កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
ភិក្ខុ លួន សុវ៉ាត ពន្យារពេលចូលទៅបំភ្លឺនៅតុលាការ
មេធាវីការពារក្តីរបស់ព្រះភិក្ខុ លួន សុវ៉ាត ដាក់ពាក្យសុំពន្យារពេលក្នុងការចូលទៅបំភ្លឺរបស់កូនក្ដីរបស់លោក ដោយសារមានពេលខ្លីពេកសម្រាប់រៀបចំឯកសារ។ ព្រះភិក្ខុ លួន សុវ៉ាត មានសង្ឃដីកាប្រាប់VODនៅព្រឹកថ្ងៃពុធនេះថា កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅព្រះអង្គ ឲ្យចូលទៅបំភ្លឺនៅថ្ងៃទី១៨ ខែកញ្ញា ពាក់ព័ន្ធបទសង្ស័យមួយចំនួន ដូចជាបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ បទរួមគំនិតក្បត់ និងបទប្រឆាំងការបោះឆ្នោត។
-
នាយករដ្ឋមន្ត្រីអំពាវនាវភាគីពាក់ព័ន្ធចូលរួមកាត់បន្ថយអនក្ខរកម្ម
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ-អន្តរជាតិ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៤នេះ អំពាវនាវឲ្យភាគីពាក់ព័ន្ធចូលរួមកាត់បន្ថយអនក្ខរកម្មនៅកម្ពុជា ស្របតាមប្រធានបទឆ្នាំនេះ «អក្ខរកម្មធ្វើឲ្យជីវភាពរស់នៅកាន់តែប្រសើរ»។ ក្នុងសារលិខិតចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវដល់គ្រប់ស្ថាប័នជាតិ-អន្តរជាតិ សហគមន៍ និងពលរដ្ឋកម្ពុជាគ្រប់រូបបន្តយកចិត្តទុកដាក់ខ្ពស់ដល់ការងារអក្ខរកម្មក៏ដូចជាការងារអប់រំក្រៅប្រព័ន្ធ ដើម្បីបង្កើនអត្រាអក្ខរកម្មឲ្យបានចំនួន៥០ភាគរយថែមទៀត ក្នុងចំណោមអនក្ខរជនពេញវ័យនៅមុនដំណាច់ឆ្នាំ២០១៥ និងដើម្បីផ្តល់ឱកាសស្មើភាពគ្នាក្នុងការអប់រំមូលដ្ឋាន និងការអប់រំបន្តសម្រាប់ជនពេញវ័យទាំងអស់។
-
USAIDសម្ពោធគម្រោងអនាម័យ និងអាហារូបត្ថម្ភចម្រុះ ដើម្បីប្រយុទ្ធប្រឆាំងកង្វះអាហារូបត្ថម្ភរបស់កុមារនៅកម្ពុជា
ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ(USAID)នៅកម្ពុជា នៅថ្ងៃចន្ទទី៨ ខែកញ្ញានេះ សម្ពោធកម្មវិធីថ្មីមួយទៀតរបស់ខ្លួនគឺគម្រោងអាហារូបត្ថម្ភ និងអនាម័យ(NOURISH)។ សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតរដ្ឋសហរដ្ឋអាមេរិក ចេញផ្សាយថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៤នេះ ឲ្យដឹងថា គម្រោង NOURISH មានរយៈពេល៥ឆ្នាំ ក្នុងទឹកប្រាក់ចំនួន១៦,២៥លានដុល្លាអាមេរិក។ គម្រោងនេះត្រូវបានបង្កើតឡើងដើម្បីប្រយុទ្ធប្រឆាំងកង្វះអាហារូបត្ថម្ភរបស់កុមារកម្ពុជា។
-
ពលរដ្ឋជាងមួយរយគ្រួសារប្រឈមបាត់បង់ដី ក្រោមគម្រោងអភិវឌ្ឍន៍របស់អាជ្ញាខេត្តសៀមរាប
ប្រជាពលរដ្ឋជាងមួយរយគ្រួសារនៅភូមិចំនួនបីនៃស្រុកស្វាយលើ ខេត្ដសៀមរាប ព្រួយបារម្ភបាត់បង់ដីស្រែចម្ការ ដោយសារអាជ្ញាធរខេត្តនេះយកដីនោះទៅផ្ដល់ឲ្យប្រជាពលរដ្ឋមកពីតំបន់ផ្សេង។ ការព្រួយបារម្ភនេះ កើតមានឡើងក្រោយពេលអាជ្ញាធរខេត្តសៀមរាបវាស់វែងដីនៅតំបន់នោះ ទុកចែកឲ្យប្រជាពលរដ្ឋនៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ដែលអាជ្ញាធរខេត្តនេះគ្រោងបណ្ដេញចេញ ដើម្បីបើកផ្លូវឲ្យក្រុមហ៊ុនស៊ូជីងអភិវឌ្ឍន៍ជាតំបន់ទេសចរណ៍ធម្មជាតិ។
-
មន្ត្រីជំនាញថាមិនទាន់អាចផ្តល់ព័ត៌មានពាក់ព័ន្ធនឹងការធ្វើជំរឿនជនអន្តោប្រវេសន៍
មន្ត្រីជំនាញផ្នែកធ្វើជំរឿនជនអន្តោប្រវេសន៍នៅកម្ពុជាលើកឡើងថា ក្រសួងមហាផ្ទៃមិនទាន់អាចផ្តល់ព័ត៌មានពាក់ព័ន្ធនឹងការធ្វើជំរឿនជនអន្តោប្រវេសន៍ ដើម្បីចៀសវាងការផ្សាយព័ត៌មានមិនត្រឹមត្រូវ។ អគ្គនាយកនៃនាយកដ្ឋានអន្ដោប្រវេសន៍លោក សុខ ផល ប្រាប់VODថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍កំពុងប្រមូលផ្តុំព័ត៌មានពីការធ្វើជំរឿននេះ ហើយនឹងជូនដំណឹងជាទូទៅមួយពីលទ្ធផលនៃការធ្វើជំរឿននេះនាពេលឆាប់ៗខាងមុខ។ លោកថាកន្លងមកមានសារព័ត៌មានជាច្រើនបានផ្សព្វផ្សាយពីព័ត៌មានផ្សេងៗគ្នា ដោយមិនបានយល់ពីនីតិវិធីរបស់ក្រសួង។ លោកបញ្ជាក់ថា«នៅព្រឹកមិញនេះ ខ្ញុំបានពិភាក្សាជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស ខេង ដោយទទួលបានការណែនាំពីគាត់ហើយ យើងនឹងធ្វើការជូនដំណឹងមួយ។ អុីចឹងខ្ញុំសុំទុកសិនចុះ»។ ទោះជាយ៉ាងណា លោកមិនបានកំណត់ពីពេលវេលាជាក់លាក់ដើម្បីសម្រេចពីការជូនដំណឹងនៃលទ្ធផលធ្វើជំរឿននេះទេ។
-
អ្នកមានជម្លោះដីធ្លី៣នាក់សន្លប់ក្បែរផ្ទះលោកនាយករដ្ឋមន្ត្រី ពេលប៉ះជាមួយសមត្ថកិច្ច
ស្ត្រីជាសកម្មជនដីធ្លី៣នាក់ ដួលសន្លប់នៅក្បែរផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃចន្ទនេះ ដោយសារប៉ះទង្គិចនឹងកម្លាំងចម្រុះរបស់រដ្ឋាភិបាលដែលព្យាយាមរាំងខ្ទប់ក្រុមអ្នកតវ៉ាមិនឲ្យដើរហែក្បូនទៅរកកិច្ចអន្តរាគមន៍ពីរដ្ឋសភា រឿងការបណ្តេញចេញ។
-
សភានឹងស្វែងរកភស្តុតាងបន្ថែមទៀតរឿងជម្លោះដីធ្លី នៅខេត្តបាត់តំបង
មន្ត្រីជាន់ខ្ពស់មួយរូបនៅក្នុងគណៈកម្មការទី១នៅរដ្ឋសភាបង្ហើបឲ្យដឹងថា គណៈកម្មការនេះនឹងចុះស្វែងរកឯកសារ និងភស្តុតាងបន្ថែមទៀត រឿងជម្លោះដីធ្លីដែលអូសបន្លាយជិត៨ឆ្នាំ មុននឹងធ្វើអន្តរាគមន៍ផ្លូវច្បាប់ ដើម្បីរកដំណោះស្រាយ។ ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា មកពីគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ប្រាប់VODនៅថ្ងៃអាទិត្យនេះថា លោកគ្រោងកោះហៅភាគីមានជម្លោះដីធ្លីនៅឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដើម្បីបង្ហាញភស្តុតាង និងឯកសារផ្សេងៗឲ្យក្រុមការងារអង្កេតបឋម ដោះស្រាយបញ្ហាជូនអ្នករងគ្រោះ។ លោកបញ្ជាក់ថា នៅដើមខែកញ្ញានេះ លោកបានកោះហៅឧកញ្ញ៉ា លឹម ទាឡេង ឲ្យផ្តល់ព័ត៌មានដល់ក្រុមការងាររួចហើយ។ ដោយឡែកអ្នកពាក់ព័ន្ធផ្សេងទៀតមិនទាន់កោះហៅនៅឡើយ។ ទោះបីយ៉ាងណា លោកអេង ឆៃអ៊ាង មិនប្រាប់ឈ្មោះអ្នកដែលត្រូវកោះហៅបន្តនោះទេ។
-
ពលរដ្ឋខេត្តសៀមរាបជាង៥០០នាក់ ដណ្ដើមដីគ្នា បន្ទាប់ពីអាជ្ញាធរផ្ដល់ដីឲ្យជាង៩៦ហិកតា ដល់អ្នកតវ៉ា៨៥គ្រួសារ
ប្រជាពលរដ្ឋជាង៥រយនាក់ បិទផ្លូវជាតិនៅជើងភ្នំគូលេនមិនឲ្យធ្វើចរាចរណ៍ ដើម្បីទាមទារចំណែកដីដែលអាជ្ញាធរខេត្តសៀមរាប ចែកឲ្យអ្នកមានតវ៉ារឿងជម្លោះដីធ្លីចំនួន៨៥គ្រួសារ។ អ្នកស្រុកបន្ទាយស្រី ខេត្ដសៀមរាប នាំគ្នាធ្វើដូច្នេះ បន្ទាប់ពីអាជ្ញាធរខេត្ត សម្រេចកាត់ដីជាង៩៦ហិកតា ផ្ដល់ឲ្យពលរដ្ឋ៨៥គ្រួសារ ដែលធ្លាប់ធ្វើការតវ៉ាទាមទារយ៉ាងខ្លាំងក្លានាពេលកន្លងមក។
-
អ្នកមានជម្លោះដីធ្លីមកពីរាជធានីខេត្តនឹងបើកយុទ្ធនាការហែនៅថ្ងៃចន្ទស្អែក ដើម្បីស្វែងរកអន្តរាគមន៍ពីរដ្ឋសភា
អ្នកមានជម្លោះដីធ្លីមកពីរាជធានី/ខេត្ត ប្រកាសហែក្បួនតាមដងវិថីនានា ឆ្ពោះទៅកាន់មន្ទីររដ្ឋសភានៅថ្ងៃចន្ទស្អែកនេះ ដើម្បីរកសម្ពាធជំរុញឲ្យពន្លឿនដំណោះស្រាយរឿងជម្លោះដីធ្លីដែលអូសបន្លាយជាច្រើនឆ្នាំ។ តំណាងអ្នកមានជម្លោះដីធ្លី នៅសហគមន៍បុរីកីឡា អ្នកស្រី ឆាយ គឹមហ៊ន ឲ្យVODដឹងនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៤នេះថា នៅព្រឹកថ្ងៃចន្ទស្អែកនេះ អ្នកមានជម្លោះដីធ្លីមកពីសហគមន៍បឹងកក់ បុរីកីឡា ថ្មគោល ក្នុងរាជធានីភ្នំពេញ និងសហគមន៍ឡពាងមកពីខេត្តកំពង់ឆ្នាំជាដើម នឹងបើកយុទ្ធនាការដើរដង្ហែក្បួនទៅដាក់ញត្តិនៅរដ្ឋសភា ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ឲ្យភាគីពាក់ព័ន្ធ ស្វែងរកដំណោះស្រាយ បញ្ចប់ជម្លោះ។
-
ស្ត្រីខ្មែរ២នាក់ដែលរងការបោកបញ្ឆោតទៅចិនវិលមកដល់កម្ពុជាវិញ
មន្ត្រីអង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី៧ កញ្ញា ថា មានស្ត្រីខ្មែរ ២នាក់ បានវិលមកពីប្រទេសចិនវិញ ក្រោយពីមានការជួយអន្តរាគមន៍ពីស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ និងអង្គការទេសន្តរប្រវេសក៍អន្តរជាតិ (IOM)។ លោក សែម ចៅសុខ មន្ត្រីអង្កេតរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ ដែលបានទៅទទួលស្ត្រីទាំង ២នាក់នៅវាលយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីរៀបចំបញ្ជូនទៅស្រុកកំណើតនៅខេត្តកំពង់ចាមវិញ បានឲ្យដឹងថា នារីទាំង ២រូប មានការព្រួយបារម្ភបន្ទាប់ពីដឹងថា រូបនាងត្រូវគេបោកបញ្ឆោតបម្រុងយកទៅលក់នៅប្រទេសចិន។
-
អាជ្ញាធរខណ្ឌពោធិសែនជ័យការពារក្រុមហ៊ុនចិនអូសខ្សែភ្លើងកាត់ដីអ្នកភូមិដែលមិនផ្តល់សំណង
កម្លាំងចម្រុះ ប្រមាណ៣០របស់អាជ្ញាធររាជធាភ្នំពេញ នៅព្រឹកថ្ងៃសៅរ៍នេះ បានព្យាយាមការពារក្រុមហ៊ុនចិនមួយ ដែលប្រជាពលរដ្ឋចោទថា អូសខ្សែភ្លើង រំលោភចូលដីអ្នកភូមិមិនផ្តល់សំណង ។ ប្រជាពលរដ្ឋនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឲ្យដឹងថា សមត្ថកិច្ចប្រមាណ៣០នាក់ រារាំងពួកគេមិនឲ្យតវ៉ាប្រឆាំងក្រុមហ៊ុនអគ្គិសនីកម្ពុជា សហការជាមួយក្រុមហ៊ុនចិន ដែលកំពុងអូសខ្សែភ្លើងកាត់លើដីរបស់ពួកគេ។
-
ព្រះសង្ឃ និងនិស្សិតបញ្ញវន្តអំពាវនាវឲ្យយុវជនកម្ពុជាក្រោកឡើងការពារទឹកដី និងប្រវត្តិសាស្ត្រ
យុវជន និងព្រះសង្ឃរាប់រយអង្គនាក់ នៅព្រឹកថ្ងៃសៅរ៍នេះ អំពាវនាវឲ្យនិស្សិត បញ្ញវន្តខ្មែរក្រោកឡើងចូលរួមការពារទឹកដី និងប្រវត្តិសាស្ត្ររបស់ខ្លួន កុំឲ្យប្រទេសជិតខាងរំលោភបំពាន និងបំភ្លៃដូចពេលកន្លងមក។ យុវជន ខេម រិន្ទ្រ ថ្លែងក្នុង វេទិកាសាធារណៈ ជជែកពីជនអន្តោប្រវេសន៍ និងទឹកដីកម្ពុជាក្រោម នៅទីលានប្រជាធិបតេយ្យនាព្រឹកថ្ងៃសៅរ៍ ទី៦ កញ្ញានេះថា កន្លងមកការចូលរួមរបស់និស្សិត បញ្ញវន្ត ក្នុងការការពារប្រវត្តិសាស្ត្រខ្មែរក្រោមនៅមានកំណត់នៅឡើយ ដូច្នេះលោកអំពាវនាវឲ្យមានការចូលរួមឲ្យបានផុលផុសថែមទៀត ដើម្បីការពារប្រវត្តិសាស្ត្រខ្មែរក្រោម។
-
អ្នកកាសែតនៅក្រចេះចោទនាយប៉ុស្តិ៍ការពារព្រំដែនគំរាមសម្លាប់
អ្នកកាសែតម្នាក់ប្រចាំខេត្តក្រចេះ បានចោទប្រកាន់នាយប៉ុស្តិ៍ការពារព្រំដែនគោកចំណុះវរ៦១៩ ថាបានគំរាមកំហែងចង់សម្លាប់គាត់។ ការគំរាមនេះ បន្ទាប់ពីអ្នកកាសែតរូបនោះ និងបក្ខពួក បានចូលទៅយកព័ត៌មានពីបទល្មើសព្រៃឈើនៅកន្លែងលាក់ទុក ក្បែរប៉ុស្តិ៍ការពារព្រំដែន។ ប៉ុន្តែ នាយប៉ុស្តិ៍ការពារព្រំដែន បដិសេធចំពោះការចោទប្រកាន់ទាំងនោះ ដោយសុំឱ្យអ្នកចោទប្រកាន់នោះ បង្ហាញភស្តុតាងឱ្យបានត្រឹមត្រូវ។
-
លោក ម៉ម សូណង់ដូ ស្ទាក់ស្ទើរស្នើសុំពង្រីកហ្វ្រេកង់វិទ្យុតាមខេត្ត
ប្រធានវិទ្យុសំបុកឃ្មុំ លោក ម៉ម សូណង់ដូ ស្ទាក់ស្ទើរក្នុងការស្នើសុំពង្រីកហ្វ្រេកង់វិទ្យុនៅតាមបណ្តាខេត្ត ដោយសារក្រសួងព័ត៌មានតម្រូវឲ្យលោកបំពេញនីតិវិធីស្មុគស្មាញ និងទាមទារលិខិតថ្កោលទោស។ លោក ម៉ម សូណង់ដូ ប្រាប់VODនៅថ្ងៃសៅរិ៍នេះថា ក្រសួងព័ត៌មានតម្រូវឲ្យលោកមានលិខិតអនុញ្ញាតពីអភិបាលខេត្ត និងអាជ្ញាធរនៅដែនដី ដែលលោកចង់បើកស្ថានីយវិទ្យុនោះ ហើយក៏តម្រូវឲ្យមានលិខិតថ្កោលទោសភ្ជាប់មកជាមួយផងដែរ។
-
សមត្ថកិច្ចខេត្តកោះកុងឃាត់ខ្លួន និងសួរនាំបុរសពីរនាក់ពាក់ព័ន្ធការជួញដូរមនុស្ស
អាជ្ញាធរខេត្តកោះកុងឃាត់ខ្លួនបុរសចំនួន២៥នាក់ ប៉ុនប៉ងឆ្លងដែនទៅធ្វើការនៅប្រទេសថៃ ដោយគ្មានលិខិតឆ្លងដែន ក្នុងនោះពីរនាក់ត្រូវបានគេសង្ស័យថាជាមេខ្យល់ជួញដូរមនុស្ស។ លោក ស្រី ធុច នាយកការិយាល័យប្រឆាំងការជួញដូរមនុស្សប្រចាំខេត្តកោះកុង ឲ្យVODដឹងនៅថ្ងៃសៅរ៍ទី ៦ កញ្ញានេះថា មន្ត្រីការិយាល័យរបស់លោកបានឃាត់ខ្លួនបុរស២៥នាក់ កាលពីថ្ងៃសុក្រម្សិលមិញ ហើយថ្ងៃនេះកំពុងតែសាកសួរពួកគេម្នាក់ម្ដងៗ ដើម្បីរកមុខមេខ្យល់ដែលនាំឲ្យមានការឆ្លងដែនខុសច្បាប់ទៅប្រទេសថៃនោះ។
-
យុវជនព្រួយបារម្ភខ្លាចបាត់បង់ទឹកដីខ្មែរដូចកម្ពុជាក្រោម បើរដ្ឋាភិបាលមិនអនុវត្តច្បាប់អន្តោប្រវេសន៍
យុវជន និងប្រជាពលរដ្ឋរាប់រយនាក់ ជំរុញឲ្យរដ្ឋាភិបាល អនុវត្តច្បាប់អន្តោរប្រវេសន៍ឲ្យមានប្រសិទ្ធភាព ដើម្បីការពារកុំឲ្យបាត់បង់ទឹកដីដូចខ្មែរកម្ពុជាក្រោម ខណៈប្រទេសវៀតណាមបង្ហូរជនជាតិរបស់ខ្លួនរាប់លាននាក់ចូលមកកម្ពុជា។ យុវជន ម៉េង សុខលី ថ្លែងក្នុងវេទិកាសាធារណៈ ជជែកពីជនអន្តោប្រវេសន៍ និងទឹកដីកម្ពុជាក្រោម នៅទីលានប្រជាធិបតេយ្យនៅថ្ងៃសៅរ៍នេះថា លោកព្រួយបារម្ភខ្លាចបាត់បង់ទឹកដី ដូចកម្ពុជាក្រោម បើរដ្ឋាភិបាលមិនអនុវត្តច្បាប់អន្តោប្រវេសន៍ឲ្យមានប្រសិទ្ធភាពនោះ។
-
អ្នកបុរីកីឡាតវ៉ាសុំចូលរួមការពិភាក្សារវាងមន្ត្រីសាលារាជធានី សង្គមស៊ីវិល និងក្រុមហ៊ុន
ប្រជាសហគមន៍បុរីកីឡាប្រមាណ២០នាក់ នៅព្រឹកថ្ងៃសុក្រនេះ តវ៉ានៅមុខសាលារាជធានីភ្នំពេញ ដើម្បីសុំចូលរួមក្នុងការពិភាក្សារកដំណោះស្រាយបញ្ហាដីធ្លីរវាងមន្ត្រីសាលារាជធានី សង្គមស៊ីវិល និងក្រុមហ៊ុន។ ប្រជាសហគមន៍លើកឡើងថាពួកគាត់ជាជនរងគ្រោះពិតប្រាកដ ដូច្នេះការពិភាក្សាត្រូវតែមានការចូលរួមពីពួកគាត់។ក្រោយពីការតវ៉ាចាប់ពីម៉ោង៨ព្រឹក តំណាងរបស់ពួកគេចំនួន១០នាក់ត្រូវបានអនុញ្ញាតឲ្យចូលរួមការប្រជុំនោះ។
-
សមាគមខ្មែរក្រោមអំពាវនាវឲ្យពលរដ្ឋ ចូលរួមវេទិកានៅទីលានប្រជាធិបតេយ្យនៅថ្ងៃស្អែក
សមាគមខ្មែរកម្ពុជាក្រោមអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមវេទិកាសាធារណៈដែលជជែកពីជនអន្តោប្រវេសន៍ និងទឹកដីកម្ពុជាក្រោម នៅទីលានប្រជាធិបតេយ្យនៅថ្ងៃសៅរ៍ស្អែក ខណៈសាលារាជធានីភ្នំពេញកំណត់ឲ្យអ្នកចូលរួមចំនួនតែ២០០នាក់។ នៅព្រឹកថ្ងៃសុក្រនេះ ប្រធានសមាគមខ្មែរកម្ពុជាលោកថាច់ សេដ្ឋា បង្ហាញក្តីសង្ឃឹមថា តាមការផ្សាយជាបន្តបន្ទាប់ តាមប្រព័ន្ធអុិនធើណែតកន្លងមកនេះ នឹងមានប្រជាពលរដ្ឋចូលរួមច្រើន។
-
ការចរចារវាងអតីតអ្នកបើករថយន្តជាមួយក្រុមហ៊ុនសូរិយាសម្រេចបានលទ្ធផល
អតីតបុគ្គលិកបើកបររថយន្តទាំង១៧នាក់របស់ក្រុមហ៊ុនភ្នំពេញសូរិយាដឹកអ្នកដំណើរ ព្រមព្រៀងគ្នាបញ្ឈប់ការធ្វើបាតុកម្ម បន្ទាប់ពីការចរចាជាមួយក្រុមហ៊ុនកាលពីល្ងាចថ្ងៃព្រហស្បតិ៍ទទួលបានលទ្ធផល។ តំណាងក្រុមអតីតអ្នកបើករថយន្ត លោក សម្បត្តិ វន ប្រាប់VODនៅព្រឹកថ្ងៃសុក្រនេះថា ក្នុងការចរចាអស់រយៈពេល៣ម៉ោង កាលពីថ្ងៃព្រហស្បតិ៍ក្រោមការសម្របសម្រួលពីអភិបាលខណ្ឌដូនពេញ លោក គួច ចំរើន ភាគីទាំងពីរបានព្រមព្រៀងគ្នាថា ក្រុមហ៊ុនព្រមទទួលយកពួកគាត់៣នាក់ចូលធ្វើការវិញ ៥នាក់ត្រូវនៅប្រចាំការរង់ចាំការសម្រេចពីតុលាការ ហើយ៩នាក់ព្រមឈប់ដោយទទួលប្រាក់សំណងតាមច្បាប់ការងារ។
-
សង្គមស៊ីវិលចំនួន៧គាំទ្រឲ្យកំណត់អាណត្តិនាយករដ្ឋមន្ត្រី ត្រឹម២អាណត្តិឬ១០ឆ្នាំ
អង្គការសង្គមស៊ីវិលចំនួន៧ នៅថ្ងៃសុក្រនេះ គាំទ្រឲ្យមានការកំណត់អាណត្តិនាយករដ្ឋមន្ត្រីត្រឹម២អាណត្តិ ដើម្បីប្រទេសជាតិមានការរីកចម្រើន និងចៀសវាងការកើតមានអំពើហិង្សានៅពេលបោះឆ្នោត។ ការជំរុញនេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្តីពីការគាំទ្រឲ្យមានការកំណត់អាណត្តិនាយករដ្ឋមន្ត្រីត្រឹម២អាណត្តិ ឬរយៈពេល១០ឆ្នាំ នាព្រឹកថ្ងៃសុក្រ ទី០៥ ខែកញ្ញា ដែលមានយុវជន និងសង្គមស៊ីវិលចំនួន៧ចូលរួម។