កាលប្បវត្តិសិទ្ធិមនុស្សខាងក្រោមបង្ហាញពីការរំលោភសិទ្ធិមនុស្សនិងការរឹតត្បិតសិទ្ធិមនុស្សសំខាន់ៗមួយចំនួនដែលបានកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ ២០១៣-២០២៣ និងយកលំនាំតាមកាលប្បវត្តិពីមុនរបស់យើងពីឆ្នាំ១៩៩៣ ដល់ ២០១២ ដែលអាចចូលទៅមើលបាននៅទីនេះ។
ឧប្បត្តិហេតុដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សពីឆ្នាំ ២០១៣-២០២៣ បង្ហាញការរំលោភសិទ្ធិមនុស្សពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានិងភាគីទីបី។ ការរំលោភសិទ្ធិមនុស្សទាំងអស់នោះទាក់ទងទៅនឹងបញ្ហាជាច្រើនរួមមានការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការកាត់ទោសអ្នកការពារសិទ្ធិមនុស្ស ការរំលោភយកដីធ្លី ការបណ្តេញចេញដោយបង្ខំ ការរឹតត្បិតសិទ្ធិក្នុងការជួបប្រជុំសិទ្ធិក្នុងការបង្កើតសមាគម និងការសំដែងមតិដោយសន្តិវិធី ការធ្វើទារុណកម្ម ការចាប់ខ្លួនការឃុំខ្លួនតាមអំពើចិត្ត និងការបង្កើតច្បាប់និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ ព័ត៌មានដែលកត់ត្រាទៅក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះត្រូវបានប្រមូលមកពីអត្ថបទព័ត៌មានទាំងជាភាសាខ្មែរ និងអង់គ្លេស ពីគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋានរបស់ ម.ស.ម.ក ព្រមទាំងវិចារណកថា និងការវិភាគផ្សេងៗដែលបានចេញផ្សាយដោយអង្គការសង្គមស៊ីវិល ដែលធ្វើការលើបញ្ហាទាំងនេះ។
ការរៀបរាប់ដោយសង្ខេបនៅក្នុងនេះគឺមានអមដោយ តំណភ្ជាប់ទៅនឹងអត្ថបទសារព័ត៌មានដែលរាយការណ៍អំពីព្រឹត្តិការណ៍ឬការងាររបស់អង្គការសង្គមស៊ីវិលដែលធ្វើការយ៉ាងសកម្មនៅក្នុងវិស័យនេះ។ សូមរំលឹកថាករណីដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះគឺសុទ្ធសឹងតែជាករណីដែលមានការចាប់អារម្មណ៍ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយឬអង្គការសង្គមស៊ីវិលដោយសាវាមានលក្ខណៈលេចធ្លោ។
ដូច្នេះកាលប្បវត្តិសិទ្ធិមនុស្សនេះគឺគ្រាន់តែជាតំណាងនៃចំណែកតូចមួយនៃចំនួនការរំលោភសិទ្ធិមនុស្សជាក់ស្តែងដែលកើតឡើងនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។
-
បន្ទាយមានជ័យ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
អាជ្ញាធរក្រុងសិរីសោភ័ណបានហាមឃាត់ប្រជាពលរដ្ឋមួយក្រុមពីការរៀបចំពិធីរំឭកខួបនៅគេហដ្ឋានរបស់លោក សួន សៀប ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធរបស់លោកបណ្ឌិត កែម ឡី ដោយផ្អែកលើហេតុផលថាអ្នកភូមិពុំបានបញ្ជូនសំណើរសុំជាផ្លូវការ។ លោកបណ្ឌិត កែមឡីត្រូវបានឃាតករបាញ់សម្លាប់នៅស្ថានីយប្រេងឥន្ធនៈមួយក្នុងរាជធានីភ្នំពេញនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។
-
រតនគិរី
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
អភិបាលខេត្តរតនៈគិរី បានស្នើឱ្យអ្នកសារព័ត៌មានជនជាតិខ្មែរ និងបរទេស រាយការណ៍អំពីអត្តសញ្ញាណរបស់ពួកគេទៅអាជ្ញាធរដោយមានបញ្ជាក់ពីគោលបំណងរបស់ពួកគេ នៅឯមន្ទីរព័ត៌មានថ្នាក់ខេត្តមុនពេលពួកគេអាចរាយការណ៍ព័ត៌មានក្នុងខេត្តបាន។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
អ្នកភូមិជាង១០០នាក់ តំណាងប្រជាពលរដ្ឋចំនួន១៩៧គ្រួសារមកពីឃុំជីខក្រោម និងជីខលើក្នុងខេត្តកោះកុង បានប៉ះទង្គិចជាមួយអាជ្ញាធរនៅពេលធ្វើការតវ៉ានឹងការច្រានចោលសំណើរបស់ពួកគាត់ទាក់ទងនឹងទំនាស់ដីធ្លីជាមួយក្រុមហ៊ុន ហេង ហ៊ុយ កសិកម្ម នៅមុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
-
កំពង់ធំ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
គ្រូបង្រៀនពីរនាក់ និងអតីតសមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ បានប្រកាសថាពួកគាត់នឹងលែងចូលរួមក្នុងសកម្មភាពនយោបាយណាមួយទៀតហើយ ជាពិសេសពាក់ព័ន្ធនឹងគណបក្សសង្គ្រោះជាតិ ដើម្បីរក្សាមុខរបរ និងសុវត្ថិភាពផ្ទាល់ខ្លួន។ ពួកគាត់រងការព្រមានថាតួនាទីជាគ្រូបង្រៀនរបស់ពួកគាត់នឹងត្រូវបញ្ចប់ដោយសារពួកគាត់ធ្លាប់បានចូលរួមសកម្មភាពនយោបាយ។
-
កំពង់ធំ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
លោក ស៊ុន ធន់ អតីតមន្ត្រីគណបក្សសង្គ្រោះជាតិត្រូវបានបុរសមិនស្គាល់អត្តសញ្ញាណមួយក្រុមវាយដំ។ ការវាយដំនេះកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក ធន់ បានប្រកាសថាលោកនឹងលាលែងពីនយោបាយប្រសិនបើរដ្ឋាភិបាលអនុញ្ញាតឱ្យលោកចូលបង្រៀនម្តងទៀត។
-
ភ្នំពេញ
ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស
លោក រ៉ាត់ រត្នមុនី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលពីរឆ្នាំពីបទញុះញង់ឱ្យធ្វើការរើសអើងដោយសារជាប់ពាក់ព័ន្ធនឹងការផលិតខ្សែភាពយន្តឯកសារមួយ ដែលមានព័ត៌មានក្លែងក្លាយ និងធ្វើឱ្យប៉ះពាល់ដល់កេរ្ត៍ឈ្មោះរបស់ប្រទេសកម្ពុជា។
-
កំពង់ឆ្នាំង
ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស
ចៅក្រមសាលាដំបូងខេត្តកំពង់ឆ្នាំងបានបង្គាប់ឱ្យឃាត់ខ្លួនលោក ងិន វាសនា និពន្ធនាយកគេហទំព័រក្រាំងមាស និងសហការីរបស់លោក ឈ្មោះ ទូច ឌីន និងបានចោទប្រកាន់ពួកគាត់ពីបទ «បរិហារកេរ្តិ៍ និងកំហែងយកប្រាក់»។ អ្នកសារព័ត៌មានទាំងពីរនាក់បានចេញអត្ថបទព័ត៌មានមួយលើកឡើងថាលោក ឧកញ៉ា ទៀ វិចិត្រ បាននាំទំនិញចូលគេចពន្ធដោយសារមានការគាំទ្រពីបុគ្គលមានអំណាច។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ខណៈដែលការជួបជុំគ្នា ហូបនំបញ្ចុកដើម្បីពិភាក្សាអំពីរឿងនយោបាយ និងលទ្ធិប្រជាធិបតេយ្យគឺជារឿងល្អ តែបើធ្វើដូច្នោះ ដើម្បីត្រៀមការវិលត្រឡប់មកវិញនៃថ្នាក់ដឹកនាំគណបក្សជំទាស់ ញុះញង់ឱ្យមានការបដិវត្តន៍ពណ៌គឺ «ខុសច្បាប់»។
-
ពោធិ៍សាត់
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
លោក ណែម ណាត អតីតសកម្មជនគណបក្សសង្គ្រោះជាតិ ត្រូវបាននគរបាលខេត្តពោធិ៍សាត់ឃាត់ខ្លួនពីបទរំលោភលើច្បាប់ស្តីពីព្រៃឈើ។ អតីតអ្នកគាំទ្រគណបក្សសង្គ្រោះជាតិផ្សេងទៀត រួមមាន លោក នួន លឹម ប្រាក់ រិន និង មុំ ភី ត្រូវបានចោទប្រកាន់ពីបទល្មើសដូចគ្នា។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
សាលាដំបូងរាជធានីភ្នំពេញបានកាត់ទោស យិន ហេង ជាអ្នកប្តូរយេនឌ័រជាបុរសអាយុ២៣ឆ្នាំ ដែលប្រមាថប្រជាពលរដ្ឋខ្មែរតាមរយៈវីដេអូឃ្លឹបដែលបង្ហោះនៅលើបណ្តាញហ្វេសប៊ុក បន្ទាប់ពីយុវជនរូបនេះត្រូវបានក្រុមបុរសមួយក្រុមវាយប្រហារក្នុងខែកុម្ភៈ។ យិន ហេង ត្រូវបានចោទប្រកាន់ពីបទញុះញង់ឱ្យមានការរើសអើងក្រោមក្រមព្រហ្មទណ្ឌ។ លោកប្រឈមនឹងទោសជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ និងពិន័យជាប្រាក់ចំនួន១,៦០០ដុល្លារអាម៉េរិកប្រសិនបើត្រូវបានកាត់ទោស។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
រោងចក្រឈីមីងស៊ីន បាបដិសេធការចោទប្រកាន់ថាខ្លួនបានបណ្តេញលោក មឿន យឿនប្រធានសហព័ន្ធសហជីពសំឡេងយុវជនខ្មែរ និងសហការីរបស់លោក រូមមាន អ្នកស្រីហួន ស្រីលីន លោកអ៊ុន ធារ៉ុង អ្នកស្រីថុល ធីម កញ្ញាប៉ែត ហឿន លោកសេស សុផល និងអ្នកស្រីសៀងសុខលី ចេញពីការងារ ដោយសារមានផែនការបង្កើតសហជីពមូលដ្ឋាន។ ក្រុមហ៊ុនអះអាងថាសកម្មជនសហជីពត្រូវបានបណ្តេញចេញពីព្រោះជំរុញឱ្យកម្មករផ្សេងទៀតធ្វើការតវ៉ា។
-
កំពង់ធំ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
អតីតសមាជិកគណបក្សសង្គ្រោះជាតិចំនួន៣៥នាក់ក្នុងខេត្តកំពង់ធំបានសម្តែងការព្រួយបារម្ភចំពោះសុវត្ថិភាពរបស់ពួកគាត់បន្ទាប់ពីអាជ្ញាធរបានឃ្លាំមើលការជួបជុំរបស់ពួកគាត់ជាច្រើនលើក និងបានសួរនាំពួកគាត់។ លោក ថៃ ធឹម អតីតក្រុមប្រឹក្សាខេត្តគណបក្សសង្គ្រោះជាតិបានអះអាងថាអតីតសមាជិកគណបក្សសង្គ្រោះជាតិមួយចំនួនបានជួបជុំគ្នាកាលពីថ្ងៃពុធដើម្បីពិសារអាហារ និងត្រូវបាននគរបាលឃ្លាំមើល។ លោក ធឹម ថ្លែងថា «យើងបានជួបជុំគ្នាតាមទីតាំងផ្សេងៗគ្នាក្នុងស្រុកបារ៉ាយដើម្បីហូបនំបញ្ចុក ប៉ុន្តែទីតាំងពីរក្នុងចំណោមទីតាំងបួនកន្លែងត្រូវបានរារាំងដោយអាជ្ញាធរមានគ្នា២០នាក់។ ក្រុមសមាជិកទាំងនោះបានព្រួយបារម្ភ ហើយក៏បានទៅផ្ទះរបស់ខ្ញុំដើម្បីពិសារនំបញ្ចុក»។
-
សៀមរាប
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
យុវជន ឈុន ឌីម៉ី (រហស្សនាមថា ឌីម៉ី-ខេមបូ ) អាយុ២៤ ឆ្នាំ ជាតន្រ្តីករ បានលុបចេញបទចម្រៀងរ៉ែបដែលរិះគន់បញ្ហានៅក្នុងសង្គមកម្ពុជា ពីទំព័រហ្វេសប៊ុក និងយូធូប និងបានប្រកាសថាលោកនឹងមិនបញ្ឈប់ច្រៀងចម្រៀងឡើយ ក្រោយពីមន្ត្រីបានចុះទៅកាន់ផ្ទះរបស់លោកក្នុងខេត្តសៀមរាប ហើយបានព្រមានលោក។ បទចម្រៀងមានចំណងជើង «សង្គមនេះ» បានលើកឡើងពីអំពើអយុត្តិធម៌នានាសង្គម មានដូចជាអំពើពុករលួយ ទំនាស់ដីធ្លី ការបាញ់សម្លាប់ និងការគាបសង្កត់លើប្រជាពលរដ្ឋស្លូតត្រង់ជាដើម។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
លោក ទា បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានថ្លែងថាលោកពុំមានទំនាក់ទំនងជាមួយគណនីហេ្វសប៊ុកឈ្មោះ « Gro Angel» ដែលបានប្រើប្រាស់រូបភាពរបស់លោកក្នុងប្រូហ្វាល់របស់ខ្លួន និងបានបង្ហោះសាររិះគន់រដ្ឋាភិបាលនោះឡើយ។ លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានស្នើអោយស្វែងរកម្ចាស់គណនីឈ្មោះ Gro Angel និងចាត់វិធានការតាមផ្លូវច្បាប់លើពួកគេ។
-
បាត់ដំបង
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
កញ្ញា ស៊ិន ចាន់ពៅរូហ្សេត អតីតចៅសង្កាត់អូចារ និងអតីតមន្ត្រីមូលដ្ឋាននៃគណបក្សសង្គ្រោះជាតិចំនួន៥នាក់ផ្សេងទៀតត្រូវបានសាលាដំបូងខេត្តបាត់ដំបងសាកសួរថាតើពួកគេបានរំលោភសេចក្តីសម្រេចរបស់តុលាការកំពូលដែលរម្លាយគណបក្សជំទាស់នោះឬយ៉ាងណា។ កញ្ញា ស៊ិន ចាន់ពៅរូហ្សេត បានលើកឡើងថាព្រះរាជអាជ្ញាបានសាកសួរផ្តោតលើបញ្ហាចំនួនពីរគឺ ទាក់ទងនឹងប្រជាពលរដ្ឋដែលមកហាងនំបញ្ចុករបស់កញ្ញានោះ មកដើម្បីធ្វើការប្រមូលផ្តុំគ្នា ឬយ៉ាងណា ឬក៏កញ្ញាញុះញង់ប្រជាពលរដ្ឋអោយប្រឆាំងនឹងសេចក្តីសម្រេចឆ្នាំ២០១៧របស់តុលាការកំពូល។
-
ភ្នំពេញ
ការបង្កើតច្បាប់ និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស
ក្រសួងព័ត៌មានបានប្រកាសពីការត្រៀមធ្វើវិសោធនកម្មច្បាប់ស្តីពីរបបសារព័ត៌មាន ដើម្បីធានាថាច្បាប់នេះ «អនុលោមតាមស្ថានភាពបច្ចុប្បន្ន និងតម្រូវការរបស់ប្រទេសជាតិ»។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
ប្រជាពលរដ្ឋជាង ១,០០០ នាក់ មកពីអង្គការសង្គមស៊ីវិលផ្សេងៗបានដើរហែក្បួននៅទិវាពលកម្មអន្តរជាតិ បន្ទាប់ពីរដ្ឋាភិបាលបានបន្ធូរបន្ថយការរឹតត្បិតលើការដើរហែក្បួននៅទិវាពលកម្ម។ អ្នកដើរហែក្បួនបានទាមទារការតម្លើងប្រាក់ឈ្នួលអប្បបរមាសម្រាប់វិស័យការងារគ្រប់ផ្នែក។
-
បាត់ដំបង
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
អតីតមន្ត្រីថ្នាក់មូលដ្ឋានគណបក្សសង្គ្រោះជាតិចំនួន៥នាក់ និងអ្នកគាំទ្រចំនួនពីររូប ត្រូវបានតុលាការកោះហៅដើម្បីសាកសួរដោយសាររំលោភលើសេចក្តីសម្រេចរបស់តុលាការកំពូលដែលបានរម្លាយអតីតគណបក្សជំទាស់ក្នុងខែវិច្ឆិកា ឆ្នាំ២០១៧។ មន្ត្រីទាំង៥នាក់នោះរួមមាន កញ្ញា ស៊ិន ចាន់ពៅរូហ្សេត អតីតចៅសង្កាត់អូចារ លោក ម៉ុក រ៉ា អតីតមេឃុំ លោក ឃួន ចម្រើន លោកឌឹម សារឿន អតីតសមាជិកក្រុមប្រឹក្សាខេត្ត និងលោក គង់ ប៊ុនហាង អតីតប្រធានគណបក្សប្រចាំខេត្ត។
-
ត្បូងឃ្មុំ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
លោក ស៊ូ យាន អតីតអនុប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិស្រុកត្បូងឃ្មុំ ត្រូវបានដាក់ឱ្យស្ថិតក្នុងការឃុំខ្លួនជាបណ្តោះអាសន្ន និងត្រូវចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋទាក់ទងនឹងការបញ្ចេញមតិយោបល់នៅលើបណ្តាញហ្វេសប៊ុកអំពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
សាលារាជធានីភ្នំពេញបានច្រានចោលសំណើសហជីពធំៗចំនួន៨ ដើម្បីដើរហែក្បួននៅរាជធានីភ្នំពេញ ជាការប្រារព្ធទិវាពលកម្មអន្តរជាតិ ហើយបានអនុញ្ញាតអោយពួកគេរៀបចំព្រឹត្តិការណ៍នោះតែនៅខាងមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាវិញ។