កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • តុលាការ​កាត់ទោស​សកម្មជនសង្រ្គោះជាតិម្នាក់​ឲ្យ​ជាប់ពន្ធនាគារ​២ឆ្នាំពីបទ​ហិង្សា​ប្រឆាំង​រាជការ​សាធារណៈ​

    សាលាដំបូងរាជធានីភ្នំពេញ​នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍នេះ​បាន​ប្រកាស​សាលក្រម​កាត់ទោស​សកម្ម​ជន​គណបក្ស​សង្រ្គោះជាតិម្នាក់ លោក ​អ៊ុក ពេជ្រ​សំណាង អាយុ​៥១​ឆ្នាំ ឲ្យ​ជាប់ពន្ធ​នាគារ​២ឆ្នាំ​ ​​ពី​បទ​​បង្ក​អំពើហិង្សានិង​ប្រឆាំង​អ្នករាជការ​សាធារណៈ ខណៈ​លោក​កំពុង​ជាប់​ពន្ធនាគារ​ពី​បទ​ចោទ​ផ្សេង​មួយទៀត​។​ ហិង្សា​ដែល​តុលាការ​កាត់ទោសនោះ​​ទាក់ទង​នឹង​ការ​ប្រព្រឹត្ត​នៅ​ចំណុច​ខាងជើង​នាគ​បាញ់​ទឹក ផ្លូវ​ព្រះ​សុរា​ម្រិត​ សង្កាត់​ចតុមុខ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២០ ខែ​តុលា​ ឆ្នាំ​២០១៤។ ​លោក ​អ៊ុក ពេជ្រសំណាង ​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​​បាន​បើក​ម៉ូតូ​កង់​បី​ដែល​ដឹកអ្នក​តវ៉ាបុក​របា​ដែក​របស់​កង​សន្តិ​សុខ​ខណ្ឌ​​ដូនពេញ​ នៅពេល​លោក​ចូល​រួម​តវ៉ា​ជាមួយ​​ប្រជាពលរ​ដ្ឋ​មក​ពី​ខេត្ត​ព្រះ​វិហារ​ ដែល​ព្យាយាម​ដាក់​ញតិ​ទៅ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ។​

  • ក្រសួង​​ការងារ​​ស្វែង​រក​​នីតិវិធី​ថ្មី​​ដើម្បី​​ដោះ​ស្រាយ​​វិវាទ​​ការងារ​​ជូន​​ពលករ​​​ក្រៅ​ប្រទេស

    លោក​ហ៊ូ វុ​ឌ្ឍី អនុរដ្ឋលេខាធិការ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​មានប្រសាសន៍ថា ក្រសួង​ការងារ នឹង​រកឱ្យឃើញ​នូវ​ភាពងាយស្រួល នៃ​ការទទួល​ពាក្យបណ្តឹង និង​សេវា​ដោះស្រាយ​ពាក្យ បណ្តឹង​កាន់តែ​មាន​ភាព​ម៉ឹងម៉ាត់ និង​ប្រសិទ្ធភាព​ខ្ពស់​ដែល​ធានា​បាន​យុត្តិធម៌​ជូន​ដល់​ពលករ ដែល​កំពុង​បម្រើ​ការងារ​នៅ​បរទេស​។ ការអះអាង​របស់​អនុ​រដ្ឋ​លេខា​ធិការ​​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​​វិជ្ជាជីវៈ នេះ​បាន​ធ្វើឡើង​ក្នុង​សិក្ខាសាលា​ពិនិត្យមើល​ដំណើរការ​ដោះស្រាយ​វិវាទ​ការងារ​ពលករ​ទេសន្តរប្រវេសន៍ នៅ​ព្រឹក​ថ្ងៃ ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៥ នៅ​សណ្ឋាគារ​អ៊ឹម​ភើ​រៀល​។ នេះ​បើ​តាម​ការចុះផ្សាយ​របស់​ទី ភ្នាក់ងារ​សា​ព័ត៌មាន​កម្ពុជា​។​​ បើ​តាម​ក្រសួង​ការងារ​បាន​បញ្ជាក់ថា នីតិវិធី​ថ្មីៗ​ដែល​រក​ឃើញ​នេះ​នឹង​ត្រូវ​យក​ទៅ​អនុវត្តន៍​ក្នុង​ជំហាន​ទី​២ ចាប់ពី​ឆ្នាំ​២០១៦​នេះ ដោយ​ពង្រឹង​លើ​ការគ្រប់គ្រង​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​ធ្វើការ​ក្រៅ​ប្រទេស និង​ការដាក់ពិន័យ ចំពោះ​ទីភ្នាក់ងា​រណា​ដែល​ពុំ​មាន​ការកែលម្អ​។ ក្រៅពី​នេះ​ពង្រឹង​ការគ្រប់គ្រង ស្ថិតិ​ពលករ​ទេសន្តរប្រវេសន៍ និង​វិធី​ដោះស្រាយ​ដ៏​ល្អប្រសើរ​ដែល​ធានាបាន​នូវ​សិទ្ធិ​និង ផល​ប្រយោ​ជន៍​របស់​ព​លករ​។​

  • គណៈកម្មការ​ទី​១​រដ្ឋសភា ​ស្នើ​ក្រសួង​រៀបចំ​ដែនដី ​ដោះលែង​អ្នក​ជាប់ឃុំ​ដោយសារ​រឿង​ដីធ្លី​ ៣​នាក់​

    បន្ទាប់​ពី​បាន​ទទួល​ការ​បំភ្លឺ​ពី​ទេសរដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម រយៈពេល​ប្រមាណ ៣ម៉ោង នៅ​ក្នុង​វិមាន​រដ្ឋសភា នាព្រឹក​ថ្ងៃ ទី១០​កញ្ញា​នេះ​រួច​មក ប្រធាន​គណៈកម្មការ​ទី​១​រដ្ឋសភា បាន​ស្នើ​សុំឲ្យ​ក្រសួង​នេះ មាន​អន្តរាគម ដោះលែង​ពលរដ្ឋ ៣​នាក់ ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ ដោយសារ​បញ្ហា​ដីធ្លី។ យ៉ាង​ណា​ក៏​ដោយ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី លោក​អ៊ឹម ឈុនលឹម បាន​បញ្ជាក់​ថា នឹង​ពិចារណា ពិភាក្សា​ពី​ក្រប​ខណ្ឌ​ច្បាប់ ជាមួយ​សមត្ថកិច្ច​ជា​មុនសិន។​ គណៈកម្មការ​សិទ្ធិ​មនុស្ស ទទួល​ពាក្យ​បណ្តឹង​ អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធ​សភា ដែល​មាន​លោក​អេង ឆៃអ៊ាង ជា​ប្រធាន នៅ​ថ្ងៃ​ទី ១០​កញ្ញា បាន​កោះ​ហៅ​លោក​អ៊ឹម ឈុនលឹម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែន​ដី នគរូបនីយកម្ម និង​សំណង់ ចូល​បំភ្លឺ​ចំពោះ​គណកម្មការ​ទី​១​នៃ​រដ្ឋសភា អំពី​លទ្ធផល​នៃការ​ដោះស្រាយ​ទំនាស់​ដីធ្លី ដែល​ទាក់ទងនឹង​វិស័យ​ទទួល​ខុស​ត្រូវ​របស់​ក្រសួង។

  • ការ​បារម្ភ​អំពី​នាយកដ្ឋាន​​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ជា​មធ្យោបាយ​រឹត​បន្តឹង​សេរីភាព​បញ្ចេញ​មតិ

    រដ្ឋាភិបាល​កំពុង​បង្កើត​អោយ​មាន​នាយកដ្ឋាន​ថ្មី​មួយ​អោយ​ឋិត​ក្រោម​អគ្គស្នងការ​នគរបាល​ជាតិ ដែល​មាន​ឈ្មោះ​ថា "នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា"។ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ បញ្ជាក់​ថា នាយកដ្ឋាន​ថ្មី​នេះ​នឹង​មាន​សមត្ថភាព​ក្នុង​ការ​ស៊ើប​អង្កេត និង​បង្ក្រាប​បទល្មើស​ដែល​កើត​មាន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត (Internet)។ ការ​បង្កើត​នាយកដ្ឋាន​ថ្មី​នេះ បែរ​ជា​ទទួល​បាន​ក្ដី​បារម្ភ​ពី​ក្រុម​យុវជន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម និង​ក្រុម​អ្នក​ធ្វើ​ការងារ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត មួយ​ចំនួន​ទៅ​វិញ។ ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល និង​យុវជន​បារម្ភ​ថា នាយកដ្ឋាន​ថ្មី​ដែល​មាន​តួនាទី​ស៊ើប​អង្កេត និង​បង្ក្រាប​បទ​ល្មើស​នានា នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត អាច​ជា​មធ្យោបាយ​ថ្មី​មួយ​របស់​រដ្ឋាភិបាល​ក្នុង​ការ​រឹត​បន្តឹង​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​របស់​ពលរដ្ឋ។ ការ​បារម្ភ​នេះ​កើត​ឡើង​នៅ​ពេល​ដែល​ក្រសួង​មហាផ្ទៃ បង្កើត​នាយកដ្ឋាន​ប្រឆាំង​នឹង​បទល្មើស​បច្ចេកវិទ្យា។ នៅ​ក្នុង​អនុក្រឹត្យ​លេខ ១០៩ ស្ដីពី​ការរៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ក្រសួង​មហាផ្ទៃ ចុះ​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០១៥ ក៏​បាន​លើក​ឡើង​ពី​ការ​បង្កើត​នាយកដ្ឋាន​ថ្មី​នេះ។ ក្នុង​នោះ​បាន​ចែង​ថា នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​មាន​តួនាទី​ជា​សេនាធិការ​រៀបចំ​គោលការណ៍ គោលនយោបាយ​យុទ្ធសាស្ត្រ​ផែនការ​សកម្មភាព ការពារ និង​ទប់ស្កាត់ ដែល​នឹង​រួម​ចំណែក ​ការពារ​សន្តិសុខ​ជាតិ។

  • ចៅក្រម​ផ្តន្ទាទោសសកម្ម​​ជនគណបក្ស​សង្គ្រោះជាតិ អ៊ុក ពេជ្រ​សំណាង ​​ដាក់ពន្ធនាគា​​២​ឆ្នាំ និងពិន័យប្រាក់ ​១៤លានរៀល

    រាជធានី​ភ្នំពេញ៖ សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក អ៊ុក ពេជ្រ​សំណាង ត្រូវ​បានចៅក្រម​ជំនុំជម្រះ​នៃសាលាដំបូង​រាជធានី​ភ្នំពេញប្រកាស​សាលក្រម​ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ ១៤លានរៀល ក្រោម​បទចោទថ្មីមួយទៀត «​ហិង្សា​ដោយ​ចេតនា និង​ប្រឆាំង​អ្នក​រាជ​ការ​សាធារណៈ​» ដែល​ប្រព្រឹត្ត​ទៅ​នា​ពេល​កន្លង​មក។ ចៅក្រម​ជំនុំជម្រះ​នៃសាលាដំបូង​រាជធានីភ្នំពេញ​ លោក អ៊ឹម វ​ណ្ណះ នៅព្រឹក​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ២០១៥នេះ បានប្រកាសសាលក្រមកាត់ទោសទៅលើជន​ត្រូវ​ចោទ​ឈ្មោះ អ៊ុ​ក ពេជ្រ​សំណាង ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ​ដោយ​សម្រេច​ដាក់​ពន្ធនាគារ ​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចូល​រដ្ឋ​ចំនួន ​៤​លាន​រៀល ហើយ​និង​សង​ទៅ​ដើមបណ្តឹង​រដ្ឋប្បវេណី​ចំនួន ​១០​លាន​រៀល ក្រោម​បទថ្មី «​ហិង្សា​ដោយ​ចេតនា និង​ប្រឆាំង​អ្នក​រាជ​ការ​សាធារណៈ​» ដោយពាក់ព័ន្ធនឹង​ករណី​​លោក អ៊ុក ពេជ្រសំណាង បើក​ម៉ូតូ​រ៉ឺ​ម៉ក​កង់​៣​ បុក​បារ៉ាស់​របស់សមត្ថកិច្ចនៅក្បែរភូមិគ្រឹះរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៤ កន្លងទៅ។

  • ប៉ូលិស បញ្ជូន​បុរស​ម្នាក់ ទៅ​តុលាការ​ពីបទ​រំលោភ​សេពសន្ថវៈ​លើ​កូនស្រី​បង្កើត

    តាកែវ: បុរស​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ឃាត់ខ្លួន រួច​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ កាលពី​ព្រឹក​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៥​។ បុរស​នោះ បាន​ចាប់បង្ខំ​រំលោភ​កូនស្រី​បង្កើត នៅក្នុង​បន្ទប់​ផ្ទះជួល​របស់ខ្លួន​។ ហេតុការណ៍​នោះ បានកើត​ឡើង កាលពី​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៥ វេលា​ម៉ោង ១២ នៅ​ភូមិ​ត្រាំត្បាល់ ឃុំ​ក្រាំង​លាវ ស្រុក​បាទី ខេត្តតាកែវ​។ ឪពុក​តិ​រិ​ច្ឆា​ន​នោះ ត្រូវបាន​ប៉ូលិស​ចាប់ តាម​ពាក្យបណ្ដឹង​របស់​ប្រពន្ធ និង​ជា​ម្ដាយ​របស់​ក្មេងស្រី​រងគ្រោះ​។​ ​លោក ង៉ាន់ សារី អធិការ​ស្រុក​បាទី បានអោយដឹងថា ជនសង្ស័យ មានឈ្មោះ ស៊ិន សើ ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ រីឯ​ក្មេងស្រី​រងគ្រោះ ត្រូវជា​កូនបង្កើត មាន​អាយុ ១៣ ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ជាមួយគ្នា​។

  • លោក អ៊ឹម ឈុនលឹម កំពុង​បំ​ភ្លឺ​នៅចំពោះ​មុខ​​​គណៈកម្មកា​រ​សភា​ពាក់​ព័ន្ធ​នឹង​​ទំនាស់​​​ដី​ធ្លី

    ឆ្លើយតបតាមការអញ្ជើញរបស់​គណៈកម្មការទី ១ នៃ​រដ្ឋ​សភា​គឺគណៈកម្ម​ការ​សិទ្ធិ​មនុស្ស ទទួល​ពាក្យ​បណ្តឹង អង្កេត និងទំនាក់​ទំនង​រដ្ឋ​សភា និងព្រឹទ្ធសភា​ លោក អ៊ឹម ឈុន​លឹម រដ្ឋមន្រ្តី​ក្រសួងរៀប​ចំ​ដែន​​ដី នគរូប​នីយកម្ម បានចូលខ្លួន​ឆ្លើយ​បំ​ភ្លឺ​នៅ​ចំពោះមុខ​លោក អេង ឆៃអ៊ាង ប្រ​ធាន​គណៈ​កម្មការនេះ។ លោក អ៊ឹម ឈុន​លឹម នឹង​ឆ្លើយ​បំភ្លឺ​​ប្រាប់​លោក ​អេង ឆៃ​អ៊ាង អំពី​ករណី​ទំនាស់ក្នុងការ​បែងចែកដី​សម្បទាន​សង្គម​កិច្ចដល់​ប្រជា​ពល​រដ្ឋជាង ៨រយ ​គ្រួសារ នៅក្នុងខេត្ត​ក្រចេះ និងខេត្ត​ឧត្តមាន​ជ័យ។ ករ​ណី​ទំនាស់​ដី្លធី​រវាង​ប្រជា​ពលរដ្ឋ​ជាមួយលោកឧកញ៉ា ជៀប ផែន ក្នុងស្រុកស្ទឹងហាវ ខេត្ត​ព្រះសីហនុ​ និងករណីវិវាទ​ដី​ធ្លី​មួយ​ចំនួន​ទៀត​ដែល​ទាក់​ទង​នឹង​សម​ត្ថ​កិច្ច​កិច្ច​ របស់​ក្រ​សួង​​រៀប​ចំ​ដែន​ដី​ ​នគរូប​នី​យ​កម្ម​។

  • ប្រទេស​កម្ពុជា​ត្រៀម​ពិនិត្យ​មើល​​​​ជន​ភៀសខ្លួន​បន្ថែមទៀត​ដែល​អូស្ត្រាលី​ឃុំ​ខ្លួន​​នៅលើ​កោះ​ណូរូ

    ទីប្រឹក្សា​ម្នាក់​​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​បន្ទាប់​ពី​លោក​​​​នាយក​រដ្ឋ​មន្ត្រី​បាន​ជួប​​ពិភាក្សា​ជាមួយ​លោក ភីធើ ដាត់ធិន (Peter Dutton) រដ្ឋ​មន្ត្រី​​ក្រសួង​​​​អន្តោ​ប្រវេសន៍​អូស្ត្រាលី​ ដែល​បាន​មក​បំពេញ​ទស្សន​​​កិច្ច​កាល​ពី​ម្សិល​មិញ​ថា ប្រទេស​កម្ពុជា​ត្រៀម​​​​ចាប់​ផ្ដើម​ពិនិត្យ​មើល​ជន​ភៀស​ខ្លួន​​បន្ថែម​ទៀត​​​ដែល​ប្រទេស​អូស្ត្រាលី​​សង្ឃឹម​ថា នឹង​មក​តាំង​​​ទីលំនៅ​នៅ​ទីនេះ​ពី​​ប្រទេស​ដែន​កោះ​ណូរូ​​ក្រោម​កិច្ច​ព្រមព្រៀ​ងដ៏ចម្រូង​ចម្រាស​រវាង​ប្រទេស​ទាំង​ពីរ។ ដំណើរ​ទស្សនកិច្ច​​របស់​លោក​ ដាត់ធិន ធ្វើ​ឡើង​​ដោយគ្មានការ​ប្រកាស​​​ និង​ធ្វើ​ឡើង​បន្ទាប់​ពី​​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រាយ​ការណ៍ព្រោង​ព្រាត​​ថា កិច្ចព្រមព្រៀង​នេះ​​ប្រហែល​ជា​ជិត​បរា​ជ័យ​បន្ទាប់ពី​ប្រទេស​កម្ពុជា​​បាន​លើក​ឡើង​ថា ខ្លួន​​នឹង​មិន​ទទួល​យក​ជន​ភៀស​ខ្លួន​ណា​ម្នាក់​​​បន្ថែម​​ទៀត​ឡើយ លុះ​ណា​តែ​ជន​ភៀសខ្លួន​​បួន​នាក់​ដំបូង​ដែល​បាន​មក​ដល់​កាលពី​ខែ​មិថុនា ​ត្រូវ​បាន​​បញ្ចូលទៅ​ក្នុង​សង្គម​​​ពេញ​លេញ​​សិន​។

  • នគរបាល​ចាប់ខ្លួន​មនុស្ស​៦នាក់​ពាក់ព័ន្ធក្រុម​ជួញដូរមនុស្ស​ឆ្លងដែន

    នគរ​បាល​បាន​និយាយ​ថា បុរស​ជន​ជាតិ​ចិន​បី​នាក់​​ និង​ជន​ជាតិ​ខ្មែរ​បី​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​រាជធានី​ភ្នំពេញ​​​កាលពី​ម្សិលមិញ ដោយ​សង្ស័យ​ថា​ជា​ក្រុម​ជួញដូរ​មនុស្ស​ ដែល​ក្នុង​នោះ​​ស្ត្រី​ជន​ជាតិ​ខ្មែរ​​ត្រូវ​បាន​ឲ្យ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន​។ ​លោក កែវ ធា នាយ​ការិយាល័យ​នគរ​បាល​​​​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​​រាជធានី​​បាន​មាន​ប្រសា​សន៍​ថា អង្គភាព​របស់​លោក​​បាន​​​តាម​ដាន​​មនុស្ស​​ទាំង​បី​នាក់​នេះ​​រយៈ​ពេល​ជាង​១ខែ​មក​ហើយ ហើយ​ទើប​តែ​បាន​ប្រទះ​​​ឃើញ​​នៅ​ម៉ោង​​ប្រហែល​៥​ទៀប​ភ្លឺ ខណៈ​ដែល​ពួកគេ​ម្នាក់​បាន​​ដឹក​ស្ត្រី​ជនជាតិ​ខ្មែរ​​ម្នាក់​ទៅ​អាកាសយានដ្ឋានអន្តរជាតិ​ភ្នំពេញ ដើម្បី​ឡើង​​យន្ត​ហោះ​ទៅ​ទីក្រុង​ប៉េកាំង​នៅ​ម៉ោង​៨​ព្រឹក។

  • តំណាង​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​ផ្លូវ​ដែក នៅ​បន្ទាយមានជ័យ​ទាមទារ​សំណង​

    ​ប្រជាពលរដ្ឋ​ដែល​រង​ផល់​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​ផ្លូវដែក នៅ​ក្រុង​ប៉ោយ​ប៉ែត ខេត្ដ​បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ប្រមូលផ្ដុំ​គ្នាតវ៉ា​ទាមទារ​ឲ្យ​រដ្ឋាភិបាល និង​ធនាគារ​អភិវឌ្ឍន៍អាស៊ី​(ADB) ផ្ដល់​សំណង​ដល់​ពួកគេ​ឲ្យ​សមរម្យ​ និង​ឲ្យ​គោរព​តាម​កិច្ចសន្យា​របស់​ធនាគារ​នោះ​។​ ពលរដ្ឋ​ប្រមាណ​៦០​នាក់​ បាន​ប្រមូលផ្ដុំ​គ្នានៅខាងមុខ​សាលាក្រុង​ប៉ោយ​ប៉ែត ចាប់តាំងពី​ម៉ោង​៧​ព្រឹក ក្នុងនោះអ្នកភូមិ​៥០​នាក់​ តំណាង​ឲ្យ​ពលរដ្ឋ​រាប់​រយ​គ្រួសារ​ប្រឈម នឹង​ការបណ្ដេញចេញ និង​១០​នាក់​ទៀត ត្រូវ​បាន​បណ្តេញចេញ​ពី​លំនៅឋាន​រួចហើយ ប៉ុន្ដែ​ពួកគាត់​ថា សំណង​ដែល​ផ្ដល់​ឲ្យ​មិន​ស្រប​តាម​កិច្ចសន្យា​ដែល​ឲ្យ​ពួកគេ​មាន​ជីវភាព​ល្អ​ប្រសើរ​ឡើង​ក្រោយ​ពេល​ចាកចេញ​ទៅ​កន្លែង​ផ្សេង​។​ តំណាង​ពលរដ្ឋនៅ​ក្រុង​ប៉ោយ​ប៉ែត លោក ឆេង ប៊ុន​ហាក់ ប្រាប់​VOD​ថា ធនាគារ ​ADB​ មាន​គោលនយោបាយ​ល្អ ចំពោះ​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​ផ្លូវដែក​នៅ​កម្ពុជា ប៉ុន្ដែ​មន្ដ្រី​រដ្ឋាភិបាល​មិន​អនុវត្ដ តាម​ដោយ​ឃុបឃិត​គ្នា​ប្រព្រឹត​អំពើ​ពុករលួយ​។ លោក​បន្ដថា ពួកគាត់​ទាមទារ​ឲ្យ​រដ្ឋាភិបាល និង​ធនាគារ ADB ផ្ដល់​សំណង​សមរម្យ​តាម​តម្លៃ​ទីផ្សារ និង​គោរព​កិច្ចសន្យា​ដែល​ថា​ឲ្យ​ពួក​គាត់​រស់នៅ​ល្អប្រសើរ​។​ លោកថា៖ "ព្រោះស្ថាប័ននេះ(ADB) គេធ្វើ​របស់​គេ បើយើង​មើលពី​គោលនយោបាយ​ហ្នឹង​ យើងដឹងថា​គេ​ធ្វើ​ល្អ​ត្រឹម​ត្រូវ​ណាស់ ប៉ុន្តែ​ដោយ​សារ​ពួក​ថោក​ទាប​អស់​ហ្នឹង​វា​ធ្វើ​គំនិ​ត​ឆ្កែ។ ពួក​យើង​ខ្ញុំ​អត់​មានបាន​ទេ អ៊ីចឹ​ង​ត្រូវ​មន្ត្រី​ខិលខូច​មួយ​ចំនួន គាត់​យក​ដី​ហ្នឹង​ទៅ​លក់​អស់ហើយ ហើយលុយ​ដកយក​ទៅចែកចាយ​បក្ខពួក​របស់​មន្ត្រី​ខិល​ខូច​ហ្នឹង​អស់ហើយ​"។

  • កម្ពុជា​-​អូស្ត្រាលី បន្ត​កិច្ច​ព្រមព្រៀង​ស្តី​ពី​ជនភៀសខ្លួន ទោះ​មាន​ជនជាតិ​រ៉ូ​ហ៊ី​នយ៉ាម្នាក់​សុំ​ត្រឡប់ទៅវិញ​

    ជនភៀសខ្លួន​ជនជាតិភាគតិច Rohingya នៃ​ប្រទេស​មី​យ៉ាន់​ម៉ា​ម្នាក់ ដែល​បាន​មក​តាំង​លំនៅ​ថ្មី​នៅ​កម្ពុជា​បាន​ស្នើសុំ​ទៅ​រស់នៅ​ក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​វិញ បន្ទាប់ពី​បាន​រស់នៅ​រាជធានី​ភ្នំពេញ អស់​រយៈពេល​៣​ខែ​។ ជនភៀសខ្លួន​ជនជាតិភាគតិច Rohingya​ម្នាក់នេះ គឺជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​ស្តី​ពី​ជនភៀសខ្លួន ដែល​មាន​ទឹកប្រាក់​រាប់​លាន​ដុល្លារ រវាង​រដ្ឋាភិបាល​កម្ពុ​ជា​ជាមួយ​នឹង​រដ្ឋាភិបាល​អូស្ត្រាលី ។​ រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​កម្ពុជា និង​រដ្ឋមន្ត្រី​អន្តោប្រវេសន៍​អូស្ត្រាលី បាន​ឯកភាពគ្នា​ថា​នឹង​អនុ វត្ត​ន៍​អនុស្សារណៈ​យោគយល់​គ្នា ស្តី​ពី​ជនភៀសខ្លួន ដែល​បាន​ធ្វើឡើង កាលពី​ពេល​ថ្មីៗ​នេះ បន្តទៅទៀត​។ ការប្តេជ្ញា​នេះ បាន​ធ្វើឡើង នៅក្នុង​ជំនួប​មួយ​រវាង លោក ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​កម្ពុជា និង​លោក ភី​ត​ធើ ឌុ​ចតុ​ន (Petter Dutton) រដ្ឋមន្ត្រី​ក្រសួង​អន្តោប្រវេសន៍ និង​ការពារ​ព្រំដែន​អូស្ត្រាលី នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៥​។​

  • ពលរដ្ឋ​ស្រុក​ជ័យសែន​ខេត្ត​ព្រះវិហារ​រិះគន់​សមត្ថកិច្ច​ថា​មិន​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ

    អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​បណ្ដាញ​សហគមន៍​ការពារ​ព្រៃ​ឈើ ឲ្យ​ដឹង​ថា បច្ចុប្បន្ន​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​ដើម្បី​ជួញដូរ​ខុស​ច្បាប់ កំពុង​កើត​មាន​យ៉ាង​ខ្លាំង​នៅ​តាម​បណ្ដា​ស្រុក​មួយ​ចំនួន​របស់​ខេត្ត​ព្រះវិហារ ហើយ​គេ​មិន​សូវ​ឃើញ​សមត្ថកិច្ច​ខាង​ណា​ចេញ​មុខ​បង្ក្រាប​ទេ។ ដោយសារ​តែ​បទល្មើស​ព្រៃ​ឈើ​កើន​ឡើង និង​មិន​សូវ​មាន​ការ​បង្ក្រាប​នេះ សិប្បកម្ម​កែច្នៃ​ឈើ​ក៏​កំពុង​កើត​ឡើង​ជាច្រើន​កន្លែង​នៅ​ស្រុក​ជ័យសែន ចម្ងាយ​ជាង ៧០​គីឡូម៉ែត្រ​ភាគ​ខាង​ជើង​ឆៀង​ខាង​កើត​ពី​រួម​ខេត្ត​ព្រះវិហារ។ ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​រស់នៅ​ស្រុក​ជ័យសែន ខេត្ត​ព្រះវិហារ បាន​រិះគន់​ថា បច្ចុប្បន្ន​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ប្រណីត​ខុស​ច្បាប់ កំពុង​កើត​មាន​ស្ទើរ​តែ​រៀង​រាល់​ថ្ងៃ នៅ​ក្នុង​តំបន់​ដែល​ពួក​គេ​រស់នៅ។ បើ​ទោះ​បី​ជា​ឈើ​ប្រណីត​ប្រភេទ​ធ្នង់ និង​ដួងចែម ត្រូវ​បាន​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​តាម​រថយន្ត និង​គោយន្ត​ដោយ​ចំហ មិន​បាច់​បិទ​បាំង ហើយ​យក​ទៅ​ដាក់​តាម​រោង​សិប្បកម្ម​ជា​ប្រចាំ​ថ្ងៃ​ក៏ដោយ ក៏​មិន​មាន​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​ណា យក​ចិត្ត​ទុក​ដាក់​បង្ក្រាប​ទេ។

  • តុលាការ​សម្រេច​ឱ្យ​មន្ត្រី​បក្ស​ប្រឆាំង​ម្នាក់​​បង់​ប្រាក់​៣​លាន​រៀល​ពី​បទ​ញុះញង់​ឱ្យ​​មាន​ការ​រើស​អើង

    ភ្នំពេញ—មន្ត្រី​បក្ស​ប្រឆាំងនៅថ្នាក់ស្រុក​ម្នាក់​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ថា​បាន​ចែក​ចាយ​ខិ​ត្តប័ណ្ណ​ដែល​ចោទ​ប្រកាន់​វៀតណាម​ថា​ កំពុង​ព្យាយាម​ «លុប​បំបាត់»​ ប្រទេស​កម្ពុជា។ លោក ឈា តាំង​ស៊ន​អាយុ ​៦៣​ ឆ្នាំ​ត្រូវ​បាន​នគរបាល​ស្រុក​ស្រុក​ព្រៃកប្បាស​ក្នុង​ខេត្ត​តាកែវ​កោះ​ហៅ​ហើយ​បន្ទាប់​មក​ត្រូវ​បាន​ប៉ូលិស​ខេត្ត​ឃុំខ្លួន។ បន្ទាប់​ពី​ត្រូវ​បាន​ឃុំខ្លួន​អស់រយៈ​ពេល​ពីរ​យប់​លោក​ត្រូវបាន​តុលាការ​កាត់ទោស​ពី​បទ​ញុះញង់​ឱ្យមាន​ការ​រើសអើង​ហើយ​បញ្ជា​ឱ្យ​គាត់បង់ប្រាក់​ ៣ ​លាន​រៀល ​(ប្រហែល ​៧៣០ដុល្លារ)​ ចំពោះបទល្មើស​នេះ។ លោក ជុំ ឈឿន​ អធិការ​ស្រុក​ព្រៃ​កប្បាសបាន​និយាយ​ថា​ខិត្ត​ប័ណ្ណ​នេះទទួល​បាន​តាម​រយៈ​ហ្វេ​ស​ប៊ុក​និយាយពី«​វិធី​សាស្រ្ត​ ២០​ចំណុច​របស់​យួន​ដើម្បី​លុបបំបាត់​ពូជសាសន៍​ខ្មែរ​នឹង​លេប​ទឹកដី‍»។

  • ក្រសួង​ការងារ​ស្នើ​កុំ​ឲ្យ​មាន​បាតុកម្ម​ក្នុង​ពេល​​ចរចា​ប្រាក់​ឈ្នួល​កម្មករ​​មិន​ទាន់​ចប់

    ក្រសួង​ការងារ និង​តំណាង​និយោជក បាន​អំពាវនាវ​រួម​គ្នា​ទៅ​កាន់​បណ្ដា​អ្នក​ពាក់ព័ន្ធ ពិសេស​ក្រុម​សហជីព កុំ​ឲ្យ​ប្រើ​សកម្មភាព​បាតុកម្ម កូដកម្ម ព្រមទាំង​សកម្មភាព​ពាក់ព័ន្ធ​នយោបាយ​ណា​មួយ ខណៈ​កិច្ច​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​កម្ពុជា មិន​ទាន់​បញ្ចប់។ ទន្ទឹម​គ្នា​នេះ តំណាង​សហជីព​អះអាង​ថា ការ​ធ្វើ​កូដកម្ម បាតុកម្ម អាច​កើត​ឡើង​គ្រប់​ពេល​វេលា បើ​សិន​ជា​ប្រាក់​ឈ្នួល​កម្មករ​មិន​ត្រូវ​ផ្ដល់​ឲ្យ ឬ​ផ្ដល់​ឲ្យ​តិចតួច​ពេក។ រហូត​មក​នេះ ក្រុម​ការងារ​ត្រី​ភាគី​មិន​ទាន់​បាន​កំណត់​តួលេខ​ច្បាស់លាស់​នៃ​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​និយោជិត​សម្រាប់​ឆ្នាំ​២០១៦ នោះ​បាន​នៅ​ឡើយ​ទេ។ ប៉ុន្តែ​ទាំង​ភាគី​រដ្ឋាភិបាល និង​តំណាង​និយោជក មិន​ចង់​ឲ្យ​មាន​សកម្មភាព​បាតុកម្ម កូដកម្ម ឬ​ប្រើ​សកម្មភាព​ពាក់ព័ន្ធ​នឹង​នយោបាយ ក្នុង​អំឡុង​កិច្ច​ចរចា​នេះ ដែល​អាច​បង្អាក់​ដល់​ដំណើរការ​ចរចា​ប្រាក់​ឈ្នួល។ ការ​លើក​ឡើង​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សិក្ខាសាលា​ត្រីភាគី​ថ្នាក់​ជាតិ​ស្ដីពី​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​កម្ពុជា ដែល​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​៨ ខែ​កញ្ញា។ ​ប្រធាន​សហព័ន្ធ​និយោជក​និង​ពាណិជ្ជកម្ម​កម្ពុជា (CAMFBA) លោក វ៉ាន់ ស៊ូអៀង បាន​និយាយ​ថា លោក​ស្វាគមន៍​ឲ្យ​មាន​កិច្ច​ចរចា​ប្រាក់​ឈ្នួល​លើ​វិស័យ​ឧស្សាហកម្ម​កាត់ដេរ និង​ស្បែក​ជើង​នេះ ប៉ុន្តែ​លោក​ថា ៩៥% នេះ ភាគ​ច្រើន​ជា​អ្នក​វិនិយោគ​មក​ពី​បរទេស ពួកគេ​នឹង​ត្រូវ​កែសម្រួល​នៅ​ទំហំ​នៃ​វិនិយោគ​របស់​ខ្លួន​ឲ្យ​ត្រូវ​នឹង​ស្ថានភាព​កម្ពុជា។ តំណាង​និយោជក​រូប​នេះ​សូម​អំពាវនាវ​កុំ​ឲ្យ​បណ្តា​អ្នក​ពាក់ព័ន្ធ​យក​ការ​ចរចា​ប្រាក់​ឈ្នួល​ធ្វើ​ជា​សកម្មភាព​នយោបាយ​ដែល​បង្ក​ការ​រំខាន​ដល់​អ្នក​វិនិយោគ​នៅ​កម្ពុជា។

  • ក្រសួង​មហាផ្ទៃ​​បង្កើត​នាយកដ្ឋាន​ប្រឆាំង​ឧក្រិដ្ឋ​កម្ម​តាម​អ៊ីនធឺណិត

    វ៉ាស៊ីនតោន—ក្រសួង​មហាផ្ទៃ​នឹងបង្កើត​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ដើម្បី​ទប់ស្កាត់​បទល្មើស​បច្ចេក​វិទ្យា នឹង​ចាត់វិធានការ​ចំពោះ​សកម្មភាព​ញុះញង់ ជេរប្រមាថ និង​រើសអើង​ពូជសាសន៍​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណេ​ត។ លោក​ឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ​អ្នក​នាំពាក្យ​ប៉ូលិស​ជាតិ​បាន​ប្រាប់​កាសែត​ Phnom Penh Post ​ថា​៖ «នាយកដ្ឋាន​នេះ​នឹង​សហការ​ជាមួយ​ស្ថាប័ន​ពាក់​ព័ន្ធ​ទាំងអស់​ដើម្បី​ទប់​ស្កាត់​បទល្មើស​តាម​អ៊ីនធឺណិត​ ពីព្រោះ​បើ​សិន​ជា​មិន​ទប់​ស្កាត់​ឧក្រិដ្ឋ​កម្ម​នោះទេ​វា​នឹង​បង្កគ្រោះថ្នាក់​ដល់​សង្គម‍»។​ ការប្រកាស​របស់រដ្ឋាភិបាល​កើត​មាន​ឡើង​ក្រោយ​ពី​កងកម្លាំង​មាន​សមត្ថកិច្ច​បាន​ចាប់​ឃាត់​ខ្លួន​យុវជន​ពីរនាក់​យក​មក​ផ្តន្ទាទោស​ដោយ​សារ​ការ​សរសេរ​តាមបណ្តាញហ្វេសប៊ុក​អំពាវនាវ​ឱ្យ​មាន​បដិវត្តន៍​ពណ៍ និង​គំរាម​សម្លាប់​អ្នក​ស្រាវជ្រាវ​កិច្ច​ការ​ព្រំដែន​ម្នាក់។​ សេចក្តី​រាយការណ៍​នានា​បញ្ជាក់​ថានាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នឹងសិក្សា​រៀបចំ​គោលការណ៍ វិធានការ យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​លើ​ការបង្ការ ទប់ស្កាត់ ស្រាវជ្រាវ ស៊ើបអង្កេត​និង​បង្ក្រាប​បទល្មើស​បច្ចេកវិទ្យា​។​

  • អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ព្រមាន​ចាប់​ពលរដ្ឋ​មួយ​ចំនួន​បើ​សិន​នៅ​តែ​ប្រើ​ហិង្សា​តវ៉ា​រឿង​ដីធ្លី

    អ្នក​ភូមិ​តាបស នៃ​ឃុំ​ស្ដៅ ស្រុក​សង្គមថ្មី បាន​បន្ថយ​សកម្មភាព​តវ៉ា​រឿង​ទំនាស់​ដីធ្លី​មួយ​រយៈ បន្ទាប់​ពី​បាន​ប្រើ​ហិង្សា​ដុត​បំផ្លាញ​សម្ភារៈ​របស់​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច និង​កាត់​ផ្ដាច់​ស្ពាន​មិន​ឲ្យ​អាជ្ញាធរ សមត្ថកិច្ច និង​តំណាង​ក្រុមហ៊ុន អាច​ចាក​ចេញ​ពី​តំបន់​ដែល​ពួក​គេ​តវ៉ា​បាន​មក។ ចំណែក​មន្ត្រី​សាលា​ខេត្ត​ព្រះវិហារ បាន​អំពាវនាវ​ឲ្យ​ក្រុម​អ្នក​ភូមិ​ដែល​លើក​គ្នា​តវ៉ា​ទាំង​នោះ បញ្ចប់​អំពើ​ហិង្សា ហើយ​នាំ​គ្នា​ចូល​មក​សម្រប​សម្រួល និង​ដោះស្រាយ​ដោយ​សន្តិវិធី​តាម​ផ្លូវ​ច្បាប់។ អាជ្ញាធរ​ខេត្ត​ព្រះវិហារ ព្រមាន​ថា គេ​នឹង​ប្រើ​កម្លាំង​សមត្ថកិច្ច​តាម​ចាប់​ខ្លួន​អ្នក​ភូមិ​តាបស មួយ​ចំនួន បញ្ជូន​ទៅ​កាន់​តុលាការ ប្រសិន​បើ​ក្រុម​អ្នក​ភូមិ​ទាំង​នោះ​នៅ​តែ​បន្ត​ការ​តវ៉ា​រឿង​ទំនាស់​ដីធ្លី ហើយ​បង្ក​អំពើ​ហិង្សា​បំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​ក្រុមហ៊ុន និង​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ត​ទៅ​ទៀត។ អភិបាល​រង​ខេត្ត​ព្រះវិហារ ដែល​ចុះ​ដោះស្រាយ​ការ​តវ៉ា​របស់​អ្នក​ភូមិ​តាបស គឺ​លោក ស៊ូ សេរី។ លោក​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​អង្គារ ទី​៨ ខែ​កញ្ញា ដោយ​សូម​ឲ្យ​ក្រុម​អ្នក​ភូមិ ចូលរួម​ដោះស្រាយ​ទំនាស់​ដីធ្លី​ដែល​មាន​អាជ្ញាធរ​ជា​អ្នក​សម្រប​សម្រួល ហើយ​បញ្ឈប់​សកម្មភាព​តវ៉ា​ដោយ​ហិង្សា ប៉ុន្តែ​បើ​សិន​ជា​អ្នក​ភូមិ​នៅ​តែ​ចចេស​រឹងរូស ហើយ​បន្ត​បំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​ក្រុមហ៊ុន​ឯកជន និង​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ត​ទៅ​ទៀត គឺ​អាជ្ញាធរ​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់៖ «គាត់​បំផ្លាញ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ហ្នឹង តើ​គាត់​ខុស​អ្វី​ខ្លះ? គឺ​គាត់​ប្រាកដ​ជា​ដឹង​ខ្លួន​ហើយ ប៉ុន្តែ​គាត់​នៅ​តែ​ជឿ​ការ​ញុះញង់​របស់​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន និង​សកម្មជន​ដីធ្លី»។

  • លោក ហ៊ុន សែន ឲ្យ​អ្នក​ពាក់​ព័ន្ធ​នឹងសមាជិកព្រឹទ្ធ​សភា​សម រង្ស៊ី ចូល​ខ្លួន​សារភាព​

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអង្គារនេះ​ បាន​ថ្លែង​​ឲ្យ​អ្នក​ដែល​រត់គេចខ្លួន​ទៅ​ក្រៅ​ប្រទេស​ ពាក់​ព័ន្ធ​នឹង​​សមាជិកព្រឹទ្ធសភាគណបក្ស​ សម រង្ស៊ី​ លោក ហុង សុខហួរ ដែល​ត្រូវ​បាន​ចោទប្រកាន់​ថា​ក្លែង​ឯក​សារ ចូលខ្លួន​​មក​សារភាព​នៅពេលនេះ។ លោក ហុង សុខ​ហួរ ត្រូវ​បាន​តុលាការសម្រេច​ឃុំ​ខ្លួន​ ដោយ​ចោទ​លោក​​​៣​បទ​ចោទ​ គឺការ​ក្លែង​ឯកសារ​សាធារណៈ ការប្រើប្រាស់​ឯកសារ​ក្លែង​ក្លាយនិងញុះញង់​ឲ្យ​មាន​អ​សន្តិសុខ​ ពាក់​ព័ន្ធ​នឹង​សន្ធិ​សញ្ញា​កម្ពុជានិង​វៀតណាម​នៅ​ឆ្នាំ​១៩​៧៩​​។ ​លោក ហុង សុខ​ហួរ ត្រូវបាន​​សមត្ថកិច្ច​ចាប់ខ្លួន​ ពីរថ្ងៃ​បន្ទាប់ពី​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ចេញ​បញ្ជាឲ្យ​ចាប់ខ្លួន ​ដោយ​ចោទ​ថា​ក្លែងឯក​សារ​សន្ធិ​សញ្ញា​កម្ពុជានិង​វៀតណាម​នៅ​ឆ្នាំ​១៩​៧៩​​។ ក្នុងវីដេអូឃ្លីបថតទុកដែលចាក់ផ្សាយតាមទូរទស្សន៍ជាតិកម្ពុជា(ទ.ទ.ក)នៅរសៀលថ្ងៃ​អង្គារនេះ​ លោក ហ៊ុន សែន បាន​រិះគន់​គណបក្ស​សង្រ្គោះជាតិ​ថា​បាន​យក​ផែនទី​ទៅ​បោកប្រាស់ប្រជា​ពលរដ្ឋកម្ពុជា។ លោក​ក៏​បាន​ព្រមាន​​ថា​រដ្ឋាភិបាល​នឹង​ចាត់វិធាន​ការផ្លូវ​ច្បាប់ចំពោះ​អ្នក​និយា​យ​រឿង​ផែនទីក្លែង​ក្លាយ។​

  • បណ្តាញ​​​សង្គម​​​សម្រាប់​​​បញ្ចេញ​​​មតិ​​​ប៉ុន្តែ​​​មាន​​​គ្រោះ​​ថ្នាក់​​​នៃ​​​ព័ត៌មាន​​​ចចាម​​​អារ៉ាម

    អ្នក​ស្រី ចក់ សុភាព នាយិការ​​ប្រតិ​បត្តិ​​របស់​​មជ្ឈ​មណ្ឌល​​សិទ្ធិ​​មនុស្ស​​កម្ពុជា បាន​ឱ្យដឹងថា៖ «ចាប់​ពី​​ឆ្នាំ​២០១២ ជា​ពិសេស​​អំឡុង​​ពេល​​បោះ​ឆ្នោត​​នៅ​ឆ្នាំ​​២០១៣​​ហ្នឹង យើង​​ឃើញ​​ថា​​មាន​​ការ​ផុស​ផុល​​ខ្លាំង​​ក្នុង​​ការ​ចែក​រំលែក និង​ការ​ពិភាក្សា​​ក្នុង​​បញ្ហា​​សង្គម​ បញ្ហា​​ន​យោ​បាយ និង​​បញ្ហា​​ជា​ច្រើន‍»។ អ្នកស្រី ចក់ សុភាព បន្ត​ថា នេះ​ជា​​ទម្រង់​​មួយ​​ក្នុង​​ការ​បញ្ចេញ​​មតិ ហើយ​​ការ​បញ្ចេញ​​មតិ​​នេះ​​មិន​ប្រាកដ​​ថា​​ត្រូវ​តែ​ពិត​​រហូត​​នោះ​​ទេ​​ដោយ​សារ​​តែ​​ព័ត៌មាន​​ជា​​ច្រើន​​នៅ​លើ​​បណ្តាញ​​ទំនាក់​​ទំនង​​សង្គម​​នេះ​​ភាគ​ច្រើន​​អ្នក​ប្រើ​ប្រាស់​​មាន​បញ្ចូល​​គំនិត​​របស់​​ពួក​គេ ដែល​​ប្រហែល​​ជា​​មិន​ទាន់​​ត្រឹម​ត្រូវ​​ទាំង​ស្រុង​​នោះ​​ទេ។​

  • សហព័ន្ធសហជីព ថា​បញ្ញត្តិ​ច្បាប់​ក្រុម​​ប្រឹក្សា​​អាជ្ញា​កណ្តាល​ប៉ះពាល់​ដល់​​សន្តិសុខ​ការងារ​កម្មករ​

    សហព័ន្ធសហជីពកម្មករ​ចំណីអាហារ និង​សេវាកម្មកម្ពុជា បាន​លើកឡើងថា ការ​បកស្រាយ​បញ្ញត្តិ​របស់​ក្រុម​ប្រឹក្សា​អាជ្ញាកណ្តាល មិន​មាន​ហេតុផល​ត្រឹម​ត្រូវ និង​បាន​ធ្វើ​ឲ្យ​ប៉ះពាល់ ដល់​សន្តិសុខការងារកម្មករ ព្រោះថា​បាន​យោងទៅលើ​តែហិរញ្ញវត្ថុរបស់​និយោជក​ប៉ុណ្ណោះ។ នេះគឺជាខ្លឹម​សារ​នៅក្នុងលិខិត​ចំហរ របស់សហជីពនេះ ផ្ញើរជូន​ទៅសមាជិក​ក្រុម​ប្រឹក្សា​អាជ្ញាកណ្តាល ចុះថ្ងៃទី ០២ខែកញ្ញា។ សហព័ន្ធសហជីពកម្មករ​ចំណីអាហារ និង​សេវាកម្ម​កម្ពុជា បាន​បញ្ជាក់នៅក្នុង​លិខិតចំហរ​របស់ខ្លួនថា ការ​បកស្រាយ​បញ្ញត្តិ​ច្បាប់​របស់ក្រុម​ប្រឹក្សា​អាជ្ញាកណ្តាល នាពេល​កន្លងមក​នេះ បាន​ធ្វើឡើងដោយ​ផ្ទុយ​ទៅនឹង​ខ្លឹម​សារ​ទាំងស្រុង នៃមាត្រា ៩១ និង​បំពានទៅនឹង​មាត្រា ៧៤ នៃច្បាប់ស្តីពីការងារ​។ មាត្រា​ ដែលនិយាយ​ពី​សិទ្ធិ​របស់ភាគី​នៃកិច្ចសន្យា​ការងារ ដែល​មាន​ថិរវេលា មិន​កំណត់ អាចធ្វើការរំលាយ​កិច្ច​សន្យា ដោយ​ផ្អែក​តាម​ការ​សម្រេចចិត្ត​របស់ភាគី​ណាមួយ​ក៏បាន ប៉ុន្តែបាន​កម្រិត​សិទ្ធិ​របស់និយោជក។

  • មាន​​អំពើ​ហិង្សា​តិចតួច​ពេល​ប៉ូលិស​ខេត្ត​កោះកុង​បំបែក​ការ​តវ៉ា​ឲ្យ​ដោះលែង​​សកម្មជន​មាតា​ធម្មជាតិ​

    ភ្នំពេញ—អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​ខេត្ត​កោះកុង​បាន​បំបែក​ក្រុម​អ្នក​តវ៉ា​ដែល​ស្នើ​សុំ​ឲ្យ​មាន​ការ​ដោះ​លែង​សកម្មជន​បី​នាក់​នៃ​ចលនា​មាតា​ធម្មជាតិ​ បន្ទាប់​ពី​ក្រុម​អ្នក​តវ៉ា​បាន​ស្រែក​ទាមទារ​អស់​រយៈ​ពេល​ជិត​២​សប្តាហ៍​មក​ហើយ​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ទាំង​បីនាក់នេះ។​ ទោះ​បី​ជា​មាន​ការ​បង្រ្កាប​ដែល​នាំ​ឲ្យ​អ្នក​តវ៉ា​ខ្លះ​រង​របួស​ និង​មាន​ការ​ចាប់​ខ្លួន​សកម្ម​ជន​សិទ្ធិ​ និង​អ្នក​សារព័ត៌មាន​ក្តី​ ​អាជ្ញាធរ​បាន​ថ្លែង​ការពារ​ចំណាត់ការ​នេះ​ថា​ ជា​ការ​រក្សា​សណ្តាប់​ធ្នាប់​សាធារណៈ​ ដើម្បី​ប្រយោជន៍​ប្រជា​ពលរដ្ឋ​ទូទៅ​នៅក្នុង​ក្រុងខេមរភូមិន្ទ​នៃ​ខេត្ត​កោះកុង។​ អាជ្ញាធរ​មាន​សមត្ថកិច្ច​ខេត្តកោះកុង​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​បាន​ឃាត់​ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស អ្នកតវ៉ា​ និង​អ្នក​សារព័ត៌មាន​ចំនួន​១៧​រូប​ នៅ​ក្នុង​ការ​ចុះ​បំបែក​ក្រុម​អ្នក​តវ៉ា​ ដែល​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះលែងសកម្ម​ជន​បរិស្ថាន​បីនាក់​នៃ​ចលនា​មាតា​ធម្មជាតិ។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​សកម្ម​ជន​សិទ្ធិ​មនុស្ស​ និង​អាជ្ញាធរ​ខេត្ត។​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo