កាលប្បវត្តិសិទ្ធិមនុស្សខាងក្រោមបង្ហាញពីការរំលោភសិទ្ធិមនុស្សនិងការរឹតត្បិតសិទ្ធិមនុស្សសំខាន់ៗមួយចំនួនដែលបានកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ ២០១៣-២០២៣ និងយកលំនាំតាមកាលប្បវត្តិពីមុនរបស់យើងពីឆ្នាំ១៩៩៣ ដល់ ២០១២ ដែលអាចចូលទៅមើលបាននៅទីនេះ។

ឧប្បត្តិហេតុដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សពីឆ្នាំ ២០១៣-២០២៣ បង្ហាញការរំលោភសិទ្ធិមនុស្សពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានិងភាគីទីបី។ ការរំលោភសិទ្ធិមនុស្សទាំងអស់នោះទាក់ទងទៅនឹងបញ្ហាជាច្រើនរួមមានការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការកាត់ទោសអ្នកការពារសិទ្ធិមនុស្ស ការរំលោភយកដីធ្លី ការបណ្តេញចេញដោយបង្ខំ ការរឹតត្បិតសិទ្ធិក្នុងការជួបប្រជុំសិទ្ធិក្នុងការបង្កើតសមាគម និងការសំដែងមតិដោយសន្តិវិធី ការធ្វើទារុណកម្ម ការចាប់ខ្លួនការឃុំខ្លួនតាមអំពើចិត្ត និងការបង្កើតច្បាប់និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ ព័ត៌មានដែលកត់ត្រាទៅក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះត្រូវបានប្រមូលមកពីអត្ថបទព័ត៌មានទាំងជាភាសាខ្មែរ និងអង់គ្លេស ពីគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋានរបស់ ម.ស.ម.ក ព្រមទាំងវិចារណកថា និងការវិភាគផ្សេងៗដែលបានចេញផ្សាយដោយអង្គការសង្គមស៊ីវិល ដែលធ្វើការលើបញ្ហាទាំងនេះ។

ការរៀបរាប់ដោយសង្ខេបនៅក្នុងនេះគឺមានអមដោយ តំណភ្ជាប់ទៅនឹងអត្ថបទសារព័ត៌មានដែលរាយការណ៍អំពីព្រឹត្តិការណ៍ឬការងាររបស់អង្គការសង្គមស៊ីវិលដែលធ្វើការយ៉ាងសកម្មនៅក្នុងវិស័យនេះ។ សូមរំលឹកថាករណីដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះគឺសុទ្ធសឹងតែជាករណីដែលមានការចាប់អារម្មណ៍ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយឬអង្គការសង្គមស៊ីវិលដោយសាវាមានលក្ខណៈលេចធ្លោ។

ដូច្នេះកាលប្បវត្តិសិទ្ធិមនុស្សនេះគឺគ្រាន់តែជាតំណាងនៃចំណែកតូចមួយនៃចំនួនការរំលោភសិទ្ធិមនុស្សជាក់ស្តែងដែលកើតឡើងនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។

ច្រោះកាលប្បវត្តិស្តីពីការរំលោភសិទ្ធិមនុស្ស

កាលប្បវត្តិស្តីពីការរំលោភសិទ្ធិមនុស្ស

  • បន្ទាយមានជ័យ

    បន្ទាយមានជ័យ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    រដ្ឋាភិបាលកម្ពុជាបានពង្រាយកម្លាំងរាជអាវុធហត្ថដើរល្បាតនៅតាមបណ្តោយព្រំដែនថៃ កម្ពុជា ជាការត្រៀមសម្រាប់ការវិលត្រឡប់មកវិញរបស់លោក សម រង្ស៊ី។

    RFA | PPP

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានចេញលិខិតហាមប្រាមថ្នាក់ដឹកនាំខេត្តពីការចេញទៅក្រៅប្រទេសរហូតនៅក្រោយថ្ងៃទី១៣ ខែវិច្ឆិកា លើកលែងតែករណីអាសន្ន។

    Khmer Times

  • ភ្នំពេញ

    ភ្នំពេញ

    ការបង្កើតច្បាប់ និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស

    ក្រសួងព័ត៌មានបានស្នើសុំធាតុចូលពីបណ្តាញសារព័ត៌មាន និងស្ថាប័នពាក់ព័ន្ធលើវិសោធនកម្មច្បាប់ស្តីពីរបបសារព័ត៌មាន។

    Khmer Times

  • មណ្ឌលគិរី

    មណ្ឌលគិរី

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    ស្នងការនគរបាលខេត្តមណ្ឌលគិរី និងបាត់ដំបងបានរៀបចំវគ្គបណ្តុះបណ្តាលអំពីការប្រឆាំងបាតុកម្ម ជាការត្រៀមលក្ខណៈសម្រាប់ការវិលត្រឡប់របស់លោក សម រង្ស៊ី មកកាន់ប្រទេសកម្ពុជា។ តាមរយៈសេចក្តីថ្លែងការណ៍មួយ លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិបានថ្លែងថាវគ្គបណ្តុះបណ្តាលនេះធ្វើឡើងដើម្បីត្រៀមកម្លាំងប្រដាប់អាវុធ «បង្ក្រាបក្រុមណាមួយដែលបង្កអសន្តិសុខ ឬប៉ុនប៉ងផ្តួលរម្លំរដ្ឋាភិបាល»។

    PPP | RFA

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    សាលាដំបូងរាជធានីភ្នំពេញបានកាត់ទោសលោក សម រង្ស៊ី លោ ហូ វណ្ណ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងលោក កាក់ កុម្ភារ សមាជិកគណបក្សសង្គ្រោះជាតិដាក់ពន្ធនាគាររយៈពេល១ឆ្នាំ ៨ខែ ពីបទញុះញង់ និងប្រមាថក្រោមក្រមព្រហ្មទណ្ឌ។ ចៅក្រមក៏បានកាត់ទោសលោក គង់ ម៉ាស និងលោក វឿន គឹមលន់ អតីតគណបក្សសង្គ្រោះជាតិ ដាក់ពន្ធនាគាររយៈពេល៦ ខែ ទាក់ទងនឹងបទចោទដូចគ្នា។ លោក ម៉ាស គឺជាបុគ្គលម្នាក់គត់ដែលចូលបង្ហាញខ្លូនអោយតុលាការកាត់ទោស ខណៈដែលអ្នកផ្សេងទៀតបានចាកចេញពីប្រទេសដើម្បីគេចពីការចាប់ខ្លួន។

    Khmer Times

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    សាលាដំបូងរាជធានីភ្នំពេញបានរកឃើញពិរុទ្ធភាពរបស់អតីតព្រះសង្ឃព្រះនាម វឿន គឹមលន់ ពីបទញុះញង់ក្រោមក្រមព្រហ្មទណ្ឌ និងកាត់ទោសដាក់ពន្ធនាគារគាត់១៨ ខែ បន្ទាប់ពីបានបញ្ចូលវីដេអូមានព័ត៌មានក្លែងក្លាយនៅលើយូធូប។ ខ្លឹមសារនៃវីដេអូនោះ រួមទាំងរឿងរ៉ាងរបស់លោក ហ៊ុន សែន និងមន្ត្រីរដ្ឋាភិបាលផ្សេងៗ។ លោក គឹមលន់ បានទទួលស្គាល់ពីការប្រព្រឹត្តបទល្មើស ប៉ុន្តែលោកបានថ្លែងថាលោកពុំដឹងថាអំពើនោះខុសច្បាប់ ហើយធ្វើដូច្នោះគឺដើម្បីទទួលបានចំនួនអ្នកចូលទៅទស្សនាកាន់តែច្រើន។

    Khmer Times

  • បាត់ដំបង

    បាត់ដំបង

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    សមាគមអាដហុក បានរាយការណ៍ថាអាជ្ញាធរបានរារាំងវគ្គបណ្តុះបណ្តាលរបស់ខ្លួនមួយដែលរៀបចំឡើងក្នុងគោលបំណងអប់រំប្រជាពលរដ្ឋនៅខេត្តបាត់ដំបងអំពីសិទ្ធិសេរីភាពខាងការបញ្ចេញមតិ និងសិទ្ធិទាក់ទងនឹងការតស៊ូមតិ។ អាជ្ញាធរបានសាកសួរ និងថតរូបភាពរបស់អ្នកចូលរួមមួយចំនួន។

    RFA

  • ត្បូងឃ្មុំ

    ត្បូងឃ្មុំ

    សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ

    អ្នកភូមិមកពីស្រុកត្បូងឃ្មុំពីរនាក់ត្រូវបានចាប់ខ្លួនដោយពុំមានដីកា បន្ទាប់ក្រុមហ៊ុនអភិវឌ្ឍន៍ ហាមនីវីន អីនវេសមែន (Hamenivent Investment) បានដាក់ពាក្យបណ្តឹងមួយប្រឆាំងនឹងអ្នកទាំងពីរទាក់ទងនឹងទំនាស់ដីធ្លីមួយដែលកើតឡើងតាំងពីឆ្នាំ២០១៦។

    Khmer Times

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    សាលាដំបូងរាជធានីភ្នំពេញបានកាត់ទោសលោក ម៉ៃ ហុងស្រៀង សកម្មជនគណបក្សសង្គ្រោះជាតិ អោយជាប់ពន្ធនាគារ១៨ ខែ ពីបទញុះញង់ឱ្យប្រព្រឹត្តបទល្មើសក្រោមក្រមព្រហ្មទណ្ឌទាក់ទងនឹងការបង្ហោះហ្វេសប៊ុក។

    PPP

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងថាអាជ្ញាធរនឹងបន្តចាប់ខ្លួនអ្នកគាំទ្រលោក សម រង្ស៊ី។ លោក ស ខេង បានពន្យល់ថា នេះពុំមែនជា «ការគំរាមកំហែងដល់សេរីភាពខាងការបញ្ចេញមតិ ឬអ្វីមួយនោះទេ» ព្រោះគណបក្សជំទាស់ខុសច្បាប់រួចទៅហើយ។

    RFA

  • រតនគិរី

    រតនគិរី

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    ស្នងការខេត្តរតនៈគិរីបានថ្លែងថាកងកម្លាំងប្រដាប់អាវុធបានត្រៀមលក្ខណៈរួចរាល់ដើម្បីប្រើកម្លាំងការពារគណបក្សកាន់អំណាច និង « បង្ក្រាប» លោក សម រង្ស៊ី និងអ្នកគាំទ្ររបស់គាត់ប្រសិនបើពួកគេចូលមកកាន់ប្រទេសកម្ពុជានៅថ្ងៃទី០៩ ខែវិច្ឆិកា។

    Fresh News

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងជាសាធារណៈអំពាវនាវឱ្យកម្លាំងនគរបាលត្រៀមលក្ខណៈប្រើកម្លាំងប្រឆាំងនឹងលោក សម រង្ស៊ី ប្រសិនបើសម្រេចវិលត្រឡប់មកកម្ពុជានៅថ្ងៃទី០៩ ខែវិច្ឆិកា។ លោក ហ៊ុន សែន បានថ្លែងថាក្រសួងយុត្តិធម៌ប្រកាសថាទាហានត្រៀមរួចរាល់ហើយសម្រាប់ការវិលមកវិញរបស់គាត់ និងថា អ្នកដែលចូលរួមក្នុងការធ្វើខូចខាតប្រទេសជាតិនៅថ្ងៃទី០៩ វិច្ឆិកា នឹងត្រូវពិន័យ។

    RFA | VOA

  • ព្រះសីហនុ

    ព្រះសីហនុ

    សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ

    នៅភូមិនៅខេត្តព្រះសីហនុ ខណ្ឌព្រៃនប់ បានចោទប្រកាន់អាជ្ញាធរជុំវិញការប្រើប្រាស់គ្រឿងចក្រដើម្បីឈូសឆាយផ្ទះសម្បែង និងដំណាំដោយពុំមានការជូនដំណឹងមុន។ អ្នកភូមិម្នាក់បានលើកឡើងថាមន្ត្រីនគរបាលមួយក្រុមមានគ្នា១០០នាក់ និងអាជ្ញាធរស្រុកបានឈូសឆាយផ្ទះសម្បែង និងដំណាំដោយពុំមានការជូនដំណឹងជាមុន និងពុំបានផ្តល់ហេតុផលច្បាស់លាស់។

    VOD

  • ស្ទឹងត្រែង

    ស្ទឹងត្រែង

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    អ្នកភូមិខេត្តភាគឦសានបានសម្តែងក្តីបារម្ភចំពោះវត្តមានរបស់នគរបាលនៅតាមវត្តក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌ។ អ្នកភូមិខ្លះបានលើកឡើងថាអាជ្ញាធរបានឃ្លាំមើល និងថតរូបភាពនៃការប្រារព្ធពិធីបុណ្យរបស់អតីតសមាជិកគណបក្សសង្គ្រោះជាតិ។

    RFA

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    សាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ៩នាក់ពីបទ «ប៉ុនប៉ងធ្វើរដ្ឋប្រហារ» និង «មានចេតនាបង្កើតក្រុមឧទ្ទាមប្រដាប់អាវុធ»។ បុគ្គលដែលត្រូវបានចោទប្រកាន់ទាំងនោះរួមមាន លោក សម រង្ស៊ី លោកស្រី ជូ ឡុងស៊ូម៉ូរ៉ា លោក អ៊ូ ច័ន្ទឫទ្ធិ លោក ហូ វណ្ណ លោកស្រី មូរ សុខហួរ លោក ឡុង រី លោក អេង ឆៃអ៊ាង លោក ម៉ែន សុថាវរិន និងលោក នុត រំដួល។ ការចោទប្រកាន់ទាំងនេះទាក់ទងនឹងផែនការវិលត្រឡប់របស់លោក សម រង្ស៊ី មកកាន់ប្រទេសកម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា។

    RFA

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    សាលាដំបូងរាជធានីភ្នំពេញបានចេញដីកាចាប់ខ្លួនអតីតសកម្មជនផ្នែកបរិស្ថានរបស់គណបក្សសង្គ្រោះជាតិ គឺកញ្ញា សៅ ឧសភា ដោយសារមានការសមគំនិត និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋក្រោមក្រមព្រហ្មទណ្ឌ ដោយសារមានការពាក់ព័ន្ធនឹងការរៀបចំផែនការធ្វើរដ្ឋប្រហារប្រឆាំងរដ្ឋាភិបាល។

    RFA

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    លោក ស៊ិន បូណា អតីតមេឃុំនៃគណបក្សសង្គ្រោះជាតិត្រូវបានបុរសមិនស្គាល់អត្តសញ្ញាណពីររូបវាយប្រហារដោយបំពង់ទីបដែលធ្វើឱ្យគាត់បាក់ដៃ និងរបួសក្បាល។ លោក បូណា គឺជាសមាជិកគណបក្សសង្គ្រោះជាតិទី១២ ហើយ ដែលរងការវាយប្រហារដោយជនមិនស្គាល់អត្តសញ្ញាណតាមដងផ្លូវ។

    RFA

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    ក្រសួងយុត្តិធម៌បានព្រមានមន្ត្រីរាជការស៊ីវិលថានឹងប្រឈមទោសជាប់ពន្ធនាគារ ប្រសិនបើចាប់បានថាពួកគេប៉ុនប៉ងផ្តល់ជំនួយដល់លោក សម រង្ស៊ី ដើម្បីវិលត្រឡប់មកប្រទេសកម្ពុជាវិញ។ មន្ត្រីរាជការស៊ីវិលដែលចាប់បានថានឹងផ្តល់ជំនួយដល់លោកសម រង្ស៊ី ពួកគេប្រឈមទោសជាប់ពន្ធនាគារជាអប្បបរមាចន្លោះពី៥ឆ្នាំ ដល់១០ឆ្នាំ។

    PPP

  • ភ្នំពេញ

    ភ្នំពេញ

    ការបង្កើតច្បាប់ និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស

    ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងថាឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់បានគាំទ្រសេចក្តីសម្រេចរបស់ខ្លួនក្នុងការបញ្ជូនសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសហជីពទៅកាន់ទីស្តីការគណៈរដ្ឋមន្ត្រី។ សេចក្តីស្នើនៃវិសោធនកម្មទាំងនោះទាក់ទងនឹងសិទ្ធិសេរីភាពខាងការជួបប្រជុំ។

    PPP

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    លោក ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានប្រកាសថាអាជ្ញាធរនឹងចាប់ខ្លួនបុគ្គលដែលបានបង្ហោះសារនៅលើបណ្តាញសង្គម ឬគាំទ្រទោះដោយវិធីណាមួយនៃការវិលត្រឡប់របស់លោក សម រង្ស៊ី។

    PPP