កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
ពលរដ្ឋតវ៉ាមុខសាលាស្រុកស្នួលទាមទារប័ណ្ណកម្មសិទ្ធិដីធ្លី
ប្រជាពលរដ្ឋស្រុកស្នួល ខេត្តក្រចេះ មានការព្រួយបារម្ភលើករណីទំនាស់ដីធ្លីជាមួយក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច នាថ្ងៃអនាគត ព្រោះដីធ្លីរបស់ពួកគាត់គ្មានប្លង់កម្មសិទ្ធិនៅឡើយទេ ទោះក្រុមនិស្សិតបានចុះវាស់រួចហើយក្តី។ ប្រជាពលរដ្ឋ អះអាងថា ជាងកន្លះឆ្នាំទៅហើយ មន្ត្រីពាក់ព័ន្ធមិនទាន់ផ្តល់ជូនប័ណ្ណកម្មសិទ្ធិទេ។ បញ្ហានេះ មន្ត្រីមន្ទីរសុរិយោដី ខេត្តក្រចេះ អះអាងថា ការយឺតយ៉ាវដោយសារបញ្ហាបច្ចេកទេស និងក្បាលដីមានច្រើនម៉ឺនកម្មសិទ្ធិ។ ប្រជាពលរដ្ឋពីរភូមិមានគ្នាជាង ១០០នាក់ មកពីឃុំស្នួល ខេត្តក្រចេះ នៅព្រឹកថ្ងៃទី១៦ ខែឧសភា បានប្រមូលផ្តុំគ្នានៅមុខសាលាស្រុកស្នួល ដើម្បីសួរនាំ និងទាមទារឲ្យអាជ្ញាធរចែក ឬផ្តល់ប្លង់កម្មសិទ្ធិដីធ្លីដែលបានវាស់ត្រឹមត្រូវរួចអស់ហើយ ជូនពួកគាត់ឲ្យបានឆាប់៖ «ជួយអន្តរាគមន៍ផ្ដល់ឲ្យបិទប្រកាស ឬមួយចេញប្លង់។ មិនចេញប្រាប់ថាមិនចេញ តែបើចេញប្រាប់ថាចេញទៅ កុំឲ្យប្រជាពលរដ្ឋជាង ៥០០គ្រួសារសង្ស័យ។ ស្នើបិទប្រកាសផ្សាយ ព្រោះដីវាស់រួចយូរហើយ អត់ប្រកាសផ្សាយ ហើយឥឡូវដល់រដូវដាំដុះ។ ហើយម្យ៉ាង ប្រជាពលរដ្ឋគាត់មានការព្រួយបារម្ភថាប្លង់មិនធ្លាក់ឲ្យ»។
-
បាក់ប្លង់សេ អគាររោងចក្រ សង្ស័យមានកម្មករ ច្រើននាក់ ស្លាប់ និងរបួស នៅស្រុកគងពិសី
កំពង់ស្ពឺៈ សង្ស័យមានកម្មករជាច្រើននាក់ បានស្លាប់ និងរងរបួស បន្ទាប់ពីហេតុការណ៍បាក់ប្លង់សេ អគាររោងចក្រ ស្បែកជើង «វីងស្តាស៊ូ» ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៣ នៅគីឡូម៉ែត្រលេខ៤៩ ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាព្រឹកព្រលឹមថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៣នេះ។
-
ខុទ្ទកាល័យនាយករដ្ឋមន្ត្រីទទួលញត្តិពីពលរដ្ឋដែលមានជម្លោះដីធ្លីមកពីខេត្តព្រះវិហារ
ពលរដ្ឋជិត១០០នាក់ មកពីស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានប្រមូលគ្នានៅមុខវត្តបទុមវត្តី ក្នុងគោលបំណងដាក់ញត្តិជាលើកទី៤ ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីឲ្យលោកអន្តរាគមន៍បញ្ចប់ជម្លោះដីអូសបន្លាយ នៅក្នុងខេត្តនេះ ជាមួយអតីតមន្ត្រីជាន់ខ្ពស់មួយរូបរបស់រាជរដ្ឋាភិបាល។
-
លោក ហ៊ុន សែន រិះគន់ព្រះអង្គម្ចាស់ ធម្មិកោ ចូលរួមជាមួយបក្សប្រឆាំង
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរិះគន់ចំពោះ សែរាជវង្សដែលទៅចូលរួមធ្វើនយោបាយជាមួយគណបក្សសង្គ្រោះជាតិ ជាគូប្រជែងដ៏សំខាន់របស់គណបក្សប្រជាជនកម្ពុជា។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីសម្ពោធសាលាពុទ្ធិកអនុវិទ្យាល័យ ហ៊ុន សែន សិរីពេជ្រ ខេត្តព្រៃវែង ថ្ងៃទី១៦ ខែឧសភា បានរិះគន់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែលបានតាំងព្រះកាយជាអ្នកតំណាងសែរាជវង្ស និងតំណាងសម័យសង្គមរាស្ត្រនិយម ហើយបានចូលរួមធ្វើនយោបាយជាមួយគណបក្សសង្គ្រោះជាតិ។
-
គណបក្សសង្គ្រោះជាតិបង្ហាញគោលនយោបាយ៦ចំណុចលើកកម្ពស់ស្ត្រី
គណបក្សសង្គ្រោះជាតិ បង្ហាញពីគោលនយោបាយ ៦ចំណុច ដើម្បីលើកកម្ពស់សិទ្ធិស្ត្រីសម្រាប់ការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣នេះ។ ក្នុងគោលនយោបាយទាំង ៦ចំណុច ដែលគណបក្សសង្គ្រោះជាតិ បង្ហាញនៅភោជនីយដ្ឋានបៃតង នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភានេះ មានដូចជា ស្ត្រីចាប់ពីអាយុ៦៥ឆ្នាំឡើងទៅ នឹងទទួលបានប្រាក់៤ម៉ឺនរៀលក្នុងមួយខែ កម្មការនីទទួលបានប្រាក់ខែចាប់ពី៦០ម៉ឺនឡើងទៅ មន្ត្រីរាជការជាស្ត្រី ទទួលបានប្រាក់ខែ១លានរៀលក្នុងខែ ស្ត្រីក្រីក្រទទួលបានការព្យាបាលជំងឺដោយមិនបង់ប្រាក់ យុវនារីក្រីក្រទទួលបានការឧបត្ថម្ភរៀនសូត្រ និងមានការងារស្មើនឹងយុវជន គ្រួសារក្រីក្រ ទទួលបានការថែរក្សាកុមារនិងការរៀនសូត្រ និងស្ត្រីគ្រប់រូបទទួលបានសេវាផ្លូវច្បាប់ នៅពេលដែលរងគ្រោះដោយអំពើហិង្សា។
-
អ្នកចំណាកស្រុកនៅភ្នំពេញមិនសូវចាប់អារម្មណ៍រឿងបោះឆ្នោត
មុនការបោះឆ្នោតមកដល់ ប្រជាពលរដ្ឋដែលមានវ័យគ្រប់អាយុបោះឆ្នោតតែងត្រៀមលក្ខណៈច្រើន ដូចជាទៅចុះឈ្មោះ ទៅមើលឈ្មោះ និងរកឯកសារមួយចំនួនដើម្បីបំពេញសិទ្ធិជាប្រជាពលរដ្ឋ ចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៥ ដែលគេពេញចិត្ត។ តើប្រជាពលរដ្ឋដែលបានប្ដូរការរស់នៅពីកន្លែងមួយទៅមួយ និងអ្នកចំណាកស្រុក ពួកគាត់ចំណាប់អារម្មណ៍យ៉ាងណាចំពោះការត្រៀមទុកមុនពេលវេលាបោះឆ្នោតមកដល់នោះ?
-
សកម្មជនដីធ្លីព្រមានមកដេកនៅមុខសាលារាជធានី បើអភិបាលថ្មីមិនដោះស្រាយមុនបោះឆ្នោត
ពលរដ្ឋដែលមានបញ្ហាដីធ្លី ព្រមាននាំគ្នាមកដេកនៅមុខសាលារាជធានីភ្នំពេញ ប្រសិនបើអភិបាលរាជធានីភ្នំពេញ ដែលទើបឡើងកាត់ដំណែងថ្មី មិនដោះស្រាយជម្លោះដីដ៏រាំរ៉ៃនោះ ឲ្យបានចប់មុនការបោះឆ្នោតជាតិទេនោះ។ ការព្រមាននេះកើតឡើង ខណៈពួកគេប្រមាន១០០នាក់ មកពីតំបន់បុរីកីឡា ថ្មគោល បឹងកក់ សហគមន៍៣៤៧ ភូមិឃ្លាំងសាំង ភូមិ២៣ សហគមន៍៤២ និងអតីតអ្នកបុរីកីឡា ដែលទទួលសំណងរួចហើយបានប្រមូលផ្តុំគ្នា នៅមុខសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ។
-
គ.ជ.ប ទទួលស្គាល់គណបក្សសង្គ្រោះជាតិជាផ្លូវការហើយ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានទទួលស្គាល់ជាផ្លូវការ នូវបញ្ជីឈ្មោះគណបក្សនយោបាយ និងបញ្ជីឈ្មោះបេក្ខជនតំណាងរាស្ត្រ របស់គណបក្សសង្គ្រោះជាតិហើយ។
-
ក្រុមហ៊ុនវៀតណាមរងការចោទថាបន្តឈូសឆាយដីពលរដ្ឋនៅក្រចេះ
ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចវៀតណាម ឈ្មោះ ប៊ិញ ភឿក ២ (Bin Phoeuk 2) រងការចោទប្រកាន់ពីពលរដ្ឋថា បានបន្តប្រើគ្រឿងចក្រឈូសឆាយរំលោភយកដីចម្ការដំណាំរបស់ប្រជាពលរដ្ឋនៅខេត្តក្រចេះ ដើម្បីរានយកដីដាំដំណាំកៅស៊ូ។ប្រជាពលរដ្ឋរងគ្រោះរាប់រយគ្រួសារដែលត្រូវក្រុមហ៊ុនរំលោភយកដីចម្ការដំឡូង និងស្វាយទាំងនោះ បានស្នើឲ្យប្រមុខដឹកនាំជួយអន្តរាគមន៍ និងផ្ដល់ប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លីជូនពួកគេឲ្យបានឆាប់។ ប្រជាពលរដ្ឋជាង ២០០គ្រួសារ រស់នៅភូមិពាមប៉ោ ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថា ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចវៀតណាម ឈ្មោះ ប៊ិញ ភឿក ២ កំពុងប្រើគ្រឿងចក្រឈូសរំលោភយកដីចម្ការពួកគាត់។
-
បុរសម្នាក់នៅកំពតជាប់សង្ស័យថាជាមេខ្យល់ជួញដូរកម្លាំងពលកម្ម
ការិយាល័យប្រឆាំងការជួញដូរមនុស្សនៃស្នងការដ្ឋាននគរបាលខេត្តកំពត កំពុងបើកការស៊ើបអង្កេត និងសាកសួរមេខ្យល់ម្នាក់ ដែលរងការចោទប្រកាន់ថា បានលក់កម្លាំងពលកម្មពលរដ្ឋចំនួន ១៤នាក់ ទៅប្រទេសម៉ាឡេស៊ី។ចំណាត់ការរបស់នគរបាលយុត្តិធម៌នេះ ធ្វើឡើងបន្ទាប់ពីមានបណ្ដឹងរបស់គ្រួសារជនរងគ្រោះទាំង ១៤នាក់ ដែលបានប្ដឹងចោទប្រកាន់កាលពីដើមខែឧសភា កន្លងទៅនេះ។ មន្ត្រីស្នងការនគរបាលខេត្តកំពត ឲ្យដឹងថា ខ្លួនកំពុងចាត់វិធានការប្រឆាំងនឹងមេខ្យល់ម្នាក់ ពីបទជាប់សង្ស័យថា បានលក់កម្លាំងពលកម្មពលរដ្ឋចំនួន ១៤នាក់ ធ្វើជាអ្នកនេសាទតាមសមុទ្រទៅប្រទេសម៉ាឡេស៊ី។
-
មជ្ឈមណ្ឌលសិទ្ធិមនុស្សស្វាគមការប្រកាសដោះស្រាយវិបត្តិដីធ្លីរបស់អភិបាលភ្នំពេញ
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានចេញសេចក្តីប្រកាសព័ត៌មានមួយ កាលពីថ្ងៃទី១៣ឧសភា ស្វាគមន៍ឆន្ទៈរបស់លោក ប៉ា សុជាតិវង្ស អភិបាលថ្មីរាជធានីភ្នំពេញក្នុងការដោះស្រាយវិវាទដីធ្លី នៅក្នុងរាជធានីភ្នំពេញ ពិសេសជម្លោះក្នុងតំបន់បឹងកក់។ អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ឡុង ឌីម៉ង់ បានបញ្ជាក់ថា លោកអភិបាល ប៉ា សុជាតិវង្ស នឹងព្យាយាមជាអតិបរិមា ដើម្បីដោះស្រាយជម្លោះដីធ្លីទាំងនោះ។
-
អ្នកភូមិបឹងកក់ អ្នកស្រី យ៉ោម បុប្ផា ត្រូវបានប្តូរពីពន្ធនាគារព្រៃស ទៅពន្ធនាគារ
ភ្នំពេញ: ស្ត្រីអ្នកភូមិបឹងកក់ អ្នកស្រី យ៉ោម បុប្ផា នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៣ ត្រូវបានគេប្តូរពីការឃុំខ្លួននៅពន្ធនាគារព្រៃស ទៅកាន់ពន្ធនាគារ PJ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ស្នងការប៉ូលិសរាជធានីភ្នំពេញ។ មូលហេតុ ត្រូវបានអ្នកគ្រប់គ្រងពន្ធនាគារ លោក គុយ ប៊ុនសន ប្រធាននាយកដ្ឋានពន្ធនាគារ របស់ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា មកពីនៅពន្ធនាគារព្រៃស ម២ ចង្អៀតខ្លាំងពេក។
អានបន្ត -
កម្មកររោងចក្រ M.V ចូលធ្វើការវិញ បន្ទាប់ពីថៅកែរោងចក្រ ព្រមទទួលយកប្រធានរដ្ឋបាលខ្មែរឱ្យចូលធ្វើការវិញ
ខេត្តកំពង់ឆ្នាំង ៖ កម្មកររោងចក្រ M.V មានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៩ ឧសភា ២០១៣ នេះ បានសម្រេចចូលធ្វើការវិញហើយ បន្ទាប់ពីពួកគាត់បានធ្វើកូដកម្មអស់រយៈពេល២ថ្ងៃ កន្លងទៅ ។
-
សភាអនុម័តសេចក្ដីព្រាងច្បាប់សហគមន៍កសិកម្ម
សេចក្ដីព្រាងច្បាប់ស្ដីពីសហគមន៍កសិកម្មបង្កើតឡើងសម្រាប់អភិវឌ្ឍបន្ថែមទៅលើច្បាប់ស្ដីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម។ សេចក្តីព្រាងច្បាប់នេះ សំដៅគាំទ្រវិស័យកសិកម្ម គោលនយោបាយរបស់រាជរដ្ឋាភិបាល ជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករទៅទីផ្សារអន្តរជាតិ។សហគមន៍កសិកម្មកន្លងមកមិនទាន់មានច្បាប់ត្រឹមត្រូវ ដើម្បការពារ និងដាក់ទោសជនដែលលួចក្លែងបន្លំប្រើប្រាស់ឈ្មោះ ឬស្លាកឈ្មោះ ឬផ្នែកណាមួយនៃសហគមន៍កសិកម្មនៅឡើយទេ ទើបក្រសួងកសិកម្មស្នើសុំឲ្យរដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់សហគមន៍កសិកម្មនេះ។
-
លោក កឹម សុខា ប្រតិកម្មនឹងសម្ដីលោក ហ៊ុន សែន
មេដឹកនាំគណបក្សសង្គ្រោះជាតិ ប្រតិកម្មទៅនឹងការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជុំវិញការចុះបញ្ជីគណបក្ស និងបេក្ខជន ថាទទួលបានព័ត៌មានភូតកុហក និងកំពុងបារម្ភចាញ់ការបោះឆ្នោតសភាអាណត្តិទី៥ នេះ។ លោក ហ៊ុន សែន រិះគន់ថា ការដែលគណបក្សប្រឆាំងអូសបន្លាយចុះបញ្ជីបក្សនៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដោយសារតែមានទំនាស់ក្នុងការបែងចែកបញ្ជីបេក្ខជនឈរឈ្មោះតំណាងរាស្ត្រ។
-
សាក្សីបញ្ជាក់ពីគោលនយោបាយខ្មែរក្រហមចំពោះជនជាតិចាម
សាលាក្ដីខ្មែរក្រហម បានបញ្ចប់ការស្ដាប់សក្ខីកម្មរបស់អ្នកជំនាញឈ្មោះ ហ្វ៊ីលីព ហ្សត (Philip Short) ហើយនៅថ្ងៃព្រហស្បតិ៍ ទី៩ ខែឧសភា នេះ។ លោក ហ្វ៊ីលីព ហ្សត ត្រូវបានសួរបញ្ជាក់អំពីព័ត៌មានក្នុងសៀវភៅរបស់លោក លើបញ្ហាជាច្រើនដែលកើតឡើងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ មានជាអាទិ៍ គឺបញ្ហាទាក់ទងនឹងមន្ទីរសន្តិសុខ ស២១ និងការធ្វើសេចក្ដីសម្រេចផ្សេងៗរបស់អ្នកដឹកនាំកម្ពុជាប្រជាធិបតេយ្យ។ ការសួរដេញដោលនេះ គឺដើម្បីរកការពាក់ព័ន្ធរបស់ជនជាប់ចោទ នួន ជា និង ខៀវ សំផន។ លោក ហ្វ៊ីលីព ហ្សត ជម្រាបអង្គជំនុំជម្រះថា លោកមិនដែលឃើញមានឯកសារណាមួយបញ្ជាក់ថា ជនជាប់ចោទ នួន ជា ស្ថិតនៅក្នុងរចនាសម្ព័ន្ធកងទ័ពទេ។ រីឯជនជាប់ចោទ ខៀវ សំផន វិញ លោកថាមានកម្មាភិបាលថ្នាក់កណ្ដាលប្រាប់ថា ខៀវ សំផន ធ្លាប់អានចម្លើយសារភាពរបស់អ្នកទោសនៅមន្ទីរ ស២១ ឬគុកទួលស្លែង។ ក៏ប៉ុន្តែ លោកថ្លែងថា ក្នុងនាមជាប្រធានគណៈប្រធានរដ្ឋ ខៀវ សំផន ប្រាកដជាគ្មានអំណាចទេ ព្រោះអ្វីៗបក្សជាអ្នកសម្រេច។
-
ពលរដ្ឋនៅក្រចេះចោទកម្មករក្រុមហ៊ុនវៀតណាមដកដំណាំអ្នកភូមិ
ប្រជាពលរដ្ឋ ២៤១គ្រួសារ រស់នៅភូមិពាមប៉ោ ឃុំខ្សឹម ស្រុកស្នួល ខេត្តក្រចេះ ចោទប្រកាន់ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចវៀតណាម ឈ្មោះ ប៊ិញ ភឿក ២ (Bin Phoeuk2) ថាបានប្រើកម្មករជនជាតិវៀតណាម និងកងប្រដាប់អាវុធការពារក្រុមហ៊ុនឲ្យទៅដកបំផ្លាញផលដំណាំអ្នកភូមិដើម្បីយកដី។ អ្នកភូមិអះអាងថា សកម្មភាពរំលោភសិទ្ធិប្រជាពលរដ្ឋនេះ ធ្វើឡើងតាំងពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៣ រហូតបច្ចុប្បន្ន បើទោះបីដីប្រជាពលរដ្ឋនៅតំបន់នោះ កំពុងឋិតក្រោមការចុះវាស់ចេញ សលាកបត្រដោយក្រុមការងារវាស់វែង និងនិស្សិតស្ម័គ្រចិត្តរបស់រាជរដ្ឋាភិបាលក៏ដោយ៖ «ព្រឹមមិញមានយួនចំនួនបីនាក់ យួនតំណាងក្រុមហ៊ុន ហើយនិងប៉េអឹម ២នាក់ ប៉ូលិសម្នាក់ សរុបកាំភ្លើង ៣ដើម ដើរដកដំឡូងប្រជាជននៅភូមិពាមប៉ោ។ … អាជ្ញាធរថា ដោះស្រាយថា រង់ចាំៗ ដោះស្រាយឲ្យប្រជាពលរដ្ឋ។ គាត់ចុះទៅប្រជុំថា រង់ចាំការដោះស្រាយៗ ឥឡូវដោះស្រាយដល់ដំណាក់កាលឈូសឆាយ ហើយដុតខោអាវដុតស្អីប្រជាពលរដ្ឋចោលអស់...។ សូម្បីតែចុះមកទិញម្ហូប ក៏យួនវាមិនឲ្យចេញមកទិញដែរ គេសាកសួរចិត្ត គេឲ្យចូលៗ គេមិនឲ្យចូលយើងត្រូវការបកមកវិញ ហើយអ្នកនៅចម្ការត្រូវការអត់អង្ករអត់ម្ហូបហើយ»។
-
មន្ត្រីបក្សប្រជាជនសុំឲ្យសភាបង្កកប្រាក់ខែមន្ត្រីបក្សប្រឆាំង
នៅក្នុងកិច្ចប្រជុំសភាព្រឹកថ្ងៃទី៩ ឧសភា សមាជិកសភានៃគណបក្សកាន់អំណាច ទទូចឲ្យប្រធានសភា បង្កកប្រាក់ខែសមាជិកសភាគណបក្សប្រឆាំង ហើយថា សមាជិកសភាគណបក្សប្រឆាំង មិនមានសិទ្ធិអង្គុយនៅក្នុងសភាទៀតទេ បន្ទាប់ពីសមាជិកនៃគណបក្ស សម រង្ស៊ី បានទៅចូលរួមជាមួយគណបក្សសង្គ្រោះជាតិ។មន្រ្តីនាំពាក្យគណបក្សសង្រ្គោះជាតិ លោក យឹម សុវណ្ណ បានចាត់ទុកការស្នើសុំរបស់សមាជិកសភាគណបក្សប្រជាជនកម្ពុជា ទៅប្រធានសភា នៅថ្ងៃទី៩ ឧសភា ដើម្បីបង្កកប្រាក់ខែសមាជិកសភាគណបក្សប្រឆាំងនោះ ថាជារឿងខុសនឹងរដ្ឋធម្មនុញ្ញកម្ពុជា។
-
ពលរដ្ឋខណ្ឌឫស្សីកែវតវ៉ាបិទផ្លូវឲ្យប្ដូរទីតាំងរោងចក្រទឹកកក
ក្រុមប្រជាពលរដ្ឋប្រមាណ ២០០គ្រួសារ រស់នៅក្នុងភូមិចំនួន២ ស្ថិតក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានប្រតិកម្មតវ៉ាសុំឲ្យអាជ្ញាធរដែនដី និងក្រសួងពាក់ព័ន្ធ អន្តរាគមន៍ផ្លាស់ប្ដូរទីតាំងរោងចក្រផលិតទឹកកកមួយកន្លែងនៅក្នុងតំបន់ពួកគេរស់នៅ។ ការតវ៉ានេះ ដោយសារក្រុមអ្នកភូមិទ្រាំមិនបានចំពោះសំឡេងរំខានពីសិប្បកម្មនេះ និងមានក្លិនឆួលពីឧស្ម័នអាម៉ូញ៉ាក់ ចេញពីរោងចក្រ ធ្វើឲ្យពលរដ្ឋពិបាកទ្រាំរស់នៅ។ មន្ត្រីជំនាញបានឲ្យដឹងថា ចំហាយ និងក្លិនពីឧស្ម័ននេះ អាចធ្វើឲ្យមនុស្សក្រហាយស្បែក ភ្នែក ថប់ដង្ហើម ហើយសន្លប់។ ក្រុមការងាររបស់អាជ្ញាធរដែនដីខណ្ឌឫស្សីកែវ និងមន្ត្រីជំនាញពីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល នៅថ្ងៃទី៩ ឧសភា បានចុះជួបដោះស្រាយបញ្ហាជាមួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារសិប្បកម្មសហគ្រាសធុនតូចផលិតទឹកកក។ ប្រជាពលរដ្ឋបានតវ៉ានៅចំពោះមុខក្រុមការងាររបស់មន្ត្រីជំនាញពីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល និងអាជ្ញាធរខណ្ឌឫស្សីកែវ ឲ្យអន្តរាគមន៍ផ្លាស់ប្ដូរទីតាំងរោងចក្រផលិតទឹកកកអម្រឹត ដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ដែលមានម្ចាស់ឈ្មោះ អ្នកស្រី សេង កញ្ញា។
-
កម្មករជាង400នាក់ធ្វើកូដកម្មបិទផ្លូវជាតិលេខ4
រាជធានីភ្នំពេញ ៖ កម្មករ-កម្មការិនីរោងចក្រកាត់ដេរយីហោ«ម៉ាស្ទ័រហ្វ្រែង»ប្រមាណជាង៤០០នាក់បានប្រមូលផ្ដុំគ្នាធ្វើកូដកម្មតវ៉ាទាមទារលក្ខខណ្ឌការងារចំនួន១៨ចំណុចឱ្យថៅកែដោះស្រាយ ប៉ុន្ដែបន្ទាប់ពីធ្វើកូដកម្មទាមទារអស់រយៈពេលបីថ្ងៃកន្លងមក មិនបានលទ្ធផល ពួកគេបាននាំគ្នាទៅឈរបិទផ្លូវជាតិ៤ ធ្វើឱ្យកកស្ទះចរាចរណ៍អស់រយៈពេលជាងកន្លះម៉ោង កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៨ ឧសភា នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខរោងចក្រកាត់ដេររបស់ខ្លួន ដែលមានទីតាំងស្ថិតក្នុងភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្ដកណ្ដាល ។