កាលប្បវត្តិសិទ្ធិមនុស្សខាងក្រោមបង្ហាញពីការរំលោភសិទ្ធិមនុស្សនិងការរឹតត្បិតសិទ្ធិមនុស្សសំខាន់ៗមួយចំនួនដែលបានកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ ២០១៣-២០២៣ និងយកលំនាំតាមកាលប្បវត្តិពីមុនរបស់យើងពីឆ្នាំ១៩៩៣ ដល់ ២០១២ ដែលអាចចូលទៅមើលបាននៅទីនេះ។
ឧប្បត្តិហេតុដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សពីឆ្នាំ ២០១៣-២០២៣ បង្ហាញការរំលោភសិទ្ធិមនុស្សពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានិងភាគីទីបី។ ការរំលោភសិទ្ធិមនុស្សទាំងអស់នោះទាក់ទងទៅនឹងបញ្ហាជាច្រើនរួមមានការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការកាត់ទោសអ្នកការពារសិទ្ធិមនុស្ស ការរំលោភយកដីធ្លី ការបណ្តេញចេញដោយបង្ខំ ការរឹតត្បិតសិទ្ធិក្នុងការជួបប្រជុំសិទ្ធិក្នុងការបង្កើតសមាគម និងការសំដែងមតិដោយសន្តិវិធី ការធ្វើទារុណកម្ម ការចាប់ខ្លួនការឃុំខ្លួនតាមអំពើចិត្ត និងការបង្កើតច្បាប់និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ ព័ត៌មានដែលកត់ត្រាទៅក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះត្រូវបានប្រមូលមកពីអត្ថបទព័ត៌មានទាំងជាភាសាខ្មែរ និងអង់គ្លេស ពីគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋានរបស់ ម.ស.ម.ក ព្រមទាំងវិចារណកថា និងការវិភាគផ្សេងៗដែលបានចេញផ្សាយដោយអង្គការសង្គមស៊ីវិល ដែលធ្វើការលើបញ្ហាទាំងនេះ។
ការរៀបរាប់ដោយសង្ខេបនៅក្នុងនេះគឺមានអមដោយ តំណភ្ជាប់ទៅនឹងអត្ថបទសារព័ត៌មានដែលរាយការណ៍អំពីព្រឹត្តិការណ៍ឬការងាររបស់អង្គការសង្គមស៊ីវិលដែលធ្វើការយ៉ាងសកម្មនៅក្នុងវិស័យនេះ។ សូមរំលឹកថាករណីដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះគឺសុទ្ធសឹងតែជាករណីដែលមានការចាប់អារម្មណ៍ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយឬអង្គការសង្គមស៊ីវិលដោយសាវាមានលក្ខណៈលេចធ្លោ។
ដូច្នេះកាលប្បវត្តិសិទ្ធិមនុស្សនេះគឺគ្រាន់តែជាតំណាងនៃចំណែកតូចមួយនៃចំនួនការរំលោភសិទ្ធិមនុស្សជាក់ស្តែងដែលកើតឡើងនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្គាប់ឱ្យមន្ត្រីទាំងអស់នៅទូទាំងប្រទេសតាមដានសមាជិកគណបក្សសង្គ្រោះជាតិក្នុងអំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌ។
-
ភ្នំពេញ
សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ
អាជ្ញាធរបានបញ្ជាឱ្យកម្ទេចអគារមួយនៅសហគមន៍បូរីកីឡា ក្នុងរាជធានីភ្នំពេញដែលប្រជាពលរដ្ឋពាក់ព័ន្ធក្នុងទំនាស់ដីធ្លីកំពុងរស់នៅជាបណ្តោះអាសន្ន។ អាជ្ញាធរបាន «អញ្ជើញ» សមាជិក១២គ្រួសារទៅខណ្ឌ៧មករា ក្នុងអំឡុងពេលធ្វើការកម្ទេចនោះដើម្បីសាកសួរ ខណៈដែលប្រជាពលរដ្ឋ៥នាក់ត្រូវបានចាប់បញ្ជូនខ្លួនទៅពន្ធនាគារព្រៃស្ពឺ។
-
ភ្នំពេញ
ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស
សាលាដំបូងខេត្តកំពង់ធំបានចោទប្រកាន់សមាជិកគណបក្សសង្គ្រោះជាតិ៣រូប រួមមាន លោក ស៊ុន ប៊ុនថន លោក នូ ភឿន និងលោក រស់ គឹមសៀង ពីបទប្រមាថ បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់អោយប្រព្រឹត្តបទល្មើស បន្ទាប់ពីសន្យាថានឹងគាំទ្រការវិលត្រឡប់របស់លោក សម រង្ស៊ី មកកាន់ប្រទេសកម្ពុជាតាមរយៈទូរស័ព្ទ ព្រមទាំងការបង្ហោះសារនៅលើបណ្តាញហ្វេសប៊ុកអំពីរឿងនេះ។ មេធាវីការពារក្តីសមាជិកគណបក្សជំទាស់ បានថ្លែងថាអាជ្ញាធរចូលទៅស្តាប់ការសន្ទនាតាមទូរស័ព្ទរបស់បុរសទាំងនោះ។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងថា អាជ្ញាធរនឹងចាត់វិធានការប្រឆាំងនឹងការប្រមូលផ្តុំណាមួយគាំទ្រអតីតគណបក្សសង្គ្រោះជាតិ។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
ចាន់ ដារ៉ា អតីតសមាជិកគណៈកម្មាធិការប្រតិបត្តិនៃគណបក្សសង្គ្រោះជាតិ ត្រូវបានបុរសមិនស្គាល់អត្តសញ្ញាណពីរនាក់វាយប្រហារ ដែលធ្វើឱ្យគាត់របួសក្បាល។ លោក ដារ៉ា បានដាក់ពាក្យបណ្តឹងរួចហើយទៅអាជ្ញាធរមូលដ្ឋាននៅសង្កាត់ទឹកថ្លា។ លោកជឿថាការវាយប្រហារនេះធ្វើឡើងដោយហេតុផលនយោបាយ។ លោក ឆាយ គឹមឃឿន អ្នកនាំពាក្យនគរបាលជាតិបានអះអាងថាករណីនេះកំពុងត្រូវបានស៊ើបអង្កេត តែយ៉ាងណាក្តី ករណីដទៃផ្សេងទៀតពាក់ព័ន្ធនឹងការធ្វើទុក្ខបុកម្នេញលើសមាជិកគណបក្សសង្គ្រោះជាតិ ពុំទាន់មានការចាប់ខ្លួនជនបង្កមកផ្តន្ទាទោសឡើយ បានត្រឹមតែសន្យាធ្វើការស៊ើបអង្កេត។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
អាជ្ញាធរបានបញ្ជូនសេចក្តីជូនដំណឹងរបស់តុលាការទៅកាន់គេហដ្ឋានរបស់លោក សម រង្ស៊ី នៅសង្កាត់ចាក់អង្រែលើ ដើម្បីបញ្ជាក់ថាសំណុំរឿងទាក់ទងនឹងលោក រង្ស៊ី នឹងត្រូវដំណើរការជំនុំជម្រះ។ លោក រង្ស៊ី ត្រូវបានចោទប្រកាន់ពីបទប្រមាថមន្ត្រីរាជការម្នាក់ និងញុះញង់ឱ្យប្រព្រឹត្តបទល្មើស។ ការចោទប្រកាន់ផ្សេងទៀតកំពុងត្រូវបានស៊ើបអង្កេត។
-
ព្រះសីហនុ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
អ្នកស្រី សៅ ឧសភា សកម្មជនបរិស្ថាន និងជាសកម្មគណបក្សសង្គ្រោះជាតិត្រូវបានអាជ្ញាធរខេត្តព្រះសីហនុ បង្គាប់ឱ្យចុះហត្ថលេខាលើកិច្ចសន្យាមួយយល់ព្រមបញ្ឈប់ធ្វើជាសកម្មជនមុនពេលដោះលែងអ្នកស្រី។ អ្នកស្រី សៅ ឧសភា បានរាយការណ៍ថាអ្នកស្រីត្រូវបានចាប់ខ្លួនដោយពុំមានដីកា ហើយអាជ្ញាធរបានសាកសួរអ្នកស្រីអំពីការបង្ហោះសារនៅលើបណ្តាញហ្វេសប៊ុក ដែលបានបញ្ចូលខ្លឹមសារទាក់ទងនឹងមន្ត្រីរដ្ឋាភិបាល។ អ្នកស្រី ឧសភា បានថ្លែងថាអ្នកស្រីនឹងបន្តការងាររបស់ខ្លួនក្នុងនាមជាសកម្មជន។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
ប្រជាពលរដ្ឋជាង១០០នាក់បានតវ៉ានៅមុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ក្នុងរាជធានីភ្នំពេញ បន្ទាប់ពីតំណាងរបស់ពួកគាត់១០នាក់ត្រូវបានតុលាការកោះហៅដើម្បីសាកសួរទាក់ទងនឹងការបរិហារកេរ្តិ៍ និងញុះញង់។ អ្នកភូមិទាំងនោះបានជាប់ពាក់ព័ន្ធក្នុងទំនាស់ដីធ្លីជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ ហេង ហ៊ុយ ក្នុងស្រុកស្រែអំបិល។ កងកម្លាំងសន្តិសុខខណ្ឌចំការមនបានរុញច្រាន និងទាត់ធាក់អ្នកតវ៉ាដែលធ្វើឱ្យស្ត្រីយ៉ាងហោចម្នាក់រងរបួស។
-
ព្រះសីហនុ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
សាលាដំបូងខេត្តព្រះសីហនុបានបង្គាប់ឱ្យលោក ស៊ុន ផាត ប្រធានគណៈកម្មាធិការខេត្តនៃសម្ព័ន្ធសហគមន៍កសិករកម្ពុជា និងអ្នកភូមិ២២នាក់ក្នុងស្រុកព្រៃនប់ចូលបង្ហាញខ្លួនដើម្បីសាកសួរក្នុងករណីទំនាស់ដីធ្លីមួយជាមួយក្រុមហ៊ុន លី យ៉ុងផាត់ និងហុង សួន។
-
កំពត
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
លោក នុត ពេជ្រ អតីតមន្ត្រីស្រុកនៃគណបក្សសង្គ្រោះជាតិ ត្រូវបានចាប់ខ្លួនខណៈកំពុងធ្វើការងារនៅកសិដ្ឋានរបស់លោក។ មានការលើកឡើងថាការចាប់ខ្លួននោះធ្វើឡើងដោយពុំមានដីកា ហើយលោកពេជ្រ ត្រូវបានរុញផ្អឹមមុខទៅនឹងដីនៅពេលចាប់ខ្លួន។ លោកពេជ្រធ្លាប់ចូលរួមរៀបចំការប្រមូលផ្តុំនានានៃអ្នកគាំទ្ររបស់គណបក្សជំទាស់ ដែលអាជ្ញាធរអះអាងថាខុសច្បាប់ដោយសារការរម្លាយគណបក្សសង្គ្រោះជាតិក្នុងឆ្នាំ២០១៧។
-
ភ្នំពេញ
ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស
ក្រសួងព័ត៌មានបានព្រមានថានឹងដកអាជ្ញាប័ណ្ណរបស់បណ្តាញព័ត៌មានក្នុងទម្រង់បោះពុម្ពផ្សាយនិងអនឡាញដែលចេញផ្សាយ «ព័ត៌មានមិនពិត» ដែលធ្វើឱ្យប៉ះពាល់សន្តិសុខជាតិ ឬរំលោភលើលក្ខខណ្ឌនៃអាជ្ញាប័ណ្ណ។
-
ភ្នំពេញ
ការបង្កើតច្បាប់ និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស
រដ្ឋាភិបាលបានប្រកាសកាត់បន្ថយចំនួនថ្ងៃសម្រាកមក២៨ ថ្ងៃ មកសល់២២ថ្ងៃ។ ទិវាសិទ្ធិមនុស្សអន្តរជាតិ ទិវាកុមារអន្តរជាតិ ទិវាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ពិធីបុណ្យមាឃបូជា និងទិវាជាតិនៃការចងចាំនឹងស្ថិតក្នុងចំណោមថ្ងៃដែលត្រូវលុបចេញទាំងនោះ។
-
ពោធិ៍សាត់
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ត្រូវបានរារាំងក្នុងការរៀបចំវគ្គបណ្តុះបណ្តាលអំពីសិទ្ធិដីធ្លី ធនធានធម្មជាតិ និងការទទួលបានសន្តិសុខស្បៀងក្នុងខេត្តពោធិ៍សាត់។ មន្ត្រីនគរបាលបានហាមឃាត់មនុស្សចំនួន៣៤នាក់ពីការចូលរួមវគ្គបណ្តុះបណ្តាលនោះពីព្រោះអង្គការពុំទទួលបានការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
លោក ម៉ៃ ហុងស្រៀង អតីតសកម្មជនគណបក្សសង្គ្រោះជាតិ ត្រូវបានចោទប្រកាន់ពីញុះញង់ឱ្យមានការរើសអើង និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋក្រោមមាត្រា ២៩៦ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ និងត្រូវបានដាក់ឱ្យស្ថិតក្នុងការឃុំខ្លួនបណ្តោះអាសន្ន។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានចាប់ខ្លួនអតីតសកម្មជនគណបក្សសង្គ្រោះជាតិម្នាក់ក្នុងរាជធានីភ្នំពេញដោយសារប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល និងញុះញង់បុគ្គលដទៃអោយប្រព្រឹត្តបទឧក្រិដ្ឋក្រោមក្រមព្រហ្មទណ្ឌ តាមរយៈការកាត់តប្តូររូបភាពរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាលបង្ហោះលើបណ្តាញហ្វេសប៊ុក។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
សាលារាជធានីភ្នំពេញបានច្រានចោលសំណើរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដើម្បីរៀបចំការប្រមូលផ្តុំមួយទាមទារការដោះលែងលោក កឹម សុខា និងលោក សម រង្ស៊ី ដើម្បីកម្ពុជានៅរក្សាបានកិច្ចព្រមព្រៀងនៃការអនុគ្រោះពន្ធលើមុខទំនិញសព្វសារពើ លើកលែងតែសព្វាវុធ របស់សហភាពអ៊ឺរ៉ុប និងបានព្រមានវិធានការច្បាប់ ប្រសិនបើសមាគមនេះរៀបចំការប្រមូលផ្តុំនោះ។ សំណើសុំការអនុញ្ញាតត្រូវបានបដិសេធដោយផ្អែកលើហេតុផលថានោះជាការជ្រៀតជ្រែកលើដំណើរការតុលាការ។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញការព្រមានមួយទៅលើលោក ឡុង គឹមខន អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ដែលប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ « So Samyuth » ដែលបង្ហោះភាសាប្រមាថលើនាយករដ្ឋមន្ត្រី និងលោកស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
-
រតនគិរី
ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស
សាលាដំបូងខេត្តរតនៈគិរីបានកោះហៅបុគ្គលិកជាន់ខ្ពស់នៃសមាគមអាដហុក និងមនុស្ស៨នាក់ផ្សេងទៀតអោយចូលបង្ហាញខ្លួនដើម្បីសាកសួរជុំវិញករណី «ញុះញង់ឱ្យប្រព្រឹត្តបទល្មើស» នៅភូមិសមុទ្រក្រោម ឃុំសេដា ស្រុកលំផាត់ នៅថ្ងៃទី២២ និងទី២៣ ខែមិថុនា ឆ្នាំ២០១៧ ក្រោមមាត្រា ៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។
-
ព្រះសីហនុ
ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស
អ្នកសារព័ត៌មានពីររូបត្រូវបានចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ និងត្រូវបានដាក់ឱ្យស្ថិតក្រោមការពិនិត្យរបស់តុលាការ តាមដីកាបង្គាប់របស់សាលាដំបូងខេត្តព្រះសីហនុ បន្ទាប់ពីពួកគាត់ត្រូវបានចាប់ខ្លួនជាមួយនឹងមនុស្ស៥នាក់ផ្សេងទៀតពាក់ព័ន្ធក្នុងទំនាស់ដីធ្លីមួយនៅខេត្តព្រះសីហនុ។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
សាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់មនុស្សពីរនាក់ពីបទញុះញង់បុគ្គលដទៃអោយប្រព្រឹត្តបទល្មើស និងបានដាក់ពួកគាត់ឱ្យស្ថិតក្នុងការឃុំខ្លួនបណ្តោះអាសន្ន ដោយសារពួកគាត់មានតួនាទីចូលរួមក្នុងការរៀបចំពិធីរំឭកខួបនៃការស្លាប់របស់លោកបណ្ឌិតកែមឡី ជាអ្នកវិភាគនយោបាយ។ លោក គង់ រ៉ៃយ៉ា អតីតសកម្មជនគណបក្សសង្គ្រោះជាតិ ត្រូវបានចាប់ខ្លួននៅថ្ងៃទី០៩ ខែកក្កដា ដោយសារលក់អាវយឺតដែលមានរូបថត និងសម្រង់សម្តីរបស់លោក បណ្ឌិត កែមឡី។ សមាជិកគ្រួសារ៣រូបរបស់លោក រ៉ៃយ៉ា ក៏ត្រូវបានចាប់ខ្លួនផងដែរ ប៉ុន្តែក្រោយមកត្រូវបានដោះលែងទៅវិញបន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយសន្យាថាពួកគេនឹងបញ្ឈប់សកម្មភាពពាក់ព័ន្ធដទៃៗទៀត។ យុវជន សួង នាគព័ន្ធ សមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ ត្រូវបានចាប់ខ្លួននៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ដោយសារព្យាយាមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធរបស់លោកបណ្ឌិត កែម ឡី នៅស្ថានីយប្រេងឥន្ទនៈកាលតិច ទីដែលលោកបណ្ឌិត កែម ឡី ត្រូវបានត្រូវបានឃាតករបាញ់សម្លាប់។