កាលប្បវត្តិសិទ្ធិមនុស្សខាងក្រោមបង្ហាញពីការរំលោភសិទ្ធិមនុស្សនិងការរឹតត្បិតសិទ្ធិមនុស្សសំខាន់ៗមួយចំនួនដែលបានកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ ២០១៣-២០២៣ និងយកលំនាំតាមកាលប្បវត្តិពីមុនរបស់យើងពីឆ្នាំ១៩៩៣ ដល់ ២០១២ ដែលអាចចូលទៅមើលបាននៅទីនេះ។
ឧប្បត្តិហេតុដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សពីឆ្នាំ ២០១៣-២០២៣ បង្ហាញការរំលោភសិទ្ធិមនុស្សពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានិងភាគីទីបី។ ការរំលោភសិទ្ធិមនុស្សទាំងអស់នោះទាក់ទងទៅនឹងបញ្ហាជាច្រើនរួមមានការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការកាត់ទោសអ្នកការពារសិទ្ធិមនុស្ស ការរំលោភយកដីធ្លី ការបណ្តេញចេញដោយបង្ខំ ការរឹតត្បិតសិទ្ធិក្នុងការជួបប្រជុំសិទ្ធិក្នុងការបង្កើតសមាគម និងការសំដែងមតិដោយសន្តិវិធី ការធ្វើទារុណកម្ម ការចាប់ខ្លួនការឃុំខ្លួនតាមអំពើចិត្ត និងការបង្កើតច្បាប់និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ ព័ត៌មានដែលកត់ត្រាទៅក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះត្រូវបានប្រមូលមកពីអត្ថបទព័ត៌មានទាំងជាភាសាខ្មែរ និងអង់គ្លេស ពីគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋានរបស់ ម.ស.ម.ក ព្រមទាំងវិចារណកថា និងការវិភាគផ្សេងៗដែលបានចេញផ្សាយដោយអង្គការសង្គមស៊ីវិល ដែលធ្វើការលើបញ្ហាទាំងនេះ។
ការរៀបរាប់ដោយសង្ខេបនៅក្នុងនេះគឺមានអមដោយ តំណភ្ជាប់ទៅនឹងអត្ថបទសារព័ត៌មានដែលរាយការណ៍អំពីព្រឹត្តិការណ៍ឬការងាររបស់អង្គការសង្គមស៊ីវិលដែលធ្វើការយ៉ាងសកម្មនៅក្នុងវិស័យនេះ។ សូមរំលឹកថាករណីដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះគឺសុទ្ធសឹងតែជាករណីដែលមានការចាប់អារម្មណ៍ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយឬអង្គការសង្គមស៊ីវិលដោយសាវាមានលក្ខណៈលេចធ្លោ។
ដូច្នេះកាលប្បវត្តិសិទ្ធិមនុស្សនេះគឺគ្រាន់តែជាតំណាងនៃចំណែកតូចមួយនៃចំនួនការរំលោភសិទ្ធិមនុស្សជាក់ស្តែងដែលកើតឡើងនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។
-
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
លោក នុត បូពិនណារ័ត្ន អ្នកសម្របសម្រួលប្រចាំខេត្តនៃ អង្គការលីកាដូ បានអះអាងថា នៅថ្ងៃបើកសវនាការរបស់លោក កឹម សុខា វគ្គបណ្តុះបណ្តាលមួយស្តីពីច្បាប់ដែលរៀបចំដោយសមាគមអាដហុកនៅការិយាល័យរបស់ខ្លួននៅខេត្តស្វាយរៀង ត្រូវបានមន្ត្រីនគរបាលឃ្លាំមើល ថតរូប និងសួរពីគោលបំណងនៃការបណ្តុះបណ្តាល។
-
បន្ទាយមានជ័យ
ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់
សកម្មជនដែលមានទំនាស់ដីធ្លី ៣ នាក់ក្នុងចំណោម ៥ នាក់ ត្រូវបានចាប់ខ្លួននិងធ្វើទារុណកម្មដោយសារធ្វើការតវ៉ាបានប្តឹងអភិបាលខេត្តលោក អ៊ុំ រាត្រី និងមន្ត្រី៥ នាក់ផ្សេងទៀត ពីបទមនុស្សឃាតនិងការប្រើប្រាស់អំពើហិង្សាដោយចេតនាទៅលើពួកគាត់នៅពេលឃុំខ្លួនពួកគេ។ អ្នកភូមិត្រូវបានឃុំខ្លួនបន្ទាប់ពីធ្វើការតវ៉ានៅខាងក្រៅសាលាខេត្តកាលពីខែធ្នូ ដែលតំណាងឲ្យពលរដ្ឋ ១៥០ គ្រួសារនៅក្នុងឃុំស្លរក្រាម ខេត្តបន្ទាយមានជ័យ ដែលផ្ទះពួកគាត់ត្រូវបានបំផ្លិចបំផ្លាញ។ ជនរងគ្រោះមានរបួសត្រង់សួត និងថ្លើម របួសបាក់ធ្មេញ និងរបួសទូទៅ ហើយទាមទារសំណង ២០ ម៉ឺនដុល្លារអាមេរិក។
-
ព្រះសីហនុ
សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ
ប្រជាពលរដ្ឋប្រមាណចំនួន ១០០ នាក់មកពីភូមិស្មាច់ដែងក្នុងឃុំរាម ស្រុកព្រៃនប់មានការប៉ះទង្គិចគ្នាជាមួយក្រុមសន្តិសុខឧទ្យានជាតិ កងកម្លាំងស្រុកព្រៃនប់និងកងរាជអាវុធហត្ថខេត្តដែលបានកំពុងវាយកម្ទេចផ្ទះ ដោយអះអាងថាដីដែលពួកគេកំពុងកាន់កាប់គឺជាដីឯកជនរបស់ក្រុមហ៊ុន លីស៊ីង ។ ប្រជាពលរដ្ឋចំនួន ១៣៤ គ្រួសារបានរាយការណ៍ថា ពួកគាត់បានរស់នៅលើដីនោះអស់រយៈពេល ២០ ឆ្នាំមកហើយ។ មានការលើកឡើងថា អាជ្ញាធរបានគប់ដំបងឈើទៅលើអ្នកស្រុក ហើយអ្នកស្រុកបានគប់តបវិញ បង្កឲ្យមានការប៉ះទង្គិចគ្នារវាងក្រុមអ្នកតវ៉ានិងអាជ្ញាធរ។ ប្រជាពលរដ្ឋចំនួន ២១ នាក់ត្រូវបាននគរបាលចាប់ខ្លួន ក្នុងនោះ ៣ នាក់ត្រូវបានបញ្ជូនទៅតុលាការក្រោមការចោទប្រកាន់ពីបទ “ កាន់កាប់ទ្រព្យសម្បត្តិរដ្ឋដោយខុសច្បាប់” ។
-
បន្ទាយមានជ័យ
ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់
លោក ទុយ ស្រស់ និងអ្នកភូមិបួននាក់ផ្សេងទៀតមកពីឃុំចង្ហា ស្រុកអូរជ្រៅ ត្រូវបានកងរាជអាវុធហត្ថខេត្តឃាត់ខ្លួននៅក្នុងជម្លោះដីធ្លីចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែធ្នូ បន្ទាប់ពីបានចោទប្រកាន់កម្លាំងសន្តិសុខថាបានដុតបំផ្លាញផ្ទះនៅលើដីទំនាស់នៅឃុំស្លរក្រាម និងឃុំសឹង្ហ។ អ្នកជាប់ឃុំត្រូវបានចោទប្រកាន់ពីបទប្រើអំពើហិង្សាទៅលើម្ចាស់ទ្រព្យសម្បត្តិ។ ពេលកំពុងស្ថិតក្នុងការឃុំខ្លួននៅថ្ងៃទី៣១ លោកស្រស់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តដោយសារជំងឺដែលពុំមានបញ្ជាក់ច្បាស់លាស់ ហើយបានស្លាប់នៅថ្ងៃបន្ទាប់។ អ្នកជាប់ឃុំផ្សេងទៀតត្រូវបានសាកសួរ និងអះអាងថា លោកស្រស់ត្រូវបានគេវាយដំ និងធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរទាំងស្ថិតក្នុងមន្ទីរឃុំឃាំង និងទុកចោលអោយបាត់ស្មារតី។
-
-
-
-
-
-
-
-
-
បាត់ដំបង
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
អាជ្ញាធរមូលដ្ឋានក្នុងខេត្តបាត់ដំបង បានប្រាប់សមាជិកគណបក្សសង្គ្រោះជាតិថាពួកគេអាចទទួលបានកិច្ចការពារពីការផ្តន្ទាទោសផ្នែកនយោបាយ ប្រសិនបើពួកគេព្រមផ្តាច់ខ្លួនចេញពីគណបក្សនយោបាយផ្សេងហើយមកកាន់គណបក្សប្រជាជនកម្ពុជាវិញ ដោយរបាយការណ៍មួយចំនួនរបស់អាជ្ញាធរធ្វើការប្រើប្រាស់ការគំរាមកំហែងផ្លូវច្បាប់ដើម្បីសាកល្បងបង្ខិតបង្ខំសមាជិកគណបក្សសង្គ្រោះជាតិដើម្បីបោះបង់គណបក្ស។ អ្នកភូមិមួយចំនួនព្រមបោះបង់គណបក្សដោយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន។
-
កំពង់ស្ពឺ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
សកម្មជនសហជីពពីរនាក់ត្រូវបានក្រុមហ៊ុនផលិតវាយនៈភ័ណ្ឌម៉ូណូប៉ៃ (Monopai) ប្តឹង សកម្មជនសហជីពដែលត្រូវបានក្រុមហ៊ុនបញ្ឈប់ពីការងារម្នាក់បានថ្លែងថា « ក្រុមហ៊ុនចង់ដកហូតសេរីភាពរបស់ពួកគាត់ បន្ទាប់ពីខ្ញុំបានជួយពួកគាត់ឱ្យធ្វើការតវ៉ាពីមុនមក...នៅពេលដែលមានបញ្ហាការងារ ខ្ញុំក្លាហានក្នុងការស្វែងរកការឆ្លើយតបពីក្រុមហ៊ុន» តំណាងក្រុមហ៊ុនបានថ្លែងថា ក្រុមហ៊ុនប្តឹងសកម្មជនសហជីពទាំងនេះដោយសារឥរិយាបថមិនល្អ និងខកខានបំពេញការងារអោយបានត្រឹមត្រូវ។ ៩៥% នៃកម្មករនិយោជិតបានធ្វើកូដកម្មឆ្លើយតបទៅនឹងការបណ្តេញពួកគេចេញពីការងារ។
-
បន្ទាយមានជ័យ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
អ្នកសារព័ត៌មានសំឡេងប្រជាធិបតេយ្យ ពីររូប ត្រូវបានឃាត់ខ្លួននៅច្រកត្រួតពិនិត្យព្រំដែន ខេត្តបន្ទាយមានជ័យនៅថ្ងៃទី០៩ ខែវិច្ឆិកា ខណៈកំពុងឃ្លាំមើលការវិលត្រឡប់របស់លោក សម រង្ស៊ី។ អ្នកសារព័ត៌មានទាំងពីរនាក់នោះត្រូវបានសាកសួរអស់រយៈពេល៣ម៉ោង ហើយនគរបាលបានឆែកឆេរទូរស័ព្ទ កាមេរ៉ា និងកុំព្យូទ័ររបស់ពួកគាត់។ អ្នកសារព័ត៌មានទាំងពីរនាក់នោះត្រូវបានដោះលែងបន្ទាប់ពីការសាកសួរ។
-
តាកែវ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
សកម្មជនគណបក្សសង្គ្រោះជាតិ២នាក់ក្នុងខេត្តតាកែវត្រូវបានចាប់ខ្លួន បន្ទាប់រងការចោទប្រកាន់ជុំវិញ «ការសមគំនិតដើម្បីផ្តួលរម្លំរដ្ឋាភិបាលភ្នំពេញ»។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
តុលាការកំពូលបានបដិសេធសំណើសុំនៅក្រៅឃុំរបស់លោក គង់ រ៉ៃយ៉ា សកម្មជនយុវជន ដែលត្រូវបានចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋនៅថ្ងៃទី០៩ ខែកក្កដា ដោយសារបានលក់អាវយឺតនៅលើបណ្តាញហ្វេសប៊ុក ដែលមានរូបថត និងសម្រង់សម្តីរបស់លោកបណ្ឌិតកែម ឡី។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
ស្នងការនគរបាលរាជធានីភ្នំពេញបានឃាត់ខ្លួនសន្តិសុខយាម នៅស្នាក់ការកណ្តាលរបស់គណបក្សសង្គ្រោះជាតិចំនួន១០ រូប ដោយសារគាំទ្រលោក សម រង្ស៊ី។ នគរបាលបានដកហូតឯកសារដែលអះអាងថាមានជាប់ពាក់ព័ន្ធនឹងផែនការផ្តួលរម្លំរដ្ឋាភិបាល។ អ្នកទាំង១០នាក់មានឈ្មោះដូចជា លោក ទឹម សៀវ , លោក ទឹម សុម៉េត, លោក ថន ប៊ុនធឿន , លោក អ៊ុក ចន្តា , លោក ស្រង់ ឡាយ ,លោក ជួន សុផល , លោក ហុក សំអាង , លោក ណុក អូន , លោក ស៊ី តារា និងលោក សូ តារា។
-
ភ្នំពេញ
ការបង្កើតច្បាប់ និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស
ក្រសួងមហាផ្ទៃបានរៀបចំកិច្ចប្រជុំដើម្បីពិភាក្សាលើការកែប្រែខ្លឹមសារមាត្រាខ្លះនៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ ក្រសួងបានថ្លែងថា « នេះនឹងអាចដោះស្រាយការបារម្ភរបស់ក្រុមសង្គមស៊ីវិល» តែយ៉ាងណាក្តី ពុំមានការផ្សព្វផ្សាយសេចក្តីលម្អិតលើខ្លឹមសារនៃការកែប្រែនោះឡើយ។
-