កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • សង្គម​ស៊ីវិល​រិះគន់​អំពី​ការ​លើក​កម្ពស់​សមភាព​យេនឌ័រ​នៅ​កម្ពុជា

    លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហាញ​ថ្នាក់ដឹកនាំ​ពិភពលោក​ថា កម្ពុជា​បាន​ចូលរួម​យ៉ាង​សកម្ម​ជាមួយ​បណ្ដា​ប្រទេស​សមាជិក​នៃ​អង្គការ​សហប្រជាជាតិ ក្នុង​ការ​លើក​កម្ពស់​សមភាព​យេនឌ័រ និង​សិទ្ធិ​អំណាច​ស្ត្រី​នៅ​ក្នុង​សង្គម។ ​ចំណែក​ខាង​មន្ត្រី​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ការ​លើក​កម្ពស់​សិទ្ធិ​ស្ត្រី​វិញ​បង្ហាញ​ថា ជា​គោលការណ៍ គឺ​ឃើញ​មាន​ភាព​ល្អ​ប្រសើរ ប៉ុន្តែ​ជា​លទ្ធផល​នៃ​ការ​អនុវត្ត​ជាក់ស្ដែង​កម្ពុជា នៅ​មាន​ការ​ខ្វះ​ចន្លោះ​ច្រើន និង​នៅ​ឃ្លាតឆ្ងាយ​ពី​គោលដៅ​សហស្សវត្ស​របស់​អង្គការ​សហប្រជាជាតិ​ដែល​បាន​ដាក់​ចេញ​ឲ្យ​ប្រទេស​ជា​សមាជិក​អនុវត្ត​ក្នុង​រយៈពេល ១៥​ឆ្នាំ​កន្លង​មក។ មន្ត្រី​សង្គម​ស៊ីវិល​គាំទ្រ​ចំពោះ​ការ​លើក​ឡើង​ពី​គោលការណ៍​នៃ​ការ​ចូលរួម​សកម្ម​លើ​កិច្ចការ​លើក​កម្ពស់​សមភាព​យេនឌ័រ​នៅ​កម្ពុជា ប៉ុន្តែ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ពង្រឹង​លើ​ការ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព។ ការ​ស្នើ​បែប​នេះ ដោយសារ​កន្លង​មក​មាន​តែ​ការ​លើក​ឡើង​នូវ​គោលការណ៍ ចំណែក​ការ​អនុវត្ត​នៅ​មាន​ចំណុច​អវិជ្ជមាន​ច្រើន។

  • តុលាការ​មិន​អនុញ្ញាត​ឲ្យ​គ្រូពេទ្យ​ចូល​ព្យាបាល​លោក​ហុង សុខ​ហួរ​នៅក្នុង​ពន្ធនាគារ​​

    ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​គ្រួពេទ្យ​ប្រចាំ​នៅ​អង្គការ​លីកាដូ​ចូល​ព្យាបាល​ជំងឺ​លោក ហុង សុខ​ហួរ នៅក្នុង​ពន្ធនាគារ​ព្រៃ​ស​ទេ ដោយ​អះអាង​ថា មិន​មាន​ឯកសារ​បញ្ជាក់​ពី​ពន្ធនាគារ​។​ កាលពី​ថ្ងៃ​ទី​២១ ​ខែសីហា​ កន្លងទៅនេះ លោក ជូ​ង ជូងឺ មេធាវី​ការពារ​ក្តី​ឲ្យ​លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា បាន​ធ្វើលិខិត​ស្នើសុំ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បីឲ្យ​គ្រួពេទ្យ​អង្គការ​លីកាដូ ចូល​ទៅ​ព្យាបាល​កូនក្តី​របស់​ខ្លួន​ដែល​កំពុង​មាន​ជំងឺ​។​ ​ជា​ការឆ្លើយតប ​នៅ​ថ្ងៃទី​២៥​ ខែ​សីហាលោក កោ វណ្ឌី ចៅក្រម​ស៊ើបសួរ បាន​បដិសេធមិន​អនុញ្ញាត​ឲ្យ​គ្រូពេទ្យ​ចូល​ព្យាបាល​តាម​ការស្នើសុំ​របស់​លោក ជូ​ង ជូ​ងី​ទេ​។ លោក កោ វណ្ឌី បញ្ជាក់​តាម​លិខិត​ថា មូលហេតុ​ដែល​លោក​មិន​អនុញ្ញាត​នេះ ដោយសារ​មិន​មាន​របាយការណ៍​ស្ថាន​ភាព​ជំងឺ​ពី​ពន្ធនាគារ ហើយ​ម្យ៉ាងទៀត​លោក​បញ្ជាក់ថា នៅ​ពន្ធនាគារ​មាន​សេវា​ថែទាំ​សុខភាព​សម្រាប់​ជន​ត្រូវ​ជាប់ចោទ​គ្រប់រូប​ហើយ​។​

  • លោក កឹម សុខា រិះគន់​រដ្ឋាភិបាល​ថា​អនុវត្ត​រដ្ឋធម្មនុញ្ញ​នៅ​ខ្វះចន្លោះ​​

    ថ្នាក់ដឹកនាំ​គណបក្ស​ប្រឆាំង អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​តាមដាន​រដ្ឋាភិបាល នូវ​ការអនុវត្ត​រដ្ឋធម្មនុញ្ញ ដើម្បី​ងាយស្រួល​សម្រេច​ជ្រើសរើស​ថ្នាក់ដឹកនាំ​ថ្មី ការពារ​ប្រយោជន៍​ជាតិ​ពិតប្រាកដ ដោយ​អះអាង​ថា មាន​ចំណុច​ខ្លះ​រដ្ឋាភិបាល​មិន​ទាន់​អនុវត្ត​បាន​ត្រឹមត្រូវ​នៅឡើយ​។​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​បែប​នេះ​នៅក្នុង​“​ឱកាស​ខួប​ទី​២២ នៃ​ការប្រកាស​ឲ្យប្រើ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​(២៤​កញ្ញា​១៩៩៣-២៤​កញ្ញា​២០១៥)” ខណៈ​លោក​ចូលរួម​ក្នុង​ពិធីបុណ្យ “​រ៉ូយ៉ាហា​ជី​” ជាមួយ​ជនជាតិ​ខ្មែរ​-​ឥស្លាម នៅ​ភូមិ​អូរ​លយ ឃុំ​ជើង​គ្រា​វ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​។​ ​វី​ឌី​អូ​ឃ្លី​បជិត​៥​នាទី​ដែល លោក កឹម សុខា បង្ហោះ​នៅលើ​ហ្វេ​សប៊ុក​របស់​លោក​ឲ្យដឹងថា ចាប់ពី​ឆ្នាំ​១៩៩៣​ដល់​បច្ចុប្បនេះ គណបក្សកាន់អំណាច​អនុវត្ត​រដ្ឋធម្មនុញ្ញ​បាន​ខ្លះ និង​មិន​ទាន់​បាន​ខ្លះ ដោយ​លោក​អះអាងថា ចំណុច​ខ្វះខាត​នោះ​រួមមាន សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ គោលការណ៍​ប្រជាធិបតេយ្យ​ពេញលេញ មិនទាន់​បាន​អនុវត្ត​ត្រឹមត្រូវ​នៅឡើយ​។ លោក កឹម សុខា អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ តាមដាន​នូវ​ការអនុវត្ត​របស់​រដ្ឋាភិបាល​បន្ត​ទៀត ដើម្បី​ងាយស្រួល​សម្រេចចិត្ត​ជ្រើសរើស​អ្នក​ដឹក​ថ្មី​ប្រកបដោយ​ប្រសិទ្ធភាព​។​

  • CCHR៖ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាប្រឈមនឹងការគំរាមកំហែង

    មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) បានចាត់ទុកលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ថាកំពុងតែប្រឈមនឹងការគំរាមកំហែង។ នេះបើតាមសេចក្តីថ្លែងការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៥ ។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្តីថ្លែងមួយមានចំណងជើងថា «កម្ពុជា៖ លទ្ធិប្រជាធិបតេយ្យប្រឈមនឹងការគំរាមកំហែង» ក្នុងឱកាសប្រារព្ធទិវារដ្ឋធម្មនុញ្ញ និងដំណើរទស្សនកិច្ចរបស់លោកស្រី រ៉ូណា ស្ម៊ីត អ្នករាយការណ៍ពិសេស ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នៃអង្កការសហប្រជាជាតិ។ ក្នុងសេចក្តីថ្លែងការនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចាត់ទុកលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ថាកំពុងតែប្រឈមនឹងការគំរាមកំហែង និងរិតត្បិតសិទ្ធិសេរីភាពប្រជាពលរដ្ឋ ដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

  • អតីត​ស្ត្រី​បឹងកក់​បដិសេធ​ដំណោះស្រាយ​របស់​សាលា​រាជធានី ស្នើ​ឲ្យ​ចង​ក្រង​ជា​សហគមន៍​ក្រីក្រ​​

    បណ្តាញ​ស្ត្រី​អតីត​សហគមន៍​បឹកកក់ បដិសេធ​ដំណោះស្រាយ​របស់​សាលា​រាជធានី​ភ្នំពេញ ដែល​ស្នើ​ឲ្យ​ពួកគាត់​ចងក្រង​ជា​សហគមន៍​ក្រីក្រ ក្នុង​ការស្វែងរក​ដំណោះស្រាយ​បញ្ហា​ដីធ្លី​។​ ការបដិសេធ​នេះ បន្ទាប់​ពី​តំណាង​សហគមន៍​បឹងកក់​ចំនួន​៥​នាក់ បាន​ចូលជួប​ជាមួយ​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ ជជែក​ពី​ការស្វែងរក​ដំណោះស្រាយ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែកញ្ញា​នេះ​។​ តំណាង​សហគមន៍​បឹងកក់​អ្នកស្រី ស្រ៊ា ណា​រ៉េត ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ជំនួប​នោះ​ថា ពួកគាត់​មិន​ចង់បាន​ដំណោះស្រាយ​របស់​សាលា​រាជធានី​នោះទេ​។ អ្នក​ស្ត្រី​បន្តថា អ្នក​បឹងកក់​រងគ្រោះ​ដោយសារ​ការបណ្តេញ​ដោយ​គ្មាន​សំណង​សមរម្យ មិន​មែន​ពួកគាត់​ជា​អ្នកក្រ​នោះទេ​។ អ្នកស្រី​ព្រមាន​ថា បណ្តាញ​សហគមន៍​អតីត​បឹងកក់ នឹង​តវ៉ា​រហូត​មាន​ដំណោះស្រាយ​សមរម្យ​៖ “​ខ្ញុំ​មិនមែន​ក្រីក្រ ដោយសារ​ខ្ញុំ​រកស៊ី​ក្រ​ខ្ជិល​មកសុំ​សាលា​រាជធានី​ភ្នំពេញ​ទេ គឺ​ខ្ញុំ​ក្រីក្រ​ដោយសារ​ការអភិវឌ្ឍ​តំបន់​បឹង​កក់ ធ្វើឲ្យ​ខ្ញុំ​រងគ្រោះ​វេទនា បាត់​ផ្ទះសម្បែង ដើរ​រសាត់អណ្តែត បែក​កូនចៅ​។ អ៊ីចឹង​ហើយ​សាលា​រាជធានី​ត្រូវ​ទទួលខុសត្រូវ​ក្នុង​ការអភិវឌ្ឍ មិនមែន​អភិវឌ្ឍ​ពី​ប្រជាពលរដ្ឋ​មានផ្ទះ រហូត​ដល់​អត់​ផ្ទះ​នៅ ដើរ​យំ​ស្រែក​តាម​ចិញ្ចើម​ថ្នល់​ទេ ខ្ញុំ​មិន​អាច​ទទួលយក​បាន​ទេ​”​។​

  • អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិបន្តពិនិត្យមើលដីសម្បទានសេដ្ឋកិច្ច​

    អ្នក​រាយការណ៍​ពិសេស​របស់​អង្គការសហប្រជា​ជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោកស្រី រ៉ូ​ណា ស្ម៊ី​ត(Rhona Smith) បានថ្លែង​ថា​លោកស្រីនឹង​បន្ត​ការងារ​ដែលបំពេញ​ដោយ​​អ្នករាយការណ៍ពិសេសមុនៗ ដោយ​នឹង​យកចិត្តទុក​ដាក់លើ​ដីសម្បទាន​សេដ្ឋកិច្ច​។ លោកស្រីបានថ្លែង​បែបនេះនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ ក្រោយពីបញ្ចប់​បេស​កកម្ម​ផ្លូវ​ការលើកដំបូង​របស់លោកស្រី។​ ក្នុងដំណើរទស្សនកិច្ចផ្លូវការជា​អ្នក​រាយការណ៍ពិសេស ជំនួស​លោក សុរិយា​ ស៊ូប៊ែឌី លោកស្រី រ៉ូ​ណា ស្ម៊ី​ត បានជួប​ជាមួយ​លោកនា​យករដ្ឋមន្រ្តី ហ៊ុន សែន រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ រដ្ឋមន្រ្តីក្រសួង​ធម៌ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស​កម្ពុជា រដ្ឋមន្រ្តីក្រសួង​ការងារ​ រដ្ឋមន្រ្តីក្រសួង​អប់រំ​និង​រដ្ឋមន្រ្តី​​បរិស្ថានជាដើម។ លោកស្រីបានថ្លែង​ថា​លោកស្រី​បាន​ធ្វើការជា​អ្នក​រាយការណ៍ពិសេសនេះ ដោយ​ឯករាជ្យ​ពី​រដ្ឋាភិបាល​ឬ​អង្គ​ការណាមួយ​ហើយ​លោកស្រីបំពេញ​​ទៅតាម​សមត្ថភាព​​របស់លោកស្រី។ លោកស្រីបន្តថា​តួនាទីរបស់លោក​ស្រី​មានបីគឺ​ផ្តល់យោបល់ តាមដាន​និង​ធ្វើ​របាយ​ការណ៍​ស្តីពីស្ថានភាព​សិ​ទ្ធិមនុស្ស​នៅកម្ពុជា។

  • អតីត​អ្នក​បឹងកក់​ទាមទារ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​ពន្លឿន​ដោះស្រាយ​រឿង​ដីធ្លី

    អតីត​អ្នក​បឹងកក់ ដែល​មាន​បញ្ហា​ដីធ្លី​ជាង ១០០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​កញ្ញា នេះ បាន​តវ៉ា និង​ដាក់​ញត្តិ​ដើម្បី​ទាមទារ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ ពន្លឿន​ការ​ដោះស្រាយ​ផ្ដល់​សំណង​បន្ថែម​ដល់​ពួក​គាត់​ចំនួន ១៦០​គ្រួសារ។ តំណាង​បណ្ដាញ​ស្ត្រី​អតីត​សហគមន៍​បឹងកក់ លោកស្រី ស៊ា ណារ៉េត បាន​និយាយ​ថា បើ​ទោះ​បី​ជា​អតីត​អ្នក​បឹងកក់ បាន​សំណង​ដូចជា ផ្ទះ និង​ថវិកា​មួយ​ចំនួន​ក្តី តែ​ជា​ការ​ទទួល​យក​ទាំង​បង្ខំ និង​ជា​សំណង​តិចតួច​ប៉ុណ្ណោះ។ លោកស្រី​បន្ត​ថា ទង្វើ​របស់​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ស៊ូកាគូ (Shukaku) បាន​ធ្វើ​ឲ្យ​អ្នក​បឹងកក់ រង​ទុក្ខ​វេទនា បាត់​ដី និង​ទ្រព្យ​សម្បត្តិ​អស់​រលីង​គ្មាន​សល់ ដោយសារ​តែ​ការ​បណ្ដេញ​ចេញ៖ «បញ្ហា​របស់​អតីត​សហគមន៍​បឹងកក់ ពួក​ខ្ញុំ​មក​ពី​ការ​ដោះស្រាយ​មិន​សមរម្យ មិន​មាន​តម្លាភាព និង​យុត្តិធម៌ ដោយ​ក្រុមហ៊ុន និង​រដ្ឋាភិបាល​ឃុបឃិត​គ្នា យក​ដី​ពលរដ្ឋ​បឹងកក់ សង​សំណង​មិន​សមរម្យ ហើយ​ជា​យក​ដី​នោះ​ទៅ​លក់​ឲ្យ​ក្រុមហ៊ុន»។ នៅ​ម៉ោង​ប្រមាណ ១០​ព្រឹក សាលា​រាជធានី​ភ្នំពេញ​បាន​អនុញ្ញាត​ឲ្យ​តំណាង​ស្ត្រី​អតីត​អ្នក​បឹងកក់ ១០​នាក់​ចូល​ជួប ដើម្បី​ពិភាក្សា​ពី​បញ្ហា​នេះ។ តំណាង​អតីត​អ្នក​បឹងកក់ លោកស្រី ស៊ា ណារ៉េត បាន​ឲ្យ​ដឹង​ថា សាលា​ក្រុង​នៅ​តែ​ឆ្លើយ​តប​ថា សាលា​រាជធានី​ភ្នំពេញ​នឹង​ព្យាយាម​អភិវឌ្ឍ​នៅ​កន្លែង​ដែល​អតីត​អ្នក​បឹងកក់ ទៅ​រស់នៅ​ប៉ុណ្ណោះ។

  • មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល​បង្ហាញ​មូលហេតុ​នៃ​កូដកម្ម​ក្នុង​វិស័យ​កាត់​ដេរ

    មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល រក​ឃើញ​ពី​មូលហេតុ​មួយ​ចំនួន​ដែល​នាំ​ឲ្យ​មាន​កូដកម្ម​នៅ​ក្នុង​វិស័យ​កាត់​ដេរ និង​ដេរ​ស្បែក​ជើង។ កូដកម្ម​ភាគ​ច្រើន ទាក់ទង​នឹង​ការ​ទាមទារ​ប្រាក់​ឈ្នួល បន្ទាប់​មក គឺ​ការ​បញ្ឈប់ និង​ការ​ចោទ​ប្រកាន់​អំពី​ការ​រើសអើង​សហជីព។ ស្រប​គ្នា​នេះ ការ​អនុវត្ត​ដែល​មិន​ប្រកប​ដោយ​វិជ្ជាជីវៈ ដូចជា ការ​ស៊ី​សំណូក ការ​គំរាម​កំហែង និង​ការ​ជ្រៀតជ្រែក​ដោយ​មិន​ស្រប​ច្បាប់ ក៏​ជា​កត្តា​បង្ក​ឲ្យ​មាន​កូដកម្ម​ដែរ។ របាយការណ៍​កម្រាស់​ជិត ៦០​ទំព័រ​ចេញ​ដោយ​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល ស្ដីពី​វិវាទ​ការងារ និង​ការ​ប្រើប្រាស់​កូដកម្ម ដែល​ចេញ​សម្រាប់​ខែ​សីហា បញ្ជាក់​ពី​កត្តា​ធំៗ​ចំនួន​៣ ដែល​បង្ក​ឲ្យ​កើត​មាន​កូដកម្ម​ក្នុង​វិស័យ​កាត់​ដេរ និង​ដេរ​ស្បែក​ជើង។ កត្តា​ទាំង​នោះ​រួម​មាន កម្មវត្ថុ ឬ​បំណង​ប្រាថ្នា​នៃ​ការ​ទាមទារ ដែល​មាន​ក្នុង​សំណុំ​រឿង​កូដកម្ម​ក្នុង​ពេល​ថ្មីៗ កត្តា​ជំរុញ និង​បរិយាកាស​ដែល​នាំ​ឲ្យ​មាន​កូដកម្ម។ ការ​រក​ឃើញ​នេះ ជា​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ដោយ​ប្រើ​វិធីសាស្ត្រ​ចម្រុះ រួម​បញ្ចូល​ទាំង​ការ​ស្រាវជ្រាវ​ឯកសារ និង​ការ​សាកសួរ​ភាគី​ពាក់ព័ន្ធ​ប្រមាណ​ជិត ១០០​នាក់។ ការ​សិក្សា​នោះ បាន​ផ្ដើម​ពី​ខែ​មេសា ឆ្នាំ​២០១៤។ អ្នក​ដែល​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ជួប​សម្ភាស​នោះ​រួម​មាន កម្មករ​និយោជិត និយោជក មន្ត្រី​ក្រសួង​ការងារ អង្គការ​អន្តរជាតិ​ខាង​ការងារ និង​អ្នក​បញ្ជា​ទិញ​ផង។

  • អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ទទូច​កុំ​បញ្ជូន​ជនជាតិ​ភាគ​តិច​ម៉ុងតាញ៉ា​ត្រឡប់​ទៅ​វៀតណាម

    អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ធំៗ​ជាង​១០ ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា កុំ​ចាប់​បញ្ជូន​ជន​ភៀស​ខ្លួន​ដែល​ជា​ជនជាតិ​ភាគ​តិច​ម៉ុងតាញ៉ា-វៀតណាម ត្រឡប់​ទៅ​កាន់​ប្រទេស​វៀតណាម វិញ។ ការ​បារម្ភ​នេះ គឺ​បន្ទាប់​ពី​មន្ត្រី​រដ្ឋាភិបាល​លើក​ឡើង​ថា កម្ពុជា នឹង​បញ្ជូន​ជនជាតិ​ភាគ​តិច​ម៉ុងតាញ៉ា-វៀតណាម ប្រមាណ ១០០​នាក់​ទៅ​វៀតណាម វិញ នៅ​ពេល​ខាង​មុខ។ អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ទាំង​នោះ​មាន​ដូចជា អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) អង្គការ​លើក​លែង​ទោស​អន្តរជាតិ (Amnesty International) សហព័ន្ធ​អន្តរជាតិ​ដើម្បី​ការពារ​សិទ្ធិ​មនុស្ស គណៈកម្មការ​អ្នក​ច្បាប់​អន្តរជាតិ គណៈកម្មាធិការ​ការពារ​សិទ្ធិ​មនុស្ស​វៀតណាម និង​ក្រុម​អ្នក​ការពារ​សិទ្ធិ​ពលរដ្ឋ ជាដើម។ អង្គការ​អន្តរជាតិ​ទាំង​នេះ សុទ្ធតែ​សម្ដែង​ការ​បារម្ភ​ពី​លទ្ធភាព នៃ​ការ​ចាប់​បញ្ជូន​ខ្លួន​ជនជាតិ​ភាគ​តិច​ម៉ុងតាញ៉ា ត្រឡប់​ទៅ​កាន់​ប្រទេស​វៀតណាម វិញ​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា។ ពួក​គេ​លើក​ឡើង​ថា ការ​ចាប់​បញ្ជូន​ជន​ភៀស​ខ្លួន​ទៅ​កាន់​ប្រទេស​ដើម ទី​ដែល​ពួក​គេ​អាច​ប្រឈម​នឹង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​រដ្ឋាភិបាល​នៃ​ប្រទេស​នោះ គឺ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស ពិសេស​គឺ​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​ជន​ភៀស​ខ្លួន។

  • លោក ផៃ ស៊ីផាន៖ CCHR មិនដែលនិយាយអ្វីល្អពីរាជរដ្ឋាភិបាលកម្ពុជានោះទេ

    (ភ្នំពេញ)៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានឲ្យដឹងថា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) មិនដែលនិយាយល្អ និងលើកសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជានោះទេ។ ការរិះគន់របស់លោក ផៃ ស៊ីផាន បានធ្វើឡើង បន្ទាប់ពីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចេញរបាយការណ៍មួយ ដោយចាត់ទុកលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កំពុងតែប្រឈមនឹងការគំរាមកំហែង។ អ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានឱ្យដឹងថា ការលើកឡើងរបស់ CCHR នេះ គឺជាភាសាមួយ ដែលមិនមានការសហការទេ ប៉ុន្តែជាភាសាដែលប្រឆាំងឬប្រឈម ឬដាក់កំហិតឲ្យធ្វើតាម ឬជានិន្នាការដាក់បញ្ជាតែប៉ុណ្ណោះ។ លោកថា «រហូតមកដល់ពេលនេះ យើងអត់ដែលទាន់ឮ មជ្ឈមណ្ឌលហ្នឹងនិយាយថា លទ្ធិប្រជាធិបតេយ្យកម្ពុជា បានដើរទៅមុខទេលើកលែង តែពួកមកពីខាងក្រៅវិញ ស្ថានទូតបាននិយាយថា សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យកម្ពុជាបានដើរ បានចាក់ឫស»។

  • លោកស្រី រ៉ូ​ណា​ស្មី​ត​៖ ប្រទេស​កម្ពុជា បន្ត​អភិវឌ្ឍ​ក្នុង​ល្បឿន​មួយ​លើសពី​ការរំពឹងទុក

    ភ្នំពេញ: ​លោកស្រី រ៉ូ​ណា ស្មី​ត ( Rhona Smith ) អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស ប្រចាំ​កម្ពុជា បាន​លើកឡើងថា ប្រទេស​កម្ពុជា បន្ត​អភិវឌ្ឍន៍​ក្នុង​ល្បឿន​មួយ លើសពី​ការរំពឹងទុក ហើយ​ស្របពេល​ជាមួយ​នោះ ក៏ត្រូវ​បាន​ចាត់​ថា បាន និង​កំពុង​បំពេញ​តួនាទី​មួយ​ដ៏​លេចធ្លោ នៅក្នុង​ចំណោម​ប្រទេស ក្នុង​សមាគម​អាស៊ាន និង​នៅលើ​ពិភពលោក​ទាំងមូល​។​ ​លោកស្រី រ៉ូ​ណា ស្មី​ត បានលើកឡើង​ដូច្នេះ ក្នុង​សេចក្តីថ្លែងការណ៍​របស់​លោកស្រី ដែល​បាន​ផ្សព្វផ្សាយ ក្នុង​សន្និសីទកាសែត នា​រសៀល​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៥ នៅពេល​លោកស្រី បញ្ចប់​ដំណើរ​ទស្សនកិច្ច​ផ្លូវការ លើកដំបូង នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៥​។

  • ស្ត្រីខ្មែរ​​៣​នាក់​​ត្រូវបាន​ជួយ​សង្គ្រោះ​ពី​ប្រទេស​ម៉ាឡេស៊ី និង​ចិន​​

    ក្រសួងការបរទេស​កម្ពុជា​ឲ្យដឹងថា ពល​ការិនី​ខ្មែរ​ចំនួន​២​នាក់​ដែល​បាន​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី តាមរយៈ​មេខ្យល់​និង​តាមរយៈ​ក្រុមហ៊ុន​ហើយ​ជួប​ការលំបាក​ក្នុង​ការងារ និង​ស្ត្រី​ម្នាក់​ដែល​ដែល​ត្រូវបាន​មេខ្យល់​បោក​បញ្ឆោត​នាំយក​ទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន ត្រូវ​បាន​ជួយ​សង្គ្រោះ​ឲ្យ​វិលត្រឡប់​មក​កម្ពុជា​វិញ​។​ ​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​ឲ្យដឹងថា ពល​ការិនី​រងគ្រោះ​ទាំង​២​នាក់​នៅ​ប្រទេស​ម៉ាឡេស៊ី​បាន​ទៅ​រក​ជំនួយ​ពី​ស្ថានទូត​កាលពី​ថ្ងៃ​ទី​៨ និង​ថ្ងៃ​ទី​១៤ ខែកញ្ញា​នេះ ដើម្បី​ឲ្យ​ពួកគេ​បាន​វិលត្រឡប់​មក​កម្ពុជា​វិញ​។ ពល​ការិនី​ម្នាក់​មក​ពី​ខេត្ត​កណ្ដាល ត្រូវបាន​មេខ្យល់​នាំយក​ទៅ​ប្រទេស​ម៉ាឡេស៊ី​កាលពី​ខែ​កក្កដា ឆ្នាំ​២០១៤ និង​ម្នាក់​ទៀត​មកពី​ខេត្ត​ត្បូងឃ្មុំ ដោយ​ពល​ការិនី​រូបនេះ​បាន​ទៅ​ធ្វើការ​នៅ​ម៉ាឡេស៊ី​តាមរយៈ​ក្រុមហ៊ុន​មួយ​(​មិន​ចាំ​ឈ្មោះ​)​កាលពី​ថ្ងៃ​ទី​០១ ខែ​កញ្ញា ឆ្នាំ​២០១៥​នេះ ធ្វើការ​ជា​ស្ដ្រី​ជំនួយការ​មេផ្ទះ​។​

  • ខួប​២២​ឆ្នាំ​នៃ​រដ្ឋធម្មនុញ្ញ និង​ការ​រិះគន់​ចំពោះ​ការ​អនុវត្ត​ច្បាប់​មិន​បាន​ត្រឹមត្រូវ

    រដ្ឋធម្មនុញ្ញ​ថ្មី​នៃ​ព្រះរាជាណាចក្រ​ទី​២ មាន​អាយុកាល ២២​ឆ្នាំ​ហើយ​គិត​មក​ត្រឹម​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០១៥។ ក្នុង​ខួប ២២​ឆ្នាំ​នៃ​រដ្ឋធម្មនុញ្ញ​នេះ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ចេញ​ផ្សាយ​នូវ​កំណត់​ត្រា​សង្ខេប​មួយ ដោយ​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​នៃ​ការ​អនុវត្ត​ច្បាប់​មិន​បាន​ត្រឹមត្រូវ ចំណែក​ការ​គោរព​លទ្ធិប្រជាធិបតេយ្យ ក៏​មិន​បាន​ពេញលេញ​ដែរ។ កំណត់​ត្រា​សង្ខេប​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ដែល​ចេញ​ផ្សាយ​ចំ​ថ្ងៃ​ខួប ២២​ឆ្នាំ​នៃ​កំណើត​រដ្ឋធម្មនុញ្ញ​នេះ បាន​ដាក់​ចំណង​ជើង​ថា «លទ្ធិប្រជាធិបតេយ្យ​ប្រឈម​នឹង​ការ​គំរាម​កំហែង»។ ខ្លឹមសារ​នៃ​កំណត់​ត្រា​នេះ បាន​លើក​ឡើង​ពី​ទិដ្ឋភាព​ជា ៣​ផ្នែក​ផ្សេង​គ្នា គឺ​ការ​ការពារ​ផ្នែក​ច្បាប់ សេរីភាព​ជា​មូលដ្ឋាន ការ​រឹតត្បិត​សេរីភាព​ជា​មូលដ្ឋាន និង​ផ្នែក​ទី​៣ បាន​លើក​ឡើង​ពី​សសរ​ស្ដម្ភ​នៃ​លទ្ធិប្រជាធិបតេយ្យ ដែល​ត្រូវ​បាន​គេ​ដៅ​សញ្ញា ដែល​ជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​បំបិទ​សំឡេង​ប្រឆាំង​រដ្ឋាភិបាល។

  • ជនជាតិ​ដើម​ភាគ​តិច​ព្នង​តវ៉ា​ប្រឆាំង​នឹង​តុលាការ​ខេត្ត​ក្រចេះ​សាកសួរ​តំណាង​៥​នាក់

    ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ព្នង ជិត ១០០​នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​សាលា​ដំបូង​ខេត្ត​ក្រចេះ បន្ទាប់​ពី​អ្នក​ភូមិ ៥​នាក់ ត្រូវ​ចូល​ខ្លួន​បកស្រាយ​បំភ្លឺ​តាម​ដីកា​កោះ​ហៅ​របស់​តំណាង​អយ្យការ។ ការ​តវ៉ា​នេះ កើត​ឡើង​ដោយសារ​តែ​អ្នក​ភូមិ​នៅ​តែ​ព្រួយ​បារម្ភ​ពី​នីតិវិធី​របស់​តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​នេះ។ ចំណែក​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ឃ្លាំ​មើល​ករណី​នេះ ចាត់​ទុក​ករណី​នេះ​ថា​អាច​ជា​ចេតនា​ចង់​បំបាក់​ស្មារតី​សហគមន៍ ដែល​តែង​តែ​ឈឺ​ឆ្អាល​ចំពោះ​ការ​អភិរក្ស​ដី​ព្រៃ​ឈើ ឬ​ធនធាន​ធម្មជាតិ។ ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ព្នង រស់នៅ​ភូមិ​ប្អៀរ ឃុំ​ថ្មី ស្រុក​ចិត្របុរី ខេត្ត​ក្រចេះ ចំនួន ៩៩​នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ចំនួន ១៩៧​គ្រួសារ ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​វៀតណាម ដូវ ទឺសៃហ្គ៊ន ប៊ិច ភឿក បាន​ធ្វើ​ដំណើរ​ទៅ​សាលា​ដំបូង​ខេត្ត​នេះ ដើម្បី​ត្រៀម​តវ៉ា​ប្រឆាំង​សេចក្តី​សម្រេច​របស់​តំណាង​អយ្យការ ប្រសិន​ការ​សាកសួរ​នោះ​អាច​ឈាន​ដល់​ការ​ឃុំ​ខ្លួន​អ្នក​ភូមិ។

  • លោក កឹម សុខា ស្នើ​ឲ្យ​អ្នករាយការណ៍ពិសេសអង្គការ​សហប្រជាជាតិ​កែ​ទម្រង់ប្រព័ន្ធ​តុលាការ​

    អនុប្រធានទី​១នៃ​​រដ្ឋសភា លោក កឹម សុខា​ នៅ​ព្រឹកថ្ងៃ​ពុធ​នេះ ​បាន​ស្នើ​មន្រ្តី​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ ​​ ឲ្យ​ជួយ​កែទម្រង់​ប្រព័ន្ធ​​​តុលាការ ដែល​លោក​ចាត់ទុក​ថា​​មិន​ឯករាជ្យបណ្តាល​ឲ្យ​មាន​ការ​រំលោភ​សិទ្ធិមនុស្ស​នៅកម្ពុជា។​ លោក កឹម សុខា បាន​ថ្លែង​បែប​នេះ​ក្រោយ​បញ្ចប់​ជំនួបលើកដំបូង​​ជាមួយអ្នក​រាយការណ៍​ពិសេស​របស់​អង្គការសហប្រជា​ជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោកស្រី រ៉ូ​ណា ស្ម៊ី​ត(Rhona Smith)។ លោក​មានប្រសាសន៍ថាលោក​បាន​ជំរុញ​ឲ្យ​អ្នក​រាយការណ៍​ពិសេស​ជួ​យ​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការឲ្យ​ឯក​រាជ្យ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​យុត្តិធម៌សង្គមទាំង​​សមភាព​ខាង​នយោបាយ សេដ្ឋកិច្ច​និង​សង្គម។ លោក​ចាត់ទុក​ការ​បញ្ជូន​អ្នក​រាយការណ៍ពិសេស​មក​កម្ពុជា​គឺត្រឹមត្រូវ។ ​លោក កឹម សុខា បាន​ថ្លែង​ថា​៖ "ខ្ញុំអត់លើក​​ពី​បញ្ហាទេ ព្រោះ​បញ្ហា​គេ​ដឹងអស់​ហើយ ពិភពលោក​​គេដឹង​ហើយ បាន​គេបញ្ជូន​មក​។ បើ​គេមិន​ដឹង​ថា​ ​មាន​បញ្ហា គេមិន​បញ្ជូន​មកទេ​។ ខ្ញុំលើកពីដំណោះស្រាយ។ ខ្ញុំថា​ដើម្បីដោះស្រាយ​បញ្ហាសិទ្ធិមនុស្សនៅ​ប្រទេស​កម្ពុជា​ ត្រូវ​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ​ជាមុន​សិន។ បើ​មិន​បាន​កែ​ប្រព័ន្ធ​តុលា​ការឲ្យ​ឯករាជ្យ​ពិតប្រាកដ​ទេ​ បញ្ហា​សិទ្ធិមនុស្ស​នៅប្រទេស​កម្ពុជា​មិន​អាច​ដោះ​ស្រាយ​ទេ”។

  • អង្គការ​ស្ត្រី​ស្នើ​ពិចារណា​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់

    បណ្ដាញ​អង្គការ​ធ្វើ​ការងារ​លើក​ស្ទួយ​សិទ្ធិ​ស្ត្រី ស្នើ លោក ស ខេង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ពិចារណា​សំណើ​សុំ​ធ្វើ​វិសោធនកម្ម​ច្បាប់ ស្ដីពី​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ដែល​ធានា​សមភាព​យេនឌ័រ​ក្នុង​តួនាទី​ជា​អ្នក​ដឹក​នាំ​ក្នុង​មូលដ្ឋាន។ សំណើ​នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ​មុន​ពេល លោក ស ខេង និង​លោក សម រង្ស៊ី នឹង​ជួប​គ្នា​ពិភាក្សា​ពាក់ព័ន្ធ​នឹង​ច្បាប់​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់។ ក្នុង​លិខិត​ចំនួន​ពីរ​ដាច់​ដោយឡែក​ពី​គ្នា ដែល​ដាក់​ទៅ លោក ស ខេង និង​លោក សម រង្ស៊ី ក្រុម​អង្គការ​ស្ត្រី​បាន​លើក​ឡើង​ថា បច្ចុប្បន្ន​នៅ​មាន​វិសមភាព​យេនឌ័រ ដែល​ធ្វើ​ឲ្យ​ការ​ចូលរួម​របស់​ស្ត្រី និង​បុរស នៅ​ពុំ​ទាន់​ស្មើ​ភាព​គ្នា​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត។ ក្រុម​ដដែល​បញ្ជាក់​ថា ចាំបាច់​ត្រូវ​កែ​សម្រួល​ច្បាប់​ស្ដីពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់។

  • កម្មករ​រោងចក្រ​ប៊្លូម​ហ្វៀល​ខេត្ត​កំពង់ឆ្នាំង​បន្ត​តវ៉ា​ទាមទារ​ដំណោះស្រាយ​ការងារ

    តំណាង និង​កម្មករ​កម្មការិនី​រោងចក្រ ប៊្លូម ហ្វៀល (Blooms Field) នៅ​ខេត្ត​កំពង់ឆ្នាំង នៅ​តែ​រក្សា​ជំហរ​ធ្វើ​កូដកម្ម​នៅ​ខាង​មុខ​រោងចក្រ​រាល់​ថ្ងៃ ឬ​អាច​ដង្ហែ​ក្បួន​តវ៉ា​ទៅ​កាន់​មន្ទីរ​ការងារ ប្រសិន​បើ​នៅ​តែ​គ្មាន​ដំណោះស្រាយ។ ការ​ព្រមាន​បែប​នេះ គឺ​បន្ទាប់​ពី​ក្រុម​កម្មករ​នាំ​យក​ញត្តិ​ទៅ​ដាក់​នៅ​ក្រសួង​ការងារ ហើយ​នាំ​គ្នា​បន្ត​ធ្វើ​កូដកម្ម​នៅ​មុខ​រោងចក្រ​ពីរ​ម៉ោង​នៅ​ថ្ងៃ​ទី​២២ ខែ​កញ្ញា។ កូដកម្ម​របស់​កម្មករ​កម្មការិនី​ប្រមាណ ២០០​នាក់ បាន​ឈាន​ដល់​ថ្ងៃ​ទី​៦ ហើយ គឺ​គិត​ចាប់​ពី​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​ចំនួន ៤​ចំណុច​ពី​ភាគី​ក្រុមហ៊ុន ប៊្លូម ហ្វៀល។ ក្រុមហ៊ុន​នេះ ផលិត​ប្រភេទ​អាវ​ចាក់ ឬ​អាវ​រងា​សម្រាប់​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស។ លក្ខខណ្ឌ​ទាំង​បួន​ចំណុច​ដែល​កម្មករ​ទាមទារ​នោះ គឺ​ទី​១ កម្មករ​ទាមទារ​ឲ្យ​រោងចក្រ​ទទួល​យក​កម្មករ​ចំនួន ២០​នាក់​ដែល​បាន​បញ្ឈប់ ឲ្យ​ចូល​ធ្វើ​ការ​វិញ។ ទី​២ ត្រូវ​បញ្ឈប់​មន្ត្រី​រដ្ឋបាល​រោងចក្រ​ចំនួន​ពីរ​នាក់ គឺ​កញ្ញា ឡុង សាវី និង​លោក មាស តារា។ ទី​៣ ផ្ដល់​កុងត្រា​ការងារ​រយៈពេល​វែង គឺ​ចាប់​ពី ៦​ខែ​ទៅ ១​ឆ្នាំ និង​ទី​៤ ភាគី​រោងចក្រ​មិន​ត្រូវ​បញ្ឈប់​កម្មករ​ដោយ​គ្មាន​មូលហេតុ​បន្ត​ទៀត។

  • សមាគម​និយោជក​បារម្ភ​ខ្លាច​អ្នកវិនិយោគ​ចាកចេញ ខណៈ​សហជីព​បន្ត​ទាមទារ​តម្លើង​ប្រាក់ខែ​ឲ្យ​កម្មករ

    សហព័ន្ធ​និយោជក និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា​បានបង្ហាញ​ពី​ក្តីបារម្ភ​របស់ខ្លួន​ថា អ្នកវិនិយោគ​អាច​និង​បិទ​រោងចក្រ ប្រសិន​សហជីព​គាំទ្រ​កម្មករ​នៅទេ​បន្ត​ទាមទារ​តម្លើង​ប្រាក់​ឈ្នួល​ច្រើន​ហួសហេតុ​ពេក។ ប៉ុន្តែ​ការលើកឡើង​នេះ​ត្រូវបាន​តំណាង​សហជីព​កម្មករ​កម្ពុជា​ពន្យល់ថា នេះ​គ្រាន់តែ​ជា​លេស​របស់​ក្រុម​និយោជក ដែល​មិន​ចង់​តម្លើង​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ​តែប៉ុណ្ណោះ ។ ការពិភាក្សា​ស្តីពី​បញ្ហា​តំ​ម្លើ​ង​ប្រាក់​ឈ្នួល​អប្បបរមា​ឲ្យ​កម្មករ ក្នុង​វិស័យ​ឧស្សាហកម្ម​វាយនភ័ណ្ឌ កាត់ដេរ​សំលៀកបំពាក់ និង​ផលិត​ស្បែកជើង​ក្នុងប្រទេស​កម្ពុជា ត្រូវបាន​ធ្វើឡើង​យ៉ាង​ផុលផុះ​នៅ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ។ គ្រប់​សមាសភាព​ត្រីភាគី បានធ្វើ​ការងាររៀងៗខ្លួន​ទៅលើ​បញ្ហា​នេះ ដើម្បី​បង្ហាញ​ជំហរ​ក្នុងការ​តម្លើង​ប្រាក់​ឈ្នួល។

  • NGO Forum ៖រាជធានី​ភ្នំពេញ​មាន​អត្រា​វិវាទ​ដីធ្លី​កើតឡើង​ខ្ពស់​ជាងគេ

    រាជធានី​ភ្នំពេញ​ឈរ​នៅ​លំដាប់​ថ្នាក់ទីមួយ​ដែលមាន​អត្រា​វិវាទ​ដីធ្លី​កើតឡើង​ខ្ពស់បំផុត ហើយ​បន្ទាប់មក​ខេត្តរតនគិរី​ស្ថិតក្នុង​លំដាប់​ទី​ពីរ។ នេះ​បើ​យោងតាម​ការវិភាគ​ស្ថិតិ​ស្ដីពី​វិវាទ​ដីធ្លី​នៅ​កម្ពុជា​ក្នុង​ឆ្នាំ២០១៤ដែល​ផ្សព្វផ្សាយ​ដោយ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា​នៅ​ថ្ងៃទី២២កញ្ញា​នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់។ មូលហេតុ​ដែល​ធ្វើ​ឲ្យ​រាជធានី​ភ្នំពេញ​នាំមុខ​ខេត្ត​ក្នុង​រឿង​វិវាទ​ដីធ្លី​ដោយសារតែ​ការអភិវឌ្ឍន៍​ក្រុង​ប៉ះចំ​កន្លែង​រស់នៅ​របស់​ពលរដ្ឋ និង​កំណើនប្រជាជន​ក្រីក្រ​ដែល​កំពុង​រស់នៅ​លើដី​សាធារណៈ​របស់​រដ្ឋ។ ចំពោះ​ខេត្តរតនគិរី​ដែល​សំបូរ​ទៅដោយ​ជនជាតិដើម​ភាគតិច​រស់នៅ​នោះ​គឺ​ដោយសារ​ការអភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ដែល​ទទួលបាន​សិទ្ធ​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច​អភិវឌ្ឍន៍​ប៉ះពាល់​ដល់​ធនធាន​រួម​របស់​ជនជាតិដើម​ភាគតិច។ ដូច្នេះហើយ​ទើប​ធ្វើ​ឲ្យ​មាន​វិវាទ​កើតឡើង​រវាង​ក្រុមហ៊ុន​និង​ជនជាតិដើម​ភាគតិច។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក​តឹក វណ្ណារ៉ា នាយក​ប្រតិបត្តិ វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo