបុរសជាបាតុករម្នាក់ ទល់នឹងរថយន្តប៉ូលីស។ អ្នកតវ៉ាម្នាក់ទៀតបាននិយាយថា នាងត្រូវបានគេចាប់ទាញសក់នាងរហូតដល់ដួលទៅលើផ្លូវ។ក្រុមបាតុករបាននិយាយថា អាជ្ញាធរបានរារាំងការដល់ការអង្កេតការទាំងឡាយលើព្រឹត្តិការណ៍នេះ ហើយបានគំរាមរឹបអូសយកទូរស័ព្ទ និងកាមេរ៉ារបស់អ្នកណាដែលថត។ កាលពីថ្ងៃទី ២៩ ខែមិថុនា ក្រសួងព័ត៌មានបានប្រកាសថា អាជ្ញាធរថ្នាក់ក្រោមមិនយល់ពីតួនាទីរបស់ខ្លួន និងធ្វើសកម្មភាពប្រាស់ចាកនៃបទបញ្ជាក្នុងអំពើហឹង្សាដែលបានឃើញកាលពីថ្ងៃទី ២៧ ខែមិថុនា។កាលពីថ្ងៃទី២០ ខែមិថុនា កន្លងទៅ កូដករណាហ្គាវើលដ៍ប្រមាណ ១០០នាក់ បានប្រមូលផ្តុំគ្នានៅសួនច្បារវត្តបទុម ដើម្បីដង្ហែញត្តិជូនសម្តេច ហ៊ុន សែន និងរដ្ឋសភា ដោយមានស្នាមមេដៃចំនួន ៦៧៤ របស់កម្មករបច្ចុប្បន្ន និងអតីតបុគ្គលិកណាហ្គាវើល ដើម្បីស្នើសុំឱ្យពួកគេជួយដោះស្រាយវិវាទការងារ ដែលមានតែតំណាង ១០ នាក់ប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតចូលដាក់ញ្ត្តិទៅរដ្ឋសភា និងប្រគល់ឯកសារជាផ្លូវការ។ នៅក្នុងកំឡុងខែនេះ កូដករបួននាក់បានយល់ព្រមកាត់ប្រាក់ខែនៅថ្ងៃទី ២ ខែមិថុនា។
Phnom Penh Post | Thmey Thmey | VOD Khmer | CCHR Facebook | UCAS News | VOD | VOD | The Bharat Express News | RFA | CCHR Twitter | Camboja | VOA | CCHR Facebook | VOD
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ការជួបប្រជុំ ឬការបង្កើតសមាគម
នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ គណបក្សប្រជនជនកម្ពុជាបានប្ដឹងអនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ដើម្បីទាមទារសំណងជាទឹកប្រាក់ចំនួន១លានដុល្លារអាមេរិកពាក់ព័ន្ធការលើកឡើងថាលួចសន្លឹកឆ្នោះក្នុងអំឡុងពេលបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅខែមិថុនា។ គណបក្សប្រជាជនកម្ពុជាលើកឡើងថា លោក សុន ឆ័យ បានធ្វើឱ្យប៉ះពាល់កិត្តិយសរបស់គណបក្សប្រជាជនកម្ពុជានៅក្នុងពេលធ្វើបទសម្ភាស៍ជាមួយសារព័ត៌មាន The Cambodia Daily ជុំវិញការរិះគន់របស់លោកចំពោះលទ្ធផលនៃការបោះឆ្នោតថាមិនបានឆ្លុះបញ្ចាំងពីឆន្ទៈរបស់ពលរដ្ឋ ផ្ទុយទៅវិញកើតឡើងដោយសារសកម្មភាពបំផិតបំភ័យរបស់គណបក្សកាន់អំណាចទៅកាន់អ្នកបោះឆ្នោត និងការទិញសន្លឹកឆ្នោតជាដើម។ មួយថ្ងៃមុនពេលការដាក់ពាក្យបណ្ដឹងរបស់គណបក្សប្រជាជនកម្ពុជា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក៏បានចេញសេចក្ដីថ្លែងការណ៍ប្រមានថានឹងចាត់វិធានការផ្លូវច្បាប់ចំពោះលោក សុន ឆ័យ ពីព្រោះបទសម្ភាស៍របស់លោកបាននាំឱ្យមានការភ័ន្តច្រឡំ និងបាត់បង់ទំនុកចិត្តនៅក្នុងការបោះឆ្នោត។ នៅក្នុងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ គ.ជ.ប បានសម្រេចប្ដឹងលោក សុន ឆ័យ ពីបទបរិហារកេរ្តិ៍ជាសាធារណៈសម្រាប់ការបំភ្លៃសាធារណជនតាមរយៈការរិះគន់របស់លោកនៅក្នុងបទសម្ភាសន៍នោះ។
VOD | Post Khmer | Cambodianess | Cambodianess | VOD Khmer
-
ភ្នំពេញ
ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់
សមាជិកអតីតគណបក្សសង្គ្រោះជាតិចំនួន ៥១នាក់ រួមបញ្ចូលទាំងមេធាវីខ្មែរអាមេរិកាំងកញ្ញា សេង ធារី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្ដន្ទាទោសពីបទរួមគំនិតក្បត់ និងញុះញង់នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ ក្នុងចំណោមសមាជិកទាំងអស់នោះ ចំនួន ៣១នាក់ រួមបញ្ចូលទាំងកញ្ញាសេង ធារី ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារពី៦ឆ្នាំទៅ៨ឆ្នាំ ខណៈដែលចំនួន ២០នាក់ ផ្សេងទៀតត្រូវបានតុលាការសម្រេចព្យួរទោស។ លើសពីនេះ តុលាការក៏បានចេញដីកាចាប់ខ្លួនមេដឹកនាំគណបក្សសង្គ្រោះជាតិប្រហែល១៥នាក់ ដែលកំពុងរស់នៅក្រៅប្រទេសដូចជាលោក សម រង្ស៊ី និងលោកស្រី មូរ សុខហួរ ជាដើម។ ការកាត់ទោសទ្រង់ទ្រាយធំទៅលើសមាជិកអតីតគណបក្សសង្គ្រោះជាតិ បានបន្តធ្វើឡើងតាំងពីចុងឆ្នាំ២០២០ ហើយតែងតែត្រូវបានចាត់ទុកថាជារឿងនយោបាយដែលរៀបចំឡើងដោយរដ្ឋាភិបាលកំពុងកាន់អំណាចដើម្បីបំបិតមាត់សមាជិក និងសកម្មជនគណបក្សប្រឆាំង។ កញ្ញា សេង ធារី បានតែងខ្លួនជាស្ដ្រីនៃសេរីភាពដើម្បីធ្វើសេចក្ដីថ្លែងការណ៍មួយក្នុងអំឡុងពេលសវនាការរបស់ខ្លួន។ កញ្ញាត្រូវបានឃាត់ខ្លួន និងឃុំខ្លួនភ្លាមៗបន្ទាប់ពីតុលាសម្រេចសាលក្រម។
-
ទូទាំងប្រទេស
ការរំលោភលើគោលការណ៍នៃការបោះឆ្នោតដោយសេរី និងយុត្តិធម៌
ក្រោយការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់បានប៉ុន្មានថ្ងៃដែលរៀបចំឡើងក្នុងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ អ្នកសង្កេតការណ៍ការបោះឆ្នោតរបស់គណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលលើកឡើងពីភាពមិនប្រក្រតីមួយចំនួនដែលកើតឡើងក្នុងអំឡុងថ្ងៃបោះឆ្នោត។ ភាពមិនប្រក្រតីទាំងអស់នោះរួមមានការបិទទ្វារការិយាល័យរាប់សន្លឹកឆ្នោត ការកត់ឈ្មោះរបស់ពលរដ្ឋពីសំណាក់មេឃុំរបស់គណបក្សកាន់អំណាចនៅក្បែរមណ្ឌលបោះឆ្នោត វត្តមានរបស់កងកម្លាំងប្រដាប់អាវុធនៅក្នុងមណ្ឌលបោះឆ្នោត ភាពចន្លោះប្រហោងរបស់អាជ្ញាធរក្នុងការធានាថាអ្នកបោះឆ្នោតពិតជាបានចុះឈ្មោះបានត្រឹមត្រូវ និងការបដិសេធរបស់ការិយាល័យបោះឆ្នោតមួយចំនួនក្នុងការអនុញ្ញាតឱ្យអ្នកសង្កេតការណ៍ពិនិត្យមើលការរាប់សន្លឹកឆ្នោត និងការរក្សាទុកលទ្ធផលការបោះឆ្នោតជាដើម។
-
បាត់ដំបង
ការរំលោភលើគោលការណ៍នៃការបោះឆ្នោតដោយសេរី និងយុត្តិធម៌
សកម្មជនគណបក្សភ្លើងទៀន លោក ឡឺ សុខុន ត្រូវបានឃាត់ខ្លួននៅខេត្តបាត់ដំបងក្រោមការចោទប្រកាន់ថាបានរំលោភលើសិទ្ធិលំនៅឋាន បន្ទាប់ពីលោកបង្ហោះវីដេអូមួយនៅលើបណ្ដាញសង្គម ដែលលោកបានប្រឈមជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាពីការកៀរគរពលរដ្ឋដោយខុសច្បាប់ដើម្បីទៅបោះឆ្នោតនៅក្នុងថ្ងៃបោះឆ្នោត។ វីដេអូនេះបង្ហាញពី មន្ត្រីគណបក្សប្រជាជនកម្ពុជាកំពុងកាន់បញ្ជីឈ្មោះបោះឆ្នោត កត់ឈ្មោះអ្នកបានទៅបោះឆ្នោត និងទៅផ្ទះអ្នកភូមិមួយរូបដែលបានបោះឆ្នោតរួចដើម្បីផ្ដល់លុយ។ ក្រោយមក អ្នកភូមិរូបនេះជាអ្នកដាក់ពាក្យបណ្ដឹងប្រឆាំងនឹងលោក សុខុន។ មុនពេលកើតហេតុ លោក សុខុន បានធ្វើការយ៉ាងសកម្មដើម្បីស្វែងរកការក្លែងបន្លំពាក់ព័ន្ធនឹងការបោះឆ្នោទក្រុមប្រឹក្សាឃុំសង្កាត់ដែលធ្វើឡើងនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២។
VOD | RFA | Cambodianess | VOA Khmer
-
កំពង់ស្ពឺ
សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ
កុដិរបស់ព្រះសង្ឃ ព្រុំ ធម្មជាតិ ត្រូវបានដុតបំផ្លាញនៅក្នុងព្រៃមេត្តាធម្មជាតិស្ថិតនៅខេត្តកំពង់ស្ពឺ។ នេះជាព្រឹត្តិការណ៍ថ្មីមួយនៃជម្លោះដែលបង្កឡើងដោយក្រុមទាហានប្រឆាំងនឹងសមាជិកសហគមន៍ បន្ទាប់ពីរដ្ឋបានធ្វើសម្បទានដីនៅក្នុងព្រៃនេះទៅឱ្យក្រុមទាហាននោះនៅខែសីហា ឆ្នាំ២០២១។ ប្រជាពលរដ្ឋនៅក្បែរនោះជឿជាក់ថាក្រុមទាហានជាអ្នកដុតបំផ្លាញកុដិរបស់ព្រះសង្ឃ ធម្មជាតិ ដោយហេតុតែពួកគេធ្លាប់បានបាញ់គំរាមកំហែងទៅកាន់ព្រអង្គដែលបានព្យាយាមការពារព្រៃមេត្តាធម្មជាតិនេះ។ ការផ្ទេរដីទៅឱ្យក្រុមទាហាននេះបង្កឱ្យមានការតវ៉ាពីប្រជាពលរដ្ឋនៅក្នុងសហគមន៍ដែលមានបំណងការពារព្រៃមេត្តាធម្មជាតិ។ ការកាប់បំផ្លាញ និងឈូសឆាយទៅលើព្រៃ និងដី ត្រូវបានប្រាប់ថាមានការកើនឡើងជាខ្លាំងនៅក្នុងប៉ុន្មានខែចុងក្រោយនេះ។
-
ភ្នំពេញ
ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់
លោកអៀ ចាន់ណា ដែលមានសញ្ជាតិខ្មែរ និងន័រវេស និងជាសកម្មជនអតីតបក្សសង្គ្រោះជាតិ ត្រូវបានចាប់ខ្លួននៅរាជធានីភ្នំពេញកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២។ លោកទើបតែត្រឡប់ចូលប្រទេសវិញបន្ទាប់ពីរស់នៅនិរទេសនៅប្រទេសន័រវេស(ដែលលោករស់នៅតាំងពីឆ្នាំ២០០៥មក) ដើម្បីកាន់តំណែងជាអនុប្រធានបក្សភ្លើងទៀនប្រចាំខេត្តតាកែវ។ លោករងការចោទប្រកាន់ក្រោមមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌ ចំពោះការរួមគំនិតក្បត់ដើម្បីផ្តួលរំលំរដ្ឋាភិបាល នាឆ្នាំ២០២០។ លោកត្រូវបានបញ្ជូនទៅឃុំខ្លួនមុនជំនុំជម្រះនៅពន្ធាគារព្រៃសរ។ លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជននិយាយថាការចាប់ខ្លួននេះពុំពាក់ព័ន្ធនឹងការបោះឆ្នោតឡើយ។ នៅថ្ងៃទី០១ ខែមិថុនា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រកាសថានឹងស៊ើបអង្កេតលើទំនាក់ទំនងរបស់លោកអៀចាន់ណា ទៅគណបក្សភ្លើងទៀន។
RFA | Khmer Times | Khmer Times | VOD
-
កំពង់ឆ្នាំង
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
ប៉ូលិសបានឃាត់ខ្លួនតំណាងសហជីពចំនួន ៣នាក់ ជាបណ្ដោះអាសន្ននៅពេលដែលដឹកនាំកម្មកររោងចក្រចំនួនជាង ១០០០នាក់ ធ្វើកូដកម្មទាមទារសិទ្ធិការងារនៅខេត្តកំពង់ឆ្នាំង។ ប៉ូលិលបានប្រាប់ឱ្យដឹងថាកម្មករគួរតែអនុញ្ញាតឱ្យដាក់ត្រឹមតែលិខិតទៅរោងចក្រ ដោយមិនចាំបាច់ធ្វើកូដកម្ម។ តំណាងសហជីពទាំង៣នាក់ - នឹម សុខឿន ស៊ាន សុខលាភ និង ប៉ែន សោភ័ណ្ឌ - ត្រូវបានដោះលែងវិញបន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដោយយល់ព្រមបញ្ចប់ការប្រមូលផ្ដុំកម្មករធ្វើកូដកម្មដែលអាចបង្កឱ្យមានភាពចលាចល និងមិនប្រព្រឹត្តិអំពើណាមួយនៅក្នុងរោងចក្រដែលផ្ទុយនឹងច្បាប់ជាធរមាន។ ប្រធានសហជីពចំនួន២នាក់ត្រូវបានចាប់ខ្លួននៅថ្ងៃទី៣០ ខែឧសភា មុនពេលដែលកូដកម្មចាប់ផ្ដើមនៅក្នុងថ្ងៃទី៣១ ខែឧសភា។
-
-
កណ្ដាល
ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់
លោកថៃ ប៊ុនរិទ្ធិ ដែលជាផលិតករTCN TV ត្រូវបានចាប់ខ្លួននាថ្ងៃទី២៦ ខែឧសភា ចំពោះការបង្ហោះតាមរយៈបណ្តាញសង្គមFacebook ដែលអះអាងថាអាជ្ញាធរខេត្តកណ្តាលទទួលសំណូកពីល្បែងខុសច្បាប់ជាថ្នូរ នឹងការមិនអំពើទៅលើសកម្មភាពនេះ។ លោកត្រូវបានចោទប្រកាន់ពីបទញុះញង់បង្ករអោយមានភាពរើសអើង យោងតាមមាត្រា ៤៩៤ ៤៩៦ និង៣០៥ នៃក្រមព្រហ្មទណ្ឌ ដោយតុលាការខេត្តកណ្តាលនាថ្ងៃទី២៩ ខែឧសភា។ អធិការនគរបាលខេត្តកណ្តាល និយាយថាការលើកឡើងទាំងនេះមិនមែនជាការពិតឡើយ។
-
សៀមរាប
ការរំលោភលើគោលការណ៍នៃការបោះឆ្នោតដោយសេរី និងយុត្តិធម៌
គណបក្សភ្លើងទៀនបានប្រកាសថាស្លាកសញ្ញារបស់បក្សសម្រាប់ការបោះឆ្នោតឃុំ/សង្កាត់ ថ្ងៃទី៦ ខែមិថុនា ត្រូវបានបំផ្លាញនៅខេត្តសៀមរាប។ យោងតាមប្រធានបក្សភ្លើងទៀនប្រចាំខេត្តសៀមរាប ស្លាកសញ្ញាត្រូវបានបំផ្លាញដោយចេតនា ហើយអាជ្ញាធរមូលដ្ឋានមានទំនោរលម្អៀងទៅកាន់គណបក្សប្រជាជនកម្ពុជាក្នុងការការពារស្លាកសញ្ញា។ គណបក្សភ្លើងទៀនបានលើកឡើងពីការយាយីជាច្រើនលើកច្រើនសារពីសំណាក់អាជ្ញាធរមូលដ្ឋាន។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
ក្រុមកូដករណាហ្គាវើលដ៏នៅតែបន្តចុះធ្វើកូដកម្មក្នុងរយៈពេលពេញមួយខែនៃខែឧសភាក្នុងឆ្នាំ២០២២។ កូដករបានបន្តការប្រមូលផ្ដុំជាប្រចាំ ហើយត្រូវបានរងអំពើហិង្សាពីកម្លាំងសមត្ថកិច្ចរបស់រដ្ឋនៅពេលដែលព្យាយាមចូលទៅជិតអគាររបស់ណាហ្គាវើលដ៏។ ប៉ូលិសបានរុញច្រាន និងបង្ខំកូដករទាំងកម្រោលឱ្យចូលឡានក្រុង។ កូដករស្ដ្រីម្នាក់ត្រូវបានរាយការណ៍ថាមានផ្ទះពោះនៅពេលដែលលោកស្រីចូលរួមធ្វើកូដកម្មនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២។ នៅក្នុងថ្ងៃនោះ ប៉ូលិសក៏បានរុញច្រានលោកស្រីចូលទៅក្នុងឡានក្រុងផងដែរ។ ដោយបារម្ភពីកូននៅក្នុងផ្ទៃពោះ លោកស្រីបានទៅជួបគ្រូពេទ្យម្នាក់នៅប៉ុន្មានថ្ងៃបន្ទាប់ ដែលជាអ្នកបានប្រាប់គាត់ថាកូនរបស់លោកស្រីមានឱកាសត្រឹមតែ៥០%ប៉ុណ្ណោះក្នុងការមានជីវិត។ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ កូនរបស់លោកស្រីបានរលូត និងលោកស្រីបានអះអាងថាលោកស្រីស្ទើរតែបាត់បង់អាយុជីវិតដោយសារតែមានការធ្លាក់ឈាមឥតឈប់ឈរ។ ការចរចារដែលបានធ្វើឡើងនៅខែឧសភា ក្នុងឆ្នាំ២០២២ ដើម្បីបញ្ចប់វិវាទការងារនេះគឺបរាជ័យ ដែលធ្វើឱ្យកូដកម្មនៅតែបន្តអូសបន្លាយជាមួយនឹងអំពើហិង្សាពីសំណាក់ប៉ូលិស។
-
ស្ទឹងត្រែង
សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ
នាខែឧសភា ឆ្នាំ២០២២ គ្រួសារជនជាតិដើមភាគតិចគ្រឹងមួយចំនួននៅស្រុកស្ទឹងត្រង ខេត្តស្ទឹងត្រែង ដែលត្រូវបណ្តេញចេញដោយបង្ខំ ដើម្បីសាងសង់ទំបន់វារីអគ្គីសនីសេសាន២ ចោទក្រុមហ៊ុនSK Plantation ចំពោះការឈូសឆាយដំណាំរបស់ពួកគាត់។ ពួកគាត់អះអាងថាក្រុមហ៊ុនបានទន្ទ្រានដីថ្មីរបស់ពួកគាត់ជាច្រើនលើកចាប់ពីឆ្នាំ២០១៩មក និងទើបតែចាប់ផ្តើមឈូសឆាយដីជាថ្មីម្តងទៀត។ ក្រុមហ៊ុនដដែលនេះ ត្រូវបានរាយការណ៍ថាបានឈូសឆាយដីនៅសង្កាត់តាឡាត់ ខេត្តស្ទឹងត្រែងនៅឆ្នាំ២០២១ ដែលជាដីកម្មសិទ្ធិរបស់ជនជាតិដើមភាគតិចគ្រឹង។
-
ភ្នំពេញ
ការផ្តន្ទាទោសលើអ្នកការពារសិទ្ធិមនុស្ស
សាលាឧទ្ធរណ៍ភ្នំពេញ តម្កល់សាលក្រមចេញដោយសាលាដំបូងរាជធានីភ្នំពេញនៅឆ្នាំ២០១៨ ដែលផ្តន្ទាទោសមន្ត្រីសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក) ចំនួន៥រូប ពីបទសូកប៉ាន់សាក្សី និងរួមគំនិតសូកប៉ាន់សាក្សី បន្ទាប់ពីពួកគាត់ផ្តល់ការឧបត្ថម្ភប្រាក់ដល់សាក្សីមួយរូបក្នុងសំណុំរឿងរបស់លោក កឹម សុខា ដែលជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ។ ពួកគាត់ត្រូវបានផ្តន្ទាទោសពន្ធាគារ៥ឆ្នាំ ប៉ុន្តែមួយផ្នែកនៃទោសត្រូវបានព្យួរ។ មេធាវីម្នាក់រិះគន់សេចក្តីសម្រេចនេះ ព្រោះសាក្សីពុំត្រូវបានកោះហៅ ហើយសេចក្តីសម្រេចរបស់តុលាការទាំងពីរថ្នាក់សម្អាងទាំងស្រុងទៅលើសក្ខីកម្មរបស់សាក្សីពីរនាក់។ ជនជាប់ចោទទាំង៥រូបអវត្តមាននៅពេលប្រកាសសាលដីកា ដោយមេធាវីតែម្នាក់ប៉ុណ្ណោះមានវត្តមាន។
-
ភ្នំពេញ
ការរំលោភលើគោលការណ៍នៃការបោះឆ្នោតដោយសេរី និងយុត្តិធម៌
អង្គការឃ្លាំមើលការបោះឆ្នោត សម្តែងសេចក្តីបារម្ភចំពោះឧបសគ្គរបស់បក្សតូចៗក្នុងការស្វែងរកអ្នកឃ្លាំមើលការបោះឆ្នោត។ មួយផ្នែកនៃឧបសគ្គនេះ បណ្តាលមកពីការគម្រាមពីអាជ្ញាធរទៅលើពលរដ្ឋដូចជាការដកហូតប័ណ្ណក្រីក្រ និងមិនផ្តល់សេវាសាធារណៈ។ កង្វះខាតនៃចំនួនអ្នកឃ្លាំមើលការបោះឆ្នោតគ្រប់គ្រាន់ នាំអោយគេចោទសួរពីសុច្ចរិតភាពនៃការបោះឆ្នោត។